Sunday, May 5, 2024
Homeព័ត៌មានជាតិខ្ចីលុយធនាគារចូលខារ៉ាអូខេ ប្រពន្ធសុំលែង

ខ្ចីលុយធនាគារចូលខារ៉ាអូខេ ប្រពន្ធសុំលែង

បើសិនជាកូនស្រីយកប្តីចិត្តឯងមិនស្តាប់ម៉ែឪ បើមានបញ្ហាកើតឡើង កូនស្រីនោះត្រូវ ទទួលខុសត្រូវខ្លួនឯង តែបើម៉ែឪបង្ខំកូនស្រីឱ្យយកប្តី បើមានបញ្ហា ទោះជាម៉ែឪស្គាល់កំហុស ក៏អ្វីៗវាហួសទៅហើយ ដែលកូនមិនហ៊ាន បន្ទោសអ្នកមានគុណទេ។ យ៉ាងណាមិញ នារីម្នាក់នេះ ម៉ែឪបង្ខំឱ្យយកប្តីប៉ះប្តីជើងល្អ ខ្ចីលុយ ធនាគារចូលខារ៉ាអូខេ ធ្វើឱ្យនាងទ្រាំលែងបាន ក៏ប្តឹងលែងលះ ឯម្តាយបានត្រឹមស្តាយកំហុស…។

ប្តីចោលម្សៀតទៅខ្ចីលុយធនាគារ រួចឆៀងចូលលូកលាន់មីនាងៗ ក្នុងហាងខារ៉ាអូខេនោះ ឈ្មោះគឿម អុល អាយុ៣៤ឆ្នាំ ឯប្រពន្ធតាមទាន់ ជាន់កែងដល់ក្នុងហាងរហូតអូសកប្តីឡើងផ្ទះមេភូមិ សុំលែងលះនោះ ឈ្មោះខៀវ សុខលន់ អាយុ២៩ឆ្នាំ មានលំនៅភូមិត្រពាំងជ្រៅ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារពួកគេចែកផ្លូវគ្នាដើរ ទើបស្ត្រីជាម្តាយ ខាងស្រីបានរៀបរាប់ជំនួសពីរឿងកូន ឱ្យអ្នកយកព័ត៌មានយើងកត់ត្រា។

នាងខៀវ សុខលន់ និងលោកគឿម អុល (កាលថ្ងៃរៀបការ)

លោកយាយម៉ី សាត អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ បានរៀបរាប់ថា គាត់មានប្តីឈ្មោះខៀវ កែម អាយុ៧៤ឆ្នាំ ដោយបង្កើតបាន កូន១០នាក់ឯណោះ ក្នុងនោះកូនទី៨ ឈ្មោះខៀវ សុខលន់ ជាតួឯកនៃរឿងជីវិតនេះ។ កូនស្រីនេះ ស្តាប់ដំបូន្មានឪពុកម្តាយណាស់ មិនធ្លាប់មានសង្សារ រហេតរហូតតាមទូរស័ព្ទអ្វីទេ ដោយយល់ព្រមរៀបការជាមួយប្តីឈ្មោះគឿម អុល ជាអ្នកភូមិផងរបងជាមួយតាមការទុកដាក់ពីឪពុកម្តាយ។ រហូតមក ទល់ពេលនេះ ពួកគេបង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) ដែលមុនដំបូង មានសុភមង្គលល្អណាស់ ព្រោះកូនប្រសាពូកែរកស៊ី មិនដែលចេញទៅណាឆ្ងាយពីស្រុកនោះទេ។ លុះចូលមក ដល់ចុងឆ្នាំ២០១៦ ស្រាប់តែកូនប្រសាបែកគំនិតចេះស៊ីផឹក និងដើរទៅផឹកផ្ទះគេ ពេលប្រពន្ធតាមហៅឱ្យមក ជួយការងារ ក៏ផ្ទុះកំហឹងវាយប្រពន្ធនៅនឹងមុខគេ។

លោកគឿម អុល

លោកយាយម៉ី សាត បន្តទៀតថា ពួកគេឈ្លោះត្រូវៗ លុះមកដល់ប៉ុន្មានថ្ងៃមុននេះ កូនប្រសាកំហូច នោះ លួងប្រពន្ធវាថា ចាប់ពីថ្ងៃនេះទៅ វាឈប់ផឹកហើយ និងត្រូវការដើមទុនយកទៅរកស៊ី ចាំបាច់ត្រូវតែខ្ចី លុយធនាគារមកប្រើសិន លុះបានចំណេញចាំទូទាត់សងវិញ។ ហេតុតែលង់ជឿសម្តីប្តី នាងខៀវ សុខលន់ ក៏សុខចិត្តប្រគល់ប្លង់ដីផ្ទះទៅប្តី ដើម្បីធ្វើសំបុត្រស្នាមខ្ចីលុយធនាគារ (សុំលាក់ចំនួនទឹកប្រាក់ ព្រោះខ្មាសគេ)។ ប្តីអកុសលនោះ ទៅខ្ចីលុយម្នាក់ឯង មិនឱ្យប្រពន្ធតាមទេ លុះបានលុយដល់ដៃក៏ទូរស័ព្ទប្រាប់ប្រពន្ធថា គេចេញ ទៅរកស៊ីឯភ្នំពេញ ហើយ។ រំលង១ថ្ងៃ ក៏ទូរស័ព្ទលែងចូល ធ្វើឱ្យប្រពន្ធសង្ស័យក៏តាមទៅរក ស្រាប់តែឃើញ ប្តីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ម្តុំភ្នំប្រសិទ្ធិ៍ កំពុងកៀកកើយជាមួយ ស្រីក្មេងស្លៀកពាក់លេចលើលេច ក្រោម ក៏ផ្ទុះជម្លោះប្រតាយប្រតប់គ្នានៅទីនោះ។

នាងខៀវ សុខលន់

ស្ត្រីជាម្តាយបន្តទៀតថា ប្តីកំហូចនេះ ក៏ត្រូវប្រពន្ធអូសកមកដល់ផ្ទះ រួចដេញដោលពីរឿងលុយខ្ចីធនាគារ ប្តីក៏ឆ្លើយថា ចាយអស់ហើយ លុះប្រពន្ធមិនជឿ ឆែកពិនិត្យឃើញសល់តែជាង១ម៉ឺនរៀលក្នុងហោប៉ៅ។ ពេលនោះ កូនស្រីអភ័ព្វក៏ដួលសន្លប់ទៅ ព្រោះលុយរាប់លានរលាយអស់ ដោយចាញ់បោកស្រីខារ៉ាអូខេ តើប្រពន្ធណាទ្រាំមិនសន្លប់? លុះងើបពីសន្លប់គិតតែពីអង្គុយយំ លែងឱ្យប្តីមកក្បែរ និងលែងនិយាយស្តីអ្វីទាំងអស់។ លុះស្អែកឡើង កូនស្រីនេះ បានហៅប្តីទៅជួបមេភូមិសុំលែងលះគ្នាតែម្តង ដោយស្រែកខ្លាំងៗថា នាងលែងត្រូវការប្តីរបៀបនេះទៀតហើយ សុខចិត្តមេម៉ាយ វិញប្រសើរជាង។ ឯកូនប្រសានោះ ក៏មិនព្រមផ្តិតមេដៃ ខណៈដែលកូនបង្កើតប្រកាសដាច់អហង្ការ មិនព្រមរួមរស់ ជាមួយប្តីនេះទៀតទេ ទោះជាគាត់ព្យាយាមសម្របសម្រួល យ៉ាងណាក៏កូនស្រីមិនតាមដែរ។ ទីបំផុត កូនស្រីចិត្តសឿង នេះ អូសដៃប្តីឡើងសាលាឃុំ ទាមទារឱ្យផ្តិតមេដៃទាល់តែ បាន លុះធ្វើកិច្ចការនេះរួច នាងក៏ចេញទៅធ្វើការរោងចក្របាត់ ដើម្បីរកលុយមកសងរំលស់ឱ្យធនាគារ យកប្លង់ផ្ទះមក វិញ តែមិនដឹងជាពេលណាសងរួចទេ។

លោកតាខៀវ កែម​ និងលោកយាយម៉ី សាត

លោកតាខៀវ កែម អាយុ៧៤ឆ្នាំ ជាឪពុកបានឱ្យដឹង ថា កូនប្រសាគាត់នោះដូចជាហួសហេតុពេកហើយ ព្រោះ គាត់ទុកចិត្ត បង្ខំកូនស្រីឱ្យយល់ព្រមរៀបការទាំងមិនដែល ស្រលាញ់គ្នាពីមុនមកសោះ ហេតុតែកូនស្តាប់ដំបូន្មាន ក៏ព្រមរៀបការទៅ។ លុះបង្កើតបានកូន៣នាក់ គួរតែកូន ប្រសានោះ ប្រឹងប្រែងរកស៊ីឱ្យស្របទៅតាមការទុកចិត្ត របស់ពួកគាត់ ដឹងអី! វាចេះតែស៊ីផឹកមានស្រីញីក្រៅផ្ទះ លុះ អត់លុយឱ្យស្រីខារ៉ាអូខេកំពូលបោក ក៏មកកុហកប្រពន្ធយក ប្លង់ផ្ទះទៅខ្ចីលុយធនាគារ បំប៉នស្រីស្នេហ៍។ គាត់អាណិត កូនស្រីខ្លាំងណាស់ ចាត់ទុកជាកំហុសពួកគាត់ជាឪពុកម្តាយ ដែលបង្ខំកូនឱ្យយកប្តី ព្រោះសំអាងថា ស្គាល់ប្រវត្តិច្បាស់។
លោកកែម ហេង អាយុ៤៩ឆ្នាំ ជាបងបង្កើត និង លោកហុត សារិ អាយុ៤២ឆ្នាំ ជាបងថ្លៃ បានឱ្យដឹងស្រប គ្នាថា អ្វីៗជាការពិតទាំងអស់ សព្វថ្ងៃខ្មាសគេណាស់ ពេលឮពាក្យខ្សឹបខ្សៀវពីរឿងប្អូនស្រីប្តឹងលែងប្តី ព្រោះតែប្តីចោលម្សៀត ខ្ចីលុយធនាគារទៅបំប៉ន ស្រីខារ៉ាអូខេ។ ករណីប្អូនស្រីជ្រើសយកផ្លូវបែក ស្នេហ៍នេះ ក៏ពួកលោកមិនជំទាស់អ្វីដែរ គ្រាន់តែទូន្មាន ថា បើចង់យកប្តីក្រោយទៀត កុំឃើញភ្លាមស្រលាញ់ ភ្លែត ឱ្យចេះពិនិត្យតាមដាន ព្រោះប្រុសឥឡូវមិនខ្វះទេ មនុស្សបោកប្រាស់។

លោកកែម ហេង

រីឯអ្នកជិតខាងមួយចំនួន ក៏បានឱ្យដឹងស្របគ្នា ថា មុនដំបូង បុរសជាប្តីនោះ ពូកែរកស៊ីណាស់ លុះ សេពគប់មិត្តភក្តិចេះស៊ីផឹក បបួលចូលហាងខារ៉ាអូខេ ច្រៀងឆ្លងឆ្លើយជាមួយមីនាងៗ ក៏ជាប់អន្ទាក់ស្នេហ៍ ដូចមូសជាប់សំណាញ់ពីងពាង។ រឿងខ្ចីលុយធនាគារ យកលុយបំប៉នស្រីស្នេហ៍នោះពិតហើយ ទីបំផុត បុរស ជាប្តីបានត្រឹមប្រពន្ធលែងក្បាលចោលយ៉ាងនេះទៅ។

លោកហុត សារិ

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពី នាងខៀវ សុខលន់ និងប្តីឈ្មោះគឿម អុល បានឡើយ ព្រោះទូរស័ព្ទមិនចូល គ្រាន់តែដឹងថា បន្ទាប់ពីលែងលះ គ្នា បុរសជាប្តីបានចេញពីស្រុកបាត់ ឯនាងប្រពន្ធទៅ ធ្វើការរោងចក្ររកលុយសងធនាគារជំនួសប្តី។
គួរបញ្ជាក់ថា បុរសស្អាតស្អំ បើជ្រុលប្រឡូកក្នុង អបាយមុខ នឹងនាំឱ្យប្រឡាក់ខ្លួនមិនខាន។ អ្នកស្រែ ទៅសាកល្បងចូលហាងខារ៉ាអូខេ ច្បាស់ជាញៀន ញ៉ាម ត្រូវនាងៗ ដែលប្រសប់លួងលោមប្រុសបោក យកលុយ សល់តែកាតមិនខានឡើយ។ ទន្ទឹមនោះ ក៏មានបុរសខ្លះឆ្លាតដែរ ដោយគេបោកស្រីស្នេហ៍ឱ្យ ទៅធ្វើការក្នុងហាងខារ៉ាអូខេ រកលុយចិញ្ចឹមខ្លួន ក៏សឹងមាន ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ…”៕

RELATED ARTICLES