ទោះបីជាយុវសិស្សស្រីម្នាក់ ត្រូវបងជីដូនមួយអប្រិយធ្វើឃាតកន្លងទៅជាង១ឆ្នាំហើយក៏ដោយ ក៏ព្រលឹងនាងនៅតែវិលវល់ រកសុគតិភពមិនឃើញ ឬថា នៅអាល័យម្តាយ មិនព្រមទៅចាប់ជាតិ។ ថ្មីៗនេះ ស្ត្រីជាម្តាយ បានប្រាប់ថា គាត់ឃើញកូនស្រីទាំងភ្នែកស្រស់តែម្តង ខណៈដែលនាងស្លៀកពាក់ឯកសណ្ឋានសិស្សវិទ្យាល័យ ចេញពីបន្ទប់រួចសុំលុយគាត់ទៅរៀន…។
លយុវតី ដែលបាត់បង់ជីវិតដោយការធ្វើឃាតនោះ ឈ្មោះវ៉ិន រដ្ឋា អាយុ១៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃកី២ សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាសិស្សវិទ្យាល័យពងទឹក ត្រូវបានឃាតករជាបងប្រុសជីដូន១ ញៀនថ្នាំរឹតក សម្លាប់ប្លន់យកម៉ូតូ ដែលមរណភាពនេះបានកន្លងទៅជាង១ឆ្នាំហើយ ស្រាប់តែផ្អើលថា ខ្មោចសិស្សស្រីដ៏អភ័ព្វនេះ តែងបង្ហាញខ្លួនឱ្យម្តាយ ជីដូន និងមិត្តភក្តិ ឯទៀតបានឃើញជារឿយៗ។

អ្នកស្រីវ៉ិត សង់ អាយុ៤៩ឆ្នាំ រស់នៅមូលដ្ឋានដូចខាងលើ ជាម្តាយ នៃសព បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានស្វាមីឈ្មេះវ៉ាត់ វ៉ិន អាយុប្អូនគាត់៣ឆ្នាំ ដោយបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងនិស្ស័យ។ ដោយឡែក កូនស្រីច្បង ឈ្មោះវ៉ិន រដ្ឋា បើគិតមកទល់ពេលនេះ នាងមានអាយុ១៩ឆ្នាំ គត់តែជាអកុសល កូនស្រីតែមួយដែលគាត់ស្រលាញ់ដូចកែវភ្នែកនេះ បានស្លាប់ចោល គាត់ជាង១ឆ្នាំហើយ ដោយសារមនុស្សញៀនល្បែង ញៀនថ្នាំ ដែលត្រូវជាបងជីដូនមួយនៃសព (ក្មួយខាងប្តីគាត់) សម្លាប់នាង ប្លន់យកទ្រព្យ។ ឃាតករនោះ មានឈ្មោះជុំ វីរៈ និងកូនស្រីគាត់មានទំនាក់ទំនងរវាងគ្នាយ៉ាងណាទេ ដោយជឿជាក់ត្រឹមតែថា ពួកគេ រាប់អានគោរពស្រលាញ់គ្នាក្នុងនាមជាបងប្អូនប៉ុណ្ណោះ មិនហួសពីនេះទៀតទេ។


អ្នកស្រីវ៉ិត សង់ បន្តទៀតថា ពួកគេឧស្សាហ៍ដើរជាមួយគ្នាណាស់ ប៉ុន្តែពេលត្រូវគេសម្លាប់ក៏ឮដំណឹងថា ពួកគេលួចលាក់ស្រលាញ់គ្នា ជាគូសង្សារ ទោះយ៉ាងណាក៏អ្នកស្រីមិនជឿទេ។ កន្លងមក រដ្ឋា ជាកូនល្អណាស់ រាល់ពេលនាងចេញទៅរៀនពេលព្រឹក ក៏ដូចពេលរសៀល នាងស្លៀកសំពត់ខៀវ អាវស ឯកសណ្ឋាន សិស្ស យ៉ាងសែនសម រួចចេញពីបន្ទប់សុំលុយគាត់ទៅរៀនមិនដែលខានទេ ហើយគាត់ក៏ឱ្យកូនម្តង២០០០ រៀល ឬ៣០០០រៀល អ៊ីចឹងទៅ។ ថ្ងៃមួយ សមត្ថកិច្ចបានប្រាប់ថា កូនស្រីអភ័ព្វនេះត្រូវគេធ្វើឃាតទៅហើយ បណ្តាលឱ្យគាត់តក់ស្លុតរហូតដួលសន្លប់ និងបានចាត់ចែងយកសពកូនមកធ្វើបុណ្យបូជា តាមប្រពៃណី។

ស្ត្រីជាម្តាយបន្តទៀតថា បន្ទាប់ពីធ្វើបុណ្យរួចរាល់ គាត់យកធាតុរបស់នាងមកទុកដាក់នៅមុខផ្ទះ បន្ត អុជធូបសែនចំណីចំណុកផ្លែឈើឱ្យកូនរាល់ថ្ងៃ ដោយបួងសួងឱ្យព្រលឹងនាងបានទៅចាប់ជាតិ នៅសុគតិភពចុះ។ ដឹងអី! ថ្ងៃមួយ ស្រាប់តែឃើញកូនស្រីនេះបង្ហាញខ្លួនច្បាស់ក្រឡែត ដោយស្លៀកពាក់ឯកសណ្ឋានសិស្ស កណ្តៀតសៀវភៅចេញពីបន្ទប់ រួចសុំលុយគាត់ទៅរៀន។ គាត់ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនាងបង្ហាញខ្លួន នៅម៉ោង៦កន្លះព្រឹក ប៉ុន្តែគាត់មិនទាន់បានហុចលុយឱ្យផង រូបនាងក៏រលាយបាត់ទៅ។ ស្អែកឡើងក៏ឃើញ នាងបង្ហាញខ្លួនសុំលុយ

ទៀត ដូចកាលនៅរស់អ៊ីចឹង មិនថាតែគាត់ទេដែលបានឃើញ សូម្បីអ្នកនៅ ក្នុងផ្ទះនេះក៏សុទ្ធតែបានឃើញទាំងអស់គ្នា។ គាត់និយាយនេះ ប្រហែលជាគេមិនជឿទេ តែអ្វីៗវាស្តែងនឹងភ្នែកពេក ហើយជួនកាលយប់ខ្លះ គាត់រុញទ្វារបន្ទប់ចូលមើល ក៏ឃើញកូនកំពុងដេក លុះគាត់ស្រែកដាស់ ក៏បាត់ស្រមោលនាងតែម្តង។ គាត់មិនខ្លាចខ្មោចកូនស្រីនេះលងទេ និងបន់ឱ្យតែនាងបង្ហាញខ្លួនយ៉ាងនេះរហូតចុះ ព្រោះគាត់អាល័យកូនខ្លាំងណាស់ មិនគួរនាងចែកឋានទៅចោលម្តាយ នៅសល់តែព្រលឹងមកបង្ហាញម្តាយយ៉ាងនេះ។

លោកយាយភុំ ប៉ាច អាយុ៧២ឆ្នាំ ជាជីដូនបង្កើត បានឱ្យដឹងថា កាលចៅស្រីនេះនៅរស់ វាតែងមកញ៉េះញ៉ោះយកចិត្តថ្លើមគាត់ រួចខ្ចីលុយទៅចាយ។ គាត់ឱ្យចៅខ្ចីមិនដែលខានទេ ហើយលុយទាំងនោះ មិនដែលឃើញសងវិញទេ តែគាត់ក៏មិនដែលទារនោះដែរ ដោយគិតថា កាលណាចៅស្រីនេះ មានគ្រួសារចេះរកស៊ី នឹងសងលុយជីដូនវិញ មិនចាំទារទេ។ លុះវាស្លាប់ទៅ ក៏នៅតែឃើញវាមកសុំខ្ចីលុយ ជួនកាលមកអង្គុយញ៉ាំបាយ ជាមួយគាត់ក៏មានដែរ។ គាត់ក៏បាននិមន្តព្រះសង្ឃ មកធ្វើពិធីបង្សុកូល ឱ្យចៅស្រីនេះទៅចាប់ជាតិដែរ មិនចង់ឱ្យព្រលឹងនៅ វិលវល់យ៉ាងនេះទេ នាំតែយាយយំរាល់ថ្ងៃ ព្រោះអាណិតចៅពេក។

លោកសេក ផ្លូច អាយុ២៨ឆ្នាំ ជាពូនៃសព បានឱ្យដឹងថា លោកក៏បានឃើញក្មួយស្រីរដ្ឋា មកត្អូញត្អែរថា សព្វថ្ងៃគេធ្វើបាបនាងណាស់ នាងអត់ទាន់ទៅណាឆ្ងាយពីគ្រួសារទេ ដោយបង្ហាញខ្លួនមិនឈប់។
ចំណែកលោកគ្រូ-អ្នកគ្រូ៣-៤នាក់ នៅវិទ្យាល័យពងទឹក ដែលធ្លាប់បង្រៀននាងរដ្ឋា បានឱ្យដឹងថា ក្មេងស្រីនេះជាសិស្សថ្នាក់ទី១២ D។ ទោះជានាងស្លាប់ទៅហើយ ក៏ព្រលឹងនាងតែងមកអុកឡុកសាលារៀន ជួនគោះទ្វារ រើតុ កៅអីក្នុងបន្ទប់ដែលនាងធ្លាប់រៀន។ មិត្តភក្តិរបស់នាងក៏បានរៃលុយគ្នានិមន្តព្រះសង្ឃ មកបង្សុកុលឧទ្ទិសកុសលឱ្យនាងដែរ តែព្រលឹងនាង នៅតែវិលវល់ទៅមិនឆ្ងាយ។

ជាចុងក្រោយ អ្នកស្រីវ៉ិត សង់ ជាម្តាយ ក៏បានសម្តែងនូវការកើតទុក្ខមិនសុខចិត្ត និងសំណូមពរទៅតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយដល់គ្រួសារគាត់ផង។ កន្លងមក តុលាការបានកាត់ឱ្យឃាតករ ផ្តល់សំណង១ម៉ឺនដុល្លារ មកឱ្យអ្នកស្រីដែលបាត់បង់ កូនជាទីស្រលាញ់ តែលុយសំណងនោះ មិនទាន់ទទួលបាននៅឡើយ ដោយអូសបន្លាយរយៈពេលជាង១ ឆ្នាំទៅហើយ។ បើបានប្រាក់សំណងនោះមក គ្រួសារ គាត់នឹងចាត់ចែងធ្វើបុណ្យម្តងទៀត

ឱ្យគគ្រឹកគគ្រេង ដើម្បីឧទ្ទិសកុសលជូនកូនស្រីរដ្ឋា ឱ្យគ្នាបានទៅយោន យកកំណើតនៅឋានវិមានទិព្វ កុំឱ្យព្រលឹងវិលវល់ យ៉ាងនេះទៀត។ គាត់បានសាកសួរព្រឹទ្ធាចារ្យមួយចំនួនរួចហើយ បានពន្យល់គាត់ថា ធម្មតាខ្មោចតៃហោង ដូចជាចងក ពស់ចឹក រន្ទះបាញ់ ឡានបុក លង់ទឹក ឬគេធ្វើឃាត ដូចកូនស្រីគាត់នេះ ព្រលឹងនៅវិលវល់ យូរណាស់ តែបើបានធ្វើបុណ្យឧទ្ទិសមគ្គផលដល់កម្រិត ទើបបានទៅសុគតិភព…”។