Sunday, December 22, 2024
Homeព័ត៌មានជាតិខ្មោចលង បណ្តេញម្ចាស់ផ្ទះ

ខ្មោចលង បណ្តេញម្ចាស់ផ្ទះ

មិនទាន់មានអ្នកប្រាជ្ញបណ្ឌិតខ្មែរណា ចេញមុខពន្យល់ ប្រជាពលរដ្ឋឱ្យដឹងច្បាស់ពីរឿងខ្មោចលងនោះទេ ដោយ គ្រាន់តែសន្និដ្ឋានតាមបែបវិទ្យាសាស្ត្រថា គ្មានខ្មោច ឯណាចេះលងនោះទេ ប៉ុន្តែគម្ពីរសាសនាបញ្ជាក់ថា ខ្មោច លងពិតជាមានមែន។ ដោយឡែក គ្រួសារមួយនេះ អះអាងថា ផ្ទះគាត់មានខ្មោចលងបណ្តេញឱ្យចេញពីផ្ទះ រាល់យប់ ប៉ុន្តែពួកគាត់មិនព្រមចេញ ទោះជាខ្លាចខ្មោច នោះយ៉ាងណាក៏ដោយ…។

លោកយាយណាក សារុន អាយុ៦៣ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំមានប្ញទ្ធិ ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា សព្វថ្ងៃ ផ្ទះរបស់គាត់មានខ្មោចលងបន្លាច ធ្វើឱ្យគាត់និងកូនចៅខ្លាចណាស់ តែមិនដឹងទៅរស់ឯណា ក៏ចេះតែទ្រាំរស់ក្នុងផ្ទះនេះទាំងភ្នែកសេក ភ្នែកលលកអ៊ីចឹងទៅ។ គាត់មានប្តីឈ្មោះគឹម ណាវ អាយុ៦១ឆ្នាំ បង្កើតបានកូន៧នាក់ (ស្រី២ ប្រុស៥) ដោយបានមកតាំងភូមិករ លំនៅដ្ឋាននៅទីនេះតាំងពីឆ្នាំ១៩៧៩ ម៉្លេះ ជាមួយនឹងមុខរបរធ្វើស្រែចម្ការយ៉ាងសាមញ្ញ ឯប្តីគាត់មានជំនាញ មួយទៀតខាងជួសជុលគ្រឿងម៉ាស៊ីន។ ដើមឡើយ ដីភូមិដែលគាត់រស់នៅនេះ ជាអតីត សមរភូមិ និងគ្រប់គ្រងដោយពួកទាហានខ្មែរក្រហម លុះគាត់រៀបការរួចមក ក៏នាំប្តីប្រពន្ធ មកកវែកកឆ្នាំងនៅទីនេះ ដោយមុនដំបូងសង់បានផ្ទះតូចមួយ ដំបូលប្រក់ស្បូវ។ លុះជាច្រើន ឆ្នាំកន្លងមក ផ្ទះតូចចង្អៀតនោះ ពុកអស់ ស្របពេលដែលគាត់សន្សំលុយបានផងនោះ ក៏ចាត់ចែងសង់ផ្ទះថ្មីតាមម៉ូដផ្ទះកន្តាំង ធ្វើពីឈើ ប្រក់ហ្វីប្រូពណ៌ក្រហម ជញ្ជាំងបាំងក្តារលាយ នឹងស័ង្កសី ដោយមានបណ្តោយ៧ម៉ែត្រ ទទឹង៥ម៉ែត្រ សង់រួចរាល់កាលពីឆ្នាំ២០០៣។

លោកយាយណាក សារុន និងកុមារីនួន សុភក្រ័

ស្ត្រីចំណាស់ជាម្ចាស់ផ្ទះបន្តទៀតថា គាត់មិនទាន់មានលទ្ធភាពធ្វើផ្ទះបាយពីថ្ម បំពាក់ បង្គន់អនាម័យដូចគេទេ ដោយដាំបាយហូបនៅក្រោមផ្ទះធំតែម្តង ហើយតាំងពីបានផ្ទះធំ ជាងមុនមក មិនដែលមានហេតុការណ៍អ្វីប្លែកទេ ទើបតែប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែ មានខ្មោចលងបន្លាចតែម្តង។ តាំងពីដើមមក គាត់គ្មានជំនឿទៅលើខ្មោចបិសាចអ្វីទេ លុះអ្វីៗវាជាក់ស្តែងពេក ក៏ជឿមិនសង្ស័យ តែក៏មិនហ៊ាននិយាយដែរ សុខចិត្តបន់ស្រន់ អុជធូបអង្វរខ្មោចឱ្យដកពិសពរ ល្អជាង។

កុមារីនួន សុភក្រ័

លោកយាយណាក សារុន បន្តថា មុនពេលលើកផ្ទះនេះ គាត់និងប្តីបានទៅរកគ្រូ ទាយមើលហ៊ុងស៊ុយ ជ័យភូមិដែរ គ្រូថាមិនអីទេ ឱ្យសង់ផ្ទះចុះ នឹងរកស៊ីត្រជាក់ត្រជំ ចម្រុងចម្រើន មិនខាន។ គាត់រស់នៅជាង១០ឆ្នាំ លើផ្ទះនេះ ឃើញថាត្រជាក់ត្រជំមែន តែ៣ខែ ចុងក្រោយនេះ ឱ្យតែយប់ស្ងាត់ ស្រាប់តែដូចមានអ្នកណាវាយជញ្ជាំង ឮផាំង!។ គាត់ចុច ពិលមើលទៅប្រភពសំឡេង គ្មានឃើញមនុស្សណាទេ ដែលយប់ខ្លះកណ្តាលអធ្រាត្រ ឬរំលងអធ្រាត្រ នៅតែឮសូរផាំងៗ គ្មានបានដេកពួន។ បង្អួចទាំងអស់សុទ្ធតែបិទខ្ទាស់ គន្លឹះជាប់ មិនអាចឱ្យខ្យល់បោកស្លាបបង្អួចបានឡើយ ចុះហេតុអ្វីក៏នៅតែឮ?។ ជួនកាលឮផាំង! នៅក្រោមផ្ទះ ជួនកាលលើដំបូល រហូតដល់ពួកគាត់សង្ស័យថា ក្រែងមានក្មេងពាលណាមករំខាន ក៏នាំគ្នាមកដេកលើ គ្រែក្រោមផ្ទះ ដោយចាក់សោទ្វារផ្ទះ ដឹងអី! យប់នោះ ស្រាប់តែក្តារក្រាលផ្ទះឮសូរផាំង!ៗ ដដែល។ បើពួក គាត់ទៅដេកលើផ្ទះ ឮពីក្រោម បើចុះមកដេកខាងក្រោម ឮខាងលើ ទើបគាត់យករឿងនេះទៅសាកសួរចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ក៏មានចាស់ៗខ្លះប្រាប់ថា ដីម្តុំនេះ ជាអតីត ទីតាំងសមរភូមិ មានខ្មោចស្លាប់ច្រើនណាស់ ក្រែងព្រលឹងខ្មោចខ្លះ វិលវល់រកសុគតិភពមិនឃើញ ក៏លងបណ្តេញម្ចាស់ផ្ទះយ៉ាងនេះទៅ ព្រោះម្ចាស់ ផ្ទះមិនដែលសែនព្រេនអ្វីដល់ខ្មោច។

យុវជនខម អៀ

ស្ត្រីចំណាស់បន្តទៀតថា គាត់មិនដែលខានរឿងសែនព្រេននោះទេ ឱ្យតែដល់រដូវ សែនដូនតា ភ្ជុំបិណ្ឌម្តងៗ និងសែនមាឃ ចិន មិនដែលភ្លេចទេ តែទទួលស្គាល់ថា មិនដែលនឹកឃើញ សែនដល់ខ្មោច អនាមិកនោះទេ។ គាត់សង្ស័យថា នៅពីក្រោមផ្ទះ ឬ ក្នុងបរិវេណដីភូមិនេះ មានឆ្អឹងខ្មោច ដែលស្លាប់ក្នុង សម័យសង្គ្រាមតែម្តង ប៉ុន្តែមិនដឹងនៅកន្លែងណាឱ្យប្រាកដ ចាំរួចរវល់នឹងទៅរកគ្រូពូកែឱ្យទស្សន៍ទាយ មើលទើបបាន។ ទោះយ៉ាងណាក៏គ្រួសារគាត់គ្មាន ជម្រើសអ្វីក្រៅពីទ្រាំរស់ក្នុងផ្ទះនេះ មិនចេញទៅណាទេ ទោះជាខ្មោចលងបណ្តេញយ៉ាងណា ក៏ដោយចុះ។ សព្វថ្ងៃ ប្តីគាត់មិននៅទីនេះទេ គេទៅមានប្រពន្ធចុង ជាស្ត្រីមេម៉ាយកូន៤ អាយុ៤០ឆ្នាំ ឈ្មោះកង ចិន លុះប្តីចេញបាត់ ទើបមានហេតុការណ៍ខ្មោចលងតែម្តង។

កុមារីនួន សុភក្រ័ អាយុ១៥ឆ្នាំ ជាកូន បានឱ្យដឹងថា សព្វថ្ងៃ នាងខ្លាចណាស់ ចង់តែរត់ចោលផ្ទះ ប៉ុន្តែ មិនដឹងទៅនៅឯណា ក៏ទ្រាំរស់នៅជាមួយម៉ែ បន្តទៀត ដើម្បីរង់ចាំការពិត។ ស្ទើរតែរាល់យប់ ជួនកាលឮស្នូរគោះជញ្ជាំងផាំង! ជួនឮឯលើដំបូល ជួនខាងក្រោមផ្ទះ សូម្បីតែផ្ទះចាក់សោ ក៏ឮគោះក្តារ ដែរ។ អ្នកខ្លះថា ក្រែងឪពុកនាងមកក្លែងធ្វើខ្មោចលង ដើម្បីឱ្យម្តាយនាងនាំកូនៗចេញ ស្រួលគាត់នាំប្រពន្ធ ចុងមករស់នៅ តែនាងឃ្លាំមើលមិនដែលឃើញឪពុក មកទេ គាត់នៅសុកឆ្ងាយ មិនអាចធ្វើផ្តេសផ្តាស យ៉ាងនេះបានទេ នេះពិតជាខ្មោចលងតែម្តង។

យុវជនមុន សារូត

យុវជនខម អៀ អាយុ២៣ឆ្នាំ និងយុវជនមុន សារូត អាយុ២២ឆ្នាំ ជាក្មួយ បានឱ្យដឹងស្របគ្នាថា ពួកគេមិនធ្លាប់ហែលឆ្លងរឿងខ្មោចលងអ្វីទេ កំពុងតែតាមដានរឿងហ្នឹងដែរ បើសិនជាមនុស្សអាក្រក់លួច គប់ជញ្ជាំងផ្ទះនេះ គង់តែចាប់បានមិនខាន។

រីឯអ្នកភូមិមួយចំនួនបានឱ្យដឹងស្របគ្នាថា គ្មានមនុស្សណាឆ្កួតៗ ទៅលេងល្បែងគប់ផ្ទះគេទាំងយប់អធ្រាត្រយ៉ាងនេះទេ ហើយបើមនុស្សគប់នឹងដុំថ្ម ម៉េច ក៏មិនឃើញដុំថ្ម? ពួកគាត់ជឿថា មកពីគ្រួសារនេះ សង់ផ្ទះ លើផ្នូរខ្មោចតៃហោងតែម្តង និងដើរពីលើខ្មោចរាល់ថ្ងៃ ទើបខ្មោចខឹងសម្បាលងបណ្តេញចេញពីផ្ទះបែបនេះ។

គួរបញ្ជាក់ថា បញ្ហាខ្មោចលង ក្មេងៗសម័យនេះ មិនជឿទេ ប៉ុន្តែបើមានគេប្រើឱ្យដើរទៅទីប៉ាឆាដុតខ្មោច ឬវាលកប់ខ្មោចម្នាក់ឯង នៅពេលយប់ស្ងាត់ គ្មានអ្នកណាហ៊ានទៅទេ ដែលស្តែងឱ្យឃើញថា មិនខ្លាច ក៏ដូចខ្លាចដែរ…”៕

RELATED ARTICLES