Friday, April 26, 2024
Homeព័ត៌មានជាតិសង្គម​សីុវិល​ប្រជំុ​តុ​មូល តស៊ូ​មតិ គ.​ជ.​ប លុប​បម្រាម​ថត​រូប​បោះ​ឆ្នោត

សង្គម​សីុវិល​ប្រជំុ​តុ​មូល តស៊ូ​មតិ គ.​ជ.​ប លុប​បម្រាម​ថត​រូប​បោះ​ឆ្នោត

ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល បាន ធ្វើការស្នើទៅគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) លុបចោលបម្រាមថត រូប និងថតវីដេអូនៅក្នុងការិយាល័យចុះឈ្មោះ បោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដោយបានបញ្ជាក់ថា បម្រាមនេះ មិនចាំបាច់ លើកលែងតែការគូសន្លឹក ឆ្នោតនៅក្នុងបន្ទប់សម្ងាត់។

នៅសណ្ឋាគារសាន់វេ កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត ដែលមានអង្គ ការសង្គមស៊ីវិល ជាច្រើនជាសមាជិក រួមមានអង្គការខុមហ្វ្រែល (Camfrel អង្គការ និកហ្វិក (NIFEC) និង អង្គការតម្លាភាពកម្ពុជា ជាដើម បានបើកកិច្ច ប្រជុំតុមូលពិនិត្យទៅលើសេចក្តីព្រាងក្រមសីលធម៌ ដែលគណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានធ្វើសម្រាប់តួអង្គ ពាក់ព័ន្ធសំខាន់ៗ។ ក្នុងនោះមានក្រមសីល ធម៌ សម្រាប់មន្ត្រីយោធា ក្រមសីលធម៌អ្នកសារ- ព័ត៌មានក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ បោះឆ្នោត និងក្រមសីលធម៌ សម្រាប់ គ.ជ.ប។

ទាក់ទងដល់ក្រុមសីលធម៌ទាំងនោះ សមា- ជិកក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក្រៅ ពីលើកឡើងពីការព្រួយបារម្ភ លើចំណុចមួយ ចំនួន រួមមានការដាក់បញ្ចូលទោសពិន័យ បទប្បញ្ញត្តិជាដើម ក្រុមសង្គមស៊ីវិលទាំងនោះ ក៏ បានផ្តោតសំខាន់លើការស្នើឱ្យ គ.ជ.ប លុបចោល បម្រាមថតរូបនៅក្នុងការិយាល័យបោះឆ្នោត។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដែលជាសមាជិកសម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត បានសរសេរនៅក្នុងហ្វេសប៊ុក របស់លោក ទាក់ទងនឹងបញ្ហានោះថា “កំពុង តស៊ូមតិនៅក្នុងកិច្ចប្រជុំតុមូល ដើម្បីឱ្យ គ.ជ.ប លុបចោលបម្រាមថតរូប ថតវីដេអូ នៅក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យ បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ យោងតាមគោលការណ៍សាកល ការបោះឆ្នោត ត្រូវមានតម្លាភាពគ្រប់ដំណាក់កាល និងគ្រប់ សកម្មភាព លើកលែងតែការគូសសន្លឹកឆ្នោត នៅក្នុងបន្ទប់សម្ងាត់។ ដូច្នេះដើម្បីលើកកម្ពស់ តម្លាភាព និងបង្កើនជំនឿទុកចិត្តពីគណបក្ស នយោបាយ អ្នកបោះឆ្លោត មហាជនទូទៅ និង ស្ថាប័នពាក់ព័ន្ធទាំងអស់ (ទាំងជាតិ និងអន្តរ- ជាតិ) គ.ជ.ប គួរលុបចោលបម្រាមនេះ។ ខ្ញុំ យល់ថា ការហាមថតរូបនៅកន្លែងគូសសន្លឹក ឆ្នោត ពេលដែលកំពុងបោះឆ្នោត ជាការសម- ស្រប ហើយខ្ញុំគាំទ្រ។ ប៉ុន្តែអ្នកសង្កេតការណ៍ គួរត្រូវបានអនុញ្ញាតឱ្យថតរូបនៅក្នុងដំណាក់- កាលផ្សេងៗទៀត ជាពិសេសនៅពេលរាប់សន្លឹក ឆ្នោត។ សូមបញ្ជាក់ថា នៅប្រទេសខ្លះ ដែល ខ្ញូំធ្លាប់បានទៅសង្កេតការណ៍បោះឆ្នោត គេមិន ត្រឹមតែអនុញ្ញាត ឱ្យអ្នកសង្កេតការណ៍ថតរូប ឬថតវីដេអូទេ សូម្បីតែអ្នកបោះឆ្នោត ក៏គេ អនុញ្ញាតឱ្យមកឈរមើលតាមបង្អួច និងថត រូប ឬថតវីដេអូបានដែរ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកព្រាប កុល ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះដែរថា នៅក្នុង កិច្ចប្រជុំពិភាក្សាតុមូលនោះ លោកបានចាប់អារម្មណ៍ជាងគេទាក់ទងទៅនឹងបម្រាមដោយ លោកស្នើសុំឱ្យលុបចោល២ចំណុច គឺទី១-ហាម អ្នកសង្កេតមិនឱ្យចូលរួមក្នុងក្បួនហែរបស់គណបក្សនយោបាយ និងចំណុចទី២-ហាមថតរូប នៅការិយាល័យបោះឆ្នោត។

លោកព្រាប កុល មានប្រសាសន៍ថា “ចំណុច ទី១-ការលើកការហាមអ្នកសង្កេតការណ៍ មិន ឱ្យចូលរួមហែបក្សនេះ គឺវាអាចនឹងរឹតត្បិតការ បំពេញបេសកកម្ម របស់អ្នកសង្កេតការណ៍។ យើងត្រូវតែឃ្លាំមើលការហែក្បួនរបស់គណបក្សនយោបាយ ដើម្បីយើងដឹងថា វាប្រព្រឹត្ត ទៅយ៉ាងម៉េច? មានអំពើហិង្សាឬអត់? គឺវា មានភាពមិនប្រក្រតីឬអត់? តើវាមានសកម្ម- ភាពអី ដែលកើតឡើងនៅក្នុងពេលហែក្បួន? បើសិនជាអត់ឱ្យយើងចូលរួមក្នុងក្បួនហ្នឹង យើង សង្កេតការណ៍អត់កើតទេ។ អ៊ីចឹងការចូលរួម ហ្នឹង ចង់មិនចង់ សង្កេតការណ៍យើងត្រូវតែ ទៅក្នុងក្បួនហ្នឹងដែរ ព្រោះអត់មានផ្លូវពិសេស អីសម្រាប់អ្នកសង្កេតការណ៍ដោយឡែក ឬក៏ ជិះយន្តហោះមើលអ្នកឃោសនាទេ យើងលើក ឡើងចំណុចហ្នឹង១។ ចំណុចទី២-ក្នុងសេចក្តី- ព្រាងហ្នឹង គឺ គ.ជ.ប ហាមមិនឱ្យមានការថត រូប ឬក៏ថតវីដេអូ នៅក្នុងការិយាល័យចុះ ឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និង កន្លែងរាប់សន្លឹកឆ្នោត។ អ៊ីចឹងការហាមនេះ យើងយល់ថា វាមិនសមស្របទេ យើងឯកភាពគ្នាថា បើហាមមិនឱ្យមានការថតរូប ឬក៏ ថតវីដេអូ នៅក្នុងបរិវេណបន្ទប់គូសសន្លឹកឆ្នោត នៅក្នុងពេលដែលប្រជាពលរដ្ឋ គាត់កំពុងតែ គូសសន្លឹកឆ្នោត អាហ្នឹងសមស្រប ព្រោះយើង ត្រូវរក្សាការសម្ងាត់ យើងមិនឱ្យមានការថត ជាប់គាត់ទេ តែក្រៅពីហ្នឹង ក្នុងដំណើរការ ប្រជាធិបតេយ្យ គឺការបោះឆ្នោតហ្នឹង មិនមាន អ្វីជាអាថ៌កំបាំងលាក់លៀមទេ។ ដូច្នេះ យើង ឱ្យមានតម្លាភាពយើងចង់មានការជឿទុកចិត្ត ពីគណបក្សនយោបាយ ដែលចូលរួមពីប្រជាពលរដ្ឋអ្នកបោះឆ្នោត ពីមហាជន គឺអ្នកសង្កេត- ការណ៍ជាតិអន្តរជាតិ និងមជ្ឈដ្ឋានទូទៅ ឱ្យមាន ការជឿទុកចិត្ត។ ដូច្នេះយើងសុំឱ្យលុបចេញ បម្រាមការថតរូបហ្នឹង ព្រោះការថតរូបវាអាច មានព័ត៌មាន មានភ័ស្តុតាង ហើយកាត់បន្ថយ ការមន្ទិលសង្ស័យ ឬក៏ទំនាស់ដែលមានកន្លង មក នៅក្នុងការិយាល័យបោះឆ្នោត ជាពិសេស ការរាប់សន្លឹកឆ្នោត”។

លោកព្រាប កុល ក៏បានបញ្ជាក់ដែរថា បើគ្មានការឆ្លើយតបជាវិជ្ជមានពីស្ថាប័ន គ.ជ.ប លើបញ្ហានេះទេ ក្រុមអង្គការសង្គមស៊ីវិល នឹង ធ្វើការតស៊ូមតិជាសាធារណៈទៅមុខទៀត ដើម្បី ឱ្យ គ.ជ.ប ពន្យល់ហេតុផលដែលមិនឱ្យមាន ការថតរូបនៅការិយាល័យបោះឆ្នោតនោះ។

លោកព្រាប កុល មានប្រសាសន៍ថា “ការលុបចោលបម្រាមនេះ មានសារប្រយោជន៍ច្រើន ណាស់ ទី១-ឱ្យមានការជឿទុកចិត្តពីគណបក្ស នយោបាយដែលចូលរួមប្រកួតប្រជែង ទី២-ពី ប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត ទី៣-មហាជនទូទៅ ទី៤-អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មជ្ឈដ្ឋាននៅក្នុងបណ្តាប្រទេសហ្នឹងគេអាចជឿ ទុកចិត្ត។ ការបោះឆ្នោត បើគ្មានការជឿទុកចិត្ត វាធ្វើឱ្យបាត់នូវនីត្យានុកូលភាព ភាពស្របច្បាប់ នៃការបោះឆ្នោត ហើយយើងចង់ឱ្យមានតម្លាភាព ដើម្បីឱ្យកាត់បន្ថយនូវការចោទគ្នា ឬមន្ទិល សង្ស័យនាំឱ្យមានទំនាស់នយោបាយ។ អ៊ីចឹង យើងសំណូមពរជាបឋម គឺទៅ គ.ជ.ប ឱ្យលោក ដកនូវសេចក្តីហាមឃាត់ ឬក៏បម្រាមហ្នឹងចេញ ពីក្រមសីលធម៌ ហ្នឹង”។

ជាមួយនោះដែរ ប្រធានអង្គការខុមហ្វ្រែល លោកគល់ បញ្ញា បានមានប្រសាសន៍ថា សម្ព័ន្ធ កំណែទម្រង់ការបោះឆ្នោត បានដាក់យោបល់ ទៅស្ថាប័ន គ.ជ.ប ម្តងហើយ តែមិនទាន់មាន ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ទើបសម្ព័ន្ធ កំណែទម្រង់ការបោះឆ្នោតរៀបចំដាក់ម្តងទៀត ដោយមានភ្ជាប់ឯកសារលិខិតស្នាមត្រឹមត្រូវ និងសំណើផ្សេងៗ ជាពិសេសជុំវិញបម្រាមមិន ឱ្យថតរូបនៅការិយាល័យចុះឈ្មោះបោះឆ្នោត នោះ។

លោកគល់ បញ្ញា បញ្ជាក់ថា “ដំណើរការ បោះឆ្នោតគេប្រយ័ត្នប្រយែងតែពេលបោះឆ្នោត ទេ ពេលបោះឆ្នោតហ្នឹង គឺពេលប្រជាពលរដ្ឋ គេទៅបោះនៅក្នុងការិយាល័យហ្នឹង គេមាន បន្ទប់សម្ងាត់គេ។ អ៊ីចឹង ដំណាក់កាលដល់រាប់ សន្លឹកឆ្នោត គួរតែបើកទូលាយឱ្យប្រជាពលរដ្ឋ អាចចូលរួមសង្កេត ហើយថតរូបថតអី នៅពេល ប្រកាសលទ្ធផលហ្នឹង។ ហើយវាជួយកាត់បន្ថយ ទំនាស់ដែរ កន្លងមក ២០១៣ យើងឈ្លោះគ្នា រឿងលទ្ធផលបោះឆ្នោតដែរ ហើយបើមាន ភ័ស្តុតាងមានអី ទៅថតថាលទ្ធផលនៅការិយា- ល័យនេះ វាអ៊ីចេះ ម៉េចក៏នាំគ្នាឈ្លោះថា អ៊ីចុះ វិញ អ៊ីចឹងទៅប្រជាពលរដ្ឋខ្លះ គេមានភ័ស្តុតាង គេថតដាក់ក្នុងបណ្តាញសង្គមអីទៅ គេដឹងថា ការិយាល័យនេះ នៅកន្លែងនេះ វាអ៊ីចេះតើ! ហើយម៉េចក៏នៅគណបក្សនេះនាំគ្នា ឈ្លោះថា លទ្ធផលនៅនេះអ៊ីចេះ នៅនោះអ៊ីចុះ? អាហ្នឹង វាជួយទប់អ្នកដែលចង់បន្លំអី ត្រូវរាប់អី តម្លា- ភាពហ្នឹង វាជួយទប់ទាំងអស់ហ្នឹងដែរ កុំឱ្យមាន បញ្ហាបន្លិចបន្លំអី ឬបើមានចេតនា បន្លំអីវាជួយ ដែរ។ អ៊ីចឹងរាប់សន្លឹកឆ្នោតហ្នឹង គួរតែបើក ទូលំទូលាយឱ្យមានការថតរូបពីអ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ ហើយបើកបង្អួច បើកទ្វារ ឱ្យប្រជាពលរដ្ឋបានមើលការរាប់ហ្នឹងដែរទៅ។ ហើយពេលចុះឈ្មោះអីក៏អ៊ីចឹងដែរ មិនបញ្ហា អីធ្ងន់ធ្ងរទេ បើសិនជាយើងបើកឱ្យមានការ សង្កេតការណ៍ឱ្យបានពេញ ហើយអាចទៅថត រូបអីខ្លះនៅក្នុងដំណើរការហ្នឹង។ គ្រាន់តែពេល យើងថត យើងចុះឈ្មោះអី យើងប្រយ័ត្នប្រយែង បន្តិចទៅ កុំឱ្យប៉ះពាល់រឿងឯកជន។ ប៉ុន្តែដំណើរ ការអីតិចតួច យើងថតទៅ មានស្អី នេះយោបល់ យើង ហើយ គ.ជ.ប ហាក់ដូចជាទទួលយក សំណើហ្នឹង”។

ជាការឆ្លើយតប អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ “នគរធំ” ថា ការ ដែល គ.ជ.ប ដាក់បម្រាមមិនឱ្យមានការថតរូប នៅការិយាល័យបោះឆ្នោត ជាការបង្ហាញនូវ ការប្រុងប្រយ័ត្នទាំងអស់គ្នា។ ប៉ុន្តែ គ.ជ.ប ស្វាគមន៍រាល់ការផ្តល់យោបល់ ពីអង្គការសង្គមស៊ីវិល ឱ្យតែយោបល់នោះផ្តើមចេញពីសមានចិត្តចង់កែសម្រួល ឱ្យការបោះឆ្នោតមានភាព ល្អប្រសើរដោយពិតប្រាកដ។

លោកហង្ស ពុទ្ធា មានប្រសាសន៍ថា “បាទ! អ្វីដែលជាក្រមសីលធម៌ ដាក់ជូនស្ថាប័នពិនិត្យ ពិចារណានោះ នឹងប្រមូលមកវិញនូវអនុសាសន៍ ទាំងឡាយ ហើយអនុសាសន៍ទាំងឡាយនេះ មិនមែនខ្ញុំម្នាក់ឯង សម្រេចថាយ៉ាងណានោះ ទេ។ អ៊ីចឹងអនុសាសន៍នេះនឹងដាក់ជូនអង្គប្រជុំ គណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្វើការ ពិនិត្យ និងឆ្លើយតបជាក្រោយ។ ប៉ុន្តែគោលការណ៍សំខាន់៣ ដែល គ.ជ.ប ប្រកាន់យក ទី១-តើអនុសាសន៍ស្របនឹងច្បាប់ដែរឬអត់? ទី២-អនុសាសន៍នោះ ពេលដាក់ទៅ ចែងទៅ ប្រាកដជាអនុវត្តបានដែរឬអត់? បើសិនជា ដាក់ហើយ ចែងហើយ អនុវត្តមិនបាននោះ ជា បញ្ហាមួយទៀត។ ហើយបញ្ហាតើការចែងទាំងនោះ មានប្រយោជន៍ដល់ការបោះឆ្នោតច្រើន ជាង ឬក៏ធ្វើឱ្យរំខាន ឬក៏ប៉ះពាល់ដល់ការបោះឆ្នោតនោះ? អ៊ីចឹង គ.ជ.ប នឹងទុកពេលវេលា នេះ ដើម្បីពិចារណា ហើយនឹងឆ្លើយតបនៅ ពេលក្រោយ”។

លោកហង្ស ពុទ្ធា មានប្រសាសន៍បន្តថា “ជាការពិត ជាសេចក្តីប្រុងប្រយ័ត្នមួយ ដែល យើងគួរគិតទាំងអស់គ្នា បើសិនជាអ្នកថតរូប ទាំងឡាយមានបំណងល្អ សម្រាប់ចូលរួមការ បោះឆ្នោតឱ្យល្អប្រសើរ នោះវាជារឿងមួយ។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកខ្លះយករូបថត ហ្នឹងទៅកែច្នៃបង្កើតបញ្ហា ធ្វើឱ្យមានភាពវឹកវរ ចលាចលនៅក្នុងការបោះឆ្នោតនោះ គឺជាលទ្ធ- ផលអាក្រក់ ដែលនឹងអាចកើតមានដែរ។ អ៊ីចឹង គ.ជ.ប សំខាន់គឺរក្សាសិទ្ធិក្នុងតួនាទីរបស់ខ្លួន រៀបចំការបោះឆ្នោតមួយឱ្យលទ្ធផលអាចទទួល យកបានដោយគណបក្សនយោបាយដែលប្រកួត- ប្រជែង និងភាគីពាក់ព័ន្ធទាំងអស់។ ពាក្យថា តម្លាភាព គឺជាពាក្យមួយខ្លីបំផុត ប៉ុន្តែប្រសិន ជាធ្វើទៅហើយបានលទ្ធផលផ្ទុយមកវិញ អាហ្នឹង ក៏យើងត្រូវគិតដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះមិនមែនជាការសម្រេចទេ គ្រាន់តែជាការ បញ្ចោញទស្សនៈខ្លះៗ ដែល គ.ជ.ប សម្រេច នឹងពិនិត្យនៅពេលក្រោយ។ គ.ជ.ប ស្វាគមន៍ ចំពោះអនុសាសន៍ទាំងឡាយ ផ្ទុយទៅវិញ គ.ជ.ប ប្រហែលជាពិបាកទទួលយក បើសិនជាមាន ការសម្លឹងមកដោយទឹកចិត្តមិនស្រឡាញ់នោះ ក៏អាចជាបញ្ហា ដែល គ.ជ.ប ត្រូវមានការ ប្រុងប្រយ័ត្នដែរ ដោយបច្ចុប្បន្ននេះ ព័ត៌មាន មួយចំនួនត្រូវគេបំភ្លៃ។ អ៊ីចឹងហើយជាការ ប្រុងប្រយ័ត្នទាំងអស់គ្នា ហើយត្រូវការកែ- សម្រួលទាំងអស់គ្នា ហើយត្រូវការឆន្ទៈរួមគ្នា ដោយធ្វើកំណែទម្រង់បោះឆ្នោតឱ្យអាចទទួល យកបានទាំងអស់គ្នា ហើយកំណែទម្រង់ដោយ សេចក្តីស្រឡាញ់ មិនមែនកំណែទម្រង់ដោយ សេចក្តីសម្អប់នោះទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES