Monday, December 23, 2024
Homeព័ត៌មានជាតិកម្មអ្វីបានប្តី៣ មិនសមប្រកប

កម្មអ្វីបានប្តី៣ មិនសមប្រកប

ជាទូទៅ នារីខ្មែរ ប្រាថ្នាចង់ បានតែគូជីវិតប្តី១ ប្រពន្ធ១ មិន ចង់បានពីរបីនោះទេ ប៉ុន្តែព្រហ្មលិខិតកំហិត វាសនាឱ្យនារីខ្លះ មានប្តីបីបួន បង្កើតបានកូនជា ច្រើនសម្បុក ស្គាល់តែទឹកភ្នែក។ ជាក់ស្តែង នារីម្នាក់នេះ ពុំដឹងជាកម្មអកុសលអ្វីបានប្តី៣នាក់ ជាបន្តបន្ទាប់ មិនសមប្រកបសោះ ហើយប្តីទី៣ សព្វថ្ងៃ កំពុងឱ្យទុក្ខជាងប្តីមុនៗទៅទៀត…។
នាងសោម ញ៉ាញ់ អាយុ៣៦ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូប នាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះសោ ម៉ៅ អាយុ៦៨ឆ្នាំ។ នាងធ្លាប់បានរៀនសូត្រចេះដឹងបន្តិចបន្តួច ក៏ឈប់ទៅ រួចក៏នៅតែផ្ទះជួយការងារស្រែចម្ការឪពុកម្តាយ។ លុះអាយុ បាន២០ឆ្នាំ ម៉ែឪបានលើកនាងឱ្យមានប្តីឈ្មោះពៅ អាយុស្របាលគ្នា ដោយរៀបការពីកំលោះក្រមុំដូចគ្នា។ ពួកនាងរួមរស់បានតែ២ឆ្នាំ បង្កើតបានកូនស្រី១ ក៏ជួបភាពរកាំរកូសដាច់ដោចគ្នាទៅ ព្រោះតែប្តីរញុំរញ៉ូវ ពូកែប្រចណ្ឌពេក។ នាងទំនេរកាយមួយរយៈ ក៏មានទំនាក់ទំនងស្នេហាជាមួយ កំលោះម្នាក់ទៀត ឈ្មោះទូច ក៏យកគ្នាជាប្តីប្រពន្ធទៅ ដោយពុំបាន សែនព្រេន ឬរៀបការអ្វីឡើយ ព្រោះតែទាល់ច្រករឿងលុយកាក់។ នាងរួមរស់ជាមួយប្តីទី២នេះ បានរយៈពេល១២ឆ្នាំឯណោះ ដោយបង្កើតបានកូន២នាក់ទៀត (ប្រុស១ ស្រី១) ដោយ ទទួលស្គាល់ថា ប្តីទី២នេះ ពូកែរកស៊ី និងប៉ិនថ្នាក់ថ្នមប្រពន្ធណាស់។ ជាអកុសល ពេលគេវិលត្រឡប់មកពីរកស៊ីនៅ ប្រទេសថៃ ក៏ធ្លាក់ខ្លួនមានជំងឺធ្ងន់ ព្យាបាលមិនជា ក៏ ទទួលមរណភាពទៅ ទុកឱ្យនាងរស់រងវេទនា សែនស្តាយកាយប្តីជាពន់ពេក។

លោកស្វាយ ឈ្ងាន់

នាងសោម ញ៉ាញ់ បន្តទៀតថា បន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយ២ ភ្លើងមក នាងចេះតែពិចារណាថា ធម្មតាស្រីត្រូវតែមានប្តីជាទីពឹង ជាទីបង្អែក បើនៅមេម៉ាយចំណាយមាត់គេ។ នាងនៅកម្លាំងពេញខ្លួន ត្រូវតែយកប្តីទៀត តែបើរកកំលោះ ប្រហែលជាគ្មានកំលោះណា បេតីទេ លុះត្រាតែរកពោះម៉ាយ ទើបសមគ្នា។ ស្របពេលនោះ ក៏ មានបុរសម្នាក់ ឈ្មោះស្វាយ ឈ្ងាន់ អាយុប្អូននាង១ឆ្នាំ ធ្លាប់មាន ប្រពន្ធ និងកូន៣នាក់ ប៉ុន្តែគេបានលែងលះប្រពន្ធដើមនោះទៅហើយ ក៏មានឈ្មោះជាពោះម៉ាយកូន៣។ កាលនោះ អ្នកភូមិចេះតែផ្គូផ្គង លោកឈ្ងាន់ និងរូបនាងដែលជាពោះម៉ាយមេម៉ាយកូន៣ដូចគ្នា រហូតដល់បុរសនោះ ចូលមកដល់ផ្ទះនាង សាកសួរដោយផ្ទាល់។ ដោយ ចិត្តអន្ទះសាចង់បានប្តីដែរនោះ មិនចាំឱ្យបុរសពោះម៉ាយចែចង់ បានយូរទេ នាងក៏យល់ព្រមទាំងញញឹមបិទមាត់មិនជិត ដោយតម្រូវ ឱ្យគេរករណ្តាប់ផ្សេងៗ មកសែនព្រេន១ព្រឹក បានគ្នាជាប្តីប្រពន្ធទៅ។

នាងសោម ញ៉ាញ់ និងកូនៗ

នាងសោម ញ៉ាញ់ ត្អូញត្អែរថា ហេតុតែខានយូរជូរមាត់ដូចគ្នា គ្រាន់តែផ្សំដំណេកភ្លាម ប្តីពោះម៉ាយដ៏ប្រសប់បានធ្វើឱ្យនាងមាន ផ្ទៃពោះ ព្រោះតែធាតុត្រូវគ្នា។ មុនដំបូង ប្តីស្រលាញ់ថ្នាក់ថ្នមនាងណាស់ ពេលគេរកលុយបាន ប្រគល់ឱ្យនាងទុកដាក់ទាំងអស់ និងឧស្សាហ៍ ព្យាយាមរកស៊ី មិនខ្ជិលច្រអូសឡើយ។ លុះនាងមានកូនខ្ចី រវល់តែ យោលអង្រឹងកូន ដោយសង្ឃឹមប្តីរកលុយចិញ្ចឹម ស្រាប់តែខកចិត្ត ព្រោះពេលគេរកលុយបាន ក៏យកទៅចិញ្ចឹមកូនដើម ទាំង៣របស់គេឯណោះ។ គេតែងធ្លាយសម្តីថា គេ មិនល្ងង់មករកស៊ីចិញ្ចឹមកូនអ្នកដទៃទេ ព្រោះកូនគេ មិនដូចកូនឯង។ រហូតមកដល់សព្វថ្ងៃ រួមរស់ជាមួយ គ្នាបានជាង២ឆ្នាំហើយ កូនស្រីជាឈាមរបស់ប្តី ទី៣នេះ ក៏នៅបៅ មិនអនុគ្រោះឱ្យនាងចេញទៅរកស៊ី បានឡើយ ដោយនៅតែផ្ទះថែរក្សាកូន។ ប្តីទី៣នេះ ពុំត្រឹមកាន់លុយខ្លួនឯង និងគិតតែកូនខ្លួននោះទេ ជួនកាល គេវាយធ្វើបាបកូនរបស់នាងថែមទៀត ធ្វើឱ្យសុភមង្គលគ្រួសារ ត្រូវរលាយបន្តិចម្តងៗ។ ការបែងចែកប្រកាន់កូនដើមកូនចុងនេះ ពុំដឹងជាថ្ងៃ ណាដោះស្រាយរួចទេ ដែលថ្ងៃខ្លះ គេមកពីផឹកវិញ រអ៊ូង៉ូវៗ ជួនកាលក៏ចេញទៅធ្វើសំណង់បាត់ យប់ ព្រលប់ទើបមកដល់ គ្មានលុយមកឱ្យនាងដូចមុនទេ។

លោកយាយសំ ហន អាយុ៦៤ឆ្នាំ និងនាងអ៊ុក ហួន អាយុ៣៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា នាងសោម ញ៉ាញ់ ពិតជាកំពុងរស់រង វិបត្តិដោយសារប្តីទី៣នេះមែន។ ពុំដឹងជាកម្មអកុសល អ្វី នាងបានប្តី៣នាក់ មិនសមប្រកបសោះ ហើយ ប្តីណាក៏មានកូនជាមួយគ្នាដែរ បង្កើតបានជាកូន៣ សម្បុកឯណោះ។ សព្វថ្ងៃ ប្តីទី៣ រកលុយបានសម្រាប់ តែផ្គត់ផ្គង់កូនដើមឯណោះ ព្រោះត្រូវចំណាយលើ ការសិក្សា ឯឪពុកជាកម្មករសំណង់ត្រូវរែកពុនមួយ ចប់ ច្បាស់ជាធ្ងន់ទៅខាងឈាមរបស់គេហើយ។

លោកយាយសំ ហន

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីលោកស្វាយ ឈ្ងាន់ អាយុ៣៥ឆ្នាំ ជាប្តីបាន ឡើយ ព្រោះទូរស័ព្ទមិនចូលសោះ គ្រាន់តែដឹងថា គាត់ រវល់ចេញទៅធ្វើសំណង់ឆ្ងាយពីភូមិ។
រីឯអ្នកស្រុកមួយចំនួន ក៏បានឱ្យដឹងស្របគ្នាថា បើបន្ទោសប្តីទាំងស្រុង ក៏មិនកើតដែរ ព្រោះប្តីទី៣ នោះ មានប្រាក់ចំណូលតិច ហើយបើសិនជាខ្លួនមិន យកទៅផ្គត់ផ្គង់កូនដើម ឬជាឈាមរបស់ខ្លួននោះ ច្បាស់ជារងដំណៀលថា ជាឪពុកគ្មានព្រហ្មវិហារធម៌ មិនខាន។ ឪពុកដែលមិនចិញ្ចឹមកូន ឬបោះបង់កូន ចោលនោះ លុះកូនដុះស្លាប ច្បាស់ជាមិនសូវស្គាល់ ឪពុក ហេតុនេះគួរតែភាគីប្រពន្ធកុំចង្អៀតចង្អល់ពេក នៅពេលប្តីយកលុយទៅឱ្យកូនរបស់គេនោះ។

នាងអ៊ុក ហួន

គួរបញ្ជាក់ថា ទស្សនៈរបស់អ្នកភូមិខាងលើនេះ ជារឿងត្រឹមត្រូវណាស់ ព្រោះទោះជាប្តីប្រពន្ធ លែងលះគ្នា ក៏នៅជាប់កូនជាចំណងនិស្ស័យ មិន អាចកាត់ផ្តាច់បានឡើយ។ ដូច្នេះលោកស្វាយ ឈ្ងាន់ ត្រូវតែបំពេញតួនាទីជាឪពុក មិនត្រូវភ្លេចកូនខ្លួន នោះទេ ឯកូនគេ ឬកូនរបស់ប្រពន្ធក្រោយនោះ ក៏ ត្រូវតែជួយចិញ្ចឹមរហូតដុះស្លាប ទើបកូនទាំងអស់ ទទួលស្គាល់គុណឪពុក។ ហេតុនេះគួរតែនាងសោម ញ៉ាញ់ ព្យាយាមអត់ធ្មត់ឱ្យដល់កម្រិត កុំបំបិទសិទ្ធិ ប្តីក្នុងការយកលុយទៅឱ្យកូន ទើបប្តីស្គាល់គុណធម៌ របស់នាង តែបើនាងចង្អៀតចង្អល់បែបនេះ អាចនឹង ប្រេះស្រាំសុភមង្គលមិនខានឡើយ…”៕

RELATED ARTICLES