Sunday, December 22, 2024
Homeព័ត៌មានជាតិនាយគ្រោង បាត់មុខ១៥ឆ្នាំ សំងំព្យាបាលជំងឺ

នាយគ្រោង បាត់មុខ១៥ឆ្នាំ សំងំព្យាបាលជំងឺ

នាយគ្រោង ជាអតីតតារាកំប្លែងល្បីកាលពីអំឡុងទសវត្សឆ្នាំ១៩៩០ បានបាត់មុខតាំងពី ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៧នេះ ទើបលេចឮ ថា លោកកំពុងសំងំព្យាបាលជំងឺទឹកនោមផ្អែម នៅគេហដ្ឋាន ឯស្រុកកំណើតខេត្តកំពង់ស្ពឺ។ នៅពេលនេះ អាការរោគបាន ធូរស្រាលហើយ ប៉ុន្តែគ្មានផលិតកម្ម ឬស្ថានីយទូរទស្សន៍ អញ្ជើញអតីតតារាកំប្លែងនេះ ឱ្យចូលសម្តែងទៀតទេ ទើបនាយគ្រោង នៅតែផ្ទះ មើលថែចៅតូចៗ និងលាងចានឆ្នាំងដូចស្រីមេផ្ទះ…។
នាយគ្រោង មានឈ្មោះដើមថា ឡាំ ប៊ុនសេន សព្វថ្ងៃ មាន អាយុ៦៤ឆ្នាំ កំពុងរស់នៅក្នុងគេហដ្ឋាន ឯភូមិអង្គសិរី សង្កាត់វល្លិ-ស ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតផ្ទាល់តែម្តង។ ខណៈបានជួបអ្នកយកព័ត៌មានយើង តារាកំប្លែងជើងចាស់រូបនេះ បានរៀបរាប់ដោយស្មារតីចងចាំបានល្អថា លោកមានឪពុកឈ្មោះឡាំ ឡុច ម្តាយឈ្មោះប្រេះ ខាន់ លោកជាកូនច្បងក្នុងចំណោម បងប្អូន៣នាក់។ កាលពីឆ្នាំ១៩៧៩ បន្ទាប់ពីមាតុភូមិឆ្លងផុតរបប ប្រល័យពូជសាសន៍ប៉ុល ពត មកលោកបានចូលបម្រើ ការងារនៅការិយាល័យសិល្បៈ នៃមន្ទីរឃោសនាការវប្បធម៌ និងព័ត៌មាន ខេត្តកំពង់ស្ពឺ ដែលកាលនោះ ក្រុមសិល្បៈមានតែស្គរ៣ និងក្បាលមីក្រូ១ ដោយ គ្មានឧបករណ៍ភ្លេងសំបូរបែបដូចសព្វថ្ងៃនេះទេ។ ប្រឈមបញ្ហានេះ លោកបានប្រមូលគ្រឿងវិទ្យុចាស់ៗ ទៅកែច្នៃជាប្រដាប់បំពងសំឡេង និងដើររកទ្រ ឃឹម តាខេ បង្កើតជាឧបករណ៍តន្ត្រី បម្រើឱ្យការសម្តែង សិល្បៈល្ខោនបាសាក់ ដែលមហាជនពេញនិយម នៅសម័យនោះ។

លោកឡាំ ប៊ុនសេន (ហៅនាយគ្រោង)

នាយគ្រោង បន្តទៀតថា លោកបម្រើក្នុងក្រុមសិល្បៈ ខេត្តកំពង់ស្ពឺ រហូតមានឈ្មោះល្បីគួរសម ក៏ត្រូវបានខាងទូរទស្សន៍ជាតិ អញ្ជើញឱ្យចូលសម្តែង ល្ខោនបាសាក់ មានចំណងជើងថា “ស្រីសួគ៌ គម្ពីរទិព្វ” ដោយមានលោកឃឹម ខាន់ឌី (ស្លាប់) ជាអ្នកដឹកនាំសម្តែង កាលពីឆ្នាំ១៩៩៣។ ក្រោយមកទៀត ក៏ចេះតែមានផលិតកម្មភាពយន្តជាច្រើន អញ្ជើញលោក ឱ្យសម្តែងជាតារាកំប្លែងក្នុងខ្សែភាពយន្ត ឬវីដេអូ បានជាច្រើនរឿង ធ្វើឱ្យលោកទទួលបានជោគជ័យលើវិថីសិល្បៈ រហូតមក។ អ្វីដែលធ្វើឱ្យលោកមានឈ្មោះ ល្បីខ្លាំងមែនទែន គឺការសម្តែងឈុតឆាកអប់រំ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធី “យុទ្ធនាការមហាសប្បាយ” ដែលមានលោកអ៊ូ វុទ្ធី ហៅធី យ៉ត ជាអ្នកដឹកនាំសម្តែង។

លោកឡាំ ប៊ុនសេន (ហៅនាយគ្រោង)

លោកឡាំ ប៊ុនសេន ហៅនាយគ្រោងបន្តទៀតថា ជាអកុសល ចូលមកដល់ឆ្នាំ២០០២ លោកចាប់ផ្តើមមានជំងឺទឹកនោមផ្អែម ធ្វើទុក្ខជាទម្ងន់ បណ្តាលឱ្យខ្សោយបេះដូង ឈឺសន្លាក់ លុយកាក់ដែលរកបាន សន្សំ បានពីការ

សម្តែងសិល្បៈ ក៏ហូរចេញអស់ទៅ។ លោកត្រូវបង្ខំចិត្តបោះបង់ឆាកសម្តែង វិលមកសំងំក្នុងផ្ទះ ឯស្រុកកំណើត ឱ្យភរិយា និងកូន៥នាក់ ថែទាំជំងឺទាំង លំបាកលំបិន ជួនក៏ដឹកទៅមន្ទីរពេទ្យ និងរកគ្រូខ្មែរ ល្បីៗជួយព្យាបាលតាមរយៈវេជ្ជសាស្ត្រសម័យខ្លះ បុរាណខ្លះ។ ពេលលោកធូរស្រាលពីជំងឺម្តងៗ ក៏មិននៅស្ងៀមនោះដែរ

តែងបោសសម្អាតផ្ទះសម្បែង ប្រមូលចានឆ្នាំងលាងទុកដាក់ ថែទាំចៅៗ១២នាក់ ដើម្បីទុកឱកាសឱ្យកូនបង្កើត៥នាក់ និងកូនប្រសា ក៏ ដូចជាភរិយាចេញរកស៊ី រកលុយមកបន្តព្យាបាលជំងឺ ប្តី និងឪពុក ក៏ដូចជាផ្គត់ផ្គង់ជីវភាព។ ឥឡូវចូលមក ដល់ឆ្នាំ២០១៧ លោកសំងំនៅផ្ទះបាន១៥ឆ្នាំហើយ ឯអាការរោគក៏បានធូរស្រាល

លោកឡាំ ប៊ុនសេន (ហៅនាយគ្រោង) និងកុមារីគឹម ស្រីនា

ច្រើនដែរ ធ្វើឱ្យលោក នឹករលឹកដល់មិត្តភក្តិរួមអាជីព និងចង់ចូលសម្តែងសាជាថ្មី។ វ័យ៦៤ឆ្នាំ របស់លោកនៅតែមានលទ្ធភាព សម្តែងបានមិនទាន់ហួសពេលទេ ទើបឆ្លៀតឱកាសនេះ លោកក៏សូមអំពាវនាវដល់មិត្តភក្តិរួមជំនាន់កុំភ្លេចរូបលោក និងជួយអន្តរាគមន៍ឱ្យរូបលោកបានចូលសម្តែងវិញផង គ្រាន់នឹងបានកម្រៃខ្លះជួយដោះបន្ទុកប្រពន្ធកូន ដែលពួកគេកំពុងជួបការលំបាក។ លោក ក៏សូមរំព្ញកដល់គុណបំណាច់របស់ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលធ្លាប់គាំទ្រការសម្តែងរបស់លោកកន្លងមក គឺបើគ្មានការគាំទ្រទេនោះ ក៏គ្មានអ្នកណាស្គាល់នាយគ្រោងនោះដែរ។

លោកយាយណយ សារ៉េត អាយុ៧០ឆ្នាំ ជាអ្នកជិតខាង និងលោកយាយពេជ្រ ញ៉េន អាយុ៦៦ឆ្នាំ ជាអ្នកលក់ចាប់ហួយ បនាឱ្យដឹងស្របគ្នាថា ពួកគាត់ស្គាល់លោកឡាំ ប៊ុនសេន ហៅនាយគ្រោង តាំងពីនៅក្មេងម៉្លេះ។ ឆាកជីវិតប្អូនគ្រោង ពោរពេញទៅដោយ ការតស៊ូលើពិភពសិល្បៈ ប៉ុន្តែ ដោយសារប្អូនមានសុខភាពមិនល្អក៏បោះបង់សិល្បៈទាំងកណ្តាលទី គួរ ឱ្យស្តាយ។ សព្វថ្ងៃប្អូនគ្រោង នៅតែផ្ទះមើលថែចៅតូចៗ ជួនកាលក៏ប្រមូលខោអាវកូន និងចៅទៅបោកហាល លុះស្ងួតក៏ប្រើក្មេងយកមកឱ្យយាយលក់ចាប់ហួយជួយអ៊ុត ព្រោះគាត់បើកសេវាស៊ីឈ្នួលបោកអ៊ុត។

ផ្ទះលោកឡាំ ប៊ុនសេន

កុមារីគឹម ស្រីនា អាយុ១២ឆ្នាំ ជាចៅបង្កើត បានឱ្យដឹងថា ពេលនាងមកពីសាលារៀនម្តងៗ ឃើញតែលោកតា (នាយគ្រោង) ដុសឆ្នាំង លាងចាន បោកខោអាវឱ្យចៅៗ និងបោសផ្ទះ មិនដែលនៅស្ងៀមទេ។ ជួនកាល លោកតាជួយបង្រៀនចៅៗឱ្យចេះអានអក្សរ ហើយថ្ងៃខ្លះពេលស្ថានភាពជំងឺធ្វើទុក្ខ គាត់សំងំតែ លើកន្ទេលយ៉ាង

លោកយាយណយ សារ៉េត

ស្ងៀមស្ងាត់ មិនដែលត្អូញត្អែរឱ្យកូនចៅណាឮទេ។ ទោះយ៉ាងណាក៏លោកតាចង់វិលទៅសម្តែងសាជាថ្មី ទាស់ត្រង់គ្មានផលិតកម្ម ឬខាងទូរទស្សន៍ណាមក អញ្ជើញគាត់ទៅសោះ។

លោកយាយពេជ្រ ញ៉េន

គួរបញ្ជាក់ថា អ្នកសិល្បៈ ទោះធ្លាក់ខ្លួនឈឺក៏នៅតែមិនភ្លេចសិល្បៈ ដូចអ្នកនាងអ៊ុំ គន្ធា អតីតតារាចម្រៀងយេៗ ទោះជាមានជំងឺកាចសាហាវ ក៏អ្នកនាងមិនភ្លេចសិល្បៈ ហើយត្រូវបានលោកចា រិទ្ធី អញ្ជើញ ទៅច្រៀងនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកនាងរំភើបស្រក់ទឹកភ្នែក….”៕

RELATED ARTICLES