Monday, December 23, 2024
Homeព័ត៌មានជាតិស៊ូធ្វើមុខក្រាស់ ឱ្យតែប្តីចាស់ចិញ្ចឹម

ស៊ូធ្វើមុខក្រាស់ ឱ្យតែប្តីចាស់ចិញ្ចឹម

ទោះបីជាយាយប្រពន្ធដើមមិនព្រម ចែកប្តីយ៉ាងណា ក៏ស្ត្រីវ័យ កណ្តាលម្នាក់នេះ សុខចិត្តធ្វើមុខក្រាស់ទៅសំពះអង្វរប្រពន្ធដើម សុំធ្វើ ប្រពន្ធចុងតា លៃយ៉ាងណាឱ្យតែបានតាជួយរកស៊ីចិញ្ចឹម។ ចំណែកតាធ្វើគ្រូស្តោះផ្លុំ យ៉ាប់ខ្លួនណាស់ ពេលប៉ះអំរែកពីរយ៉ាងនេះ ក៏គេចបាត់ៗ ពីផ្ទះ មិនសូវនៅជាប់លាប់ជាមួយប្រពន្ធណាទេ…។

អ្នកស្រីឡែម ញ៉ អាយុ៥៣ឆ្នាំ រស់នៅភូមិ ដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបរាប់ថា គាត់ជាកូនទី២ក្នុងចំណោមបងប្អូន៥នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះព្រាប នី អាយុ៧៦ឆ្នាំ។ កាលពីក្មេង ដោយសារតែស្រុកកើតសង្គ្រាម ទើបគាត់ រៀនសូត្របានតិចតួចណាស់ ត្រឹមចេះអក្សរខ្លះៗប៉ុណ្ណោះ ក៏ឈប់ទៅ និងនៅតែផ្ទះរហូតដល់ពេញក្រមុំ។ លុះឆ្លងផុតរបបប៉ុល ពត គាត់បានរៀបការតាមប្រពៃណីជាមួយ ប្តីឈ្មោះរិន និងបានចេញទៅរស់នៅខាងប្តី ដែលប្រកបរបរនេសាទត្រីសមុទ្រ។ រួមរស់បាន៧ឆ្នាំ បង្កើតបានកូនប្រុសម្នាក់ ក៏ជួបភាពរកាំរកូស លែងលះគ្នាទៅ និងធ្លាក់ខ្លួនជាស្រីមេម៉ាយជាច្រើនឆ្នាំ។ ពេលនោះដោយសារជីវភាព យ៉ាប់យ៉ឺនពេក គាត់បានចេញទៅធ្វើកម្មការិនីឡឥដ្ឋ នៅម្តុំពេជ្រនិល ក៏បានជួបបុរស ចំណាស់ម្នាក់ឈ្មោះខែម ខន សព្វថ្ងៃអាយុ៧៤ឆ្នាំ ដែលកាលនោះ តាខន ជាមេការឡឥដ្ឋ។

លោកតាខែម ខន និងអ្នកស្រីឡែម ញ៉

អ្នកស្រីឡែម ញ៉ បន្តថា តាខែម ខន មានស្រុកកំណើតនៅភូមិដំណាក់ចំបក់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រពន្ឌដើមឈ្មោះសែម និងមានកូន៤នាក់ ចៅរាប់ភ្លេច។ កាលជួបគ្នានោះក្នុងឆ្នាំ១៩៩៩ ខណៈដែលអ្នកស្រីមានវ័យ៣៥ឆ្នាំ ចំណែកតាខន មានអាយុ៥៦ឆ្នាំ។ ពេលនោះ តាខន ដែលបែកប្រពន្ធយូរ លុះបានឃើញគាត់ជាស្រីមេម៉ាយសាច់ខ្ចី ទើបលែងប្តីថ្មីៗ ក៏លួងលោមសុំស្នេហ៍ ហើយក៏ស្របពេលដែលអ្នកស្រីអផ្សុកដែរនោះ ក៏ត្រូវរ៉ូវគ្នាទៅ។ អ្នកស្រីយល់ព្រមធ្វើប្រពន្ធចុង ដោយដាក់លក្ខខណ្ឌថា លុះត្រាតែប្តីនេះហ៊ានស៊ីហ៊ានសង ទោះជា ប្រពន្ធដើមបង្ករឿងយ៉ាងណា ក៏មិនត្រូវបោះបង់ប្រពន្ធចុង ជាដាច់ខាត។ ដោយសារឡឥដ្ឋនៅមិនឆ្ងាយរោងលោកយាយ ម៉ៅ ពេជ្រនិល ទើបតាខន មិនហ៊ានក្បត់សម្តីរបស់ខ្លួន ក៏យកអ្នកស្រីជាប់រហូតមក ដោយព្យាយាមលាក់លៀមមិនឱ្យប្រពន្ធដើមដឹងទេ។

អ្នកស្រីឡែម ញ៉

អ្នកស្រីឡែម ញ៉ បន្តទៀតថា ដោយសារប្រពន្ធដើមមានជំងឺសួត មិនអាចបម្រើតណ្ហាប្តីបាន ទើបតាខន ទៅណាមិនឆ្ងាយពីប្រពន្ធចុង និងរួមរស់ជាមួយគ្នាបានជិតកន្លះឆ្នាំ ទើបបែកការដឹងដល់ប្រពន្ធដើម ដោយសារកូនដើមដែលមកធ្វើការឡឥដ្ឋ រាយការណ៍ទៅម្តាយគេ។ តាខន បានរៀបចំសែនព្រេនបំពេញភ្នែកញាតិ ១ព្រឹកដែរ និងយកគាត់ធ្វើប្រពន្ធមកដល់ពេលនេះ ដោយបង្កើត បានកូនស្រីម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលសព្វថ្ងៃ កូនស្រីធំពេញក្រមុំហើយ បានចេញទៅធ្វើការរោងចក្រឯភ្នំពេញ។ អ្នកស្រី ធ្លាប់ទៅសំពះសុំទោសយាយប្រពន្ធដើម ដល់ស្រុកកណ្តាលស្ទឹង ដល់ទៅ៤ដងឯណោះ សុំឱ្យយាយយល់ព្រមសន្តោស និងចែករំលែក ប្តីគ្នាទៅ ព្រោះជ្រុលមានកូនទៅហើយ តែយាយប្រពន្ធដើមនេះ ដូចកប៉ាល់ភ្លើង មិនព្រមចែកប្តីជាដាច់ខាត បានទាំងជេរប្រទេច អ្នកស្រីថា លួចប្តីគេទៀតផង។ ទោះយ៉ាងណាក៏អ្នកស្រីនៅតែធ្វើ មុខក្រាស់មិនតបត ព្រោះបើអត់ពីតាទៅ មិនដឹងបានអ្នកណារកស៊ី ចិញ្ចឹមទេ ព្រោះសព្វថ្ងៃ អ្នកស្រីមានសុខភាពមិនសូវល្អ។ ចំណែក តា សព្វថ្ងៃកាន់តែជរាណាស់ហើយ គ្មានមុខរបរអ្វីក្រៅពីធ្វើគ្រូស្តោះផ្លុំ ដើរព្យាបាលជំងឺ និងលក់ឱសថបុរាណ ចេញពីស្រុកមួយទៅស្រុក មួយ មិនសូវនៅផ្ទះទេ។

លោកអ៊ិន ឈី

ដោយឡែក លោកយាយព្រាប នី អាយុ៧៦ឆ្នាំ ជាម្តាយបានឱ្យដឹងថា កន្លងមក គាត់មិនសូវពេញ ចិត្តនឹងកូនប្រសាវ័យជ្រេ ដែលមានអាយុស្របាល ម៉ែក្មេកនោះទេ។ តានោះ មានប្រពន្ធដើមនៅរស់ជ្រងោ គ្រាន់តែប្រពន្ធនោះឈឺ គួរតែខំព្យាបាលប្រពន្ធទៅដឹងអី! តាខន បែរជាលង់ស្នេហ៍កូនស្រីគាត់ ដោយលួចទាក់ទងគ្នា តាំងពីឆ្នាំ១៩៩៩ ម៉្លេះ បើគិត មកដល់សព្វថ្ងៃរយៈពេល១៨ឆ្នាំគត់ ហើយពួកគេ បង្កើតបានកូនស្រីម្នាក់ពេញក្រមុំទៅហើយ។ គាត់ ប្រាប់កូនស្រីឱ្យលែងប្តីចាស់នោះដែរ តែកូនមិនព្រមលែង សុខចិត្តធ្វើមុខឆ្កែស្រែជម្រៅទៅសំពះអង្វរប្រពន្ធ ដើមសុំធ្វើប្រពន្ធចុង តែយាយដើមនោះកាចឆ្នាស ណាស់បានត្រឹមជេរប្រទេច មិនព្រមចែកប្តីគ្នាទេ។

លោកអ៊ិន ឈី អាយុ៥៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា បើតាមគាត់ឃ្លាំមើលទៅ រវាងតាខន និងអ្នកស្រី ញ៉ ដែលយកគ្នា១៨ឆ្នាំមកនេះ គ្មានពេលបែកគ្នាទេ គ្រាន់តែមិនសូវបានរស់នៅជាប់លាប់ជាមួយគ្នាតែប៉ុណ្ណោះ។ ដោយសារតាខន មានអំរែក២ មិន អាចបោះបង់ប្រពន្ធដើម ក៏ចល័តទៅមកៗ។ តាខន មានជំនាញខាងធ្វើឥដ្ឋ កាលគាត់នៅក្មេង លុះចាស់ទៅ ក៏ចាប់ជំនាញមួយទៀត គឺធ្វើគ្រូអាគមស្តោះផ្លុំ រក ចំណូលបានខ្ពស់ជាងធ្វើឥដ្ឋផង អាចមានលទ្ធភាព ចិញ្ចឹមប្រពន្ធពីរនាក់បានយ៉ាងស្រួល។

លោកយាយព្រាប នី

អ្នកយកព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីលោកតាខែម ខន បានឡើយ ដោយគ្មានលេខទូរស័ព្ទ ចំណែកនាងក្រមុំជាតំណក់ឈាមរវាងប្តីចាស់ និង ប្រពន្ធវ័យកណ្តាលនេះ ក៏មិនអាចទាក់ទងបានដែរ។

គួរបញ្ជាក់ថា បើសិនជាគ្មានកូនជាប់និស្ស័យគ្នា ម៉្លេះសមប្តីចាស់នោះ មិនយកប្រពន្ធចុងបានយូរ យ៉ាងនេះទេ ប៉ុន្តែកូនជាស្ពានចម្លង និងភ្ជាប់និស្ស័យ មិនឱ្យឪពុកម្តាយបែកបាក់គ្នា។ ទោះយ៉ាងណា បើ អ្វីៗហួសអស់ទៅហើយនោះ គួរតែយាយប្រពន្ធដើម ដាក់ចិត្តមេត្តាករុណាល្អជាង ព្រោះវ័យជាង៧០ឆ្នាំ ទៅហើយ មិនដឹងជាខំឈ្លោះគ្នាពីរឿងលោកិយដល់ណាទៀតទេ។ គួរតែយកផ្លូវធម៌មកដាក់មុខវិញ ជាជាងឈ្លោះប្រកែកដៀមដាមគ្នា ដែលនាំឱ្យមានអារម្មណ៍មិនល្អ ខណៈដែលខ្លួនមានវ័យជរា…”៕

RELATED ARTICLES