Tuesday, December 24, 2024
Homeព័ត៌មានជាតិឌីជេ​នាំស្រី​ស្នេហ៍​ជួញ​ដូរ​គ្រឿង​ញៀន ប៉េអឹម​ក្របួច​ជាប់

ឌីជេ​នាំស្រី​ស្នេហ៍​ជួញ​ដូរ​គ្រឿង​ញៀន ប៉េអឹម​ក្របួច​ជាប់

ភ្នំពេញ ៖ គូសង្សារមួយគូ ដែលគេដឹងថា ភាគីខាងប្រុសជាឌីជេក្នុងក្លឹបរាត្រី ចំណែកភាគី ខាងស្រីជាសិស្សសាលា បាននាំគ្នាជួញដូរគ្រឿងញៀនអស់រយៈពេលជាយូរមកហើយ រហូតដល់ សល់លុយកាក់ចាយវាយហ៊ឺហា រួមរស់ជាមួយ គ្នាក្នុងអាផាតមិន (Apartment) យ៉ាងឡូយឆាយ ទីបំផុតបែកការ ក៏ត្រូវកម្លាំងអាវុធហត្ថ ចុះចាប់ខ្លួនបាន កាលពីវេលាម៉ោង៤និង៣០ នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជាន់ទី១ Apartment លេខ ៣៧Z ផ្លូវ ២១៦Z ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

FullSizeRender

ជនសង្ស័យជាគូស្នេហ៍ដែលជួញដូរគ្រឿងញៀន និងត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន នេះ ភាគីប្រុសស្នេហ៍មានឈ្មោះចាន់ វិចិត្រ អាយុ៣២ឆ្នាំ មុខរបរឌីជេនៅក្លឹបលីកាស៊ី និង មានស្រុកកំណើតនៅភូមិកណ្តៀង ឃុំកណ្តៀង  ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ចំណែកនារី ជាស្រីស្នេហ៍ មានឈ្មោះសំ សូនីតា អាយុ១៦ ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យសន្ធរម៉ុក មាន លំនៅក្នុងបុរីលឹម ឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យជាគូស្នេហ៍នេះ សព្វថ្ងៃ រួមរស់ជាមួយគ្នាក្នុង Apartment ដែលសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួនខាងលើ។

លោកប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅ មុនឈានដល់ការចុះឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ជាបក្ខពួកម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅវេលាម៉ោង៩យប់។ លុះក្រោយពី នាំជនសង្ស័យមកធ្វើការសាកសួរអស់រយៈពេលជិត២០ម៉ោង ទើបជនសង្ស័យរូបនោះ ព្រមឆ្លើយសារភាពថា មានបក្ខពួករបស់គេ ផ្សេងទៀតកំពុងស្នាក់នៅ ផៅរាតមនេត ខាងលើ។

q

លោកប៉ាន់ សុភាព បន្តថា ក្រោយពីទទួល បានចម្លើយសារភាពរួចហើយ កម្លាំងអាវុធហត្ថ បានស្នើសុំបទបញ្ជាពីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ សម្រេចចុះឆែកឆេរនៅ ចំណុច Apartment ខាងលើតែម្តង។

លោកប៉ាន់ សុភាព បញ្ជាក់ថា នៅក្នុង ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និង ដកហូតបានរថយន្តមួយគ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5515 អាវុធខ្លី២ដើម គ្រឿងញៀនមួយចំនួន ព្រមទាំងឧបករណ៍សម្រាប់សេពថ្នាំញៀន មួយចំនួនទៀតផង។

ជនសង្ស័យជាគូស្នេហ៍ទាំង២នាក់ ត្រូវ បានកម្លាំងអាវុធហត្ថធ្វើការឃុំខ្លួន ដើម្បីសាកសួរ បន្ថែមនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី  មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ ង៉ូវ ឌីណា

RELATED ARTICLES