កំពុងតែរស់នៅសុខៗ ជាមួយប្តីខាន់ស្លា លុះបានសាសងចងមិត្តភាពតាមទូរស័ព្ទជាមួយ កំលោះម្នាក់ ធ្វើឱ្យនារីម្នាក់នេះ នៅមិនសុខ ក៏ឱបបង្វេចរត់ចោលប្តី មកសាងស្នេហ៍ជាមួយ ប្រុសថ្មីវិញ។ ករណីបែបនេះ ចាត់ទុកជារឿងផិតក្បត់ ព្រោះប្តីដើមមិនទាន់បានលែងលះ លុះជ្រុលក្បាលក្រពើ ក៏ទុកឱ្យអ្វីៗ កន្លងទៅតាមយថាកម្ម…។
នាងម៉ៃ ស្រីស អាយុ២០ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ កំពុងរួមរស់ជាមួយប្រុសស្នេហ៍នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ទាំងអៀនប្រៀនថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះម៉ៃ អាយុ៥៨ឆ្នាំ ម្តាយឈ្មោះស៊ី អាយុ៥៥ឆ្នាំ ស្រុកកំណើតនៅ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ កាលពីតូច នាងធ្លាប់រៀន សូត្របានចប់បឋមសិក្សា ក៏ឈប់ទៅ រួចបានចេញទៅធ្វើ សំណង់ដល់ប្រទេសថៃ ឯណោះ ពេលខ្លួនពេញក្រមុំថ្មីៗ។ បន្ទាប់មកទៀត នាងក៏ធ្លាប់ទៅធ្វើកម្មការិនីរោងចក្រកាត់ដេរ នៅភ្នំពេញ ផងដែរ ដោយបានកម្រៃគ្រាន់តែគ្រប់ប៉ុណ្ណោះ។ លុះវិលមកនៅផ្ទះវិញ ក៏ត្រូវឪពុកម្តាយបង្ខំឱ្យរៀបការជាមួយ កំលោះម្នាក់នៅភូមិជាមួយគ្នា ឈ្មោះបញ្ញា ចាន់នី អាយុបង នាង១ឆ្នាំ ខណៈដែលរូបនាងមិនធ្លាប់មានទំនាក់ទំនងផ្លូវចិត្ត ជាមួយកំលោះនេះសោះ ប៉ុន្តែនាងមិនអាចយកឈ្នះឪពុកម្តាយបាន ក៏យល់ព្រមរៀបការទាំងចង្អៀតចង្អល់។
នាងម៉ៃ ស្រីស បន្តទៀតថា ទោះបីជានាងមិនស្រលាញ់ ប្តីនោះក្តី ក៏បានប្រគល់ព្រហ្មចារីឱ្យគេ មិនគេចវេះទៅណាទេ និងបន្តរួមរស់ជាមួយគ្នាបាន៣ខែ ដែរ។ រយៈពេល៣ខែ នោះ នាងពិបាកទ្រាំណាស់ ព្រោះប្តីមិនចេះថ្នាក់ថ្នមលួងលោម បបោសអង្អែលអ្វីទេ គិតតែអាត្មាឯង និងចូលចិត្តប្រើពាក្យសម្តីរម៉ាំងរម៉ោក មានចរិតស្ទាវចូលចិត្តដើរលេង ភ្លេចការងារ។ ដោយសារតូចចិត្តនឹងប្តីនោះពេក នាងតែងចុចទូរស័ព្ទ ស្វែងរកមិត្តឱ្យជួយដោះស្រាយក្តីវិបត្តិនេះ ស្រាប់តែចៃដន្យ ទូរស័ព្ទជួបកំលោះម្នាក់ឈ្មោះយ៉ន កុសល អាយុប្អូននាង២ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ពេលប៉ះសម្តីគ្នាតាមរលកធាតុអាកាសនោះ កុសល បានលួងលោមនាងកុំឱ្យកើតទុក្ខ គេធានាជួយដោះស្រាយឱ្យ។ មុនដំបូង ពួកនាងរាប់អានគ្នាជាមិត្តភាពទេ លុះសាសង គ្នារាល់ថ្ងៃទៅ ក៏ក្លាយទៅជាសេចក្តីស្នេហាពេញបេះដូង ដោយអ្នកកំលោះប្រាប់ថា បើនាងសុខចិត្តលែងប្តី គេនឹងទទួលយកនាងធ្វើប្រពន្ធភ្លាម។
នាងម៉ៃ ស្រីស បន្តទៀតថា ដោយធុញទ្រាន់នឹងប្តីពេក នាងក៏ សម្រេចចិត្តឱបបង្វេចចេញពីផ្ទះ ឡើងរថយន្តឈ្នួលស្កាត់ទៅ រកប្រុសស្នេហ៍ ដោយស៊ើបសួររកគេទាល់តែឃើញ។ គេបាននាំ នាងទៅជម្រាបសួរចាស់ទុំ ហើយរាត្រីនោះ នាងបានប្រគល់ខ្លួន ប្រាណឱ្យគេ ដោយទទួលស្គាល់ថា ប្រុសស្នេហ៍នេះពិតជានៅកំលោះ បរិសុទ្ធ និងប៉ិនប្រសប់ជាងប្តីឆ្ងាយណាស់។ នៅពេលដឹងថា នាងរត់បាត់ពីផ្ទះ ប្តីនាងមិនរវល់តាមទេ ប៉ុន្តែ ឪពុកម្តាយបានតាម មកហៅនាង២ដងហើយ ឱ្យវិលរកទ្រនំវិញ តែនាងមិនព្រមទៅ។ ឥឡូវនាងបានសែនព្រេនយកប្រុសស្នេហ៍នេះជាប្តីទី២ និងរួម រស់ជាមួយគ្នាបានជាង១ឆ្នាំ កំពុងមានផ្ទៃពោះ៦ខែ ដោយមិនទាន់ បានផ្តិតមេដៃលែងលះគ្នាប្តីទី១នៅឡើយ។ នាងប្តេជ្ញាផ្ញើជីវិត ជាមួយប្តីទី២នេះហើយ ដោយមិនវិលទៅរកប្តីទី១ ជាដាច់ខាត តែក៏មិនភ្លេចកំណើតនោះដែរ។
ដោយឡែកលោកយ៉ន កុសល អាយុ១៨ឆ្នាំ ជាប្រុសស្នេហ៍ ក្លាយជាប្តីទី២ បានឱ្យដឹងថា រូបគេពិតជាបានទាក់ទងតាមទូរស័ព្ទ អន្ទងហៅនាងម៉ៃ ស្រីស ឱ្យរត់ចោលប្តី មករួមរស់ជាមួយខ្លួនប្រាកដ មែន។ គ្រាន់តែលេចមុខនាងមកដល់ ធ្វើឱ្យសេចក្តីស្នេហាដែល មានខ្លះៗហើយនោះ កើនទ្វេឡើង រហូតចាប់នាងឱបក្រសោបមិន ខ្មាសអ្នកណា។ រាត្រីនោះ គេបានស្គាល់រសជាតិតណ្ហា ដោយមិន ប្រកាន់ថា នាងធ្លាប់មានប្តីនោះទេ គឺសំខាន់ឱ្យតែចិត្តស្រលាញ់ អ្វីៗអាចដោះស្រាយបាន។ គេជ្រុលខ្លួនធ្វើឱ្យនាងមានផ្ទៃពោះ មិន ថយក្រោយជាដាច់ខាត ដោយសន្យាយកនាងធ្វើប្រពន្ធមួយជីវិត ទោះជាប្តីទី១ របស់នាងមកដណ្តើមយកទៅវិញ ក៏គេមិនឱ្យដែរ។ សព្វថ្ងៃ គេទុកនាងឱ្យនៅតែផ្ទះថែទាំខ្លួនប្រាណ ឯរូបគេតែងដើរធ្វើសំណង់ ព្យាយាមសន្សំលុយ ទុកឱ្យប្រពន្ធសម្រាលកូន ព្រោះជិតគ្រប់ខែហើយ។ គេមិនសង្ស័យថា កូនក្នុងពោះនេះជាកូនប្តីទី១នោះទេ ព្រោះពេលនាងមកដល់ដំបូង នៅមានរដូវ លុះរួមរស់ ជាមួយគ្នាបានបួនប្រាំខែ ទើបនាងបាត់រដូវ ក៏ជឿថា ជាកូនរបស់ខ្លួន។
លោកង៉ែត សុភាព អាយុ៣៩ឆ្នាំ លោកស៊ូ សុវណ្ណារី អាយុ៣៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ចំពោះរឿងប្តីប្រពន្ធក្មេងៗ១គូនេះ ពួកលោកយល់ថា ជារឿងស្នេហាផិតក្បត់យ៉ាងពិតប្រាកដ ព្រោះនាងស្រីស មានប្តីនៅឡើយ បែរជាមានទំនាក់ទំនងស្នេហាជាមួយកំលោះកុសល រហូតខាងស្រី ឱបបង្វេចរត់ចោលប្តី។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីលោកបញ្ញា ចាន់នី ជាប្តីទី១ បានឡើយ សូម្បីរូបថត១សន្លឹកក៏អត់ដែរ គ្រាន់តែដឹងថា សព្វថ្ងៃបុរស នោះ រស់នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង តែគេមិនរវល់សន្សំរឿងជាមួយ ប្រពន្ធដែលរត់រកប្រុសថ្មីនេះទេ។
សូមបញ្ជាក់ថា ករណីខាងលើនេះ ចាត់ទុកជា រឿងផិតក្បត់មិនខុសទេ ពោលគឺ បើសិនជាប្តីទី១ ប្តឹងផ្តល់ ច្បាស់ជាភាគីខាងស្រី និងប្តីក្រោយមានបញ្ហា ពាក់ព័ន្ធនឹងច្បាប់ឯកពន្ធភាពមិនខាន។ ប៉ុន្តែបើប្តីទី១ មិនប្តឹង និងមានគូស្រករថ្មីរៀងខ្លួននោះ អ្វីៗនឹងត្រូវ បញ្ចប់ដោយស្ងប់ស្ងៀម។ ករណីនេះ អាចថា មកពី ប្តីទី១មិនប្រសប់ និងមិនបានបង្កភាពស្និទ្ធស្នាលជាមួយ ប្រពន្ធមុនរៀបការ ឬថា មកពីឪពុកម្តាយបង្ខំទើប រួមរស់បានតែ៣ខែ ក៏ដាច់ដោចគ្នាយ៉ាងនេះទៅ។ ចំណែកប្តីទី២ បានសាងស្នេហ៍តាមទូរស័ព្ទ ឬថាមកពី សេចក្តីស្នេហាផុសឡើងពេញបេះដូង ទើបខាងស្រី ហ៊ានកាត់កេរ្តិ៍ខ្មាសបែបនេះ ហើយស្នេហារបៀបនេះ នឹងតាំងនៅបានយូរអង្វែង បើសិនជាគ្មានការបំបែក…”៕