Wednesday, May 15, 2024
Homeសង្គម និងជីវិតគួរឲ្យអាណិតគាត់ណាស់! កីឡាករចំណុះទូក“ក្តាមប្រៃ” មិនទាន់ប្រកួតផង ខ្យល់គរស្លាប់ចោលប្រពន្ធកូនខ្ចីទៀត

គួរឲ្យអាណិតគាត់ណាស់! កីឡាករចំណុះទូក“ក្តាមប្រៃ” មិនទាន់ប្រកួតផង ខ្យល់គរស្លាប់ចោលប្រពន្ធកូនខ្ចីទៀត

ខេត្តកំពង់ឆ្នាំង ៖ បុរសជាកីឡាករចំណុះទូក-ង ឈ្មោះ “ក្តាមប្រៃ” ម្នាក់ បានបាត់បង់ជីវិតនៅថ្ងៃជូនដំណើរទូក-ង ទូកមួងទាំង២៨ ទូករបស់ខេត្តកំពង់ឆ្នាំង ទៅចូលរូមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវត្តកំពង់ត្រឡាចក្រោម ស្ថិតក្នុងស្រុកកំពង់ត្រឡាច។

កីឡាករចំណុះទូកក្តាមប្រៃ ដែលបានបាត់បង់ជីវិត មានឈ្មោះចាប សុភួន ហៅពៅ អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានប្រពន្ធឈ្មោះសុខ គា អាយុ២៣ឆ្នាំ និងមានកូនស្រីម្នាក់ឈ្មោះផា នូណា ទើបនឹងមានអាយុ១ខួបប៉ុណ្ណោះ។

តាមសម្តីបុរសជាបងប្រុសបង្កើតរបស់សព និងជាកីឡាករអុំទូក “ក្តាមប្រៃ” ជាមួយគ្នា បានឱ្យដឹងថា ជនរងគ្រោះមានរបរជាកសិករ ប៉ុន្តែនៅរដូវពិធីបុណ្យអុំទូក ជនរងគ្រោះក៏បានចូលរួមធ្វើជាកីឡាករចំណុះទូក ឈ្មោះ “ក្តាមប្រៃ” ផងដែរ ទាំងដែលប្រពន្ធរបស់ខ្លួន ទើបនឹងសម្រាលកូនស្រីបានប្រមាណ១ខួបប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានពិធីរៀបចំសែនព្រេនទម្លាក់ទូក-ង ទូកមួង សរុបចំនួន២៨គ្រឿងរបស់ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមចេញដំណើរទៅចូលរួមប្រកួតប្រជែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះ រួមនិងកីឡាករចំណុះទូកផ្សេងទៀត បាននាំគ្នាចុះអុំទូកឡើង ទៅគោលដៅទីតាំងចាប់ផ្តើមប្រកួត ដើម្បីសមជើងឱ្យគណៈអធិបតីមើលមុននឹងចេញដំណើរ ទៅភ្នំពេញ រង់ចាំការប្រកួត។ ស្រាប់តែភ្លាមនោះ ជនរងគ្រោះបានផ្កាប់មុខទៅនឹងបាតទូក បាត់មាត់ ទើបធ្វើឱ្យកីឡាការចំណុះទូក នៅក្បែរគ្នាមានការភ្ញាក់ផ្អើលឆោឡោ និងប្រញាប់- ប្រញាល់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រឡាច ដើម្បីសង្គ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ តាមផ្លូវតែម្តង។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារតែកើតមានអាការខ្យល់គរ។

សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES