Wednesday, May 15, 2024
Homeសង្គម និងជីវិតប្តីតាមទាន់ ប្រពន្ធនាំសហាយមកអុំទូកក្នុងបន្ទប់ជួល បែរជាឆ្លើយ...

ប្តីតាមទាន់ ប្រពន្ធនាំសហាយមកអុំទូកក្នុងបន្ទប់ជួល បែរជាឆ្លើយ…

ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានភាគីខាងប្តីចោទប្រកាន់ ខណៈដែលខ្លួនជាប់រវល់ចេញទៅធ្វើការងារនៅឯខេត្តកោះកុង ប្រពន្ធសង្ខើញសារ៉ុងហៅនាំសហាយមកអុំទូកដល់ក្នុងបន្ទប់ តាមទាន់ចាក់សោទ្វារពីក្រៅ រត់ចេញទៅហៅប្តឹងប៉ូលិស មកដល់សហាយ បើកទ្វាររត់គេចចេញទៅបាត់ បានត្រឹមនាំប្រពន្ធទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្រពន្ធមានឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៤៨ ជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្តី មានឈ្មោះ ហាស់ សារ៉ូត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ឯខេត្តកោះកុង មានស្រុកកំណើតនៅភូមិ ឃុំជាមួយគ្នា ។ គ្រួសារខាងមានកូនប្រុសម្នាក់ អាយុជិត២ខួប ជាចំណង់អាពាហ៍ពិពាហ៍ រស់នៅជាមួយជីដូនឯស្រុកកំណើត ។

តាមសម្តីភាគីខាងប្តីបានឲ្យដឹងថា ខ្លួនត្រូវបានឪពុកម្តាយ ចាស់ទុំផ្សំផ្គុំឲ្យមានគូរស្រករ រៀបការជាមួយស្រ្តីខាងលើ ដោយមានការទទួលស្គាល់ពីលោកមេបា ចាស់ទុំសងខាង ក្នុងអំឡុងឆ្នាំ២០១៥ កន្លងមក រហូតមកដល់ពេលនេះ មានកូនប្រុសម្នាក់ អាយុជិត២ខួបទៅហើយ ។ បុរសជាប្តីបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ ចាត់ទុកថាជាគ្រួសារថ្មីមួយ តែរស់នៅក្នុងស្ថានភាពជីវភាពបែបជាអ្នកស្រែនាយជនបទ មិនមានរបរអ្វីក្រៅពីស្រែចំការ ដើម្បីចង់កែប្រែជីវភាពគ្រួសារ ឲ្យបានសមរម្យនឹងគេ ខ្លួនសម្រេចចិត្ត ចាកចេញពីស្រុក ស៊ូឃ្លាតឆ្ងាយពីភរិយា ចាកចេញទៅធ្វើការងារ ជាជាងដែក ជាមួយសាច់ញាតិនៅឯខេត្តកោះកុង សន្សំបានលុយកាក់ បានបន្តិចបន្តួច ទើបបានមកលេងប្រពន្ធនៅឯស្រុកកំណើតម្តងម្កាល រស់នៅឆ្ងាយពីគ្នា។ រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ស្រ្តីជាប្រពន្ធ ក្រោយពីកូនខ្ចីរួច បែកគំនិត ម្យ៉ាងអផ្សុក ចង់រកការងារធ្វើដែរ ក៏សុំប្តីមករកការងារធ្វើ នាទីក្រុងភ្នំពេញ តែមិនប្រាប់ទីតាំងឲ្យស្គាល់ឡើយ ចង់ជួបមុខគ្នា មានតែណាត់តាមទូរស័ព្ទ ធ្វើដំណើរទៅជួបគ្នាឯស្រុក ។

ទង្វើរភរិយាមិនប្រាប់ទីតាំងកន្លែងស្នាក់នៅឲ្យប្តីស្គាល់បែបនេះ ជារឿងអាថ៌កំបាំងមួយ ធ្វើឲ្យប្តីងឿងឆ្ងល់ ថ្វីបើខ្លួននៅធ្វើការឯនាយក៏ដោយ ក្តីមន្ទិលសង្ស័យដាក់ជាប់ក្នុងបេះដូង សង្គមគ្រួសារក្លាយទៅជាប្រេះស្រាំ រង្គោះរង្គើរ រកាំរកុះក្នុងសង្គមគ្រួសារ ទីបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្មករ កម្មការិនីរោងចក្រ ត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាកថ្ងៃបុណ្យអុំទូក ហេតុអ្វីបានជាប្រពន្ធខ្លួនប្រាប់ថាជាប់រវល់ មិនបានទៅផ្តល់ភាពកក់ក្តៅ ឲ្យកូនប្រុសនៅឯស្រុក ទៅវិញ រួមនឹងមន្ទិលសង្ស័យផងនោះ សម្រេចចេញចេញមកពីកន្លែងធ្វើការងារ មកតាមស៊ើបសួរតាមរយៈមិត្តភក្តិអ្នកធ្លាប់ស្គាល់ ដើរស្វែងរកបន្ទប់ជួលរបស់ប្រពន្ធខ្លួនមិនបានមួយថ្ងៃផង នួនល្អងលាក់បាំងលែងជិត រកឃើញបន្ទប់ជួលរបស់ប្រពន្ធ នៅខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣ នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែវិច្ឆិកានេះ ហេតុតែចង់ដឹងច្បាស់ សុខចិត្តសំកុក អង្គុយរងចាំឃ្លាំមើល ហើយអ្វីដែលឃើញផ្ទាល់ភ្នែក បន្ទប់ជួលឃើញបុរសម្នាក់ដើរចូលទៅដេក ជាមួយ សង្ស័យក៏ឡើងទៅតាមមើលប្រទះឃើញពួកគេដេកឱបគ្នាស្អិតដូចស្ករតាំងម៉ែ ទ្រាំមិនបាន កឹបសោជាប់ពីក្រៅ រត់ទៅប្តឹងប៉ូលិស សុំការអន្តរាគមន៍ ប្រពន្ធខ្លួននាំសហាយ មកអុំទូកដល់ក្នុងបន្ទប់ជួល លុះកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ចុះទៅដល់កន្លែងកើតហេតុ ត្រូវបានបុរស ដែលភាគីខាងប្តីចោទថា ជាសហាយរបស់ប្រពន្ធខ្លួននោះ ត្រូវបានសាច់ញាតិខាងប្រពន្ធ លួចចាក់សោទ្វារឲ្យរត់គេចចេញទៅបាត់ហើយ ទើបកើតជាទំនាស់សម្តីរវាងប្តីនិងប្រពន្ធមួយប្រ៉ាវ ហើយទើបប៉ូលិសហៅនាំភាគីសងខាង ទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលវិញ ។

តែបើតាមភាគីខាងស្រ្តីជាប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា បុរសដែលចូលមកដេកលេងក្នុងបន្ទប់ជួលនោះ ត្រូវជាមិត្តភក្តិស្គាល់គ្នា ក្នុងកម្មវិធីមង្គលការ មិត្តរួមការងារនៅឯខេត្តកំពង់ស្ពឺ ស្គាល់គ្នាជាង១ខែទៅហើយ ចំពោះឈ្មោះ អត្តសញ្ញាណ នាងឆ្លើយថាមិនស្គាល់ទេ ។ ស្រ្តីដដែលបន្តទៀតថា កន្លងមក ពេលដែលរកាំរកុះក្នុងគ្រួសារ ខ្លួនទាមទារឲ្យផ្តិតមេដៃលែងលះគ្នា តែខាងប្តីមិនព្រម ហើយក្រោយពីឈប់សម្រាកពីការងារ នាថ្ងៃបុណ្យអុំទូក ខ្លួនមិនបានទៅស្រុកនោះទេ ដោយសំអាងថា ទើបតែទៅសោះ អត់មានលុយទៅស្រុកមើលកូន ទើបសង្ងំនៅផ្ទះជួល លុះនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកានេះ មិត្តប្រុសមកលេង ចូលដេកសម្រាកក្នុងបន្ទប់ ហើយខ្លួនបាន ដាក់គន្លឹះទ្វារ នៅដេកខាងក្នុងតែ២នាក់មែន តែមិនបានធ្វើអ្វី រួមរ័កគ្នាអីដូចដែលតាមប្តីចោទប្រកាន់នោះទេ បុរសម្នាក់នោះគ្រាន់តែដេកលេងឲ្យស្រួលខ្លួន មុននឹងវិលត្រឡប់ទៅវិញ គាប់ជួនប្តីខ្លួនមកដល់ ឃើញចោទប្រកាន់តែម្តង ។

តែទោះជាយ៉ាងណាក្តី ខាងប្តីនៅតែចោទប្រកាន់ថា ប្រពន្ធខ្លួននាំសហាយមកអុំទូកក្នុងបន្ទប់ជួល ទើបគេចវេសពីប្តី មិនរវល់ទៅផ្តល់ភាពកក់ក្តៅឲ្យកូននៅឯស្រុក បែរសំកុកសង្ងំយកសើយសុខ ជាមួយប្រុសថ្មី ។

ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ុស្តិ៍ ក្រោមវត្តមាននគរបាលយុត្តិធម៌ បានត្រឹមសម្របសម្រួលចៀសវាង កើតមានហឹង្សាដាក់គ្នា ចំពោះរឿងលែងលះយ៉ាងណានោះ មានតែផ្លូវច្បាប់ តុលាកាទេជាអ្នកសម្រេច អស់រយៈពេលជាង១ម៉ោង ភាគីសងខាង ឯកភាពគ្នា ដោយស្ម័គចិត្ត ធ្វើកិច្ចសន្យាផ្ទាល់ខ្លួនមួយជាបណ្តោះអាសន្ន ហើយរងចាំនាំគ្នាទៅស្រុកកំណើត ដើម្បីនិយាយគ្នាឲ្យដាច់ស្រឡះ ៕

RELATED ARTICLES