អ្នកមេម៉ាយកែវ និសា តាំងពីលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ មក នាងត្រូវបានគេដឹងថា ភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងលឹម ជាឡាយ ជាច្រើនឆ្នាំមកហើយ ដោយមានក្រុមគ្រួសារទាំងសងខាងបានដឹងឮទៀតផង។ ប៉ុន្តែនៅឆ្នាំ ២០១៧នេះ កែវ និសា ល្បីមានលោកធំផ្កាយ៤ម្នាក់ តាមជ្រែកស្នេហ៍ឆក់កាយមេម៉ាយរូបស្រស់នេះ ទៅបាត់ នាំឱ្យជាឡាយ ស្រក់ទឹកនេត្រាតែម្នាក់ឯង ទើបប្រុសសង្ហារូបនេះ លេងមួយក្បាច់ដាក់និសា វិញ ដោយបានទៅភ្ជាប់ស្នេហ៍ថ្មីជាមួយស្រីស្អាតគៀត សុវណ្ណាឡាង វិញម្តង ហើយពេលនេះ ពួកគេត្រៀមដឹកដៃគ្នាចូលរោងការ តាមសំណូមពរលោកថៅកែទឹកកកនៅក្រុងកំពង់ចាម ទៀតផង…។
កែវ និសា ដែលធ្លាប់ធ្វើឱ្យប្រុសសង្ហាលឹម ជាឡាយ ស្រក់ទឹកនេត្រា ពេលខ្លះយកដបស្រាជាមិត្ត ដើម្បីបន្លប់ទុក្ខស្នេហ៍នៅពេលដែលលេចឮថា អ្នកមេម៉ាយរូបនេះ មានស្នេហ៍ស្និទ្ធជាមួយលោកធំផ្កាយ៤នោះហើយ គិតតែពីដើរលេងក្រៅប្រទេសចោលលោកបាត់ៗនោះ។ ប៉ុន្តែ ពេលនេះកែវ និសា ឬវង្ស សុផាវណ្ណ ប្រហែលជាអាចប្រឈមនឹងការបង្ហូរទឹកភ្នែកវិញម្តង ព្រោះតែក្រោយពេលដែលប្រុសក្មេងងាកទៅនែបនិត្យកាយាជាមួយស្រីស្អាតគៀត សុវណ្ណាឡាង នោះ ពេលនេះមានព័ត៌មានថា លោកជាឡាយ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយសុវណ្ណាឡាង ដោយបំភ្លេចចោលអ្នកមេម៉ាយកែវ និសា ទៅហើយ ព្រោះអ្នកថ្មីស្អាតជាងអ្នកចាស់។

ប្រភពបានឱ្យដឹងថា មានលោកថៅកែរោងចក្រផលិតទឹកកកធំជាងគេនៅក្រុងកំពង់ចាម ម្នាក់ បានជំរុញឱ្យលឹម ជាឡាយ រៀបការជាមួយគៀត សុវណ្ណាឡាង ដោយសំអាងហេតុផលថា ពួកគេពិតជាស័ក្តិសមគូស្នេហ៍ជាមួយគ្នា ហើយបើស្រីស្រស់ប្រុសសង្ហា១គូនេះ ព្រមធ្វើតាមការសំណូមពរពីលោកថៅកែ ទឹកកកនោះ គឺថ្លៃចំណាយមង្គលការទាំងអស់ គឺលោកថៅកែទឹកកកជាអ្នករ៉ាប់រងទាំងអស់ ដោយមិនឱ្យសុវណ្ណាឡាង និងជាឡាយ អស់ប្រាក់១សេន ឡើយ ព្រោះសំខាន់លោកថៅកែចិត្តល្អរូបនោះ ចង់ឃើញពួកគេក្លាយទៅជាប្តីប្រពន្ធជាមួយគ្នាស្របច្បាប់។
ក្នុងជំនួបជាមួយគៀត សុវណ្ណាឡាង តារាកូនកាត់ចិនរូបនេះ បានសារភាពថា ដំណឹងនេះគឺជាការពិតហើយ ពេលនេះនាងមិនទាន់សម្រេចចិត្ត នៅឡើយទេ ព្រោះថា ទំនាក់ទំនងរវាងនាងនឹងជាឡាយ គឺនៅត្រឹមតែជាមិត្តរួមអាជីពប៉ុណ្ណោះ តែនៅថ្ងៃក្រោយ នាងមិនដឹងឡើយ។
សុវណ្ណាឡាង បានរៀបរាប់ថា “លោកថៅកែទឹកកកនៅកំពង់ចាមនោះ គាត់ស្រលាញ់គាំទ្រពួកខ្ញុំដែលសម្តែងរឿង “អាពាហ៍ពិពាហ៍ចម្លែក” ជាមួយគ្នា ហើយគាត់ថា បើខ្ញុំទាំង២រៀបការជាមួយគ្នាមែន គឺគាត់នឹងចេញរ៉ាប់រងទាំងអស់មែន ព្រោះគាត់ចូលចិត្តខ្ញុំនិងលោកជាឡាយ។ ខ្ញុំចង់បញ្ជាក់ថា ទំនាក់ទំនង រវាងខ្ញុំ និងលោកជាឡាយ គឺនៅពេលនេះ ពួកយើងនៅត្រឹមតែជាមិត្តរួមអាជីពប៉ុណ្ណោះ តែថ្ងៃក្រោយយើងមិនអាចដឹងមុនឡើយ។ ខ្ញុំនិងលោកជាឡាយ តែងស្និទ្ធស្នាលនឹងគ្នា ព្រោះអីយើងនៅមានការងារសិល្បៈជាច្រើនជាមួយគ្នា និងម៉្យាងទៀត ខ្ញុំជាអ្នកតំណាងឱ្យផលិតផលរក្សាសម្រស់មួយមកពី ប្រទេសសិង្ហបុរី ឈ្មោះ Fabulous Cambodia ហើយនាពេលខាងមុខនេះ លោកជាឡាយ ក៏ធ្វើការងារនេះជាមួយខ្ញុំដែរ”។
តាមព័ត៌មានថា ពេលនេះកែវ និសា បានផ្តាច់ស្នេហ៍លឹម ជាឡាយ ទៅហើយ ព្រោះនាងមានអ្នកថ្មីជម្រើសល្អជាងនេះនោះ គឺលោកធំផ្កាយ៤ម្នាក់ ដែលតាមស្រលាញ់នាង ហើយប្រសិនបើអ្នកមេម៉ាយរូបនេះ ព្រមទទួលស្នេហ៍លោកធំនោះ គឺនាងនឹងក្លាយ ទៅជាជំទាវភ្លាមតែម្តង។ ប្រភពបានឱ្យដឹងថា យ៉ាងណា កែវ និសា នៅមិនទាន់ដាច់អាល័យពីប្រុសក្មេង លឹម ជាឡាយ ឡើយ កន្លងមក ពួកគេតែងតែមានភាពរកាំរកូសស្នេហ៍ជាមួយគ្នាច្រើនលើកច្រើនសា មកហើយ ដោយសារតែប្រចណ្ឌគ្នារៀងៗខ្លួន តែរាល់លើក ជាចុងក្រោយ គឺនៅតែមិនបែកគ្នាដដែល ព្រោះនិសា ស្នេហ៍តែប្រុសក្មេងទេ ពិសេស គឺលោកជាឡាយ នេះតែម្តង។
ក្រុមអ្នកសិល្បៈជាច្រើនបាននិយាយថា ប្រសិនបើលឹម ជាឡាយ យល់ព្រមរៀបការជាមួយគៀត សុវណ្ណាឡាង តាមសំណើ ថៅកែទឹកកកក្រុងកំពង់ចាម មែននោះ ច្បាស់ណាស់ថា និសា នឹងមិនអាចទប់ទឹកភ្នែកជាប់បានឡើយ ហើយបើទោះជា និសា ចង់ អូសជាឡាយ ទៅវិញ ក៏យឺតពេលដែរ ព្រោះតែលេចឮថា ក្រុមគ្រួសារជាឡាយ ស្រលាញ់ពេញចិត្តសុវណ្ណាឡាង ជាងនិសា។
ទោះជាពេលនេះចំណងស្នេហ៍ជាង៦ឆ្នាំ កែវ និសា និង លឹម ជាឡាយ ហាក់ដើរដល់ផ្លូវបញ្ចប់ ដោយសារពួកគេមាន ជម្រើសថ្មីរៀងៗខ្លួនមែន តែនាងនិសា ដែលពេលនេះ កំពុងតែមានភាពហ៊ឺហា ជិះរថយន្តទំនើប Audi តម្លៃជាង៧ម៉ឺនដុល្លារ និងប្រើប្រាស់សម្លៀកបំពាក់សុទ្ធតែជាម៉ាកល្បីៗ មិនអាចតារា រូបណាធ្វើបានដូចនាងនោះ នឹងក្លាយទៅ ជាជំទាវលាក់មុខ ដែលនឹងមានទ្រព្យហូរហៀរជាមិនខាន ប្រសិនបើព្រមធ្វើ ជាកំណាន់ចិត្តរបស់លោកផ្កាយ៤នោះ។ ប៉ុន្តែកែវ និសា នឹងចាញ់ប្រៀបប្រុសក្មេង ជាឡាយ ដែរ ព្រោះតែនាងមិនអាចនឹង មានឱកាសបានរៀបការជាចំហជាលើក ទី២ឡើយ ប្រសិនបើក្លាយទៅជាជំទាវ លោកធំ ផ្កាយ៤នោះ ព្រោះតាមព័ត៌មាន ថា លោកធំនោះមិនមែននៅលីវទេ។
កែវ និសា ជាអ្នកមេម៉ាយដ៏មាន មន្តស្នេហ៍ខ្លាំងម្នាក់ក្នុងសិល្បៈ ដែលក្រៅពីលោកធំផ្កាយ៤នោះ ក៏មានឧកញ៉ា២នាក់ ប្រជែងគ្នាដណ្តើមបេះដូងអ្នកមេម៉ាយរូបស្រស់នេះដែរ ហេតុនេះហើយបានជា ជាឡាយ ងាកទៅរកស្រីស្អាតសុវណ្ណាឡាង ស្អំបេះដូង ពេលនេះ៕