មន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទ ដែលជ្រកក្រោមស្លាកយីហោ ម៉ាស្សាមួយកន្លែង ឃាត់ខ្លួនបាននារីរងគ្រោះចំនួន៦នាក់ និងមេការប្រុសស្រី២នាក់ កាលពីវេលាម៉ោង៦និ៣០នាទីព្រលប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅហាងម៉ាស្សាកោសជប់មួយកន្លែងយីហោ មហាលាភ ផ្ទះលេខ23 ភូមិ១ ក្រុម១ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបផ្ទះជួញដូរផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់នេះឃាត់ខ្លួនស្រ្តីរងគ្រោះ៦នាក់ និងមេការ២នាក់ រួមមានឈ្មោះ ១.សុទ្ធ ស្រីលីស ភេទស្រីអាយុ២៧ឆ្នាំ ២.ហោ ស្រីលាភ ភេទស្រី អាយុ២៥ឆ្នាំ ៣.សុខ មី ភេទស្រី អាយុ២៦ឆ្នាំ ៤.ឆាន់ ស្រីវី ភេទស្រី អាយុ២៤ឆ្នាំ ៥.វី ចរិយា ភេទស្រី អាយុ២៥ឆ្នាំ ៦.មាស ចាន់វា ភេទស្រីអាយុ៣២ឆ្នាំ ។ ចំណែកមេការមានឈ្មោះ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ គិត សម្បត្តិ ភេទប្រុស ជាម្ចាស់ផ្ទះ។ ដកហូតបានស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន លុយចំនួន៧០០ដុល្លារ ទូរសព្ទ័មួយចំនួន ព្រមទាំងម៉ូតូចំនួន៣គ្រឿង ។
មុននឹងឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរាជធានីភ្នំពេញ ដឹកនាំដោយលោកវិរសនីយ៍ឯកចាន់ គត្តិខុម ស្នងការរងក្រុងភ្នំពេញ និងមានការអនុញ្ញាតពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក អោក លឹមចាន់ទីណា ក្រឡាបញ្ជី បានសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរផ្ទះម៉ាស្សា យីហោ “មហាលាភ” ដែរស្ថិតនៅផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះមានមេការប្រុសស្រីចំនួន២នាក់ ព្រមទាំងនារីរងគ្រោះចំនួន៦នាក់ និងដកហូតស្រោមអនាម័យ ដែលប្រើប្រាស់ហើយមួយចំនួន និងមិនទាន់ ប្រើប្រាស់មួយចំនួន ម៉ូតូបីគ្រឿង និងលុយចំនួន៧០០ដុល្លារ ។
បន្ទាប់ពីឃាត់ខ្លួនបានរួចហើយបានស្រ្តីរងគ្រោះ ព្រមទាំងមេការប្រុសស្រី និងវត្ថុតាំងមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការរាជធានីភ្នំពេញ ។ ចំណែកផ្ទះម៉ស្សាខាងលើត្រូវបានសមត្ថកិច្ចបិទទ្វារជាបណ្តោះអាសន្នសិន ៕