ខេត្តកំពត ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានទាក់ទងស្នេហាគ្នាតាមទូរស័ព្ទ រហូតដល់ខាងប្រុសតែងឡើងចុះផ្ទះខាងស្រីជាញឹកញាប់ លុះស្របពេលដែលម្តាយខាងស្រីបើកដៃផ្តល់ឱកាសឱ្យផងនោះ ទើបកូនស្រីយល់ព្រមបូជាព្រហ្មចារីជូនប្រុសថ្លើមថ្លៃដល់លើផ្ទះរបស់ខ្លួនតែម្តង លុះក្រោយពីក្រេបរសជាតិស្នេហ៍បាន១ខែ ទើបខាងប្រុសនាំម្តាយរបស់ខ្លួនមករៀបចំសែនព្រេនមួយព្រឹកយកគ្នាជាប្តីប្រពន្ធរហូតមក។
នាងឈាន់ ស្រីលាក់ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាព្រំ ឃុំមានជ័យ ស្រុកឈូក តែសព្វថ្ងៃរស់នៅខាងប្តី នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ បានរៀបរាប់ប្រាប់ថា នាងជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រី២នាក់។ កាលពីតូចនាងរៀនសូត្របានត្រឹមចប់បឋមសិក្សា ចេះអានចេះសរសេរខ្លះៗ ក៏ឈប់រៀនវិញ ដើម្បីជួយធ្វើការងារស្រែចម្ការជំនួសដៃជើងឪពុកម្តាយ។ បន្ទាប់មក នាងក៏បានចេញទៅធ្វើការបម្រើតាមផ្ទះឱ្យគេនៅទីក្រុងភ្នំពេញ បានប៉ុន្មានឆ្នាំ ទើបវិលត្រឡប់មកធ្វើការងារស្រែចម្ការនៅផ្ទះវិញ។
នាងឈាន់ ស្រីលាក់ បានបន្តថា លុះក្រោយពីធំដឹងក្តីពេញវ័យក្រមុំមក មានកំលោះៗក្នុងភូមិ បានចោមស្រលាញ់នាងច្រើនដែរ តែនាងហាក់មិនចាប់អារម្មណ៍សោះ អាចនិយាយថា គ្មាននិស្ស័យ ឬមិនទាន់ដល់គូ ក៏ថាបាន។ ស្រាប់តែក្រោយមានមិត្តភក្តិរបស់នាងម្នាក់ បានឱ្យលេខទូរស័ព្ទរបស់នាងទៅឱ្យយុវជនម្នាក់ ឈ្មោះសុន វិសិត អាយុ២០ឆ្នាំ (ប្តីរបស់នាងសព្វថ្ងៃ) ពេលនោះ កំលោះវិសិត បានទាក់ទងទូរស័ព្ទមកនាង ដំបូងឡើយ នាងស្មានថាច្រឡំលេខ ទើបប្រាប់ថា ពូច្រឡំលេខហើយ តែភ្លាមនោះ ខាងប្រុសបាននិយាយថា គេមិនច្រឡំលេខទេ តែគេចង់សុំរាប់អាននាងផងបានទេ? នាងទទួលស្គាល់ថា គ្រាន់តែស្តាប់សម្តីរបស់គេភ្លាម នាងមានអារម្មណ៍ថា ហាក់មាននិស្ស័យជាមួយគ្នាខ្លាំងណាស់ និងយល់ព្រមទទួលគេជាមិត្តភក្តិតាមទូរស័ព្ទ បានទូរស័ព្ទសាកសួរនិយាយគ្នា លេងសើចជារៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន ខាងប្រុសបានសារភាពស្នេហ៍ប្រាប់នាងត្រង់ៗធ្វើឱ្យនាងហាមាត់ប្រកែកមិនរួចសោះឡើយ។
នាងស្រីលាក់ បានឱ្យដឹងទៀតថា បន្ទាប់ពីទាក់ទងស្នេហាអូនបងតាមទូរស័ព្ទបាន១ខែកន្លះ កំលោះសុន វិសិត ស្រាប់តែក្លាហានតាមមករកនាងដល់ផ្ទះ ទាំងដែលម្តាយនាងនៅជ្រងោ ហើយគេថែមទាំងហ៊ានសុំម្តាយនាងត្រង់ៗថា គេស្រលាញ់នាងខ្លាំងណាស់ និងសុំមកលេងផ្ទះនេះឱ្យបានញឹកញាប់ផង រីឯម្តាយរបស់នាង ក្រោយពីសួរនាំដឹងថា កំលោះវិសិត មិនទាន់មានប្រពន្ធកូន និងមានការងារធ្វើសមរម្យ ក៏យល់ព្រមទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាល។
នាងស្រីលាក់ បានបញ្ជាក់ប្រាប់ថា កាលណោះម្តាយរបស់នាងហាក់ពេញចិត្តនឹងទទួលយកកំលោះវិសិត នេះជាកូនប្រសាខ្លាំងណាស់ ដោយម្តាយថែមទាំងបានបើកដៃផ្តល់ឱកាសឱ្យកំលោះវិសិត ចូលមកកៀកកិតជិតនាងនៅក្នុងផ្ទះទៀតផង។ លុះយូរទៅ ដូចពាក្យថា ស្រមោច និងស្ករ នៅក្បែរគ្នាយូរ រឿងអីទ្រាំបាន? ហេតុនេះ រវាងពួកនាងក៏ដូចគ្នា ដោយសារតែអំណាចភ្លើងស្នេហ៍បានឆាបឆេះ ទ្រាំលែងបាន ទើបឈានដល់ការជ្រុលជ្រួសរំលងហួសប្រពៃណី ដោយនាងសុខចិត្តលះបង់ព្រហ្មចារីយ៍ជូនប្រុសថ្លើមថ្លៃ ដោយគ្មានស្តាយស្រណោះ ហើយពួកនាងបានដឹកដៃគ្នាឡើងឋានសួគ៌នៅលើផ្ទះរបស់នាងតែម្តង ចំណែកម្តាយរបស់នាងក៏បានដឹងដែរ តែគាត់មិនបានស្តីថា ឬបន្ទោសអ្វីទាំងអស់ ហេតុនេះទើបធ្វើឱ្យពួកនាងបានចិត្តស្គាល់រសជាតិស្នេហ៍ម្តងញ៉ាមដូចស៊ីក្តាមដុត ក៏ចេះតែរួមរ័កគ្នាជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។
នាងស្រីលាក់ បានបន្ថែមថា លុះក្រោយពីបានខ្លួនប្រាណគ្នាជាង១ខែរួចមក ទើបខាងប្រុសបានសម្រេចនាំឪពុកម្តាយរបស់គេចូលមកជួបម្តាយរបស់នាង ហើយពួកនាងទាំង២នាក់ បានសារភាពនៅចំពោះមុខចាស់ទុំ ថាពួកយើងស្រលាញ់គ្នាស្ម័គ្រស្មោះណាស់ រហូតបានបូជាចិត្តកាយជូនគ្នាទៅហើយ។ ចំណែកឪពុកម្តាយទាំងសងខាង ក៏មិនបានថាអ្វីដែរ គ្រាន់តែនិយាយថា បើអង្ករក្លាយទៅជាបាយហើយ មានតែផ្សំផ្គុំឱ្យពួកនាងបានគ្នាជាប្តីប្រពន្ធតែម្តងទៅ ប៉ុន្តែដោយសារជីវភាពខ្វះខាតដូចគ្នា ទើបគ្រាន់តែរៀបសំសែនព្រន បាយសម្លមួយស្ពក និងរៀបចំមួយព្រឹកប៉ុណ្ណោះ ដើម្បីចៀសវាងកុំឱ្យមេបាទាំងសងខាងខឹងសម្បា រួចក៏រួមរស់នឹងគ្នារហូតដល់សព្វថ្ងៃ ដោយនាងបានចេញមករស់នៅផ្ទះខាងប្តីអស់រយៈពេលជាង៣ខែមកហើយ។
លោកសុន វិសិត អាយុ២០ឆ្នាំ ជាប្តី បានឱ្យដឹងថា តាមពិតរវាងរូបគេនឹងប្រពន្ធបានស្គាល់គ្នាតាមទូរស័ព្ទ លុះពេលរូបគេតាមទៅជួបនាង (ប្រពន្ធ) ដល់ផ្ទះ ស្រាប់តែម្តាយរបស់នាងបានបើកដៃហុចឱកាសពួកគេនៅស្ងាត់តែ២នាក់ញឹកញាប់ពេក ធ្វើឱ្យរូបគេទ្រាំមិនបាន ក៏សុំនាងរួមរ័កភ្លក្សរសជាតិស្នេហ៍ លុះបានស្គាល់ម្តង ញៀនញ៉ាមដូចស៊ីក្តាមដុត ក៏ចេះតែមានលើកក្រោយៗទៀត រហូតដល់ក្រោយមករូបគេក៏នាំឪពុកម្តាយទៅចែចូវយកនាងជាប្រពន្ធត្រឹមត្រូវ ព្រោះរូបគេពិតជាស្រលាញ់ប្រពន្ធនេះខ្លាំងណាស់ មិនមែនគ្រាន់តែចង់បាននាងជាស្រីលេងសើចនោះទេ ប៉ុន្តែដោយសារលទ្ធភាពមិនអាចរៀបការឱ្យធំដុំដូចគេឯងបាន ទើបពួកគេបានត្រឹមសែនយកគ្នាជាប្តីប្រពន្ធប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ពួកគេរួមរស់នឹងគ្នាមានសុភមង្គលល្អខ្លាំងណាស់៕