Monday, December 23, 2024
Homeព័ត៌មានជាតិយល់សប្តិឃើញប្រពន្ធឱបប្រុសថ្មី ប្តីកាប់រយះក្បាល

យល់សប្តិឃើញប្រពន្ធឱបប្រុសថ្មី ប្តីកាប់រយះក្បាល

ភ្លើងប្រចណ្ឌ ជាជំងឺផ្លូវចិត្ត ពិបាកព្យាបាលបំផុត ព្រោះបើរោគចង្រៃនេះ កើតលើបុគ្គលណាហើយ វាធ្វើឱ្យបុគ្គលនោះ លែងស្គាល់ខុសត្រូវ។ ដោយឡែក បុរសនេះ ប្រចណ្ឌប្រពន្ធណាស់ រហូតដេកយល់សប្តិ ឃើញប្រពន្ធជាទីស្រលាញ់ ឱបប្រុសថ្មី ក៏ជឿថា ជាការពិត ផ្ទុះកំហឹងទ្រាំទ្រលែង បាន ក៏ទាញកាំបិតកាប់ប្រពន្ធរយះក្បាល តែមិនបានប្តឹងផ្តល់គ្នាទេ…។

នាងមួន សាវ៉ូ អាយុ៣៦ឆ្នាំ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនស្រីពៅ ក្នុងចំណោម បងប្អូន៧នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ នាងមានប្តីឈ្មោះសឿង ផល អាយុ៣៧ឆ្នាំ និង មានកូន២នាក់ ធំកំលោះក្រមុំអស់ហើយ តែរវាង នាងនិងប្តីរកសេចក្តីសុខមិនឃើញទេ។ ជីវិតនាង អភ័ព្វណាស់ តាំងពីចាប់ដៃកវែកកឆ្នាំងជាមួយប្តី នេះមក ស្គាល់តែទឹកភ្នែកឥតស្រាកស្រាន្ត។ ប្តីនេះ ចូលចិត្តប្រើអំពើហិង្សា វាយដំនាងឱ្យមានស្លាកស្នាម ជាហូរហែ តែដោយសារយល់ថា មកពីខ្លួនមានកម្ម ឬជំពាក់កម្មប្តីនេះ ទើបនាងមិនព្រមប្តឹងផ្តល់ ទុកឱ្យអ្វីៗកន្លងទៅមុខតាមយថាកម្មទៅចុះ។ អ្វីដែលនាងពិបាកបំផុតនោះ គឺប្តីកើតជំងឺប្រចណ្ឌ គ្មានថ្នាំឯណាព្យាបាលជាទេ ហើយបើជំងឺនេះរើម្តងៗ ប្តីក្រពុលមុខដូចឆ្កែឆ្កួត បើមានកាំបិតទាញកាំបិត ឃើញដំបង ទាញដំបង។ កន្លងមក សូម្បីតែរូបនាងឈរជជែកលេងជាមួយប្រុសៗ ជាញាតិមិត្តជិតខាង ក៏ប្តីនេះប្រចណ្ឌដែរ ហើយសូម្បី អ្នកដំណើរមិនស្គាល់ចូលសុំទឹកផឹក ឬសុំសម្ល ក៏ចោទប្រកាន់នាងថា ឱ្យរបស់ទៅសហាយ។

លោកសឿង ផល

និយាយរួមឱ្យតែប្រុសពេញវ័យនិយាយ លេងជាមួយនាង អត់បានទេ ច្បាស់ជាប្តីកើតរោគប្រចណ្ឌនេះ បង្ក ហិង្សាភ័យដល់កូនទាំងពីររត់ទៅដេកផ្ទះអ៊ំៗ ពូមីងទាំងយប់ក៏ មានដែរ បើឃើញឪពុកទាញកាំបិតពូថៅម្តងៗ។
នាងមួន សាវ៉ូ បន្តទៀតថា កាលពីជាង១ខែមុននេះ ប្តីបាន ចោទប្រកាន់នាងថា បានលួចលាក់សហាយស្មន់ជាមួយបុរសម្នាក់ក្នុងភូមិ (សុំមិនបញ្ចោញឈ្មោះ) ហើយបុរសនោះ ក៏ធ្លាប់ ទាស់គ្នាជាមួយប្តីពាក់ព័ន្ធការរកស៊ី។ ទោះជានាងបដិសេធយ៉ាងណា ក៏ប្តីនៅតែចោទទាំងទទឹងទិស ធ្វើឱ្យ ជម្លោះកើតឡើងមិនចេះចប់ សូម្បីកូនក៏មិនហ៊ាននៅជិតដែរ។ លុះដេកលក់ ស្រាប់តែប្តីយល់សប្តិឃើញ នាងដេកឱបបុរសម្នាក់នោះ លុះគេភ្ញាក់ដឹងខ្លួនក៏ស្ទុះក្រទីក្រទាទាញកាំបិតផ្គាក់មកកាប់ក្បាលនាង ទាំងកំរោល ប៉ុន្តែពេលនោះនាងក៏ភ្ញាក់ដែរ និងគេចផុតបន្តិច ទើបកាំបិតប៉ះសាច់ក្បាលបញ្ឆិត មិនត្រូវធ្ងន់ទេ គ្រាន់តែឈាមស្រោចអាវប៉ុណ្ណោះ។ ពេលនោះ នាងរត់ទៅរកអ្នកជិតខាងឱ្យជួយ រហូតដល់អាជ្ញាធរកោះហៅប្តីនេះទៅសាកសួរ ទើបគេសារភាពថា មកពីយល់សប្តិឃើញនាង ដេកឱបសហាយ ទើបគេខឹងពេកទ្រាំមិនបាន ក៏ទាញកាំបិតកាប់នាង តែអាយុនាងមិនអស់ទឹកដោះម្តាយថ្លៃ ទើបមិនរងគ្រោះដល់ជីវិត។ នាងក៏មិនបាន ប្តឹងផ្តល់អ្វីដែរ គ្រាន់តែសុំឱ្យគេកែប្រែប៉ុណ្ណោះ តែសព្វថ្ងៃ គេមានទៅកែឯណា ឱ្យតែស្រវឹងម្តងៗ ច្បាស់ជាបង្ករឿងផ្អើលអ្នកជិតខាងមិនខាន។

នាងមួន សាវ៉ូ

ដោយឡែក លោកសឿង ផល ជាប្តី បានឱ្យដឹងថា លោកទទួលស្គាល់កំហុស ទាំងអស់ ព្រោះពិតជាធ្លាប់កាប់ប្រពន្ធរយះក្បាលមែន ដែលកាលនោះមកពីលោកស្រវឹងស្រា។ លុះដេកលក់ យល់សប្តិឃើញប្រពន្ធឱបសហាយក៏ក្តៅឆេវ ទាញ បានកាំបិតពន្លះតែម្តង ព្រោះតែស្រលាញ់ប្រពន្ធពេក មិនចង់ឱ្យប្រុសណាប៉ះពាល់ នាងជាដាច់ខាត។ លោកទទួលស្គាល់ថា ប្រពន្ធនេះស្មោះត្រង់នឹងប្តីណាស់ គឺខ្លួនឯងជាអ្នកខុស ហើយតាំងពីកាប់ប្រពន្ធម្តង ត្រូវអាជ្ញាធរហៅទៅអប់រំមក លោកសន្យាថា ឈប់ធ្វើយ៉ាងនេះទៀតហើយ។ លោកប្តេជ្ញាថា មិនបង្កបញ្ហាក្នុងគ្រួសារទៀតទេ តែក៏មានសំណូមពរដល់ប្រពន្ធវិញដែរ គឺបើប្តីមិនពេញចិត្តកន្លែងណា សូមនាងកុំធ្វើបញ្ឈឺ។ ប្រពន្ធនេះស្គាល់ចរិតលោកច្បាស់ហើយថា ជាមនុស្សឆេវឆាវប្រចណ្ឌច្រើន ចុះរឿងអីដឹងដែរ នាងនៅតែផ្គើន សូម្បីបុរសម្នាក់នោះ ដែលធ្លាប់មានជម្លោះ រឿងរកស៊ីជាមួយលោក ក៏នាងទៅចែប៉ប្រែជាមួយគេដែរ។

កំលោះផល សុផាត និងនាងផល សុភី

លោកសឿង ផល បន្តទៀតថា ចំពោះរឿងរួមសុខទុក្ខជាមួយប្តីនោះ ប្រពន្ធលោក មិនបានមួយចំណិតប្រពន្ធគេទេ។ លោកបានឈ្លេចសួរក្លើម្នាក់ថា តើពេលអីៗជាមួយគ្នា នោះ ប្រពន្ធគេយ៉ាងម៉េច? ក្លើនោះក៏អួតថា ប្រពន្ធគេ ចេះណាស់ ប្រឹងជួយចូកជួយចែវគ្នា មិនដូចគល់ឈើ នោះទេ ផ្ទុយទៅវិញ ប្រពន្ធលោកគ្មានអីអួតទេ ព្រោះ នាងមិនដែលជួយប្តីសោះ គឺអន់ជាងគល់ឈើទៅទៀត អ៊ីចឹងហើយបានជាលោកចេះតែខឹងនោះ។ ដល់ មួម៉ៅពេកទៅ លោកក៏ផឹកស្រាខ្លះៗបន្លប់ទុក្ខ ព្រោះ បើមិនផឹក នៅតែកើតទុក្ខដោះមិនចេញ។
កំលោះតូចឈ្មោះផល សុផាត អាយុ១៦ឆ្នាំ និងនាងក្រមុំតូចឈ្មោះផល សុភី អាយុ១៤ឆ្នាំ ជា កូនដែលមានតែ២នាក់ របស់គ្រួសារនេះបានឱ្យដឹង ស្របគ្នាថា ពួកគេពិបាកចិត្តណាស់ ព្រោះតែឪពុក ឱ្យតែស្រវឹងម្តងៗ គាត់រករឿងម៉ែ និងពួកគេឱ្យភ័យ ខ្លាចរត់ចោលផ្ទះអស់ហើយ ព្រោះមិនរត់ឯណាបាន បើគាត់ចេញក្បួនកាច ធ្លាប់កាប់ម៉ែរយះក្បាល គ្រាន់តែយល់សប្តិសោះ។ ពួកគេរៀនមិនចូលទេ ហើយអនាគតក៏មិនដឹងក្លាយជាយ៉ាងណាដែរ បើ ឪពុកកើតជំងឺប្រចណ្ឌព្យាបាលមិនជាយ៉ាងនេះ។

ផ្តះនាងមួន សាវ៉ូ

លោកប៉ុន ហៀង មេភូមិចំរើន បានឱ្យដឹងថា ជម្លោះគ្រួសារមួយនេះផ្តើមចេញពីប្តីកើតរោគប្រចណ្ឌ បណ្តាលឱ្យបាត់បង់សុភមង្គល។ សព្វថ្ងៃកូនប្រពន្ធ រស់ក្នុងភាពភ័យខ្លាចពីគ្រោះថ្នាក់បង្កដោយប្តី និងឪពុក ប៉ុន្តែក្រោយពេលលោកជួយអប់រំណែនាំរួច មក បុរសជាប្តីសន្យាថា ឈប់ធ្វើយ៉ាងនេះទៀតហើយ ដែលលោកកំពុងតាមដានដែរ មិនទាន់ជឿភ្លាមៗទេ។
គួរបញ្ជាក់ថា ភ្លើងប្រចណ្ឌ ក្តៅ ក្រហល់ក្រហាយ ជាងភ្លើងចង្ក្រានទៅទៀត ព្រោះភ្លើងចង្ក្រានយកទឹក ពន្លត់ក៏រលត់វិញ ឯភ្លើងប្រចណ្ឌគ្មានទឹកឯណាពន្លត់ បានទេ រហូតដល់យល់សប្តិឃើញប្រពន្ធឱបប្រុសថ្មី។ ទោះយ៉ាងណា បើចង់ឱ្យប្តីនេះជារោគប្រចណ្ឌ លុះត្រាតែប្រពន្ធប្តូរឥរិយាបថចេះថ្នាក់ថ្នមប្តីខ្លះៗ ទៅ កុំធ្វើដូចអ្វីដែលប្តីថា អន់ជាងគល់ឈើនោះ។ ម៉្យាង បើដឹងថា ប្តីប្រចណ្ឌដែរ ត្រូវឈប់ទៅជិតបុរសៗ មកពីចម្ងាយ ទើបធានាថា ជំងឺប្រចណ្ឌនោះនឹងជា…”៕

RELATED ARTICLES