តារាសម្តែង តារាចម្រៀង ទូច ស្រីលក្ខណ៍ ចេញពីកម្មវីធីខួបកំណើតខ្លួនឯងវិញ បើករថយន្តទៅបុកម៉ូតូមួយគ្រឿងពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីម៉ូតូ រងរបួសរលាត់ដៃជើង ចំណែកម៉ូតូអូសជាប់ក្រោមរថយន្តជិតកន្លះគីឡូម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅទុលមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្លូវវ៉េងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកBMW X5 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3288 បើកបរដោយស្រ្តីម្នាក់ដែលគេស្គាល់ថាឈ្មោះ ទូច ស្រីលក្ខណ៍ ជាតារាសម្តែង តារាបង្ហាញម៉ូដ និងតារាចម្រៀង បានធ្វើដំណើរតាមផ្លូវ ២១៧ ហៅផ្លូវចំការដូង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបួងចង្កូត បត់ឆ្វេងឡើងទៅផ្លូវវ៉េងស្រេង ក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកនិងម៉ូតូដែលជិះដោយបុរសម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូខ្ទាតចេញពីរថយន្ត រងរបួសរលាត់ដៃរលាត់ជើងតិចតួច ។
ដោយឡែករថយន្តបង្កវិញមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ គឺបានបើករត់ចេញពីកន្លែងកើតហេតុ អូសម៉ូតូចូលក្រោមរថយន្ត ជិតកន្លះគីឡូម៉ែត្រ ទើបប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដេញឃាត់ទាំងរថយន្ត និងអ្នកបើកបាន ។
ប្រជាពលរដ្ឋដែលដេញតាមរថយន្តបានអោយដឹងថា នៅពេលដែលឃាត់រថយន្តបានហើយ ពួកគាត់មានកំហឹងយ៉ាងខ្លាំង បម្រុងនឹងវាយអ្នកបើកបរដែលបើកបុកគេបើករត់បែបនេះណាស់ សំណាងល្អពេលដែលឃាត់រថយន្តបង្កបាន បែរជាអ្នកបើកបរជាស្រ្តី ហើយជាតារាសម្តែងទៀត ទើបពួកគាត់ទប់អារម្មណ៍បានវិញ ដោយសារតែស្រ្តីជាតារាសម្តែង រូបនោះបានចេញពីរថយន្តមកសំពះសុំទោស និងប្រាប់ថា គាត់មិនមានចេតនាបើករថយន្ត បុកគេហើយរត់ទេ ដោយសារតែគាត់ស្លន់ ទម្រាំតែរថយន្តអស់ល្បឿនទើបឈប់បែបនេះ ។
ដោយឡែកក្រោយពេលកើតហេតុអ្នកនាង ទូច ស្រីលក្ខណ៍ បានចុះពីលើរថយន្តហើយបានលើដៃសំពះ ព្រមទាំងបាននិយាយថា មុនពេលកើតហេតុរូបនាងចេញពីកម្មវិធីខួបកំណើតខ្លួនឯង គោលបំណងបើករថយន្តត្រលប់ទៅផ្ទះវិញ ក៏បានជួបគ្រោះថ្នាក់បែបនេះទៅ ។ អ្នកនាងបានបន្តទៀតថា រូបនាងមិនមានបំណងបើករថយន្តរត់គេចខ្លួនដូចពាក្យដែលបងប្អូនចោទប្រកាន់នោះទេ តែដោយសារតែរូបគាត់ស្លន់ពេកទើបជាន់ហ្រ្វាំងមិនទាន់ហើយបើករថយន្តអូសម៉ូតូជាប់ក្រោមរថយន្តបែបនេះ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ អ្នកនាង ទូច ស្រីលក្ខណ៍ ពេលដែលឮថា ប្រជាពលរដ្ឋប៉ុនប៉ងប្រើអំពើហិង្សាលើរូបគាត់ តារាសម្រៀងរូបនោះក៏បានសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងមានរឿងអ្វីកើតឡើង មិនបានសួរនាំអោយបានច្បាស់លាស់នោះទេ ងាកឡើងអាងវ៉ៃ អាងទាត់ នេះជាទម្លាប់មិនល្អនោះទេ ។
ក្រោយពេលកើតហេតុ ឃើញមានតំណាងបងប្អូននិងតារារួមអាជីពមួយចំនួនទៀត បានមកចូលរួមសម្របសម្រួល ដោយភាគីរថយន្តយល់ព្រមចេញថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូ អោយទៅខាងរងគ្រោះវិញ ដើម្បីបញ្ចប់រឿង ៕