ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពីត្រឡប់មកពីស៊ីផឹកស្រវឹង ចូលដល់ផ្ទះ ស្រាប់តែកម្រើកតណ្ហា ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃស្រីរហូតបានសម្រេច។ លុះព្រឹកឡើងត្រូវនារីរងគ្រាះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនបងថ្លៃកំហូច នាំទៅចាត់ការតាមផ្លូវច្បាប់ នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការ រងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងថា នារីរងគ្រោះ ដែលត្រូវបងថ្លៃចាប់រំលោភសេពសន្ថវៈនោះ មានឈ្មោះ ស.ថ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ (កន្លែងកើតហេតុ)។ ចំណែកជនសង្ស័យជា បងថ្លៃ មានឈ្មោះខ្លឹម ឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានប្រពន្ធ និងមានកូនប្រុសស្រីចំនួន ៥នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅលើផ្ទះជាមួយគ្នា។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ឱ្យដឹង ថា នៅវេលាម៉ោង២៣និង៥០នាទី យប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ ខណៈដែលនាងកំពុង ដេកលង់លក់ ស្រាប់តែជនសង្ស័យដែលត្រូវជាបងថ្លៃ បានចាប់រំលោភសេពសន្ថវៈរហូតបាន សម្រេច ទើបងើបដើរចេញទៅវិញ។ បន្ទាប់មក នាងក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនបងថ្លៃល្មោភកាម នោះ ចាត់ការតាមផ្លូវច្បាប់តែម្តង។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការ រងនគរបាលស្រុកក្រគរ បានឱ្យដឹងថា ក្រោយពី ទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ កម្លាំង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ ការចាប់ខ្លួនជនសង្ស័យឈ្មោះខ្លឹម ឡេង នាំមក សាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេបានស្រលាញ់ប្អូនថ្លៃស្រី (នារី រងគ្រោះ) ជាយូរណាស់មកហើយ និងធ្លាប់ បានស្ទាបអង្អែលនាងផងដែរ តែនៅយប់កើតហេតុ ខ្លួនបានទៅផឹកស៊ីនៅផ្ទះ ឈ្មោះផល លុះ រហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ ក៏ កើតមានអារម្មណ៍ផ្លូវភេទ ឃើញប្អូនថ្លៃដេក តែម្នាក់ឯងក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈនាង រហូតបានសម្រេចតែម្តង។
ជងសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បី បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាម នីតិវិធី៕