ខេត្តកំពង់ស្ពឺ ៖ បុរសអភ័ព្វម្នាក់ កាលនៅមានកាយសម្បទាល្អ អាចធ្វើការរកស៊ីបានលុយឱ្យប្រពន្ធចាយពេញៗដៃ ក៏ត្រូវប្រពន្ធស្រលាញ់ថ្នាក់ថ្នមណាស់ លុះជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ក៏ក្លាយជាពិការស្លាប់មួយចំហៀងខ្លួន ក៏ត្រូវប្រពន្ធរត់ចោលអត់អាសូរ។ បុរសវ័យក្មេងនេះ មានឈ្មោះស៊ន ចន្ថា អាយុជាង២០ឆ្នាំ មានលំនៅភូមិស្រីសំពោង ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង។
ពាក់ព័ន្ធដល់ករណីនេះ ស្ត្រីជាម្តាយឈ្មោះ អ៊ិន សុខា អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា គាត់មានកូន៤នាក់ឯណោះ ដោយឡែកកូនច្បង ឈ្មោះស៊ន ចន្ថា ដើមឡើយមានកាយសម្បទាល្អគ្រប់គ្រាន់ និងពូកែរកស៊ីណាស់។ កូនប្រុសនេះមានទំនាក់ទំនងស្នេហាជាមួយនាងក្រមុំម្នាក់ ឈ្មោះញាណ ស៊ីណា អាយុស្របាលគ្នា មានសម្រស់ឆើយឆាយ ទើបគាត់រៀបការឱ្យទៅ។ កាលពី៣ឆ្នាំមុននេះ កូនប្រុសបានចេញទៅរកស៊ីនៅខេត្តកោះកុង ក៏ជួបគ្រោះថ្នាក់ក្រឡាប់ឡាន ត្រូវសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ លុះចេញមកវិញ ក៏ក្លាយជាពិការ ស្លាប់មួយចំហៀងខ្លួន និយាយស្តីក៏មិនរួច ត្រូវបម្រើអាចម៍នោមជាប្រចាំ។ មុនដំបូង ប្រពន្ធគេនៅថែទាំប្តីដែរ តែក្រោយមកក៏រត់ចោលប្តីគ្មានអាល័យ ឯកូនប្រុសអភ័ព្វនេះ ពេលដឹងថា ប្រពន្ធរត់ចោល បានត្រឹមស្រក់ទឹកភ្នែករហាម និយាយស្តីអ្វីក៏មិនរួចដែរ។
ស្ត្រីជាម្តាយបន្តទៀតថា សព្វថ្ងៃ គាត់និងប្តី ត្រូវទទួលបន្ទុកថែទាំកូនប្រុសនេះ ដោយលើកទៅងូតទឹក បញ្ចុកបាយ បង់ជើងធំ គឺត្រូវលើកគ្នា២នាក់ទើបរួច ហើយបើដាក់ត្រង់ណានៅត្រង់ហ្នឹង អត់កិលរួចទេ។ ក្រៅពីថែរក្សាកូនប្រុសដែលប្រពន្ធរត់ចោលនោះ គាត់ពិបាកចិត្តមួយជាន់ទៀត ដោយសារកូនស្រីទី២ ឈ្មោះផុន ចាន់នី ត្រូវប្តីរត់ចោលដែរ។ កូនស្រីនេះ ពេលអាយុបាន១៦ឆ្នាំ ក៏មានសង្សារលួចលាក់ ទើបគាត់រៀបចំផ្សំផ្គុំឱ្យទៅ លុះនាងមានផ្ទៃពោះ ប្តីនោះរត់ចោលបាត់ ទើបបន្ទុកថែរក្សាចៅ ធ្លាក់មកលើគាត់ទៀត។ ទោះយ៉ាងណា គាត់អាណិតតែកូនប្រុសដូចគល់ឈើនេះទេ ពុំដឹងជាអនាគតក្លាយជាយ៉ាងណាឡើយ នេះហេតុតែកម្ម ទើបគេធ្លាក់ខ្លួនពិការ ត្រូវប្រពន្ធរត់ចោលយ៉ាងនេះ៕



