Monday, December 23, 2024
Homeព័ត៌មានជាតិកំលោះចិត្តធ្ងន់ បានប្រពន្ធមេម៉ាយកូន៤

កំលោះចិត្តធ្ងន់ បានប្រពន្ធមេម៉ាយកូន៤

កំលោះម្នាក់នេះ រើសប្រពន្ធណាស់ តែចូលចិត្ត និយាយទូរស័ព្ទឆ្លើយឆ្លងជាមួយមិត្តភក្តិ ឬបើមាន គេចុចចូលច្រឡំលេខ ក៏ទទួលសាសងមិនចេះធុញទ្រាន់ ស្រាប់តែវ័ណ្ឌក ជាប់ស្នេហ៍អ្នកមេម៉ាយកូន៤ ដែលមានប្តីមុនធ្វើប៉ូលិស។ ដោយសារតែ អ្នកមេម៉ាយឈឺចិត្តប្តី ដើមខិលខូចពេក លុះ កំលោះទាក់ទងក៏ហ៊ាន ស្កាត់ទៅជួបនាំបង្កាត់ ភ្លើងស្នេហ៍ក្តៅរោលរាល ក៏យកគ្នាជាប្តីប្រពន្ធទៅ…។

លោកង៉ែត ហួន អាយុ២៧ឆ្នាំ រស់នៅភូមិស្រនាងថ្មី ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបលោកជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ សុទ្ធតែប្រុសទាំងអស់ ឪពុកឈ្មោះឌឹក កុល អាយុ៥៨ឆ្នាំ ម្តាយឈ្មោះសុខ យឹក អាយុ៥៥ឆ្នាំ។ កាលពីកុមារ លោកបានរៀនសូត្រចប់សាលាបឋមសិក្សា ក៏ឈប់ទៅ ព្រោះរៀនមិនចូល ម៉្យាងទៀត មកពីជីវភាពឪពុកម្តាយយ៉ាប់យ៉ឺនពេក។ តាំងពីចូលវ័យកំលោះ មក លោកមិនធ្លាប់មានសង្សារឯណាទេ តែឧស្សាហ៍ និយាយលេងសើចតាមទូរស័ព្ទជាមួយមិត្តភក្តិ ឬបើមាន គេចុចចូលច្រឡំលេខ បើជាស្រីនោះ លោកនឹងចុចហៅទៅវិញញ៉ែលេងសប្បាយ ក្លាយជាទម្លាប់ទៅហើយ។ ហេតុតែមានទូរស័ព្ទធ្វើមេអណ្តើកយ៉ាងនេះហើយ ទើបលោករកបានប្រពន្ធជាស្រីមេម៉ាយកូន៤ ឈ្មោះ ប៉ុន ស្រីនី អាយុ៤០ឆ្នាំ បងលោក១ជួរ ស្រុកកំណើតនៅខេត្តកពេំង់ឆ្នាំង បន្ទាប់ពីទូរស័ព្ទច្រឡំលេខ និង បន្តទាក់ទងគ្នាបាន១ឆ្នាំក៏ស្កាត់រកគ្នាទៅ។

លោកង៉ែត ហួន និងអ្នកស្រីប៉ុន ស្រីនី ជាមួយកូនៗ

លោកង៉ែត ហួន បន្តទៀតថា កាលទាក់ទងគ្នាដំបូងនោះ ប្រពន្ធរបស់លោកនិងប្តីដើម កំពុងជួបភាពរកាំរកូស លែងលះគ្នាមិនទាន់ដាច់ស្រេច ដែលប្តីនោះឈ្មោះខឿន ផល អាយុ៤៣ឆ្នាំ ធ្វើប៉ូលិសស្រុក នៅឯខេត្តកំពង់ឆ្នាំង។ លោកប៉ូលិសនោះ ជាបុរសសម្បូរស្នេហ៍ មានប្រពន្ធចុងជាបន្តបន្ទាប់ បណ្តាលឱ្យភរិយាឈឺចាប់រងទុក្ខឥតល្ហែ។ ដោយសារឈឺចិត្តនឹងប្តីមានស្រីច្រើនពេក ទើបភរិយាតែងចុចទូរស័ព្ទ ស្វែងរកមិត្តឱ្យជួយដោះស្រាយវិបត្តិស្នេហ៍របស់នាង ជាចៃដន្យចុចចូលទូរស័ព្ទរបស់លោក និងអង្វរលោក ឱ្យជួយដោះស្រាយផង។ លោកក៏ប្រាប់វិធីសាស្ត្រថា បើប្តីខិលខូចអ៊ីចឹងលែងក្បាលចោលទៅ ហើយរកប្តី មួយទៀត ដើម្បីអនាគតមានរស្មី។ ក្រោយមក អ្នកស្រី ស្រីនី ក៏ហៅប្តីឡើងផ្ទះមេភូមិ ផ្តិតមេដៃលែងលះគ្នា ទៅ និងក្លាយជាស្រីមេម៉ាយកូន៤ រហូតមក ដោយមិនភ្លេចឆ្លើយឆ្លងតាមទូរស័ព្ទជាមួយលោកដូចមុន។

លោកង៉ែត ហួន

លោកង៉ែត ហួន បន្តទៀតថា ទាក់ទងគ្នាជិត១ឆ្នាំ នាងស្រីនី ត្អូញត្អែរថា នាងរកប្តីមិនបានទេ ព្រោះ មេម៉ាយមានកូនកំលោះក្រមុំអស់ទៅហើយ គ្មានប្រុសណាហ៊ានយកទេ។ ហេតុតែអាណិតនាងពេក លោក ក៏ប្រាប់ថា បើនាងហ៊ានមកជួបលោកដល់ផ្ទះឯខេត្តកំពង់ស្ពឺ លោកសន្យាយកនាងធ្វើប្រពន្ធ ដោយមិន គិតមេម៉ាយអ្វីឡើយ។ ហេតុតែមាននិស្ស័យជាមួយគ្នា ស្រីនី ក៏ឱបបង្វេចស្កាត់មករកលោកទាល់តែឃើញ ហើយគ្រាន់តែឃើញមុខគ្នាភ្លាម ក្តីអាណិតក៏ក្លាយជាស្នេហាពេញបេះដូង។ លោកបានយកនាងធ្វើប្រពន្ធ ដោយឆ្លងកាត់ការសែនព្រេន១ព្រឹកប៉ុណ្ណោះ ដែលពេលនេះ បង្កើតបានកូន២នាក់ទៀត (ប្រុស១ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍។

អ្នកស្រីប៉ុន ស្រីនី ជាមួយកូនៗ

ដោយឡែក អ្នកស្រីប៉ុន ស្រីនី អាយុ៤០ឆ្នាំ ជាប្រពន្ធបានរៀបរាប់ថា គាត់មានស្រុកកំណើត នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ប្តីគាត់មុន ជាមន្ត្រីប៉ូលិសស្រុក បានរៀបការពីកំលោះក្រមុំម្តាយទុកឪពុកដាក់ ដែល ដំបូងឡើយ ប្តីស្រលាញ់ថ្នាក់ថ្នមគាត់ណាស់ រហូតបង្កើតបានកូន៤នាក់។ ក្រោយមកស្រាប់តែលោកប្តីអាងកាំភ្លើងខ្លី បែកគំនិត ខិលខូចដើរមានស្រីញីក្រៅផ្ទះ ធ្វើបាបចិត្តប្រពន្ធឱ្យរងវេទនា។ មុនដំបូង គាត់ឧស្សាហ៍ណែនាំប្តីដែរ ឱ្យឈប់ប្រព្រឹត្តបែប នេះទៀត តែគេមិនស្តាប់ ជួនកាលហ៊ានដឹកស្រីស្នេហ៍ ផ្គើនគាត់ជាប្រពន្ធទៀតផង។ ជម្លោះ ក៏កើតឡើងរាល់ថ្ងៃ ទើបគាត់សុំលែងលះត្រឹមមេភូមិប៉ុណ្ណោះ ដោយទទួល កូនមកចិញ្ចឹមទាំងអស់។ ទោះយ៉ាងណាក៏ប្តីដើម ដែលមានប្រពន្ធទៀតនោះ ក៏មិនចោលកូនគេដែរ បាន ជួយទំនុកបម្រុងទុកដាក់កូនឱ្យមានគូស្រករ ដែលសព្វថ្ងៃ បានចៅ២នាក់ហើយ ឯប្តីនោះ នៅតែទៅមករកកូន និងរាប់អានគាត់ចុងមាត់ចុងក មើលមុខគ្នាមិនចំទេ។

អ្នកស្រីប៉ុន ស្រីនី បន្តទៀតថា បន្ទាប់ពីធ្លាក់ខ្លួន មេម៉ាយមក គាត់តែងយកទូរស័ព្ទកំដរអារម្មណ៍ ដោយចុចហៅទៅលេខមិនធ្លាប់ស្គាល់ សុំឱ្យគេជួយ ដោះស្រាយវិបត្តិ។ ជាចៃដន្យ ក៏ចុចចូលទូរស័ព្ទ កំលោះឈ្មោះង៉ែត ហួន នៅខេត្តកំពង់ស្ពឺ ក៏ជាប់ និស្ស័យជាមួយគ្នា និងបន្តទាក់ទងគ្នា១ឆ្នាំ ទើបគាត់ ប្រថុយស្កាត់ទៅជួបគេមុន ដោយមិនញញើតនឹង ពាក្យនិន្ទា។ នាងជាមេម៉ាយ ទាល់តែហ៊ានបន្តិចទើប បាន មិនអាចធ្វើដូចនៅក្រមុំបានឡើយ គឺបើមិនក្លាហាន ពិបាករកបានប្តីកំលោះណាស់។ ប្តីក្មេងនេះ ធ្វើឱ្យគាត់ ពេញចិត្តស្តូក ព្រោះគេមានចិត្តស្មោះត្រង់នឹងប្រពន្ធ មិនចេះខិលខូចដូចប្តីមុននោះទេ។ សព្វថ្ងៃទោះជាគាត់ មកនៅខាងប្តី ក៏មិនចោលកូនដើមនៅឯស្រុកជាមួយ តាយាយនោះដែរ តែងទៅមករកគ្នាធម្មតា តែជាមួយ ប្តីប៉ូលិសនោះ អស់និស្ស័យនឹងគ្នាហើយ ព្រោះគេក៏ មានប្រពន្ធកូនទៀតដែរ។

លោកឌឹក កុល

លោកឌឹក កុល អាយុ៥៨ឆ្នាំ និងអ្នកស្រីសុខ យីក អាយុ៥៥ឆ្នាំ ជាឪពុកម្តាយខាងប្រុស បានឱ្យដឹង ស្របគ្នាថា កូនប្រសាស្រីរបស់ពួកគាត់ធ្លាប់មានប្តី មុនធ្វើប៉ូលិស តែបានលែងលះគ្នារួចហើយ ទើបមក យកកូនប្រុសគាត់នេះ។ ទោះជាដឹងថា នាងជាស្រី មេម៉ាយកូន៤ ឱបបង្វេចមកពីខេត្តកំពង់ឆ្នាំង ស្កាត់ មកជួបកូនប្រុសគាត់ ក៏ពួកគាត់មិនបំបែកទេ បាន ទាំងរៀបចំសែនព្រេនឱ្យមានខាន់ស្លាត្រឹមត្រូវ ឯរឿង អនាគត ស្រេចតែពួកគេទៅចុះ។ ទោះយ៉ាងណា ពួកគាត់តាមដានដឹងថា ប្តីប្រពន្ធនេះស្រលាញ់គ្នាណាស់ បែកគ្នា១ថ្ងៃ ស្ទើរមិនបានផង បើចេញទៅណា ទៅទាំងពីរនាក់។

អ្នកស្រីសុខ យីក

គួរបញ្ជាក់ថា សេចក្តីស្នេហាពិតមិនសំខាន់ លើកំលោះមេម៉ាយចាស់ក្មេង មានគម្លាតអាយុ ឆ្ងាយពីគ្នានោះទេ គឺវាស៊ីសងលើចិត្តមនុស្ស។ បើ ចិត្តសន្តោស ភក្តីភាព អាណិតស្រលាញ់ពេញបេះដូង ទោះជាប្តីអាយុ២៧ឆ្នាំ ប្រពន្ធអាយុ៤០ឆ្នាំ ក៏ ស្រលាញ់គ្នាល្អូកល្អិន គ្មានអ្វីអាចបំបែកបានឡើយ ពិសេស កំលោះចិត្តធ្ងន់តែងជួបប្រពន្ធមេម៉ាយយ៉ាង នេះឯង…”៕

RELATED ARTICLES