ធម្មតាគ្រូបង្រៀន ត្រូវរក្សាគុណធម៌ ធ្វើជាគំរូគេ សូម្បីតែពេលស៊ីផឹក ក៏ត្រូវចេះទប់ទល់ កុំឱ្យស្រវឹងខ្លាំងពេក ឬត្រឹមតែស្រឿងៗ បានហើយ តែបើដល់ថ្នាក់ស្រវឹងធ្លាក់ភ្នែកនោះ នាំឱ្យថយតម្លៃខ្លួន។ ដោយឡែក នារីម្នាក់នេះ ប្រាប់ថា នាងបានប្តីពោះម៉ាយ ធ្វើគ្រូស្មានថាល្អ ក៏ប៉ះគ្រូប្រមឹក ឱ្យតែស្រវឹងម្តងៗហ៊ានជេរម៉ែក្មេក ទើបនាង ទ្រាំមិនបាន ក៏ប្រដៅខ្លះទៅ…។
នាងកា ឡែន អាយុ២៨ឆ្នាំ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ ឪពុកឈ្មោះធឿន កា (ស្លាប់) ម្តាយឈ្មោះយូ ផុន អាយុ៥៤ឆ្នាំ។ ដោយសារម្តាយពិបាកក្នុងការចិញ្ចឹមកូន ទើបគាត់សម្រេចចិត្តលើកនាងឱ្យមានប្តីវ័យ ចាស់ជាងនាងដល់ទៅ២១ឆ្នាំ ស្មើឪពុក និងកូន ព្រោះមើលឃើញបុរសឈ្មោះជ័យ ម៉ៅ មានឋានៈជាគ្រូបឋមសិក្សា ល្មមផ្ញើ វាសនាអនាគតបាន និងជាបុរសពោះម៉ាយលែងលះប្រពន្ធមុន ដាច់ស្រេចហើយផង។ មុនដំបូង ម្តាយនាងមើលឃើញ ថា គ្រូម៉ៅ (សព្វថ្ងៃអាយុ៤៩ឆ្នាំ) ចាស់ចិត្តចាស់គំនិត ព្រោះគាត់ជាគ្រូបង្រៀនមានចំណេះដឹង អាចផ្តល់សុភមង្គលដល់នាង ទៅថ្ងៃអនាគតបាន ក៏បញ្ចុះបញ្ចូលនាង រហូតបានរៀបការតាមប្រពៃណី និងបានរួមរស់ជាមួយគ្នាប៉ុន្មានឆ្នាំមកនេះ បង្កើតបានកូន ប្រុសម្នាក់ជាចំណងនិស្ស័យ។

នាងកា ឡែន បន្តទាំងតឹងទ្រូងថា តាំងពីបានកូន១មក ប្តីនេះប្រមឹក អួទីនួរាល់តែថ្ងៃ លុះមកដល់ផ្ទះរករឿងនិយាយច្រើន រអ៊ូដដែលៗ រហូតនាង ទ្រាំមិនបាន ក៏ប្រើដៃជើង ឬចេញក្បាច់ឆ្មាប្រដៅប្តីខ្លះទៅឱ្យដឹងថា ខ្លួនធ្វើគ្រូ ត្រូវធ្វើគំរូគេ មិនមែនធ្វើគ្រូថ្ងៃណាក៏ស្រវឹងធ្លាក់ភ្នែកយ៉ាងនេះទេ។ ប្តីគេឯទៀត គ្មានចំណេះដឹងដូចប្តីនាងទេ តែប្តីគេស្លូតបូត បើផឹកស៊ីចេះគិតប្រមាណ ឈ្លើយ អ្វីតែប្តីនាងធ្វើគ្រូ លើកដាច់ៗ ចូលមកដល់ផ្ទះចេញក្បាច់ចានហើរ ឆ្នាំងហោះ ជូនក៏ជេរ ប្រមាថម៉ែក្មេកទៀត តើឱ្យនាងទ្រាំម្តេចបាន? ឥឡូវត្រឹមប្រើដៃទេ តែថ្ងៃក្រោយ បើមិនព្រមកែប្រយ័ត្នកាំបិតប៉័ងតោ។

នាងកា ឡែន បន្តទៀតថា ពេលនាងបង្ក្រាបប្តីប្រមឹក ក៏មានអ្នកភូមិ ខ្លះចោទនាងថា មិនចេះគោរពប្តី តែអ្នកណាថាអីថាទៅ នាងទ្រាំលែង បានហើយ បើត្រូវលែងលះគ្នាក៏លែងដែរ។ កន្លងមក ប្តីនេះ ក៏ធ្លាប់វាយនាងដែរ ថែមទាំងបង្ខំនាងរួមដំណេក ទៀតផង តែពេលស្រវឹងកម្លាំងប្តីថយចុះ ទើបនាង អាចបង្ក្រាបបានខ្លះ តែបើគេមិនផឹក ក៏មិនដែលប្រពន្ធ ឯណាទៅរំលោភសិទ្ធិប្តីនោះទេ។
ដោយឡែក លោកជ័យ ម៉ៅ អាយុ៤៩ឆ្នាំ ជាប្តី បនាឱ្យដឹងថា លោកធ្លាប់មានប្រពន្ធមុនឈ្មោះមាស ឃី នៅភូមិធ្មា ឃុំ-ស្រុកជាមួយគ្នា បង្កើតបានកូនប្រុស មួយក៏ដាច់ដោចគ្នាទៅ។ លុះមកយកប្រពន្ធក្រោយ នៅ ក្មេងនេះ បង្កើតបានកូនមួយទៀត ក៏ជួបបញ្ហារកាំរកូស ដូចមុន បណ្តាលមកពីប្រពន្ធគ្របពីលើប្តីរហូត។ លោកទទួលស្គាល់ថា ពិតជាបានផឹកស្រាមែន ប៉ុន្តែ ការផឹកស៊ីរបស់លោកមានកម្រិតព្រំដែន មិនមែនប្រមឹកខួបដូចអ្វីដែលនាងថានោះទេ។ កន្លងមក កាលរួមរស់ជាមួយប្រពន្ធទី១ លោកមិនដែលប្រើហិង្សាអ្វីទេ គឺមានតែប្រពន្ធដែលចង់បង្ក្រាបប្តី លុះប៉ះប្រពន្ធក្មេង កម្លាំងខ្លាំង នាងចង់នៅពីលើប្តីតែម្តង។ ប្រពន្ធក៏ដឹងដែរថា ធម្មតាអ្នកស្រវឹងនិយាយមិនសូវដឹងខុសត្រូវ អ្វីទេ ចុះហេតុអ្វីនាងនៅតែប្រកាន់ខឹង? អ៊ីចឹងបានសេចក្តីថា នាងអន់ជាងអ្នកស្រវឹងទៅទៀត។ ចំណែកម៉ែក្មេក កាន់ជើងតែកូនគាត់ហ្នឹង តែងមកជួយឈ្លោះ មិនមែនជួយណែនាំទេ ទើបលោកផ្ទុះជម្លោះ តែបើម៉ែក្មេកមិនលូកដៃ ក៏គ្មានទំនាស់អ្វីដែរ។

លោកគ្រូម៉ៅ បន្ថែមថា ការរស់នៅរវាងគូស្វាមីភរិយា វាធម្មតាទេ បើភាគីប្រពន្ធធ្វើខ្លាំងពេក ទាល់តែគាប សង្កត់ខ្លះទើបបាន បើចាំគេឱ្យស្រួលៗនោះ មិនងាយទេ។ ករណីបែបនេះ វាកើតឡើងជាទូទៅ នៅស្ទើរតែគ្រប់គ្រួសារ ដែលប្រពន្ធមិនគួរយករឿងបន្តិចបន្តួច បកអាក្រាតប្តីឯងយ៉ាងនេះទេ ដូចជាជ្រុលបន្តិចហើយ។ លោក ធ្វើគ្រូស្គាល់តួនាទីជាគ្រូច្បាស់លាស់ តែមកពីប្រពន្ធខ្វះចំណេះដឹង ចង់ចេះជាងគ្រូ ទើបជួបភាពរកាំរកូសយ៉ាងនេះទៅ។

អ្នកស្រីយូ ផុន អាយុ៥៤ឆ្នាំ ជាម្តាយបានឱ្យដឹងថា គាត់មិនជ្រៀតជ្រែកចូលផ្ទៃក្នុងគ្រួសារកូនទេ ប៉ុន្តែ មកពីកូនៗរស់នៅក្នុងបន្ទុករបស់គាត់ជ្រកក្រោមដំបូលផ្ទះម៉ែ បើពួកគេឈ្លោះគ្នាមិនហាមឃាត់ម្តេចកើត? តាមពិតកូនប្រសាធ្វើគ្រូនេះជាអ្នកចេះដឹង មិនសមយកស្រាមកបំផ្លាញសុភមង្គលគ្រួសារយ៉ាងនេះទេ។ ឥឡូវ គាត់លែងដឹងឮទៀតហើយ ទោះជាពួកគេឈ្លោះកាប់ចាក់គ្នាយ៉ាងណាក៏ដោយចុះ ស្រេចតែពួកគេទៅចុះ។

លោកហោន ហាត អាយុ៣០ឆ្នាំ ជាអ្នកជិតខាង បាន ឱ្យដឹងថា លោកធ្លាប់ផឹកស៊ីជាមួយគ្រូម៉ៅ ជាហូរហែ អាចសម្គាល់បានថា គាត់ជាមនុស្សស្លូតបូតទេ តែពេលគាត់ស្រវឹងនិយាយច្រើនបន្តិច។ ពេលប្តីស្រវឹង ប្រពន្ធមួម៉ៅបង្កជាជម្លោះវ៉ៃប្តីតែអ៊ីចឹង តែគ្រូម៉ៅ មិនដែលវ៉ៃប្រពន្ធទេ ពូកែតែមាត់ប៉ុណ្ណោះ។
លោកប៉ុន ហៀង មេភូមិចំរើន បានឱ្យដឹងថា បើតាមលោកអង្កេតកន្លងមក ជម្លោះគ្រួសារមួយនេះ ផ្តើមចេញពីប្តីផឹកស្រាខ្លាំងពេក ឯប្រពន្ធឆ្នាសឆ្នើម កើតជាជម្លោះគ្រួសារតែម្តង។ ទោះយ៉ាងណា គ្រូម៉ៅ មិនដែលវាយប្រពន្ធទេ មានតែប្រពន្ធវាយប្តីទ្រមខ្លួនតែ អ៊ីចឹង ហើយទោះជាវាយយ៉ាងណាក៏ប្តីនៅតែផឹក។

គួរបញ្ជាក់ថា ធម្មតាគ្រូបង្រៀន ត្រូវមានវិន័យ សីលធម៌ស្អាតស្អំ ឯរឿងផឹកស៊ីនោះយូរៗម្តងបាន ហើយ ដូចជាពេលគេអញ្ជើញចូលរួមជប់លៀងឡើង ផ្ទះ ឬមង្គលការ ឬជួបជុំបងប្អូនម្តងម្កាល។ ថ្ងៃស៊ីការ ឬជួបជុំបងប្អូន ដូចជាថ្ងៃសែនដូនតា ភ្ជុំបិណ្ឌជាដើម ទោះជាគ្រូផឹកស្រវឹងក៏គ្មានអ្នកណាប្រកាន់ដែរ ព្រោះ ជាទូទៅ ពេលហ្នឹងអ្នកណាក៏ស្រវឹងដែរ ឱ្យតែជល់កែវ ប៉ុន្តែករណីស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃនោះនាំឱ្យថយតម្លៃ ជាបុគ្គលិកសិក្សា។ ធម្មតាប្រពន្ធ ភាគច្រើនចាញ់ក្លិន ស្រា មិនចង់ឱ្យប្តីផឹកទេ តែនាងអនុគ្រោះឱ្យប្តីបាន បើ យូរៗស្រវឹងម្តង ជួនកាលក៏ជួយកោសខ្យល់ឱ្យប្តី ទៀត ដើម្បីឱ្យឆាប់ស្វាង តែបើប្តីស្រវឹងត្រាងរាល់ថ្ងៃ ច្បាស់ណាស់ថា អង្រែបុកគ្រឿង ឬកាំបិតប៉័ងតោ ស៊ីក្បាលមិនខានឡើយ….”៕