បុរសម្នាក់នេះ ត្រូវបានអ្នកភូមិថា ជាកំពូល បុរសប្រចណ្ឌគ្មានពីរប្រចាំភូមិ ដោយតាមដានប្រពន្ធ ដូចស្រមោលអន្ទោលតាមប្រាណ សូម្បីតែនាងចូលបង្គន់ ក៏ប្តីតាមឃ្លាំមើលដែរ ក្រែងនាងលួចជួបសហាយ។ កាលពីពេលថ្មីៗនេះ ហេតុតែចង់សប្បាយនឹងគេ ប្រពន្ធបានចេញទៅរាំធុងបាស់ជាមួយបងប្អូន ឯទៀត ស្រាប់តែប្តីប្រចណ្ឌថា នាងទៅជួបប្រុស ក៏ផ្ទុះកំហឹង ចាក់ ស្រូវចោលហ្មត់…។
នាងសាវុធ សេត អាយុ៣០ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះ សៅ សាវុធ (ស្លាប់) ម្តាយឈ្មោះជុន សឿន អាយុ៥១ឆ្នាំ និងមានប្តីឈ្មោះកេត ភឿ អាយុបងនាង១ឆ្នាំ ដោយបង្កើតបាន កូនប្រុស១ ស្រី២នាក់។ ប្តីនាងជាមនុស្សកំរោលបួនជ្រុង នាងធ្វើអ្វីទាស់ចិត្តបន្តិច មិនបានទេ ដឹងតែពីវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះខ្ទេចខ្ទី ដែលក្នុងភូមិនេះ នរណាក៏គេ សរសើរប្តីពីរឿងកោងកាចនេះដែរ។ សូម្បីម៉ែ ក្មេកក៏ ប្តីនេះហ៊ានជេរបញ្ចោរមិនបណ្តាក់មាត់ ឯអ្នកជិតខាង ក៏គ្មានអ្នករាប់រកដែរ ជាពិសេសបុរស មិនហ៊ានមកជិតផ្ទះនាងទេ ព្រោះដឹងថា ប្តីនេះប្រចណ្ឌ ខ្លាំងហួសហេតុពេក។ កាលទើបបានកូនដំបូង ប្តី មិនដែលវាយដំនាងទេ ឥឡូវគាត់ពង្រីកការប្រើអំពើ ហិង្សាមកលើនាងជារឿយៗ ជួនក៏ប្រើដៃជើងទះតប់ទាត់ធាក់ ជួនក៏ ប្រើដំបងគំរាមវាយបំបែកក្បាល សិទ្ធិអំណាចគ្រប់យ៉ាងត្រូវប្តីដណ្តើម យកទៅកាន់កាប់ទាំងអស់ ដោយគាបសង្កត់នាងមិនឱ្យងើបរួច។
នាងសាវុធ សេត បន្តថា ចាប់តាំងពីបានគ្នាមក នាងបានទទួល សុភមង្គលតិចតួចបំផុត តែទទួលការឈឺចាប់អពមង្គលច្រើនជាង ព្រោះតែប្តីញាំញីបំបិទសិទ្ធិគ្រប់បែបយ៉ាង។ ពេលផឹកស្រវឹងម្តងៗ រហូតដល់កណ្តាលអធ្រាត្រ ទើបប្តីចូលមកដល់ផ្ទះ រួចបង្ករឿងជាមួយ នាង ជាពិសេស បង្ខិតបង្ខំរួមភេទទាំងកំរោល ចាត់ទុកនាងដូចមិនមែន ប្រពន្ធអ៊ីចឹង។ បើនិយាយពីរឿងប្រចណ្ឌវិញ មិនថាបងប្អូនប្រុស ឬបុរសក្នុងភូមិនោះទេ សូម្បីតែ អ្នកនៅក្បែរខាងឃើញមុខគ្នាព្រឹកល្ងាច ក៏ប្តីនេះប្រចណ្ឌដែរ។ ការប្រចណ្ឌមិនរើសមុខបែបនេះ បានត្រឹមគេស្អប់ប៉ុណ្ណោះ។
នាងសាវុធ សេត បន្ថែមទៀតថា “សូម្បីទៅជុះអាចម៍ក៏ទៅតាមដែរ ដូចជាហួសហេតុពេក ហើយ!” ប៉ុន្មានថ្ងៃមុន ផ្ទុះជម្លោះរឿងនាងទៅរាំធុងបាស់កម្សាន្តចិត្តជាមួយបងប្អូន កុំឱ្យតុកស៊ិកពេក ឯប្តីនេះឃើញគេសប្បាយអបអរបុណ្យចូលឆ្នាំ មិនរវល់ទៅរួមសប្បាយនឹងគេទេ បែរជា យកភាពក្រេវក្រោធមកដាក់មុខ ចាក់ស្រូវដែលហាលថ្ងៃបម្រុងយកទៅកិនស៊ីចោលហ្មត់។ បន្ទាប់ពីចាក់ស្រូវចោល គេទាញញញួរវាយជើងតាង ដែលនាងទិញមកបម្រុងលើកកល់សសរ ផ្ទះឱ្យខ្ពស់បន្តិច ខ្ទេចខ្ទីអស់ជាច្រើនដុំ ធ្វើឱ្យអ្នកជិតខាងហួសចិត្តគ្រប់គ្នា។ សព្វថ្ងៃនាងកំពុង ពិចារណា បើត្រូវលែងគ្នាក៏លែងដែរ ព្រោះតស៊ូទៅមុខទៀតមិនដឹងជាស្លាប់ថ្ងៃណា បើប្តីនេះ មិនចោលចរិតឆេវឆាវអាងកាំបិតពូថៅ ញញួរយ៉ាងនេះ។
ដោយឡែក លោកកេត ភឿ អាយុ៣១ឆ្នាំ ជាប្តីបានឆ្លើយយ៉ាង សឿងបឿងថា លោកសូមច្រានចោលការចោទប្រកាន់របស់ប្រពន្ធ ទាំងអស់ ដោយបញ្ជាក់ថា បើប្រពន្ធនេះគ្មានកំហុសក៏ប្តីមិនវាយ ដំដែរ។ លោកជាប្តីដឹងថា ធ្វើអ្វីត្រូវ ធ្វើអ្វីខុស ព្រោះជាមេ គ្រួសារ ប៉ុន្តែការវាយដំនោះស្រាលៗ ឬថា បើលោកលេង ធ្ងន់ដៃនោះ ប្រហែលជានាងមិនអាចមកអង្គុយរៀបរាប់ អ៊ីចឹងបានទេ មិនស្រួលដេកក្នុងផ្នូរបាត់ទៅហើយ។ ការពិត អ្វីៗវាជាជម្លោះគ្រួសារបន្តិចបន្តួច ធម្មតាចាន ក្នុងរាវតែងរណ្តំគ្នាហើយ។ លោកមិនប្រចណ្ឌប្រពន្ធទេ តែលោកតាមដានគំនិតមារយាទនាងថា តើស្មោះត្រង់ នឹងប្តីឬយ៉ាងណា? ដូច្នេះចោទប្តីថា ប្រចណ្ឌមិនសមទេ។ ឯរឿងលោកចាក់ស្រូវចោល និងវាយ កម្ទេចជើងតាងអស់ប៉ុន្មានដុំនោះ គ្រាន់តែចង់ព្រមាន នាងឱ្យឈប់ដើររាំច្រៀងដូចក្រមុំប៉ុណ្ណោះ ព្រោះនាង មានប្តី ទៅណាត្រូវសុំប្តីមិនអាចសេរីតាមចិត្តបានឡើយ។ រឿងខឹងគោវាយរទេះនោះ មិនមានតែរូបលោកម្នាក់នោះទេ ព្រោះខ្វះអីបុរសៗក្នុងភូមិ មានខ្លះគេខ្លាំងជាងលោក ទៅទៀត បើប៉ះប្រពន្ធមិនស្តាប់បង្គាប់បែបនេះ។
លោកលាង អាន អាយុ៤៤ឆ្នាំ និងអ្នកស្រីសៀត អុន អាយុ៤៦ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតនាងសាវុធ សេត នោះណាស់ តែក៏ មិនហ៊ានបញ្ចោញយោបល់អ្វីដែរ ជុំវិញទំនាស់វិបត្តិ គ្រួសារមួយនេះ។ តាមពិត នាងសេត ជាស្រីស្លូតបូត មិនគួរមករងកម្មយ៉ាងនេះឡើយ ហើយក៏មិនដឹង ពេលណារំដោះកម្មនោះរួចដែរ។
លោកហ៊ន រ៉ន សមាជិកភូមិ ក៏ដូចជាលោកមេភូមិ ប្រមូលផ្តុំ បានឱ្យដឹងស្របគ្នាថា ពួកលោកអស់ ចំណេះក្នុងការអប់រំបុរសកេត ភឿ នោះទៅហើយ។ បើមានរឿងលើកក្រោយ មានតែបញ្ជូនទៅថ្នាក់លើទេ ព្រោះអាជ្ញាធរភូមិណែនាំយ៉ាងណាក៏មិនព្រមយក ត្រចៀកស្តាប់។ គេចេះគ្រប់ល្បិចតែម្តងក្នុងការដោះសាយករួចខ្លួន។ បុរសនេះ ពូកែទ្រឹស្តីណាស់ តែការអនុវត្ត គឺសូន្យ មានតែសមត្ថកិច្ចថ្នាក់លើទេ ទើបមាន សមត្ថភាពយកគេទៅដុសក្អែលឱ្យជ្រះបាន។
រីឯអ្នកភូមិមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា បុរសកេត ភើ បំបិទសិទ្ធិប្រពន្ធខ្លាំងណាស់ សូម្បី រដូវបុណ្យចូលឆ្នាំមានការរាំកម្សាន្តតាមភូមិ ក៏បុរសនេះ មិនឱ្យប្រពន្ធទៅជិត។ លុះប្រពន្ធចង់សប្បាយ ស្របពេលបងប្អូនហៅទៅរាំលេងម្តងនោះ ស្រាប់តែ ប្តីអគតិលើកបាវស្រូវបម្រុងដឹកទៅកិនស៊ីនោះចាក់ ចោលខ្ទេច រួចទាញញញួរវាយកម្ទេចជើងតាងសសរ ដែលប្រពន្ធប្រឹងសន្សំលុយទិញទម្រាំបាន។ បើនៅតែ អ៊ីចឹង ជីវិតនាងជាប្រពន្ធមិនដឹងក្លាយជាយ៉ាងណាឡើយ ឬថា អាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ជាងនេះទៀត។
គួរបញ្ជាក់ថា បុរសបំបិទសិទ្ធិប្រពន្ធ មកពី ប្រចណ្ឌហួសហេតុ ដោយមិនចង់ឱ្យប្រពន្ធចេញទៅ ណាក្រែងប្រុសឯទៀតឆក់បាត់។ ករណីប្តីប្រចណ្ឌខ្លាំង គ្មានចំណេញអ្វីក្រៅពីនាំភ្លើងមកដុតផ្ទះ រកសុភមង្គល មិនឃើញនោះទេ ហើយបុរសដែលមានអត្តចរិត បែបនេះ ទោះជាប្រពន្ធប៉ុន្មាននាក់ទៀតក៏នៅ តែប៉ុណ្ណោះ។ ចង់កែមនុស្សប្រចណ្ឌ លុះត្រាតែប្រពន្ធ ចេះល្បិចធ្វើជាប្រពន្ធតទល់ទើបបាន ដូចជាពេលប្តី ចេញទៅណាយូរមកវិញ ក៏ចោទថា ទៅជួបស្រីស្នេហ៍ លុះយូរៗទៅ ចរិតប្រចណ្ឌរបស់ប្តីនឹងចុះថយមិនខាន…”៕