Monday, December 23, 2024
Homeព័ត៌មានជាតិបុរសអាថ៌កំបាំង រស់ក្រោមស្ពានជាង២០ឆ្នាំ

បុរសអាថ៌កំបាំង រស់ក្រោមស្ពានជាង២០ឆ្នាំ

អ្នកស្រុកបានអះអាងថា នៅក្រោមស្ពានអូរក្រាំងអំបិល មានបុរសចំណាស់ម្នាក់រស់នៅ សង្ស័យថា ជាខ្មោច ខ្លះថា ជាមនុស្សវិកលចរិត ខ្លះទៀតថា ជាជំនាញការវៀតណាម ធ្លាក់ខ្លួនឆ្កួត។ សព្វថ្ងៃ បុរសអាថ៌កំបាំងនេះ បន្តរស់នៅក្រោមស្ពាន ជួនក៏ដើរបាត់ៗ គ្មានអ្នកណាអាចនិយាយចូលបុរស នេះបានឡើយ ព្រោះមានចរិតកោងកាចខ្លាំងណាស់…។

ស្ពានអូរក្រាំងអំបិល អ្នកស្រុកខ្លះហៅ អូរក្រាំងអំបល់ មានទីតាំងនៅត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤០-៤១ ផ្លូវជាតិលេខ៤ ភ្នំពេញ-ខេត្ត ព្រះសីហនុ និងនៅក្នុងទឹកដីភូមិស្លា ឃុំវល្លិស ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ នៅប៉ែកខាងលិចស្ពាន មើលឃើញផ្ទៃទឹកបឹងល្ហល្ហាច ជាប់នឹងដីស្រែ លាត សន្ធឹងល្វឹងល្វើយ ប៉ុន្តែនៅត្រង់ចំណុចគល់ស្ពាន មាន សុទ្ធតែព្រៃគុម្ពោតដុះស៊ុបទ្រុប និងមានដើមអម្ពិល ធំតូច ដុះក្បែរៗនោះ។ នៅក្រោមស្ពាននេះ មានបុរស អាថ៌កំបាំងម្នាក់រស់នៅ រយៈពេលជាង២០ឆ្នាំមក ហើយ មិនអាចអ្នកណាចូលទៅជិតបាន ព្រោះគាត់ មានចរិតដូចខ្លាកំណាច បើមានមនុស្សទៅសួរនាំ ក៏ស្រែកសម្លុតគំរាមមិនដឹងជាភាសាអ្វី។

អ្នកយកព័ត៌មានយើងបានចំណាយពេល៥ថ្ងៃ ដើម្បីតាមដានបុរសអាថ៌កំបាំងនេះ លុះថ្ងៃមួយ ក៏ ឃើញគាត់ដើរចេញពីក្រោមស្ពាន មានអាយុប្រហែល ជាង៦០ឆ្នាំ សក់វែងប៉ប្រះស្មា មុខជ្រុង ស្លៀកពាក់ ខោអាវរយីករយាកខុសពីអ្នកស្រុកសាមញ្ញ។ យើង ព្យាយាមថតរូបគាត់ពីក្រោយ និងតាមដានមួយសន្ទុះ ឃើញគាត់ដើរឆ្លងផ្លូវ រួចក៏បាត់ស្រមោលទៅ លុះចុះ ពិនិត្យក្រោមស្ពានក៏ឃើញបង្វេចតូចមួយ មិនដឹងជា ដាក់អ្វីក្នុងនោះ និងកន្លែងដូចសម្បុកកណ្តុរ។

អ្នកស្រីចៅ សាវ អាយុ៤៤ឆ្នាំ រស់នៅភូមិរំលោង ឃុំវល្លិស ស្រុក-ខេត្តដូចខាងលើ បានឱ្យដឹងថា ដោយសារជីវភាពយ៉ាប់យ៉ឺនពេក គាត់តែងជិះកង់ទៅបេះត្រួយអម្ពិល នៅក្បែរស្ពានអូរក្រាំងអំបិល យកទៅ លក់ឯផ្សារដោះស្រាយជីវភាព។ ថ្ងៃមួយ ពេលគាត់ កំពុងបេះត្រួយអម្ពិល ស្រាប់តែឃើញបុរសម្នាក់ ដូចខ្មោចឆៅ វែកព្រៃចេញពីក្រោមស្ពាន ចេញមកឈរ អែបនឹងផ្លូវជាតិ ធ្វើឱ្យគាត់ភិតភ័យស្មានថា ខ្មោចលង។ បន្ទាប់មក បុរសចម្លែកនោះ បានដើរកាត់ផ្លូវទៅម្ខាង បាត់ស្រមោលមួយរំពេចគួរឱ្យឆ្ងល់។

កន្លែងដែលបុរសអាថ៌កំបាំងរស់នៅ (ក្រោមស្ពានថ្មី)

កញ្ញាព្រំ ស្រីនាង អាយុ២១ឆ្នាំ ជាអ្នកលក់ផ្លែ ឈូក និងខ្យងស្ងោរ នៅជិតស្ពានអូរក្រាំងអំបិល បាន ឱ្យដឹងថា នាងប្រកបរបរនេះ ជាង៥ឆ្នាំមកហើយ មិនដែលចាប់អារម្មណ៍ថា ក្រោមស្ពានមានមនុស្ស មកយកធ្វើផ្ទះនោះឡើយ។ ថ្ងៃមួយក៏មានតៃកុងឡាន ម្នាក់មកទិញផ្លែឈូក និងសួរនាងថា តើនាងដឹងថា នៅក្រោមស្ពានមានមនុស្សរស់នៅឬអត់? តៃកុងឡាន បនាទាំងប្រាប់ទៀតថា ថ្ងៃមួយ គាត់ខូចរថយន្តត្រង់ គល់ស្ពាននេះ ក៏ឈប់ជួសជុល ស្រាប់តែឮសំឡេង មនុស្សប្រុសស្រីពីរបីនាក់ ជជែកគ្នាក្រោមស្ពាន។ នាងក៏ប្រាប់ថា មិនធ្លាប់ដឹងទេ តែថ្ងៃមួយ នាងបាន ឃើញបុរសចំណាស់ម្នាក់ អាយុប្រហែលជាង៦០ឆ្នាំ សក់វែងដូចស្រី ដើរចេញពីក្រោមស្ពាន ក៏សង្ស័យថា ជាមនុស្សឆ្កួត ទើបមិនរវល់ដេញដោលវែងឆ្ងាយ។

ស្ពានថ្មី
ស្ពានចាស់

កន្លែងតម្កល់ធាតុអ្នកស្លាប់

លោកតាលីង ខឹម អាយុ៧០ឆ្នាំ រស់នៅភូមិស្លា ឃុំស្រុក-ខេត្តដូចខាងលើ បានឱ្យដឹងថា ត្រង់ចំណុច អូរក្រាំងអំបិល ពីមុនមានតែស្ពានចាស់ ហើយផ្លូវ កោងផង ល្បីមានជើងកបធ្វើឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ជារឿយៗ។ ទោះជាមានស្ពានថ្មី ក៏នៅតែ មានរថយន្តបុកគ្នាស្លាប់ និងរបួសជាបន្តបន្ទាប់ ទើប ជនរងគ្រោះ ដែលរួចពីសេចក្តីស្លាប់ បានទិញរានទេវតា មកថ្វាយជើងកប ដោយដាក់តម្រៀបគ្នាជាច្រើន។ ពេលយប់ព្រលប់គ្មានអ្នកភូមិណាហ៊ានដើរម្នាក់ឯង កាត់ស្ពាននេះទេ បែរជាឮថា ក្រោមស្ពានមានមនុស្ស ប្រុសម្នាក់រស់នៅដោយអាថ៌កំបាំង ហើយមិនដឹង ជាបានអ្វីហូបនោះដែរ។

លោកតាសូ ប៉េង

លោកយាយសុខុម អាយុ៦៧ឆ្នាំ នៅភូមិត្រពាំងគង ឃុំព្រៃផ្តៅ បានឱ្យដឹងថា គាត់តែងមករើស អេតចាយដូចជាសំបកកំប៉ុងស្រាបៀរ ឬថង់ប្លាស្ទិក នៅចំណុចស្ពាននេះ។ ថ្ងៃមួយ វេលាម៉ោង៣រសៀល គាត់ឮសំឡេងមនុស្សដូចប្រលែងគ្នាក្រោមស្ពាន លុះគាត់ចុះទៅមើល បែរជាគ្មានឃើញមនុស្សម្នាក់សោះ ឃើញតែដានជើងមនុស្សចាស់ និងកៅស៊ូសម្រាប់ ក្មេងលេង ក៏មានអារម្មណ៍ព្រឺក្បាលខ្ញាកៗ ប្រញាប់ ឡើងទៅលើស្ពានវិញ។

លោកតាលីង ខឹម

លោកតាសូ ប៉េង អាយុ៧៤ឆ្នាំ ជាមេភូមិស្លា និងភរិយាគាត់ឈ្មោះម៉ី ហ៊ីម អាយុជាង៧០ឆ្នាំ បានឱ្យ ដឹងថា នៅក្រោមស្ពានអូរក្រាំងអំបិល ពិតជាមាន បុរសម្នាក់រស់នៅប្រាកដមែន។ មនុស្សចម្លែកនោះ ពេលមានគេជួបសួរដេញដោលទៅអត់ចេះភាសា ខ្មែរទេ ជួនក៏គំហកកំហែងអ្នកសួរ រួចដើរឆ្កុយទៅ បាត់។ គេធ្លាប់ឃើញបុរសសក់វែងនោះដើរសុំលុយ ពីអ្នកដំណើរតាមរថយន្ត រួចក៏បាត់ពីនោះ ទំនងជាទៅ រកទិញបាយហូប ប៉ុន្តែលោកយាយជាភរិយា បាន ឮគេថា បុរសអាថ៌កំបាំងនោះ ជាជនជាតិវៀតណាម ឡប់សតិមិនវិលទៅស្រុកវិញ ក៏មករស់នៅក្រោម ស្ពាននេះ តាំងពីឆ្នាំ១៩៩៣។ លោកយាយបានដឹង ល្ហិចល្ហៀងថា បុរសនោះជាអតីតជំនាញការវៀតណាម ដែលមានឋានៈខ្ពស់ បានរត់ចោលជួរ ទៅ ស្រលាញ់ស្ត្រីខ្មែរម្នាក់ ដែលរកស៊ីដកព្រលិតក្នុងបឹង អូរក្រាំងអំបិល នេះ។

លោកយាយម៉ី ហ៊ីម

ក្រោយមកឮថា នាងនោះបាន លង់ទឹកស្លាប់ពេលចុះដកព្រលិត ទើបបុរសវៀតណាម នោះខូចចិត្តដ្បិតស្នេហ៍ លែងវិលទៅស្រុក ក៏រស់នៅ តែក្រោមស្ពានជិតកន្លែងស្រីសង្សារស្លាប់ ខណៈដែល កងទ័ព និងជំនាញការវៀតណាម បានដកចេញពី កម្ពុជា។ កន្លែងនេះ ជួនកាល អ្នកបើកម៉ូតូពេលយប់ មើលឃើញបុរស និងនារីម្នាក់អង្គុយកៀកចង្កេះ ប្រលែងគ្នាលើបង្ហាន់ដៃស្ពាន ក៏រេចង្កូតដួលម៉ូតូ រងរបួស។

អ្នកស្រីចៅ សាវ

គួរបញ្ជាក់ថា ការអះអាងរបស់អ្នកស្រុកថា បុរសចម្លែកនោះជាខ្មោចបិសាច មិនសូវសមទេ ព្រោះ ខ្មោចមិនឱ្យមនុស្សថតរូបបាននោះឡើយ។ ប៉ុន្តែ បើ អះអាងថា ជាជំនាញការវៀតណាម រត់ចោលជួរ ព្រោះស្រលាញ់នារីខ្មែររកស៊ីដកព្រលិត សមជាង។ ហេតុតែសេចក្តីស្នេហាធ្វើឱ្យបុរសវៀតណាម ក្លាយជា វិកលចរិតដេកក្រោមស្ពានជាង២០ឆ្នាំមកហើយៗ ក៏មិនចេះនិយាយខ្មែរនោះដែរ និងរស់បានដោយសារសុំទានគេ…”៕

RELATED ARTICLES