បន្ទាប់ពីរៀបការជាច្រើនឆ្នាំ គ្មានកូន១គ្រាប់ទ្រនាប់ទ្រូង ស្ត្រី ម្នាក់នេះ ក៏សុំប្តីលែងលះ ដើម្បីជ្រើសគូជីវិតថ្មីទៀត ដើម្បីឱ្យ មានកូនបន្តពូជ។ សំណាងគាត់ល្អ ក៏រកបានប្តីទី២ បង្កើតបានកូនប្រុស១ ដូចបំណង តែដោយសារប្តីទី២ វាយធ្វើបាបពេក ក៏នាំកូនរត់មកយកប្តីដើមវិញ ស្គាល់តែសេចក្តីសុខ តែអ្វីដែលគាត់កើតទុក្ខនោះ ព្រោះតែកូនមានតែមួយ ទៅបួសចោលម្តាយបាត់…។
អ្នកស្រីយូ មឿន អាយុ៤៣ឆ្នាំ រស់នៅភូមិ ខ្យងឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានយំ រៀបរាប់ប្រាប់ អ្នកយកព័ត៌មានយើងថា គាត់បានរៀបការជាមួយ បុរសម្នាក់ឈ្មោះគឹម ប៊ុនធឿន សព្វថ្ងៃ អាយុ៤៨ឆ្នាំ តាំងពីកំលោះក្រមុំម៉្លេះ ប៉ុន្តែគ្មានកូនទេ ទើបគាត់សម្រេចចិត្តសុំចែកផ្លូវគ្នាដើររៀងៗខ្លួន ដោយ ដាក់ខសន្យាថា ម្នាក់ៗ អាចយកគូស្រករថ្មីទៀតដោយសេរី។ មិនយូរប៉ុន្មាន គាត់ក៏រកប្តីទី២បាន ឈ្មោះបាវ ខា ជាអ្នកស្រុកកំពង់ចាម ក៏យកគ្នាជាប្តី
ប្រពន្ធទាន់ក្តៅដី ព្រោះគេជាបុរសពោះម៉ាយ ចំណែកគាត់ក៏មេម៉ាយ។ ចំណែកប្តីដើមរបស់គាត់ បន្ទាប់ពីលែងលះគ្នាមក គាត់មិនយកប្រពន្ធទៀតទេ ដោយរស់នៅធ្វើស្រែចម្ការច្បារដំណាំ មិនខ្វល់ពីរឿង គ្រួសារអ្វីឡើយ។ គាត់រួមរស់ជាមួយប្តីក្រោយនោះបាន២ឆ្នាំ ក៏បង្កើតបានកូន ប្រុសម្នាក់ឈ្មោះស៊ីង ខាវ សព្វថ្ងៃមានអាយុ១៣ឆ្នាំ និងបានលាគាត់ចូលសាងផ្នួសជាសាមណេរបាន២វស្សាហើយ មិនដែលឃើញផ្តល់ដំណឹងអ្វីដល់ញោមស្រី ឱ្យដឹងទេ ទើបគាត់កើតទុក្ខសោកសង្រេង ដោយបារម្ភខ្លាចតែលោកកូន ដែល មានតែមួយនេះ សុគត ឬជួបគ្រោះថ្នាក់ពិកល្យពិការអ្វី បានជាស្ងាត់ឈឹងបែបនេះ។
អ្នកស្រីយូ មឿន បន្តទៀតថា កាលជាង១០ឆ្នាំមុន បន្ទាប់ពីឆ្លងទន្លេបាន កូនប្រុសនេះ ក៏ត្រូវប្តីក្រោយធ្វើបាបឥតស្រាកស្រាន្ត ព្រោះគេជាមនុស្សប្រមឹក ឱ្យតែស្រវឹងកាលណា កើតរឿងប្រចណ្ឌ និងបង្ខំប្រពន្ធរួមភេទអត់ខ្វល់ពីសុខភាពអ្វីឡើយ។ ដោយមិនអាចទ្រាំបាន គាត់ក៏នាំកូនរត់ចោលប្តីទី១នេះ មកដល់ ស្រុកវិញ ក៏បានជួបប្តីទី១ ឈ្មោះគឹម ប៊ុនធឿន កំពុងរស់នៅឯកោ គួរឱ្យអាណិត។ មុនដំបូង គាត់បានសុំរាប់អានគ្នាជាបងប្អូនទៅចុះ ព្រោះគាត់បានជាជ្រុល យកប្តីទៀត រហូតបានកូន១ទៅហើយ ឯប្តីទី១ ក៏មិនថាអីដែរ ដោយសុំទុកគ្នា ជាបងប្អូនធម៌។
គាត់ចេញចូលផ្ទះអតីតស្វាមីនេះ ជួយបោសសម្អាតទីធ្លា និងជួយធ្វើបាយទឹកឱ្យគេហូបរាល់ថ្ងៃ ជួនកាលស្កុនដំណើរ ក៏នៅដេកក្នុងខ្ទមចាំចម្ការក្បែរគ្នា ដោយមិនប្រកាន់។ លុះយូរៗ ទៅ ភ្លើងស្នេហ៍ក៏ឆាបឆេះឡើងវិញ ទ្រាំមិនបានក៏យកគ្នាវិញទៅ ដោយទទួលស្គាល់ថា ប្តីទី១ នេះ ទោះជាគាត់ជាប្រុស “អារ” គ្មានកូនបន្តពូជ ក៏អាចផ្តល់សេចក្តីសុខឱ្យប្រពន្ធ គ្រាន់បើជាង ប្តីទី២ឆ្ងាយណាស់។ ចំណែកប្តីទី២នោះ ក៏មិនទាន់អាល័យពីគាត់ដែរ លុះបានដឹងថា គាត់រត់មកយកប្តីដើមវិញ ក៏តូចចិត្តអាណិតខ្លួនមានជំងឺធ្ងន់ បានទទួលមរណភាពទៅ សល់តែ កូនប្រុសជាប់ឈាមរបស់គេ ជាបន្ទុកសម្រាប់គាត់រកស៊ីចិញ្ចឹម។
អ្នកស្រីយូ មឿន បន្តទៀតថា គាត់និងកូនប្រុស បានមកផ្ញើជីវិតជាមួយប្តីដើម នេះមិនដែលជួបភាពរកាំរកូសទៀតទេ ព្រោះប្តីស្រលាញ់កូនប្រុសដូចកូនបង្កើតរបស់ខ្លួន។ គាត់បានបញ្ជូនកូនប្រុសនេះ ទៅសាលារៀន និងឱ្យបួសជាសាមណេរ ស្រាប់តែ លោកកូនចង់ចេះដឹងក៏លាគ្រូឧបជ្ឈាយ៍ និងញោមចេញទៅរៀនធម្មវិន័យនៅវត្តមួយ ក្នុងខេត្តបាត់ដំបង ស្រាប់តែបាត់ដំណឹងសូន្យឈឹង។ មូលហេតុដែលគាត់លែងប្តីដើម ទៅយកប្តីចុង គ្មានបំណងអ្វីក្រៅពីចង់បានកូនបន្តពូជនោះទេ លុះបានកូនហើយ បែរជាកូនទៅបាត់បែបនេះ គាត់ពិបាកចិត្តណាស់ ក៏យកស្រាបន្លប់ទុក្ខខ្លះៗទៅ។
លោកគឹម ប៊ុនធឿន អាយុ៤៨ឆ្នាំ ជាប្តីទី១ បានឱ្យដឹងថា មូលហេតុ ដែលលោកសុំយកភរិយានេះ មករួមសុខទុក្ខជាមួយគ្នាវិញ គឺមកពី អាណិតនាង ដែលត្រូវប្តីក្រោយវាយធ្វើបាប បានរត់មកស្រុកវិញ។ មកដល់ដំបូង ប្រពន្ធនេះពកូនដើរស៊ីឈ្នួលគេ បានព្រឹកខ្វះល្ងាច ម៉្យាងដោយមិនទាន់អស់និស្ស័យ ស្នេហ៍ជាមួយគ្នាផងនោះ ក៏សម្រេចចិត្តយកគ្នាវិញទៅ។ លោកស្រលាញ់កូនប្រុស របស់ប្រពន្ធជាមួយប្តីក្រោយនោះ ដូចកូនបង្កើត បនាទាំងផ្ចុងផ្តើមឱ្យរៀនសូត្រ និងសាងផ្នួសទៀតផង។ លុះលោកកូនទៅរៀនបាត់ដំណឹង សូន្យឈឹងបែបនេះ ធ្វើឱ្យប្រពន្ធលោក ថ្ងៃណាក៏យំ នឹកកូនដែរ។ មុនដំបូងប្រពន្ធនេះផឹកស្រាតិចតួចត្រឹម តែបាយឆ្ងាញ់ប៉ុណ្ណោះ លុះនឹកកូនពេកធ្វើឱ្យវិបត្តិផ្លូវចិត្ត កើតឡើងរហូតផឹកកាន់តែខ្លាំង ថ្ងៃណាក៏ស្រវឹង តែស្រវឹងស្លូតទេ ដោយទួញយំរកតែកូន មិនដែលបង្ក ហិង្សាអ្វីឡើយ។ ហេតុនេះ បើលោកកូនព្រះនាមស៊ីង ខាវ បានជ្រាបដំណឹងនេះតាមទស្សនាវដ្តី “អង្គរធំ” សូមព្រះអង្គនិមន្តមកជួបញោមកុំខាន ឬក៏ផ្តល់ដំណឹង តាមទូរស័ព្ទក៏បានដែរ។
នាងរឿន ណេត អាយុ៣៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា អ្នកស្រីយូ មឿន ពិតជានឹកកូនចង់ ឆ្កួតទៅហើយ លុះគាត់ផឹកស្រាស្រវឹងផងនោះ ធ្វើឱ្យអារម្មណ៍កាន់តែស្មុគសាញ។ បើតាមដឹង លោកស៊ីង ខាវ ចេញទៅរៀនបាលីនៅខេត្តបាត់ដំបង ឯណោះទេ តែទំនងជាព្រះអង្គរវល់ពេក ទើបមិនបានផ្ញើដំណឹង មក ទើបញោមស្រីដេកនឹកយ៉ាងនេះ។
លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា ករណីលោកនេន ស៊ីង ខាវ បាត់ដំណឹងនោះ លោក ក៏បានទាក់ទងសួរទៅអាចារ្យវត្ត ដែលបានបញ្ជូន លោកនេន ទៅរៀនដែរ គេប្រាប់ថា សព្វថ្ងៃ ព្រះអង្គ តូចនោះកំពុងរវល់សិក្សា មិនអាចមកលេងញោម បានទេ។ ប៉ុន្តែ រូបលោកក៏ឆ្ងល់ដែរ បើត្រឹមរវល់រៀន បាលី ហេតុអ្វីមិនផ្តល់ដំណឹងដល់ញោម? ព្រោះសម័យ នេះ គេប្រើទូរស័ព្ទ បើញោមគ្មានទូរស័ព្ទក៏អាចទាក់ទង ផ្ញើដំណឹងតាមអាចារ្យវត្ត ឬអ្នកស្រុកបានដែរ។
គួរបញ្ជាក់ថា ករណីស្ត្រីខាងលើលែងប្តីដើម ទៅយកប្តីចុង ដើម្បីឱ្យបានកូន រួចវិលមកយកប្តីដើម វិញនោះ ជារឿងកម្រមានណាស់។ អ្វីដែលស្ងើចបំផុត គឺទឹកចិត្តប្តីដើម ដែលមិនប្រកាន់ទោសអូសដំណើរ ប្រពន្ធ បានទាំងជួយចិញ្ចឹមកូនគេ ដូចកូនបង្កើតរបស់ ខ្លួនទៀត ដែលជាគំរូដ៏ល្អសម្រាប់បុរសទាំងឡាយ យកទៅអនុវត្ត។ ហេតុនេះបើសាមណេរ ស៊ីង ខាវ អាណិតស្រលាញ់ញោមទាំងពីរ គួរតែឆ្លៀតឱកាស មកមើលសុខទុក្ខពួកគាត់ម្តងទៅ ក៏ដូចជាប្រោស មាតាឱ្យរួចពីរណ្តៅទុក្ខ លែងយកស្រាធ្វើមិត្តតទៅទៀត…”៕