Thursday, May 16, 2024
Homeព័ត៌មានជាតិមេម៉ាយប្រជ្រុយស្នេហ៍ ប៉ះពោះម៉ាយប្រជ្រុយស្វាក់

មេម៉ាយប្រជ្រុយស្នេហ៍ ប៉ះពោះម៉ាយប្រជ្រុយស្វាក់

ចាស់ៗប្រាប់តៗមកថា ស្រីណាមានប្រជ្រុយ ស្នេហ៍នៅចំណុចកំបាំង នឹងបានប្តីច្រើន ចំណែក បុរសប្រជ្រុយស្វាក់មានដុះត្រង់ប្រដាប់បន្តពូជ នឹងមានប្រពន្ធរាប់ភ្លេច។ ទំនងជាដូចពាក្យ ចាស់ បានជានារីម្នាក់នេះ បានប្តី៣នាក់ ទៅហើយ ដោយសារនាងមានប្រជ្រុយស្នេហ៍ ហើយចៃដន្យក៏បានជួបបុរសប្រពន្ធ៩ ស្នេហ៍ នឹងស្វាក់ប៉ះគ្នាពុំដឹងជាជាប់លាប់រហូត ឬយ៉ាង ណាទេ…។

នាងជុំ សុធី ហៅងោល អាយុ២៨ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា នាង ជាកូនច្បង ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះ ជុំ សុខលី អាយុ៥១ឆ្នាំ ម្តាយឈ្មោះព្រាប សុណា អាយុ៥៧ឆ្នាំ។ កាលពីតូច នាងសិក្សារៀនសូត្រ បានត្រឹមថ្នាក់ទី៥ មិនទាន់ចប់បឋមសិក្សាផង ក៏ឈប់ទៅ រួចក៏រសាត់អណ្តែតចេញពីស្រុក ដើររកការងារធ្វើរហូត។ លុះមានអាយុ១៧ឆ្នាំ នាងបានសាងស្នេហ៍ទុំមុនស្រគាល ជាមួយកំលោះម្នាក់ឈ្មោះឡាន ឡា អាយុប្អូននាង៣ឆ្នាំ បន្ទាប់មកក៏បានចាស់ៗ សែនព្រេន ឱ្យយកគ្នាជាប្តីប្រពន្ធទៅ។ នាងនិងប្តីនេះ រួមរស់ជាមួយគ្នាបាន៦ឆ្នាំ បង្កើតបានកូន៣នាក់ សុទ្ធតែស្រីទាំងអស់ ក៏ជួបភាពរកាំរកូសចែកផ្លូវគ្នាដើរទៅ។ ធ្លាក់ខ្លួនជា ស្រីមេម៉ាយមួយរយៈ រ៉ាប់រងចិញ្ចឹមកូនម្នាក់ឯងពិបាកពេក នាងក៏សម្រេច ចិត្តយកប្តីទី២ ឈ្មោះរ៉ា អាយុស្របាលគ្នា ជាពោះម៉ាយអត់កូន និងរួមរស់ ជាមួយគ្នាបានជាង២ឆ្នាំ បង្កើតបានកូនប្រុស១ទៀត ក៏លែងលះគ្នាទៅ។

នាងជុំ សុធី និងកូនៗ

នាងជុំ សុធី បន្តទៀតថា ពេលធ្លាក់ខ្លួនមេម៉ាយ២ភ្លើង កូន៤នាក់ ចែកជា២ សម្បុកបែបនេះ នាងពិបាកចិត្តណាស់ ទាល់ដៃទាល់ជើងមិន ដឹងបានអីចិញ្ចឹមកូន ក៏ចេះតែចុចទូរស័ព្ទផ្សងស្នេហ៍ក្រែងមានសំណាង រកបានប្តីម្នាក់ទៀត ទុកជាខ្នងបង្អែក។ ជាចៃដន្យក៏ទូរស័ព្ទទៅប៉ះបុរស ពោះម៉ាយងងឹតភ្នែកម្នាក់ឈ្មោះសឿន វិត អាយុ៣១ឆ្នាំ ល្បីមានប្រពន្ធ ៩នាក់មកហើយ។ ពេលឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនោះ គាប់ជួនលោកវិត ទើបនឹងលែងប្រពន្ធទី៩ លុះឮសម្តីរបស់នាងតម្អូញគួរឱ្យអាណិត ធ្វើឱ្យ លោកវិត ទប់ចិត្តមិនបាន ក៏សុំស្នេហ៍នាងត្រង់ៗតែម្តង ខណៈដែលគេរស់នៅ ឯក្រុងកំពត មានមុខរបរជាអ្នកម៉ាស្សា ក្នុងហាងមួយ។ តាមពិត មូលហេតុដែល នាងអាចទាក់បានប្រុសៗ លឿនបែបនេះ ដោយសារនាងមានប្រជ្រុយស្នេហ៍នៅក្រោមសុដន់ ប៉ុនជើងធូប សូម្បីតែនាងលាត់អាវបំបៅកូន បើប្រុសណាបានឃើញច្បាស់ជាលង់ស្នេហ៍មិនខាន។ កាលនាងមេម៉ាយ លើកទី១នោះ ពេលកំពុងបំបៅកូនស្រីទី៣ (កូនប្តីទី១) បន្ទាប់ពីលែងលះគ្នាមក ក៏ស្រាប់តែប្តីទី២ ចូលមកឃើញ ក៏អង្វរនាងជួយស្អំបេះដូង នាងក៏យល់ព្រមភ្លាម ហើយពេលល្អូកល្អិន ជាមួយប្តីទី២នោះ គេឈ្លក់វង្វេងតែកន្លែងមានប្រជ្រុយហ្នឹង រហូតធ្វើឱ្យនាងមានផ្ទៃពោះបង្កើតបានកូនប្រុសទី៤។

លោកសឿន វិត (ប្តីទី០៣)

នាងជុំ សុធី បន្តទៀតថា ចំពោះបុរសទី៣ ងងឹតភ្នែកនោះ គេមើលមិនឃើញប្រជ្រុយនេះទេ តែបន្ទាប់ ពីនាងណាត់គេមកជួប ហើយឱ្យដៃផងនោះ ស្រាប់តែគេឈ្មុសឈ្មុលកន្លែងដដែលហ្នឹង ជាប់ស្នេហ៍បេះមិនចេញ។ ភ្នែកគេមើលឃើញស្ទុងៗ មិនងងឹតសូន្យសុងនោះទេ បន្ទាប់ពីនាងឱ្យដៃមក ក៏ចូលខ្លួនសែនព្រេន១ ព្រឹកទៅ ព្រោះម្នាក់ៗសុទ្ធតែមេម៉ាយពោះម៉ាយដូចគ្នា ហើយបើសិនជាថ្ងៃក្រោយ គេសាវ៉ារកគូថ្មីទៀត ក៏ស្រេច តែគេទៅ នាងមិនតាមអង្វរជាដាច់ខាត។

នាងជុំ សុធី

ដោយឡែក លោកសឿន វិត អាយុ៣១ឆ្នាំ ជាប្តីទីី៣ បានឱ្យដឹងថា លោកពិតជាធ្លាប់មានប្រពន្ធ៩នាក់ រួចមកហើយ ប្រាកដមែន។ ប៉ុន្តែមិនដែលបានរៀបការ ឬសែនព្រេនអ្វីទេ គឺយកគ្នាឆៅៗចាត់ទុកជាស្រីកំណាន់ក៏បាន។ ប្រពន្ធទាំងនោះ មានកូនស្ទើរតែគ្រប់គ្នា ពិបាករាប់ណាស់ មិនដឹងចំនួនប៉ុន្មានឱ្យប្រាកដ ព្រោះជួនកាលពេលប្រពន្ធណាមានផ្ទៃពោះពីរបីខែ ក៏លែងលះគ្នាទៅ កូនមិនស្គាល់មុខឪពុក។ មូលហេតុដែលរកបានប្រពន្ធរាប់ភ្លេចបែបនេះ មកពីមានប្រជ្រុយ ស្វាក់ដុះនៅប្រដាប់បន្តពូជ បើលោកញញឹមដាក់ស្រីណា ច្បាស់ជាស្រីនោះ លង់ស្នេហ៍មិនខាន។

ផ្ទះនាងជុំ សុធី

លោកសឿន វិត បន្តទៀតថា តាមពិតភ្នែករបស់លោកខ្មៅក្រឡែត តែមើលឃើញស្ទុងៗ ដោយសារមានជំងឺ ត្រូវបាន អង្គការមួយជួយបណ្តុះបណ្តាលមុខជំនាញម៉ាស្សា សម្រាប់យកជារបរចិញ្ចឹមជីវិត។ សព្វថ្ងៃ លោកកំពុងបម្រើការងារក្នុងហាងម៉ាស្សាដៃទិព្វ៥ នៅទីរួមខេត្តកំពត ដោយទទួលបានប្រាក់កម្រៃល្មមរស់ មិនអត្តខាត់ពេកទេ។ កាលពីអាយុ២៦ឆ្នាំ ដោយសារ លោកខិលខូចរឿងស្រីពេក ស្រាប់តែកើតជំងឺភ្នែក ព្យាបាលមិនជា ក៏ក្លាយជាពិការយ៉ាងនេះ៥ឆ្នាំមកហើយ មិនមែនខូចពីកំណើតនោះទេ។ ពាក់ព័ន្ធដល់ប្រពន្ធ ទី១០នេះ លោកត្រូវចិត្តណាស់ ព្រោះនាងប្រសប់ថ្នមប្តី ទើបលោកសម្រេចចិត្តថា នឹងយកនាងមួយជីវិត មិនលែងលះជាដាច់ខាត។

អ្នកស្រីព្រាប សុណា

អ្នកស្រីព្រាប សុណា អាយុ៥៧ឆ្នាំ អ្នកស្រីជូន ញៀន អាយុ៤៨ឆ្នាំ ជាម្តាយ និងជាញាតិខាងស្រី បានឱ្យដឹងស្របគ្នាថា នាងជុំ សុធី ពិតជាមានប្រជ្រុយ ស្នេហ៍រកប្តីបានច្រើនមែន តែស្រីសម្បួរប្តីបែបនេះ ច្រើនតែអភ័ព្វ។ ពួកគាត់សន្និដ្ឋានថា ប្តីទី៣នេះ ក៏មិន ជាប់លាប់បានយូរដែរ ព្រោះបុរសដៃទេពជំនាញ ម៉ាស្សានេះ អួតមានប្រពន្ធ៩នាក់ កូនរាប់ភ្លេច ប្រហែលជាមិនអាចទ្រាំជាមួយនាងសុធី បានយូរទេ ព្រោះនាងត្រូវការលុយមកចិញ្ចឹមកូន។

អ្នកស្រីជូន ញៀន

គួរបញ្ជាក់ថា ករណីស្រីប្រជ្រុយស្នេហ៍ប៉ះប្រុស ប្រជ្រុយស្វាក់អាចរស់នៅជាមួយគ្នាបានយូរអង្វែង បើសិនជាពួកគេមានជីវភាពធូរធារ។ ប៉ុន្តែបើខ្វះមុខ ខ្វះក្រោយ ស៊ីអត់ស៊ីឃ្លាន ហើយប្តីទៅធ្វើការឆ្ងាយ ឱ្យប្រពន្ធនៅផ្ទះបែបនេះ ច្បាស់ជាប្តីប្រជ្រុយស្វាក់នោះ លបលួចមានស្រីទៀតចៀសមិនរួច។ បុរសពិការភ្នែក ឱ្យតែចេះរកលុយ និងមានរូបរាងស្រស់សង្ហា មិនខ្វះ ទេមេម៉ាយៗសុំផ្ញើប្រាណ ប៉ុន្តែបើពិការដើរសុំទានគេ ច្បាស់ជាស្រីទាំងឡាយចៀសចេញឆ្ងាយមិនខាន…”៕

RELATED ARTICLES