បុរសអភ័ព្វស្នេហ៍ម្នាក់នេះ ទំនងខ្លួនមិនសូវប្រសប់ថ្នាក់ថ្នមរឿងយប់ព្រលប់ ទើបបានជាប្រពន្ធទី១ សុំបែក លុះបានប្រពន្ធទី២ ផ្សំដំណេក បាន១ខែ មាសស្នេហ៍ក៏សុំលាទៀត។ ករណីបែបនេះ បើសិនជាប្តីប៉ិន ប្រសប់នោះគ្មានប្រពន្ធណាដកចិត្តរួចទេ តែបើខ្វះបច្ចេកទេសក្នុងនាម ជាប្តី ទោះជាមានប្រពន្ធប៉ុន្មានក៏ទ្រាំមិនបានយូរដែរ…។
លោកឈឿន ចន្ថា អាយុ២៨ឆ្នាំ រស់នៅភូមិ ត្រពាំងខ្នារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា ខ្លួនជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះឆិល រ៉ា អាយុ៤៩ឆ្នាំ ម្តាយឈ្មោះឆិល សុខុម អាយុ៤៧ឆ្នាំ។ កាលពីកុមារ លោករៀនសូត្របានត្រឹមថ្នាក់ទី៨ មិនទាន់ចប់អនុវិទ្យាល័យផង ក៏ឈប់ទៅ និងនៅតែផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្តាយរហូតពេញកំលោះ។
ធ្វើមុខញឹមៗ ទើបងើបមកពីស្ទូងប្រឡាក់ភក់ ខ្លះៗនោះ បុរសនេះ បន្តទៀតថា មួយជាតិធាតុមួយ ក្តាប់នេះ ខ្លួនធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ។ កាលពី៥ឆ្នាំមុន ខណៈដែលខ្លួនមានអាយុ២៣ឆ្នាំ បានរៀបការប្រពន្ធ ឈ្មោះគឹម សុវណ្ណសេរីរ័ត្ន អាយុ២០ឆ្នាំ ជាក្រមុំព្រហ្មចារីដូចសំពត់ក្នុងផ្នត់។ លោក និងប្រពន្ធនោះ រួមរស់ជាមួយគ្នាបាន១ឆ្នាំកន្លះ បង្កើតបានកូនស្រីម្នាក់ ស្រាប់តែប្រពន្ធនោះសុំបែក ព្រោះ មិនចុះសម្រុងគ្នារឿងដំណេក និងជីវភាព។ បន្ទាប់ពី លែងលះគ្នាមក លោកខូចចិត្តក៏ចេញពីស្រុក ទៅធ្វើការ នៅភ្នំពេញ ជាអ្នករត់តុក្នុងហាងស៊ីផឹកមួយកន្លែង ខាងលិចផ្សារថ្មី ដោយគិតថា បើប្រពន្ធទី១ សុំបែក ទៅហើយ ខ្លួនជាប្រុសមិនត្រូវបាក់ទឹកចិត្តទេ ចាំបាច់ ត្រូវតែយកទ្រឹស្តី “សេះដាច់យកសេះតាម” មកប្រើ ទើបមានប្រសិទ្ធភាព និងមានឈ្មោះថា ប្រុសពេញ លក្ខណៈ។
លោកឈឿន ចន្ថា បន្តទៀតថា នៅក្នុងហាងនោះ មាននារីម្នាក់ឈ្មោះឃឹម សន អាយុ២២ឆ្នាំ មកពីស្រុកប្រាសាទបាគង ខេត្តសៀមរាប មកធ្វើជា អ្នករត់តុដែរ។ គ្រាន់តែឃើញភក្ត្រ័ជំពាក់ចិត្តភ្លាម ទើបឱ្យតែមានឱកាសទំនេរ លោកក៏ព្យាយាមលួងលោម ទាក់ទងសុំស្នេហ៍ពីនាង ដោយប្រាប់នាងត្រង់ៗ ថា ខ្លួនជាពោះម៉ាយកូន១ មិនលាក់លៀមអ្វីទេ ឯរូបនាង ក៏មានមនោសញ្ចោតនា ទោរទន់ មិនប្រកែកអ្វីឡើយ បានទាំងបើកផ្លូវឱ្យលោកចូលតាមប្រពៃណីទៀតផង។ ទោះជាត្រូវរ៉ូវគ្នា ក៏នាងក្រមុំកំណាញ់ខ្លួនណាស់ មិនងាយឱ្យប៉ះពាល់ផ្តេសផ្តាសទេ ដែលឥរិយាបថនេះ ទាក់ចិត្តលោកឱ្យស្រលាញ់នាងងប់ងុល រហូតដល់ ពឹងចាស់ទុំឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី និងបានទៅរៀបការតាមប្រពៃណី ឯស្រុកកំណើតរបស់នាង អស់បណ្ណាការត្រឹម២.៤០០ដុល្លារ ប៉ុណ្ណោះ។
លោកឈឿន ចន្ថា បន្តទៀតថា បន្ទាប់ពីរៀបការរួចមក លោកនៅខាង ប្រពន្ធក្រោមបន្ទុកឪពុកម្តាយក្មេក បានប្រហែល១០ថ្ងៃ ក៏នាំគ្នាមកធ្វើការក្នុង ហាងស៊ីផឹកវិញ។ ពេលកំពុងធ្វើការនោះ បានសន្យាគ្នាថា នឹងចេញទៅនៅស្រុកកំណើតខាងលោកម្តង ព្រោះមុខរបររត់តុក៏មិនលើមុខរបរធ្វើស្រែនោះដែរ។ ក្រោយពីព្រមព្រៀងគ្នា ប្រពន្ធក៏ប្រាប់លោកឱ្យចេញមកស្រុកមុន ដើម្បីសង់ខ្ទម មួយរស់នៅ ព្រោះមិនចង់រស់ក្រោមដំបូលជាមួយឪពុកម្តាយ។ លោកក៏ មកស្រុកចាត់ចែងសង់ខ្ទមប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្តៅហប់ណាស់ តែគ្មានជម្រើស សង្ឃឹមថា នឹងបានខ្ទមដ៏ក្តៅនេះធ្វើជាខ្ទមស្នេហ៍ជាមួយភរិយា ថ្មោងថ្មីមិនខាន ព្រោះផ្សំដំណេកបាន១ខែហើយ ដេកតែផ្ទះគេ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន។ លុះដល់ថ្ងៃកំណត់ ប្រពន្ធបានមកដល់មើលលើមើលក្រោមឃើញខ្ទម ស័ង្កសីក្តៅហប់បែបនេះ ក៏បញ្ចោញឥរិយាបថប្លែកពីមុន។ នាងទ្រាំឱ្យលោករួម មេត្រីបានតែ២យប់ ប៉ុណ្ណោះ ពេលលោករវល់ចេញទៅផ្សារមួយភ្លែត វិលមក វិញក៏បាត់ប្រពន្ធទៅហើយ។ ទោះយ៉ាងណា ពេលនេះលោកកំពុងជាប់រវល់ធ្វើ ស្រែ ចាំរួចដៃនឹងតាមទៅរកនាងមិនខាន ព្រោះលោកមិនទាន់បានលែងលះគ្នា ឯណា ហេតុអ្វីបានជានាងចុះចោល? ហើយបើត្រូវរ៉ូវគ្នា លោកសុខចិត្តឱបបង្វេចទៅរួមរស់ជាមួយនាង មិនស្តាយខ្ទមនេះទេ។
ដោយឡែក នាងឃឹម សន អាយុ២២ឆ្នាំ ជា ប្រពន្ធបានឱ្យដឹងតាមទូរស័ព្ទថា មូលហេតុដែលនាង ចុះចោលប្តី មិនមែនដោយសារខ្ទមស័ង្កសីនោះទេ តែតាមពិត នាងចង់បែកពីប្តីពោះម៉ាយនេះយូរហើយ ដើម្បីងាយស្រួលទៅរកស៊ីនៅទីក្រុង។ សូម្បីម្តាយ បង្កើតរបស់នាងក៏ចង់ឱ្យបែកដែរ តែឪពុកមិនហ៊ាន សម្រេចទេ ស្រេចតែរូបនាងជាសាមីខ្លួនប៉ុណ្ណោះ។
លោកឆិល រ៉ា អាយុ៤៩ឆ្នាំ និងអ្នកស្រីឆិល សុខុម អាយុ៤៧ឆ្នាំ ជាឪពុកម្តាយខាងប្រុស បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនព្រមឱ្យកូនប្រសាស្រីនោះ លែងប្តីឆៅៗយ៉ាងនេះទេ ព្រោះរៀបការកូនមួយៗ អស់លុយមិនតិចទេ។ បើសម្របសម្រួលគ្នាមិន បានសម្រេច ពួកគាត់នឹងប្តឹងទារថ្លៃបណ្ណាការមកវិញ ពីបទកូនប្រសាស្រីចុះចោលប្តីខាន់ស្លា ប៉ុន្តែបើនាង ស្រុះស្រួលជាមួយកូនប្រុសគាត់ អត់ប្តឹងផ្តល់អ្វីទេ។
លោកយាយនាក់ ធី អាយុ៦៥ឆ្នាំ លោកតា អ៊ូច ហ៊ាន អាយុ៧០ឆ្នាំ ជាអ៊ំ បានឱ្យដឹងស្របគ្នាថា រឿងនេះមកពីនាងឃឹម សន នៅក្មេងពេក មិនទាន់ យល់បញ្ហាជីវិត ក៏ចង់បែកប្តីដើម្បីទៅរកស៊ី ចុះបើ កុំបែកគ្នា ហើយដឹកដៃគ្នាទៅរកស៊ីក្នុងហាងដដែល នោះជាមួយគ្នា ហេតុអ្វីធ្វើមិនកើត?
រីឯអ្នកភូមិមួយចំនួន បានប្រាប់អ្នកយកព័ត៌មានយើងថា លោកចន្ថា មានប្រពន្ធ២នាក់ សុទ្ធតែធុញទ្រាន់នឹងប្តី ម្នាក់សុំបែកម្នាក់សុំលា។ ករណីនេះ អាចថា មកពីបុរសនេះមិនចេះថ្នមប្រពន្ធតែម្តង បានជាអ៊ីចឹង ផ្ទុយទៅវិញ បើសិនជាប្រុសប៉ិនប្រសប់ នោះគ្មានស្រីណាដើរចោលបានទេ។
គួរបញ្ជាក់ថា យោងតាមមាត់ពាក្យអ្នកជិតខាងនេះ យើងយល់ស្របតាមទាំងស្រុង ព្រោះធ្លាប់ចុះ ផ្សាយជា ហូរហែពីលក្ខណៈបុរសខ្លះ ដែលគិតតែយកសុខស្រួល ខ្លួនឯង ទុកដៃគូស្នេហ៍ឱ្យនៅហេងហាងកណ្តាល កោះកាមទេព។ រឿងលើគ្រែ លុះត្រាតែ ភាគីប្តីស្គាល់ទុក្ខធុរៈប្រពន្ធ ចេះជួយនាងឱ្យដល់ត្រើយសុខ ត្រើយសួគ៍ដំណាលគ្នាទើបបាន ប៉ុន្តែ បើស្រូតឱ្យឆាប់ដល់តែអាត្មាឯងនោះ ច្បាស់ជា ប្រពន្ធធុញទ្រាន់ឱបបង្វេចរត់ចោលមិនខានឡើយ…”៕