Monday, December 23, 2024
Homeព័ត៌មានជាតិប្តីនិយាយលេងជាមួយសង្សារចាស់ ប្រពន្ធខឹងណាស់ចេញក្បាច់ឆ្មា

ប្តីនិយាយលេងជាមួយសង្សារចាស់ ប្រពន្ធខឹងណាស់ចេញក្បាច់ឆ្មា

ភ្លើងប្រចណ្ឌ មានកម្តៅខ្លាំងក្លាណាស់ ធ្វើឱ្យ មនុស្សបាត់បង់វិចារណញ្ញាណ ហ៊ានប្រព្រឹត្តអំពើហិង្សា សូម្បីតែប្រពន្ធក៏ហ៊ានបំពានលើប្តី ដែរ។ ជាក់ស្តែង នារីម្នាក់នេះ ឃើញប្តីឈរនិយាយ លេងជាមួយសង្សារចាស់ នាងខឹងណាស់ ពេលទៅ ដល់ផ្ទះក៏ចេញក្បាច់ឆ្មា ក្តិចខ្ញាំខាំប្តីជាំប្រាណ លុះ ដល់ពេលយប់ ក៏ខាំថែមទៀត ធ្វើឱ្យប្តីបាក់ ស្បាតខ្លាចប្រពន្ធចេញក្បាច់ម៉ៃ ថៃសាន់ ខាំស្លឹកត្រចៀក…។

លោកចាន់ ឃឺន អាយុ៣២ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ពីទុក្ខសោករបស់ខ្លួន ត្រូវប្រពន្ធធ្វើទារុណកម្មលើរាងកាយថា លោកមានម្តាយឈ្មោះសែន ហ៊ាង អាយុ ៥៦ឆ្នាំ ឪពុកស្លាប់ និងបានរៀបការស្របច្បាប់ ជាមួយ ប្រពន្ធឈ្មោះហិន ហ៊ីម អាយុ២៣ឆ្នាំ ដោយបង្កើត បានកូនប្រុស២នាក់ ជាចំណងនិស្ស័យ។ លោកប្រាប់ មិនលាក់លៀមថា មុនពេលរៀបការជាមួយប្រពន្ធនេះ លោកធ្លាប់មានសង្សារកាលនៅរៀន កំលោះក្រមុំ ដូចគ្នា និងត្រូវជាមិត្តស្រីរបស់ប្រពន្ធទៀត ប៉ុន្តែលោក មិនបានជាជួបនាងនោះជាគូទេ បានត្រឹមស្រលាញ់ ចោលប៉ុណ្ណោះ បន្ទាប់មកក៏មានគូរស្រកររៀងៗខ្លួន។ ទោះជាអតីតសង្សារនោះមានប្តី និងកូនទៅហើយ ក៏ ប្រពន្ធលោកនៅតែប្រចណ្ឌ មិនឱ្យលោកទាក់ទងរាប់អានគ្នាជាដាច់ខាត។ សូម្បីតែលោកនិយាយលេង សើចជាមួយស្រីផ្សេងទៀត ក្រៅពីអតីតសង្សារ ក៏ប្រពន្ធនេះហាមឃាត់ដែរ គ្រាន់តែមិនសូវខឹងខ្លាំងដូច ពេលនិយាយគ្នាជាមួយសង្សារចាស់។

នាងហិន ហ៊ីម

លោកចាន់ ឃឺន បន្តទាំងក្រៀមក្រំ មានស្នាម ក្តិចខ្ញាំពេញខ្លួនថា ថ្ងៃមួយ លោកចេញពីផ្ទះ ក៏បានជួបអតីតសង្សារដោយចៃដន្យ (សុំមិនប្រាប់ឈ្មោះ) ក៏ឈរជជែកគ្នាលេងជាមួយនាងក្បែរមាត់អូរខ្យង ដោយមិនពាក់ព័ន្ធនឹងរឿងស្នេហាអ្វីទេ។ កាលនោះ ប្រពន្ធ និងកូនប្រុសលោកក៏ទៅដែរ ហើយគាប់ជួន កូនប្រុសរអិលជើងធ្លាក់ទឹកអូរតែមិនធ្ងន់ធ្ងរទេ ព្រោះ ខែប្រាំងទឹករាក់ តែប្រពន្ធនៅក្បែរនោះ មិនព្រមលើកកូន ព្រោះរវល់តែប្រចណ្ឌ។ ភ្លាមនោះ លោកក៏ស្ទុះ ទៅលើកកូន ដោយស្តីបន្ទោសប្រពន្ធ ដែលមិនខ្វល់ ពីរឿងកូន តែបែរជាខ្វល់រឿងលោកជជែកគ្នាជាមួយ អតីតសង្សារទៅវិញ។ ភ្លាមនោះ ប្រពន្ធក៏ផ្ទុះភ្លើងកំហឹងឈ្លោះប្រកែកជាមួយ លោកមួយប្រាវទៅ រួចនាងដើរទៅផ្ទះយ៉ាងលឿន។ ពេលទៅដល់ផ្ទះ ក៏នាង មិនរវល់ធ្វើបាយទឹកអ្វីដែរ គិតតែពីជេរច្រាសឆ្អេះលោក លុះលោកទៅដល់ ស្រាប់តែនាងស្ទុះមកប្រតាយប្រតប់ចេញក្បាច់ឆ្មា ក្តិចខ្ញាំលោកដោយ ក្រចកស្រួចៗ បណ្តាលឱ្យដាច់រលាត់ស្បែករយះចេញឈាមពេញខ្លួន។

លោកចាន់ ឃឺន

បុរសជាប្តីបន្តទៀតថា លុះពេលរាត្រីចូលមកដល់ លោកបើកមុង ចូលដេកទន្ទឹមនាង ស្រាប់តែនាងចេញក្បាច់ម៉ៃ ថៃសាន់ បញ្ចោញចង្កូមដ៏ ស្រួចខាំស្មាលោកចេញឈាមរ៉ាវ។ កុំតែលោកផាត់ទាន់ កុំអីនាងខាំដាច់ ស្លឹកត្រចៀកបាត់ទៅហើយ ដោយមិនអាសូរប្តីបន្តិចណាសោះ លុះខាំរួច នាងក៏រត់ទៅដេកផ្ទះម៉ែ ដោយមិនខ្វល់ពីកូន និងប្តី។ កន្លងមកឱ្យតែនាងប្រចណ្ឌម្តងៗ លោកពិបាកលួងណាស់  ជួនកាលនាងខឹង៣-៤ថ្ងៃ ចុកក្បិនយ៉ាងតឹងមិនឱ្យរបូតបាន បើប្តីហ៊ានលូក នាងចាប់ដៃបានក៏ខាំដៃ ឬក៏ចេញ ក្បាច់ឆ្មា រយះរយាយដើមទ្រូងមិនខានឡើយ។ ជាតិនេះ លោកអភ័ព្វណាស់ មិនគួរប្រពន្ធធ្វើបាបអត់អាសូរ តែក៏មិនដាច់ចិត្តលែងលះអ្វីដែរ ដោយចាត់ទុកថា អ្វីៗជាកម្មរបស់លោកទៅចុះ។

ផ្ទះនាងហិន ហ៊ីម

ដោយឡែក នាងហិន ហ៊ីម អាយុ២៣ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងពិតជាខឹងប្តីនេះ មែន គឺមកពីប្តីផ្គើននាងពេក ដឹងថា នាងមិនចូលចិត្តកន្លែងណា គេទៅកន្លែងហ្នឹង។ នាង មិនចង់ឱ្យប្តីនេះទៅនិយាយលេងសើចជាមួយស្រីដទៃទេ ព្រោះនាំឱ្យមានសៅហ្មង ជាពិសេស សង្សារចាស់របស់គេនោះ មានប្តីទៅហើយ មិនគួរទៅជជែក គ្នានៅកន្លែងស្ងាត់ វាមិនសមភ្នែកញាតិទេ។ បើស្រីដទៃក៏នាងមិនប្រចណ្ឌដែរ តែជាមួយអតីតសង្សារនោះ ត្រូវតែប្រយ័ត្នទើបបាន ព្រោះជួនកាល ប្តីនាងនោះ ទាស់ជាមួយប្រពន្ធគេ តើនឹងក្លាយជាយ៉ាងណា? នាងមិនកំណាញ់ខ្លួនប្រាណ ទេ តែបើប្តីធ្វើឱ្យខឹងក៏គ្មានអារម្មណ៍ជាមួយគ្នាទេ ហើយក៏មិនបាច់លួងលោម អ្វីដែរ នាងចេះពិចារណាខ្លួនឯងហើយ។ ដូច្នេះបើប្តីនេះចង់រួមរស់ជាមួយ គ្នាឱ្យមានសុភមង្គល ត្រូវឈប់ធ្វើអ្វីឱ្យនាងខឹងតទៅទៀត ហើយអ្វីដែល នាងហាម កុំផ្គើនឱ្យសោះ បើនៅតែនិយាយគ្នាមិនស្តាប់ លើកក្រោយកាន់តែ ធ្ងន់ជាងនេះទៀត។

លោកអ៊ាម ភាង

អ្នកស្រីមាស ហោ អាយុ៤៨ឆ្នាំ និងអ្នកស្រីរស់ ហេន អាយុ៤៣ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា គ្រួសារមួយនេះ មានជម្លោះផ្តើមចេញ ពីរឿងប្រចណ្ឌ ព្រោះតែប្រពន្ធឆ្នាសដូចម្ទេសទុំ។ អ្នកភូមិណាក៏ដឹងដែរថា បុរសជាប្តីនេះស្លូតណាស់ ឯភាគីប្រពន្ធឆាប់ខឹងច្រឡោត ជាពិសេស នាង ចង់គ្រប់គ្រងប្តីតែម្តង ក៏ព្យាយាមបង្ក្រាបប្តីឱ្យរាបដូចកន្ទេល បើនាងបញ្ជាឆ្វេង ត្រូវទៅឆ្វេង បើឱ្យបត់ស្តាំត្រូវទៅស្តាំ។

អ្នកស្រីមាស ហោ

លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា បើតាមលោកអង្កេតល្អិតល្អន់ ទៅ នាងហិន ហ៊ីម ចូលចិត្តរករឿងប្តីណាស់ ដូចជាជ្រុលបន្តិចហើយ។ កន្លងមក លោកចាន់ ឃឺន ជាប្តីនោះ ប្រឹងប្រែងរកស៊ីមិនទំនេរ ​ដៃទេ អ្នកណាក៏សរសើរដែរ ជាពិសេស ចាស់ៗឱ្យ តម្លៃគ្រប់គ្នា។ ដូច្នេះបើនាងប្រពន្ធមិនចោលក្បួន ក្តិចខ្ញាំប្តីឱ្យដាច់សាច់ចេញឈាម ចង់ត្រួតពីលើប្តី នោះ បើមានបញ្ហាទៅថ្ងៃក្រោយ ដូចជាប្តីប្តឹងលែង ជាដើម ច្បាស់ជានាងពិបាកដោះស្រាយហើយ។

អ្នកស្រីរស់ ហេន

គួរបញ្ជាក់ថា មូលហេតុនៃរឿងប្រចណ្ឌ គឺ បណ្តាលមកពីស្រលាញ់ខ្លាំង ដោយចង់ហួងហែង គូជីវិតមិនឱ្យពាក់ព័ន្ធជាមួយប្រុស ឬស្រីផ្សេង។ ជួនកាលប្តីប្រចណ្ឌប្រពន្ធខ្លាំងឈានដល់ប្រើអំពើហិង្សា បើសិនជាប្រពន្ធមិនព្រមឱ្យខ្លួនសម្រេចតណ្ហា ក៏ចោទថា ទុករបស់របរនោះឱ្យសហាយ។ ជួនកាលទៀត ប្រពន្ធប្រចណ្ឌប្តីខ្លាំង វ៉ៃមិនឈ្នះប្តី ក៏អាចប្រតាយប្រតប់ក្តិចខាំខ្ញាំត្របាក់ឱ្យដាច់សាច់ចេញឈាម។ ការប្រចណ្ឌបែបនេះ មិនគួរយកមកដាក់ខ្លួនទេ ព្រោះ វានាំឱ្យប្រេះស្រាំសុភមង្គលស្នេហ៍ ឈានដល់ការ លែងលះគ្នា នាំឱ្យកូនព្រាត់ប្រាសឪពុកម្តាយ។ ហេតុនេះ គួរតែនាងហិន ហ៊ីន ព្យាយាមជម្រុះសកម្មភាពបំពាន ទៅលើប្តី ឯប្តីក៏គួរសម្របតាមភរិយាខ្លះៗទៅ បើដឹងថា ប្រពន្ធមិនចូលចិត្តកន្លែងណា យើងកុំទៅពាក់ព័ន្ធ ព្រោះចរិតស្រីប្រចណ្ឌមិនងាយកែទេ។ បើប្តីប្រពន្ធ អាចធ្វើយ៉ាងនេះបាន សុភមង្គលស្នេហ៍នឹងវិលមកវិញ និងរកស៊ីកាក់កបចម្រុងចម្រើន តែបើកែមិនបាន នឹង ស្គាល់តែភាពក្រីក្រមួយជីវិត…”៕

RELATED ARTICLES