នៅពេលខ្លួនកំពុងបើកប្រតិបត្តិការ នាំប្រពន្ធឡើងឋានសួគ៍ ស្រាប់តែម៉ែក្មេក ក្អកឃូស!ៗ ធ្វើឱ្យបុរសម្នាក់នេះ មួម៉ៅ ក្តៅក្រហាយ ចោទប្រកាន់ម៉ែក្មេកថា ចេះតែរំខានមិនឱ្យខ្លួនបានស្រណុកសុខស្រួល ហើយខឹងរាលដាលដល់ប្រពន្ធទៀត។ ករណីបែបនេះ មកពីម្តាយមានជំងឺ ឯផ្ទះ ក៏ចង្អៀតត្រូវដេកក្បែរគ្នា ទោះជាម៉ែមិនរំខាន ក៏ដូចរំខាន បើគ្មានដំណោះស្រាយឱ្យទាន់ពេលវេលា អាចធ្វើឱ្យមានជម្លោះធ្ងន់ទៅៗ…។
នាងយ៉េត រ៉ាន់ អាយុ២៩ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានឪពុកឈ្មោះយិន ម៉េត (ស្លាប់) ម្តាយ ឈ្មោះវ៉ាន់ ជា អាយុ៦៥ឆ្នាំ និងមានប្តីឈ្មោះថៃ ថា អាយុ៣៥ឆ្នាំ ដោយបង្កើតបានកូនប្រុសស្រី៥នាក់ ជាចំណងនិស្ស័យ។ ក្រោយពីរៀបការរួចមក នាង ទទួលបានសុភមង្គលតែប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ លុះ ចូលមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្តីបែកគំនិត សេពគប់មិត្តភក្តិខិលខូច ក៏ចេះស៊ីផឹកបាត់ៗពីផ្ទះ រាល់យប់។ លុះដល់កណ្តាលអធ្រាត្រ ទើបឃើញ គេមកដល់ ធុំក្លិនស្រាហួង រួចក៏ចាប់បង្ខំនាងរួមភេទ

បើនាងមិនព្រមឱ្យ គេជេរដៀលនាងថា មានសហាយ និងជេរនាងសុទ្ធតែមីសំផឹង។ ទោះជានាងបបួល លែងលះក៏ប្តីនេះមិនព្រមដែរ ដោយគេចង់ទុកនាង សន្សំកម្ម ថ្ងៃណាក៏ឈ្លោះទាស់ទែងគ្នាដែរ។ ទោះជានាងគ្រាំគ្រាវេទនាចិត្តយ៉ាងណា ក៏នៅមាន ធម៌កតញ្ញូចំពោះអ្នកមានគុណ បានយកម្តាយមកចិញ្ចឹមក្រោមដំបូលជាមួយ។ ម្តាយនាងមានជំងឺទាក់ទង នឹងផ្លូវដង្ហើម តែងក្អកជារឿយៗ ពិសេស នៅពេលយប់ ដែល ជួនកាល គាត់ក្អកនៅពេលប្តីកំពុងបើកប្រតិបត្តិការ ក្នុងមុងជាមួយនាង ស្រាប់តែឮឃូស!ៗ បណ្តាលឱ្យប្តីដាច់អារម្មណ៍ត្រេកត្រអាល ខឹងម៉ែក្មេក រាលដាលដល់នាងជាប្រពន្ធទៀត។

នាងយ៉េត រ៉ាន់ បន្តថា ប្តីនេះទុកនាងដូចស្រីខូចអ៊ីចឹង ពេលរួមភេទ ម្តងៗ គេចាប់ទាញដៃជើងទាញទៅលិចទៅកើតតាមទំនើងចិត្ត លុះនាងស្តីបន្ទោស គេអាងវ៉ៃតប់ប្រើកម្លាំងបាយ ហើយបង្ខំនាងទាំងកំរោល ឱ្យឆាប់ទៅដល់គោលដៅ។ ស្ទើរតែរៀងរាល់យប់ ដោយសារផ្ទះតូច ចង្អៀតដេកក្បែរៗគ្នា ទោះជាពន្លត់ភ្លើងងងឹតឈឹង ក៏ម្តាយនាងមិនដែល សម្រាន្តលក់ស្រួលទេ ព្រោះជំងឺសួតធ្វើទុក្ខ ទើបគាត់ឧស្សាហ៍ក្អកណាស់។ ពេលមួយ នៅពេលប្តីកំពុងទាញដៃទាញជើងនាងទាំងបង្ខំ ស្រាប់តែម៉ែក្អកឃូស!ៗ ខ្លាំងជាងមុន នាងក៏រុញប្តីចេញ រួចបើកភ្លើងស្ទុះទៅមើល គាត់ក្រែងមានអាការធ្ងន់ធ្ងរ ស្រាប់តែប្តីច្រឡោតតោតតូងចោទម៉ែក្មេកថា ក្អករំខានកូនប្រសាមិនឱ្យធ្វើអ្វីកើត។ គេខឹងដល់រូបនាងទៀត ដែលរត់ចោលការប្រកួត ស្ទុះទៅមើលម្តាយគេថា ម៉ែក្មេកនេះ ផ្តាច់ចំណីពី មាត់គេ មិនស្គាល់ទុក្ខធុរៈកូន។ ដោយខឹងពេក គេលើកខោមកស្លៀក គេចទៅដេកផ្ទះមិត្តភក្តិបាត់ទៅ ជួនកាលក៏ទៅផឹកដេកដួលនៅផ្ទះគេ ក្លាយជាទម្លាប់ទៅហើយ។

ដោយឡែក លោកថៃ ថា អាយុ៣៥ឆ្នាំ ជាប្តី បានឱ្យដឹងថា លោក មិនចេះតែចោទគេផ្តេសផ្តាសនោះទេ តែម៉ែក្មេកនេះ ពិតជាចង់រករឿង លោកមែន ព្រោះឱ្យតែលោក រៀបចំថ្វាយបង្គំព្រះជាមួយប្រពន្ធម្តងៗ គាត់ដឹងតែក្អកខុងៗ រំខានមិនឱ្យធ្វើស្អីកើត។ ឯប្រពន្ធនេះក៏មិនត្រេកអរ ជាមួយប្តីដែរ ឱ្យតែឮម៉ែក្អកបន្តិច ក៏ស្ទុះទៅមើល ផ្តាច់ម្ហូបឆ្ងាញ់ពីមាត់ ពីកប្តី ទម្រាំនាងមកវិញ លោកអស់អារម្មណ៍តណ្ហាទៅហើយ នៅសល់ តែការមួម៉ៅក្តៅក្រហាយប៉ុណ្ណោះ។ លោកមិនធុញទ្រាន់ជាមួយម្តាយក្មេកទេ ព្រោះបើធុញទ្រាន់ មិនមែនសុខចិត្តយកគាត់មកចិញ្ចឹមនោះឡើយ គ្រាន់តែចង់ឱ្យគាត់យល់ទុក្ខធុរៈកូនប្រសានេះផង។ រឿងដែលលោក ឈ្លោះជាមួយប្រពន្ធកន្លងមក ក៏ព្រោះតែនាងមានសតិអារម្មណ៍មិន ជ្រះស្រឡះជាមួយប្តីហ្នឹងឯង គឺពេលថ្ងៃ នាងបិទសិទ្ធិប្តីមិនចង់ឱ្យផឹក ស៊ីជួបជុំមិត្តភក្តិខ្លះៗទេ លុះពេលយប់អាងម៉ែជួយក្អក ក៏ផ្តាច់របប ពីមាត់ប្តី តើប្រុសឯណាមិនខឹង ?

ចំណែក លោកយាយវ៉ាន់ ជា អាយុ៦៥ឆ្នាំ ជាម្តាយ បានឱ្យដឹងថា គាត់មិនបានក្អករំខាន ឬមាន ចេតនាផ្តាច់ចំណង់តណ្ហាកូនប្រសានោះទេ តែគាត់ មានជំងឺប្រចាំកាយ ទាល់តែក្អកទើបធូរទ្រូង។ គាត់ ចាស់ហើយមិនចាប់អារម្មណ៍រឿងកូនប្រសា និង កូនស្រីធ្វើស្អីនោះទេ តែក៏ទទួលស្គាល់ថា បានឮសម្រឹប ក្រេសក្រូសៗដែរ ស្រាប់តែខ្យល់វាធាក់ចេញពីសួត ក្អកឃូស!ៗ ទប់មិនជាប់។ ពេលនោះ ស្រាប់តែបាត់ ក្រេសក្រូស ឮឯមាត់កូនប្រសាស្តីបន្ទោសម៉ែក្មេកថា ក្អករំខានគេទៅវិញ ធ្វើឱ្យគាត់តូចចិត្តណាស់ បើសិន ជាអាចរស់ដោយខ្លួនឯងបាន គាត់ដើរចេញពីបន្ទុក កូនប្រសានេះហើយ។

ស្ត្រីជាម្តាយបន្តថា បើកូនប្រសាយល់ថា ចិញ្ចឹម យាយចាស់ម្នាក់នេះពិបាក និងចេះតែក្អករំខានគេៗ អាចសង់ខ្ទមមួយឱ្យគាត់សម្រាន្តដាច់ដោយឡែក ចែកដំបូលគ្នាក៏បានដែរ។ គាត់មានជំងឺមិនអាចរកស៊ី អ្វីបានទេ បើកូននៅដឹងគុណ ហុចតែបាយ១ចានរាល់ ពេល គាត់ត្រេកអរណាស់ទៅហើយ ទម្រាំអស់វាសនា ពីលើលោកនេះ តែរឿងចោទគាត់ថា ក្អករំខានមិនឱ្យ គេធ្វើស្អីកើតនោះ គាត់មិនអាចទទួលយកបានទេ។

លោកជួន ជឹម អាយុ៥១ឆ្នាំ និងនាងជុច រៀម អាយុ ៣០ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា តាមពិត មកពីបុរសជាកូនប្រសានោះ មិនចង់ឱ្យម៉ែក្មេកនៅ ជាមួយ ក៏ចាំចាប់កំហុសគាត់ពេលគាត់ក្អក។ កូនប្រសានេះមិនសូវខ្វល់រកថ្នាំសង្កូវ ឬយកម៉ែក្មេក ទៅមន្ទីរពេទ្យទេ បែរជាចាំស្តីបន្ទោសម៉ែទាំងយប់ ទៅវិញ។ ចំណែក កូនស្រីបង្កើតមិនភ្លេចគុណម្តាយ បានត្រឹមហុចបាយសម្ល តែមិនអាចយកទៅព្យាបាល បាន។ បើសិនជាម្តាយក្មេកបានជាសះស្បើយ នឹងមិន ក្អករំខានទៀតទេ ហេតុនេះគួរតែកូនប្រសា និងកូន បង្កើតខំព្យាបាលម្តាយឱ្យជា ទើបទទួលបានសុភមង្គល។
គួរបញ្ជាក់ថា គូស្នេហ៍ក្នុងទីងងឹត ឬក្នុងខ្ទមស្លឹក ពេលកំពុងប្រតិបត្តិការ បើឮសូរអ្វីប្លែកដូចជាកណ្តុរ រត់ប៉ះឆ្នាំងចាន ឬឆ្មាលោតចាប់កណ្តុរ ទៅប៉ះអ្វីមួយ ឮសូររ៉ាវៗ ច្បាស់ជាដាច់អារម្មណ៍តណ្ហា កើតទោសៈ ពេញខ្លួនមិនខាន។ ជួនកាលបុរសខ្លះដេញវ៉ៃឆ្មាបាក់ ខ្នងក៏មាន ព្រោះតែឆ្មារំខាន ចុះទម្រាំម៉ែក្មេកក្អកមិន ឈប់ឈរពេលបើកការប្រយុទ្ធនោះ តើបុរសជា កូនប្រសាមួម៉ៅយ៉ាងណាទៅ? ប៉ុន្តែបើគេបើក ម៉ាញ៉េចាក់បទភ្លេងកំដរពេលកំពុងប្រយុទ្ធ បែរជា មានអារម្មណ៍សុខស្រួលទៅវិញ…”៕