Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធគូកម្ម ឈ្លោះគ្នារាប់ឆ្នាំ លែងមិនដាច់

ប្តីប្រពន្ធគូកម្ម ឈ្លោះគ្នារាប់ឆ្នាំ លែងមិនដាច់

ប្តីប្រពន្ធ ដែលជាគូកម្ម ទោះរស់នៅមិនចុះសម្រុងគ្នា រហូតមានពេលខ្លះ វាយគ្នាបែកក្បាលហូរឈាមយ៉ាងណាក៏លែងលះគ្នាមិនដាច់ស្រឡះ នៅចងកម្មចងពៀរនឹងគ្នារហូត។ តួយ៉ាង ប្តីប្រពន្ធមួយគូនេះ យកគ្នាឆៅៗ មិនបានរៀបការ ឬសែនព្រេនអ្វីឡើយ លុះរួមរស់ជាមួយគ្នាល្អូកល្អិនតែ មួយចម្អិនកំពឹសប៉ុណ្ណោះ ក្រោយមកឈ្លោះជេរបញ្ចោរគ្នាព្រឹកល្ងាច រាប់ឆ្នាំ តែលែងលះគ្នាមិនដាច់សោះ…។

លោកសូ វាសនា អាយុ២៥ឆ្នាំ រស់នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា លោកជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី៤ ប្រុស១) មានម្តាយឈ្មោះនៅ អ៊ីម អាយុ៧២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង លោកមានសំណាងបានរៀនសូត្រដល់ថ្នាក់ទី៨ នៅអនុវិទ្យាល័យនារាយណ៍ នឹងគេដែរ។ បន្ទាប់ពីបោះបង់ការសិក្សា លោកបានទៅបួសជាសង្ឃគង់នៅក្នុងវត្តជិតផ្ទះ ដើម្បីសិក្សាធម៌ វិន័យ និងធ្វើជាស្ពានចម្លង ឧទ្ទិសបុណ្យកុសលរបស់ពុទ្ធបរិស័ទ ទៅញាតិសន្តាន ដែលបានចែកឋានទៅលោកខាងមុខ។ លុះ សាងផ្នួសបាន២វស្សា ទើបលោកលាចាកសិក្ខាបទ ធ្វើជាគ្រហស្ថវិញ រួចក៏ចេញធ្វើជាកម្មករសំណង់យកប្រាក់ កម្រៃ ចិញ្ចឹមជីវិត ប៉ុន្តែដោយសារការងារនេះ ប្រើកម្លាំង ច្រើនត្រូវលីស៊ីម៉ងត៍ លាយបាយអ ជញ្ជូនឥដ្ឋ បែក ញើសហៀរកក្លាក់ដល់កែងជើង និងទទួលបានប្រាក់ កម្រៃតិចតួចផង មានពេលខ្លះត្រូវចាញ់បោកមេការ ធ្វើការមិនបានប្រាក់ ទើបលោកឈប់ធ្វើការងារនេះ ងាកមកធ្វើការក្នុងរោងចក្រកាត់ដេរម្តងវិញ។

នាងប៊ុន យឹម

បុរសរូបនេះបន្តថា ក្រោយពីចូលធ្វើការ ស្លៀកពាក់ស្អាត សង្ហាដូចប្រុសទូទៅបានមួយរយៈ លោក បានជួបស្គាល់ជាមួយនារីម្នាក់ឈ្មោះប៊ុន យីម សព្វថ្ងៃ អាយុ៣២ឆ្នាំ ដែលធ្វើការក្នុង រោងចក្រជាមួយគ្នា។ ទំនាក់ទំនង ពួកលោកដំបូងឡើយ ក្នុងនាមជាមិត្តភក្តិធម្មតា ប៉ុណ្ណោះ លុះពេលបាននិយាយឆ្លើយឆ្លង និងឃើញមុខគ្នាព្រឹកល្ងាច យូរៗទៅ មិត្តភាពពួកលោក បានរីកដុះដាលក្នុងថ្នាលស្នេហា ធ្វើឱ្យបេះដូងកំលោះ ក្រមុំពួកលោកចាប់វេញ ត្របាញ់ចូលគ្នាជាធ្លុងមួយ និងបណ្តើរគ្នាដើរលេង សាងអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមរួមគ្នារាប់ មិនអស់ ឈានដល់ដឹកដៃគ្នាឡើងផ្ទះសំណាក់ ផ្សំដំណេកខុសគន្លងប្រពៃណីទៀតផង។ ចាប់តាំងពីពេលនោះមក គូស្នេហ៍លោកតែងស្កាត់ ជួបប្តូរសាច់ប្តូរឈាមក្នុងសមរភូមិកាមគុណ ជាបន្តបន្ទាប់ រហូតឈានដល់ជួលបន្ទប់ស្នាក់តែ២នាក់ទៀតផង ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា។ លុះក្រោយមក ដោយសារតែពួកលោកធ្វើការសន្សំប្រាក់មិនបាន ម៉្យាងទៀត ឪពុកម្តាយរបស់ស្រីថ្លើមថ្លៃ ត្រូវការប្រាក់ បណ្ណាការច្រើន ដើម្បីរៀបការឱ្យគគ្រឹកគគ្រេងបំពេញ មុខមាត់ក្រុមគ្រួសារពួកគាត់ ទើបគូស្នេហ៍ពួកនាងរួមរស់គ្មានខាន់ស្លារហូតមក ដោយបង្កើតបានកូនស្រីម្នាក់ជាត្រួយជីវិត។

លោកសូ វាសនា

លោកសូ វាសនា បញ្ជាក់ថា ប្តីប្រពន្ធលោករួមរស់ ផ្អែមល្ហែមជាមួយគ្នាបានតែមួយរយៈខ្លីទេ ក្រោយមក តែងជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាព្រឹកល្ងាចៗឥតថ្ងៃស្វាង បើគិតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ តែលែងលះគ្នាមិនដាច់ស្រេចសោះ ពោលគឺឈ្លោះ ប្រកែកជេរបញ្ចោរគ្នាមិនបានប៉ុន្មានម៉ោងផង ត្រូវរ៉ូវគ្នាវិញបាត់។ ហើយកន្លងមក ពួកនាងធ្លាប់ធ្វើការលែងលះគ្នារាប់ភ្លេចដែរ តែលែងហើយមូលវិញៗ ហើយពេលនេះ លោកមិនខ្វាយខ្វល់ពីរឿងអនាគតទៅទៀតទេ ចាត់ទុកថា មួយជាតិនេះឆាចោល បើអស់និស្ស័យជាប្តីប្រពន្ធពេលណា បែកគ្នាពេលនោះទៅចុះ។

លោកសូ វាសនា និងនាងប៊ុន យឹម ជាមួយកូន

នាងប៊ុន យឹម ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិពាណិជ្ជ ឃុំយារអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឯណោះ ដែលមានម្តាយឈ្មោះយឿន អាយុ៦០ឆ្នាំ ឪពុកឈ្មោះប៊ុត អាយុ៧២ឆ្នាំ។ កាលពីក្មេង នាងមិនបានរៀនសូត្រវែងឆ្ងាយ ប៉ុន្មានឡើយ លុះពេលធំពេញវ័យ នាងសុំឪពុកម្តាយចេញមក ធ្វើការរោងចក្រកាត់ដេរ នៅភ្នំពេញ ហើយក៏បានជួបស្នេហ៍ជាមួយប្តីរូបនេះតែម្តង រហូតស្មគ្រ័រួមរស់ខុស គន្លងប្រពៃណីមកទល់សព្វថ្ងៃ។ តាមពិតទៅ ក្រុមគ្រួសារនាងជាអ្នកមានមុខមាត់មួយ នៅក្នុងស្រុកភូមិនេះដែរ ទើបឪពុកម្តាយនាង មិនទទួលយកការសែនព្រេនឡើយ បើរៀបការឱ្យគគ្រឹកគគ្រេងបំពេញមុខមាត់កិត្តិយសគ្រួសារ ទើបពួកគាត់ស្វាគមន៍ គូស្នេហ៍ពួកនាងជានិច្ច ប៉ុន្តែដោយសារក្រុមគ្រួសារខាងប្តី មានជីវភាពក្រីក្រ ម៉្យាង ទៀតពួកនាងធ្វើការសន្សំប្រាក់មិនបាន ទើបមិនហ៊ាន ទៅជួបមុខឪពុកម្តាយនាងនៅស្រុកកំណើត ក៏បន្តរួមរស់ជាប្តីប្រពន្ធឥតខាន់ស្លារហូតមក មិនខ្លាចញញើត នឹងព្រលឹងខ្មោចចាស់ទុំប្រកាន់តាមកាច់ឡើយ។

នាងប៊ុន យឹម ទទួលស្គាល់ថា ប្តីប្រពន្ធនាង ស្រលាញ់ផ្អែមល្ហែមតែដំបូងមែន បន្ទាប់មកក៏ជួបរឿងរ៉ាវរកាំរកូសដូចចាន នៅក្នុងរាវ រកទីបញ្ចប់គ្មាន ហើយ ក៏ធ្លាប់ធ្វើការលែងលះគ្នាញឹកញាប់ដែរ ប៉ុន្តែមិនដឹង ហេតុអីលែងគ្នាមិនដាច់ស្រឡះសោះ លែងគ្នាបានតែមួយរយៈខ្លី ក៏ត្រូវរ៉ូវយកគ្នាជាប្រពន្ធប្តីវិញបាត់។ បើតាមនាងយល់ ប្តីប្រពន្ធនាងប្រហែលជាគូកម្មនឹង គ្នាហើយ ទើបបានជាបាក់បែកគ្នាយូរមកហើយ តែ លែងគ្នាមិនដាច់សោះ។

លោកយាយនៅ អ៊ឹម

លោកយាយនៅ អ៊ឹម អាយុ៧២ឆ្នាំ ជាម្តាយ និងលោកទុយ រឿន អាយុ៤០ឆ្នាំ ជាបងបានឱ្យដឹង ស្របគ្នាថា ពួកគាត់ចង់ឱ្យប្តីប្រពន្ធកូន និងប្អូនប្រុស មួយគូនេះរៀបការមានខាន់ស្លាត្រឹមត្រូវណាស់ តែ មិនដឹងជាត្រូវដោះស្រាយតាមរបៀបណា បើជីវភាពជួបការខ្វះខាត គ្មានលទ្ធភាពនោះ ទើបចេះតែធ្វើមិនដឹងមិនឮទៅ។ តែយ៉ាងណា ពួកគាត់ទទួលស្គាល់នាងប៊ុន យឹម ដែលបានផ្សារជាសាច់ឈាមទៅហើយចាត់ ទុកដូចជាគ្រួសារតែមួយទៅចុះ។ ប៉ុន្តែប្តីប្រពន្ធពួកគេ រស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ តែងជួបរឿង រ៉ាវឈ្លោះប្រកែកគ្នាព្រឹកល្ងាចៗ ធ្វើឱ្យអ្នកភូមិផងរបងជាប់គ្នា ធុញទ្រាន់លែងចង់ស្តាប់ និងយកចិត្តទុកដាក់ លើប្តីប្រពន្ធគេទៀតផង។ ហើយរាល់ប្តីប្រពន្ធពួកគេ ឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរ ក្រុមគ្រួសារតែងធ្វើការសម្របសម្រួលមិន ឱ្យអ្នកទាំងពីរលែងលះគ្នាទេ ព្រោះអាណិត ចៅនិងក្មួយស្រីដែលគ្នាមិនទាន់ដឹងអីនោះ។

លោកទុយ រឿន

គួររំលឹកថា ជីវិតប្តីប្រពន្ធ បើមិនចេះអធ្យាស្រ័យ យោគយល់គ្នា មិនស្គាល់ទុក្ខធុរៈគ្នា និងចិត្តមិនធ្ងន់ ចាំតែ មើលបំណាំគ្នា ច្បាស់ជារស់នៅមិនចុះសម្រុងគ្នាឡើយ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាឥតថ្ងៃស្វាង ដែល បញ្ហាទាំងអស់នេះ នាំឱ្យគ្រួសារមិនមានសុភមង្គល នោះទេ។ ចំពោះករណីប្តីប្រពន្ធលោកវាសនា វិញបើ អ្នកទាំងពីរមិនចេះអត់ឱនឱ្យគ្នា ចាំតែមើលបំណាំគ្នា មិនចេះអង្គុយនិយាយដោះស្រាយគ្នាតាមសម្រួល និងខំទប់អារម្មណ៍របស់ខ្លួនឱ្យបានទេ ប្រហែលជា មិនអាចរកថ្ងៃបញ្ចប់ជម្លោះក្នុងគ្រួសារបានឡើយ។….”៕

RELATED ARTICLES