មនុស្សម្នាក់ៗកើតមក ខ្លះមានសំណាង ខ្លះអភ័ព្វតាំងពីតូច សូម្បីរឿងស្នេហា ក៏កម្សត់វេទនាដេកខ្ទមរខេករខាកដែរ ខណៈដែលអ្នកមានសំណាង ស្គាល់តែគ្រែពូកខ្នល់ខ្នើយ។ ដោយឡែកគូស្នេហ៍កម្សត់នេះ រៀបការរួច នាំគ្នាផ្សំដំណេកក្នុងខ្ទមស្លឹកធ្លុះធ្លាយ រកស៊ីត្រដាបត្រដួស បង្កើតបានកូន១ ត្រូវជីតាយកទៅជួយចិញ្ចឹមទៀត…។
នាងវ៉ន សម្ផស្ស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិពោន ឃុំតាឡាច ស្រុកទ្រាំង ខេត្តតាកែវ តែបានចេញមករួមរស់ជាមួយ ប្តីនៅភូមិបាក់កូត ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះវ៉ន វុន អាយុ៥៥ឆ្នាំ ម្តាយឈ្មោះខឿន អាយុ៤៩ឆ្នាំ។ ដោយសារឪពុកម្តាយក្រីក្រពេក ក៏បានអ៊ំស្រី យកនាងទៅចិញ្ចឹមតាំងពីតូច បានរៀនសូត្រត្រឹមចេះអានសរសេរខ្លះៗប៉ុណ្ណោះ ក៏ឈប់ទៅ។ លុះចូលវ័យក្រមុំ នាងតែង
ចេញស៊ីឈ្នួលគេគ្រប់ទីកន្លែង រហូតឆ្លងដែនទៅ ធ្វើការនៅប្រទេសថៃ។ កាលនោះ នាងបានទៅធ្វើខាងផ្នែកអនាម័យក្នុងសណ្ឋាគារ មួយ ក៏បានស្គាល់កំលោះម្នាក់ឈ្មោះវន វ៉ន (ឈ្មោះដូចគោត្តនាមរបស់នាង) ដែល មានអាយុបងនាង២ឆ្នាំ ជាកម្មករសំណង់ ចូលទៅក្នុងទឹកដីថៃ ខុសច្បាប់ដូចនាងដែរ។ លុះរាប់អានគ្នាយូរៗទៅ មិត្តភាពក៏ក្លាយទៅជាសេចក្តីស្នេហាពេញបេះដូង ក៏សម្រេច ចិត្តនាំគ្នាវិលត្រឡប់មកស្រុកវិញ ជម្រាបចាស់ទុំឱ្យចាត់ចែងតាមប្រពៃណី។ ពិតមែនតែ ស្រលាញ់គ្នា ក៏ពួកនាងចេះរក្សាប្រពៃណីខ្មែរ មិនហ៊ានប្រព្រឹត្តល្មើសទេ យ៉ាងច្រើន ត្រឹមឱបថើបគ្នាបន្តិចបន្តួច រួចដេកចែកកន្លែងគ្នា។ បន្ទាប់ពីរៀបការរួចមក ឪពុក ម្តាយឱ្យទៅផ្សំដំណេកក្នុងខ្ទមរខេករខាកមួយជាបណ្តោះអាសន្ន ព្រោះផ្ទះឪពុកម្តាយ ចង្អៀតពេក។ ទោះជាខ្ទមដាក់ឧបករណ៍ធ្វើស្រែតូចចង្អៀតយ៉ាងណា ក៏ពេលឡើងដល់ឋានសួគ៍ ក៏ស្រមៃឃើញថា ខ្ទមកម្សត់គឺជាវិមានទិព្វ ដែលសុខសប្បាយគ្មានអ្វីរំខាន។
នាងវ៉ន សម្ផស្ស បន្តទៀតថា បន្ទាប់មក ពួកនាងក៏បាននាំគ្នាចេញទៅរកស៊ីនៅប្រទេសថៃ ដូចមុន ដោយលបឆ្លងព្រំដែនតាមច្រករបៀងគ្មានច្បាប់ទម្លាប់អ្វីទេ។ ពេលទៅស៊ីឈ្នួលបេះផ្លែឈើឱ្យថៅកែថៃ ដោយសារតែប៉ូលិសថៃ តាមចាប់ពេកខ្លាច ជាប់គុក ក៏នាំគ្នាវិលមករស់នៅស្រុកកំណើតខាងប្តី ដោយគ្មានសល់អ្វីជាដុំកំភួន។ ឪពុកម្តាយទាំងសងខាងសុទ្ធតែក្រគ្មានអ្វីចែកកូនទេ ទើបពួកគេមិនដឹងបានផ្ទះឯណា ជ្រក ក៏ដើរសុំឈើប្ញស្សី និងស្លឹកត្នោតអ្នកភូមិ មកសង់បានជាកូនខ្ទមសម្រាប់ជ្រក បន្តក្បូនជីវិតឱ្យរសាត់ទៅមុខរកកោះត្រើយមិនឃើញ។
ដោយឡែក លោកវន វ៉ន អាយុ២៦ឆ្នាំ ជាប្តីបានឱ្យដឹងថា សព្វថ្ងៃប្តីប្រពន្ធលោក ក្រីក្រត្រដាបត្រដួសខ្លាំងណាស់ ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលដកស្ទូងច្រូតកាត់ និងធ្វើសំណង់។ ពួកលោកមិនហ៊ានឆ្លងដែនទៅប្រទេសថៃ ទៀតទេ ព្រោះគ្មានលុយ ធ្វើប៉ាស្ព័រ ខ្លាចប៉ូលិសថៃ ចាប់ដាក់គុក ក៏ទ្រាំរស់វេទនានៅស្រុកកំណើត ដោយទុកឱ្យ ប្រពន្ធនៅចាំខ្ទម ឯរូបលោកត្រូវចេញទៅធ្វើ សំណង់ បានត្រឹមតែរស់ប៉ុណ្ណោះ។ ចាប់ដៃគ្នា ៤ឆ្នាំ កន្លងមកនេះ បង្កើតបានកូនប្រុសមួយ ប៉ុន្តែ កូននោះត្រូវជីតា មកសុំយកទៅចិញ្ចឹមទៅហើយ ដោយគាត់ឃើញកូន និងកូនប្រសារស់វេទនាពេក ខ្លាចចិញ្ចឹមចៅគាត់មិនរស់។
លោកវ៉ន ដែលមានឈ្មោះដូចជីតា របស់ប្រពន្ធ បន្តទៀតថា មនុស្សយើង ដែលរស់នៅក្នុងសង្គម មិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះទេ ត្រូវតែ ចេះតស៊ូឱ្យដល់កម្រិត។ ដូចរូបលោកជាដើមប្រឹងប្រែងខ្លាំងណាស់ ធ្លាប់ ហក់លោតដល់ប្រទេសថៃ តែដោយសារចូលខុសច្បាប់ ទើបរកស៊ីមិនមានសល់អ្វី ដោយរវល់តែរត់ គេចពីប៉ូលិសថៃ ភ្នែកសេកភ្នែកលលករាល់ថ្ងៃ ធ្វើ ការមិនពេញម៉ោងឱ្យថៅកែ ប្រាក់ចំណូលក៏តិចតួច ស្តួចស្តើង។ បើសិនជាមានលិខិតឆ្លងដែនស្របច្បាប់ ដូចគេនោះ លោកមិនក្រទេ ព្រោះមានសមត្ថភាព ធ្វើការស៊ីឈ្នួលបានកម្រៃរាល់ថ្ងៃ។ បើក្រហើយ មិនចេះតស៊ូ បែរជាប្រព្រឹត្តស្រីស្រាល្បែងនោះ នៅតែ ក្រងើបមិនរួច ប៉ុន្តែក្រដូចលោកដែលមិនប្រព្រឹត្តអំពើ អបាយមុខគង់តែងើបវិញមិនខាន ព្រោះអនាគតនៅ វែងឆ្ងាយណាស់ មិនទាន់ហួសពេលទេ។ លោកកាន់ ត្រណម៣យ៉ាងនេះ គឺស្រីស្រាល្បែង មិនភ្លក្សជាដាច់ ខាត ដឹងតែធ្វើសំណង់ ឬស៊ីឈ្នួលគេ ទុកប្រពន្ធចាំផ្ទះ ទោះជាផ្ទះនោះជាខ្ទមរខេករខាក ឱ្យតែស្នេហាស្មោះ ត្រង់នៅតែមានសុភមង្គលជានិច្ច។
នាងវែន ចាន់ថន អាយុ២៣ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គ្រួសារលោកវន វ៉ន ពិតជាកម្សត់ទុរគត ជាងគេនៅក្នុងភូមិនេះ។ ទោះជាពួកគេក្រ ក៏មិនដែល លើកដៃសុំទានអ្នកណាដែរ សុខចិត្តរកស៊ីតាមសម្មាអាជីវោ គឺប្រពន្ធនៅផ្ទះដាំស្ពៃ ត្រកួន បន្លែបង្ការផ្សេងៗ ទៀតយកទៅលក់ ឯប្តីទៅធ្វើសំណង់ យប់ព្រលប់ ទើបមកដល់។ កូនមានតែមួយ ក៏ត្រូវឪពុកខាងប្រុស យកទៅចិញ្ចឹម ដោយជីតានោះ ខ្លាចចៅគាត់ដាច់បាយ ឬមិនបានរៀនសូត្រ បើកូនបង្កើត និងកូនប្រសាក្រ យ៉ាងនេះ។
រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ពិតមែនតែក្រ រស់ក្រោមដំបូលខ្ទមស្លឹកត្នោត ខ្យល់ បក់ស្ទើររលំ ក៏លោកវ៉ន និងប្រពន្ធស្មោះត្រង់នឹងគ្នា ណាស់ និងពួតដៃគ្នារកស៊ីមិនចុះចាញ់ព្រហ្មលិខិត។ បើសិនជាពួកគេមានដើមទុនកេរអាករឪពុកម្តាយ ចែកឱ្យនោះ មិនយ៉ាប់ពេកទេ ប៉ុន្តែគ្មានកេរអាករអ្វី ទាំងអស់ គឺមានតែបាតដៃទទេ សូម្បីចំណេះវិជ្ជាក៏គ្មាន ដែរ ព្រោះឪពុកម្តាយបញ្ឈប់កូនតាំងពីតូចមិនឱ្យទៅ សាលារៀន។ ផលវិបាកនេះបានត្រឹមធ្វើឱ្យកូនងើបមិន រួច តែបើពួកគេចេះតស៊ូយ៉ាងនេះ គង់តែជីវភាពងើប វិញ ព្រោះអនាគតមើលមិនឃើញទេ។
គួរបញ្ជាក់ថា អ្នកក្រអាងតែកម្លាំង មិនសូវចេះ ប្រើប្រាជ្ញាដូចគេទេ ដោយហេតុមិនចេះអក្សរ ឬចេះ តិចតួចពេក។ ទោះយ៉ាងណា ជនជាតិចិន ដែលធ្វើ ចំណាកស្រុកមករស់នៅកវែកកឆ្នាំង នៅស្រុកខ្មែរ ក៏មិនចេះអក្សរដែរ តែគេចេះប្រើប្រាជ្ញារកស៊ីលក់ដូរ មានម្លូស្លា ប្រហុកទឹកត្រី រែកដើរដូរស្រូវអង្ករ លុះយូរៗទៅក៏ក្លាយជាអ្នកមាន។ ហេតុនេះបើ លោកវ៉ន និងប្រពន្ធចេះយកប្រាជ្ញាមកប្រើខ្លះ គង់ តែបានឆ្លងផុតពីដេកខ្ទមរខេករខាកមិនខានឡើយ…”៕