ខេត្តកំពង់ចាម ៖ គូស្នេហ៍វ័យក្មេងមួយគូ បានភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា ហើយ កំពុងតែទន្ទឹងចាំថ្ងៃរៀបការ ដែលឈានចូលមកដល់នៅអំឡុងពេលដ៏ខ្លីខាងមុខ ស្រាប់តែ មកជួបគ្រោះអកុសល ត្រូវរថយន្តបុក បណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ខណៈដែលគូស្នេហ៍ខាងលើកំពុងជិះម៉ូតូដឹកគ្នា បំណងទៅលេងស្រុកកំណើតក្នុងឱកាស ឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលម៉ោង៧យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្រែស្រម៉រ ឃុំស្រែស្រម៉រ ស្រុកជើងព្រៃ។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវរថយន្តបុកស្លាប់នោះ រួមមានទី១-ឈ្មោះញឹប នួន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិ សេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២-ឈ្មោះសុ ជាតិ ភេទស្រី អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាគូដណ្តឹងនឹងគ្នា និងត្រូវបានចាស់ទុំទាំងសងខាងកំណត់ថ្ងៃជ័យមង្គល ផ្សំផ្គុំឱ្យរៀបការជាប្តីប្រពន្ធពេញច្បាប់ នៅអំឡុងខែធ្នូ ចុងឆ្នាំ២០១៧ ខាងមុខនេះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង២នាក់ដែលជាគូដណ្តឹងនឹងគ្នាជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-5343 ដឹកគ្នាចេញពីក្រុងភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តប្រភេទ រថយន្តទេសចរណ៍មួយគ្រឿង ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0740 ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលទេសចរណ៍ បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូ ក្នុងល្បឿនលឿនដូចហោះ និងបានព្យាយាម វ៉ាជែងរថយន្តមួយគ្រឿងទៀត តែវ៉ាមិនផុត ក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះទាំង២នាក់ យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់គូដណ្តឹងស្លាប់នៅនឹងកន្លែង គួរឱ្យរន្ធត់។ ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង រីឯរថយន្តខូចខាតផ្នែកខាងមុខ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទាំង២នាក់ គឺជាគូដណ្តឹងនឹងគ្នា ដែលគ្រោងនឹងដឹកដៃគ្នា ចូលរោងការនៅអំឡុងខែធ្នូខាងមុខនេះ ហើយ នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់ បានឈប់សម្រាកពីការងារក្នុង ឱកាសព្រះរាជពិធីបុណ្យអុំទូក ទើបពួកគេបានជិះម៉ូតូដឹកគ្នាចេញពីភ្នំពេញ បំណងទៅលេង ស្រុកកំណើតឯខេត្តកំពង់ធំ ជួបជុំជាមួយបងប្អូនសាច់ញាតិ និងក្រុមគ្រួសារ ស្រាប់តែអកុសល ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុក បណ្តាលឱ្យស្លាប់ទាំង២នាក់គួរឱ្យសង្វេគ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងអូសយកម៉ូតូ និងរថយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ។
ដោយឡែក សពគូដណ្តឹងទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិដឹក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕