Monday, January 20, 2025
Homeសន្ដិសុខសង្គមចាប់រំលោភប្រពន្ធមិត្តភក្តិ២ដង គេចខ្លួនបាន2ឆ្នាំ ជាប់ខ្នោះ

ចាប់រំលោភប្រពន្ធមិត្តភក្តិ២ដង គេចខ្លួនបាន2ឆ្នាំ ជាប់ខ្នោះ

ខេត្តព្រៃវែង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈស្ត្រីជាប្រពន្ធមិត្តភក្តិរបស់ខ្លួន រហូតដល់បានសម្រេចចំនួន២ដង ហើយរាល់ពេលរំលោភម្តងៗ ជនសង្ស័យតែងថតរូបភាពទុក និងបានគំរាមថា ប្រសិនបើស្ត្រីរងគ្រោះហ៊ានប្រាប់រឿងនេះ ឱ្យអ្នកណាបានដឹង គេនឹងសម្លាប់ចោល រួចបង្ហោះរូបភាពទាំងនោះ ឱ្យគេឃើញទៀតផង។ លុះស្ត្រីរងគ្រោះទ្រាំមិនបានដាក់ពាក្យប្តឹងជនសង្ស័យ ក៏ព្យាយាមរត់គេចខ្លួន អស់រយៈពេលជាង២ខែ ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្រុកស្វាយអន្ទរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភ សេពសន្ថវៈប្រពន្ធមិត្តភក្តិដល់ទៅ២ដងនោះ មានឈ្មោះឃុន ទ្រី ហៅនឿន អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិលេខ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃកំពុងសម្ងំលាក់ខ្លួននៅក្នុងស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ វ.រ.ណ មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រាវជ្រាវចាប់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៣៧៥/២០១៧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពីបទ “រំលោភសេពសន្ថវៈ និងគំរាមកំហែងថានឹងសម្លាប់” ប្រព្រឹត្តនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួនមុខសញ្ញាខាងលើ បានសមត្ថកិច្ចក៏ប្រគល់ឱ្យកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីនាំយកទៅចាត់ការបន្តតាមនីតិវិធី។

យោងតាមដីការបស់លោកព្រះរាជអាជ្ញាកើត វណ្ណារ៉េត បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ប្តីរបស់ស្ត្រីរងគ្រោះបាននាំជនសង្ស័យឈ្មោះ ឃុន ទ្រី ហៅនឿន ត្រូវជាមិត្តភក្តិឱ្យមកស្នាក់នៅបណ្តោះអាសន្ននៅផ្ទះរបស់ខ្លួនក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក ខណៈដែលស្ត្រីរងគ្រោះ ទើបនឹងជិះកង់ត្រឡប់មកពីផ្សារវិញជាមួយនឹងកូនស្រីតូចអាយុ២ឆ្នាំ និងបានយកកង់ទៅទុកនៅខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានស្ទុះចេញពីចំហៀងផ្ទះទៅចាប់ដៃស្ត្រីរងគ្រោះជាប់ រីឯដៃម្ខាងទៀតបានចាប់ច្របាច់កកូនស្រីតូច និងបានគំរាមថា បើហ៊ានស្រែកនឹងសម្លាប់ចោលទាំង២នាក់។ បន្ទាប់មកជនសង្ស័យបានអូសស្ត្រីរងគ្រោះចូលទៅក្នុងបន្ទប់ដេក និងបានចាប់ផ្តួលទៅលើគ្រែពូក ហើយឱ្យស្ត្រីរងគ្រោះដោះសម្លៀកបំពាក់ចេញ រួចក៏ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច ព្រមទាំងបានយកទូរស័ព្ទដៃថតរូបភាពដែល ខ្លួនបានរំលោភស្ត្រីរងគ្រោះទៀតផង។

ដីកាខាងលើ បានឱ្យដឹងទៀតថា ក្រោយពេលធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច ហើយជនសង្ស័យបាននិយាយគំរាមថា បើហ៊ានយករឿងនេះ និយាយប្រាប់ប្តី ឬនរណាឱ្យដឹង នោះ រូបគេនឹងសម្លាប់ចោល និងបង្ហោះរូបភាព នេះឱ្យគេដឹងគ្រប់គ្នា។ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០ នាទីព្រឹក ខណៈដែលស្ត្រីរងគ្រោះកំពុងងូតទឹក នៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ដោយប្តីមិននៅផង នោះ ស្រាប់តែជនសង្ស័យបានលបចូលទៅចាប់រំលោភសេពសន្ថវៈដោយចាប់អូសមកផ្តួលនៅលើគ្រែពូក រួចយកខ្សែអង្រឹងចាប់ចងដៃទាំងសងខាង បន្ទាប់មក ក៏ចាប់រំលោភសេពសន្ថវៈ ស្ត្រីរងគ្រោះ រហូតដល់បានសម្រេច និងថែមទាំងបាននិយាយគំរាមពាក្យសម្លាប់ដដែលៗទៀតផង។

ក្រោយកើតហេតុ ដោយសារតែស្ត្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងប្រាប់ប្តី និងបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍។ ចំណែកជនសង្ស័យដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់ស្រមោល រហូតមកដល់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងពីកន្លែងស្នាក់នៅរបស់ជនសង្ស័យ ក៏ចុះចាប់ឃាត់ខ្លួនជាប់តែម្តង៕

RELATED ARTICLES