Monday, January 20, 2025
Homeសន្ដិសុខសង្គមអីក៏ថ្លើមធំម៉្លេះ!!! រកសង្សារមិនឃើញ រត់សម្រុកចូលព្រះបរមរាជវាំង

អីក៏ថ្លើមធំម៉្លេះ!!! រកសង្សារមិនឃើញ រត់សម្រុកចូលព្រះបរមរាជវាំង

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំ បានស្ទុះរត់សម្រុកចូលទៅក្នុងព្រះបរមរាជវាំងទាំងកណ្តាលអធ្រាត្រ លុះសមត្ថកិច្ចឃាត់សួរនាំ បែរជាប្រាប់ថា រូបគេមកតាមរកសង្សារ ហើយទោះជាសមត្ថកិច្ចហាមឃាត់យ៉ាងណាក៏បុរសរូបនោះនៅតែព្យាយាមសម្រុកចូល ទើបត្រូវសមត្ថកិច្ច៣-៤នាក់ចាប់ឃាត់សឹងមិនឈ្នះ និងធ្វើឱ្យបុរសរូបនោះកញ្ជ្រោលដួលទៅប៉ះខឿនសួនច្បារបែកក្បាលខ្លួនឯង។

ហេតុការណ៍បុរសបែករត់សម្រុកចូលព្រះបរមរាជវាំងទាំងកណ្តាលអធ្រាត្រ រួចប្រាប់ថាតាមរកសង្សារនេះ បានបង្កឱ្យមានការភ្ងាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។

បុរសដែលចង់ចូលទៅក្នុងព្រះបរមរាជវាំងដើម្បីតាមរកសង្សារនេះ មានឈ្មោះចាន់ គ័ង្គ អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែចម្ការ មានលំនៅ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចដែលយាមប្រចាំការនៅមុខព្រះបរមរាជវាំង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសសង្ស័យខាងលើ ដែលទំនងជាមនុស្សបែកថ្នាំ បានព្យាយាមដើររកចូលទៅក្នុងព្រះបរមរាជវាំង លុះពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យរូបនោះ បានឆ្លើយថា រូបគេចង់ចូលទៅតាមរកសង្សាររបស់គេនៅក្នុងនោះ។ ឮបែបនេះ សមត្ថកិច្ចបានព្យាយាមពន្យល់ប្រាប់ជនសង្ស័យថា មិនមានសង្សារប្អូននៅក្នុងនេះទេ ហើយទីនេះ គឺជាព្រះបរមរាជវាំង ប៉ុន្តែទោះជាខំពន្យល់ប្រាប់យ៉ាងណា ក៏ជនសង្ស័យមិនព្រមស្តាប់ និងចេះតែអះអាងថា សង្សាររបស់គេ នៅក្នុងនោះ ហេតុនេះគេត្រូវតែចូលទៅក្នុងឱ្យទាល់តែបាន។

ប្រភពដដែលបន្តថា ដោយឃើញសភាពមិនស្រួលបែបនេះ ទើបសមត្ថកិច្ចបានប្រមូលផ្តុំកម្លាំង៣-៤នាក់ មកឃាត់ជនសង្ស័យ តែត្រូវជនសង្ស័យនៅតែព្យាយាមសម្រុកចូលព្រះបរមរាជវាំង ដោយជនសង្ស័យរូបនេះ មិនដឹងជាមានកម្លាំងមកពីណា ពិតជាខ្លាំងណាស់ សូម្បីសមត្ថ កិច្ច៣-៤នាក់ចាប់សឹងតែមិនជាប់។ លុះដោយសារតែជនសង្ស័យកញ្ជ្រោលខ្លាំងពេក ទើបធ្វើឱ្យដួលបោកក្បាលទៅនឹងខឿនសួនច្បារ បណ្តាលឱ្យរបួសបែកក្បាលហូរឈាមដោយខ្លួនឯងបែបនេះតែម្តង។

ក្រោយពេលកើតហេតុ អ្នកសារព័ត៌មាន យើងបានសួរបុរសសង្ស័យខាងលើថា ហេតុអ្វីបានជាព្យាយមចូលក្នុងព្រះបរមរាជវាំង ស្រាប់តែជនសង្ស័យបានប្រាប់ថា ដោយសារគាត់ចង់ចូលទៅតាមរកសង្សាររបស់គាត់។

បច្ចុប្បន្នបុរសខាងលើនេះ ត្រូវបានមេប៉ុស្តិ៍ជ័យជំនះដឹកយកទៅទុកនៅសាលាខណ្ឌដូនពេញសិន ដើម្បីរងចាំគោលការណ៍ពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយពេលក្រោយ៕

RELATED ARTICLES