ចាស់ៗ ផ្តាំថា បើប្រុសប្រមឹកមិនសូវអី តែបើស្រី ប្រមឹកធ្ងន់ក។ យ៉ាងណាមិញ គ្រួសារ ដ៏ក្រីក្រមួយនេះ រស់នៅតំបន់ព្រៃ ប្តីជាបុរសចិត្តធ្ងន់ប៉ះប្រពន្ធជាស្រីប្រមឹកជោក ដល់អ៊ីចឹងទៅ ការរស់នៅចែកផ្លូវគ្នារហូត ធ្វើឱ្យប្រេះស្រាំសុភមង្គលស្នេហ៍ នាំទាំងក្តីអាម៉ាស់ ទៀតផង បើសិនជាប្រពន្ធកំពុងស្រវឹងហើយ ប្តីត្រូវការខ្លួនប្រាណ ច្បាស់ជាផ្អើលអ្នកជិតខាង…។
លោករ៉េត រ៉េម អាយុ៣៦ឆ្នាំ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានឱ្យដឹងថា លោកកើតក្នុងត្រកូលកសិករក្រីក្រ គ្មានមុខរបរអ្វីក្រៅពីកាប់ចម្ការនោះឡើយ។ កាលពីអាយុ១៧ឆ្នាំ លោកបានទៅលេងផ្ទះស្រីមេម៉ាយម្នាក់ ឈ្មោះសារួន សើន អាយុបងលោក៩ឆ្នាំ ក៏ជាប់អន្ទាក់ស្នេហ៍អ្នកមេម៉ាយ ព្រោះតែរឿងស៊ីមុនសងក្រោយ។ ដោយមិនគេចវេះបាន និងហ៊ានធ្វើហ៊ានទទួលខុសត្រូវផងនោះ លោកក៏សម្រេចចិត្ត សែនព្រេនយកអ្នកមេម៉ាយធ្វើប្រពន្ធ រហូតមក។ តាមពិត ប្រពន្ធមានកូនជាមួយ ប្តីមុនម្នាក់ដែរ សព្វថ្ងៃ កូននោះមានប្រពន្ធ បែកផ្ទះទៅហើយ។ ចំណែក រូបលោកនិងប្រពន្ធមេម៉ាយនេះ បង្កើតបានកូនប្រុសស្រី៤នាក់ទៀត ក្នុងនោះកូនស្រីច្បងឈ្មោះរ៉េម សា អាយុ១៦ឆ្នាំ ទើបនឹងលើកឱ្យ មានប្តីប៉ុន្មានខែនេះ និងទាំងកូនបង្កើត និងកូនប្រសានៅក្នុង បន្ទុកឪពុកម្តាយ។
លោករ៉េត រ៉េម ត្អូញត្អែរថា កាលពីចាប់ដៃគ្នា ដំបូងល្អូកល្អិននឹងគ្នាណាស់ លុះចាស់បន្តិច ស្រាប់តែប្រពន្ធបែកគំនិតចេះផឹកស៊ីគ្មានលស់ថ្ងៃ ឱ្យ តែស្រវឹងម្តងៗ ដេកដួលកណ្តាលផ្លូវឱ្យឆ្កែលិទ្ធមាត់ ក៏មាន។ ជួនកាលនាងស្រាតសំពត់ បង្ហាញយីហោ ឱ្យក្មេងៗសើចសប្បាយ ធ្វើឱ្យរូបលោកជាប្តី អាម៉ាស់ មុខស្ទើរតែរត់ចោលស្រុក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រពន្ធលោកវក់វីនឹងស្រាកាន់តែខ្លាំង និយាយស្តាប់ គ្នាលែងបាន ទើបលោកផ្ទុះកំហឹង ជ្រុលប្រើដៃជើង ខ្លះៗទៅ តែក៏មិនបណ្តាលឱ្យមានរបួសស្នាមអ្វីដែរ ដោយសារលោកចិត្តធ្ងន់ ស្គាល់ផលវិបាកនៃការ ប្រើអំពើហិង្សា។ ដល់លោកបន្ធូរដៃ នាងបែរជាហ៊ាន ទាញកាំបិតកាប់ចាក់ប្តីឱ្យមានរបួសស្នាម រហូតដល់ សមត្ថកិច្ចមកចាប់ដល់ផ្ទះ កុំតែលោកអង្វរករមិនព្រម ប្តឹងផ្តល់ កុំអីប្រពន្ធប្រមឹកនេះ ដេកគុក បាត់ទៅហើយ។
លោករ៉េត រ៉េម បន្ថែមថា សព្វថ្ងៃ ប្រពន្ធបំផ្លាញកិត្តិយសគ្រួសារ គ្មានសល់អ្វីទេ គឺឱ្យតែលោកបើក ភ្នែកឡើងឃើញប្រពន្ធទិញស្រា-ស ១លីត្រ មកផឹក លើកតែ៣-៤ដងដាច់ ហើយ។ ស្រា១លីត្រនេះ វាជួយនាង ឱ្យបែកប្រាជ្ញាខាងជេរប្រទេច ជួនក៏ ស្រាតសំពត់បង្ហាញយីហោកណ្តាលវាល លុះទើស ភ្នែកពេក ក៏បានម្តាយ ឬកូនស្រីចាប់ស្លៀកឱ្យវិញទៅ។ លោកនិយាយមិនបំផ្លើសទេ យប់មួយ លោកកម្រើក តណ្ហា សុំប្រពន្ធរួមរ័កស្ងាត់ៗ ខណៈដែលនាងធុំក្លិន ស្រាហួង ស្រាប់តែប្រពន្ធស្រែកជំទាលក្តែងៗ ផ្អើលគេ ផ្អើលឯងថា “កុំមកជិតអញៗ លែងឱ្យអ្ហែងធើ ទៀតហើយ!” បណ្តាលឱ្យលោកខ្មាសកូនប្រសា ដែលដេកលើផ្ទះដែរ ស្ទើរនឹងរត់ចោលផ្ទះតែម្តង។ ប៉ុណ្ណឹងហើយ លោកនៅតែអត់ធ្មត់ជានិច្ច ព្រោះមាន កូនធំៗ ជិតមានដល់ចៅទៅហើយ បើបែកបាក់ចែក ផ្លូវគ្នាដើរក៏មិនល្អដែរ បើប្រពន្ធលែងឱ្យពាល់ សុខចិត្ត ដេកឱបដៃទៅចុះ។
ដោយឡែក អ្នកស្រីសារួន សើន អាយុ៤៥ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា (សម្ភាសន៍មិនទាន់ផឹកស្រា) អ្វីៗដូចប្តីនិយាយមែនហើយ គាត់មិនបដិសេធ ទេ។ គាត់រំព្ញកថា ដើមឡើយ គាត់ជាមេម៉ាយកូន១ អាយុ២៦ឆ្នាំ ឯប្តីនេះនៅកំលោះស្ទាវ អាយុ១៧ឆ្នាំ គាត់ឱ្យភ្លក្សម្តង ស្រាប់តែញ៉ាមតាមយកធ្វើប្រពន្ធ។ ដោយសារតែប្តីក្មេងពូកែប្រចណ្ឌពេក គឺឱ្យតែឃើញ គាត់និយាយលេងជាមួយប្រុសណាក៏ខឹងតូងមួយរំពេច ទើបគាត់បែកគំនិតយកស្រាបំភ្លេចទុក្ខ។ មុនដំបូងផឹកតិចតួចទេ លុះយូរទៅទាល់តែស្រវឹង ទើបអស់ចិត្ត ហើយបើចង់ស្រវឹង ទាល់តែស្រាស១ លីត្រទើបបាន។ គាត់មិនចូលចិត្តស្រាបៀរទេ ព្រោះ វាសាបពេក ហើយក៏មិនចង់ដាក់ទឹកកកអ្វីដែរ ទើបឃើញតែស្រា-ស ផលិតក្នុងស្រុកនេះឯង ឆាប់ស្រវឹង និងធូរថ្លៃផង។ ពេលស្រវឹងម្តងៗ ត្រូវតែដេកទើប បានហើយក៏មិនចង់ឱ្យប្តីមកលូកលាន់ដែរ បើហ៊ាន តែលូក ច្បាស់ជាគាត់ស្រែកផ្អើលមិនខាន។ បើអ៊ីចឹង ចោទថា ប្រពន្ធមានសហាយយ៉ាងម៉េច? តាមពិត គាត់ ស្រលាញ់ដបស្រា មិនដែលស្រលាញ់ ប្រុសណា ក្រៅពីប្តីនោះទេ។ ប្តីហ្នឹងក៏ មានកំហុសដែរ ធ្លាប់វាយធាក់គាត់ជាហូរហែ តែគាត់មិនព្រមចុះចាញ់ ក៏ទាញ ដំបងតដៃវិញអ៊ីចឹងហើយ។
ស្ត្រីប្រមឹកបន្តទៀតថា ប្តីនេះចោទប្រពន្ធថា មានសហាយ ហេតុអ្វីមិនព្រមលែងលះ បែរជាយប់ឡើង លូករាវចង់ជិះជាន់ គាត់មិនឱ្យជាដាច់ខាត។ បើរាវប៉ះមិនទាន់ស្រវឹងចេះតែឱ្យខ្លះៗ តែបើកំពុង ស្រវឹងងិលនោះ កុំលូកឱ្យសោះ ប្រយ័ត្នស្រែកផ្អើល កូនប្រសា។ ទោះយ៉ាងណា បើប្តីធ្វើល្អ គាត់ក៏ព្យាយាម កែខ្លួនដែរ តែរឿងផ្តាច់ស្រាភ្លាមៗនោះ ធ្វើមិនទាន់បាន ទេ ទាល់តែយូរបន្តិចទៀតសិន។
នាងរ.ស អាយុ១៦ឆ្នាំ ជាកូនបង្កើត និងកូនប្រសាឈ្មោះសេត វុន បានឱ្យដឹងស្របគ្នាថា ពួកគេទើបនឹងរៀបការបានប៉ុន្មានខែប៉ុណ្ណោះ ចង់តែបែកផ្ទះទេ ព្រោះធុញទ្រាន់ម៉ែឪឈ្លោះគ្នា។ ម្តាយ និងម្តាយ ក្មេកពិតជាស្ត្រីប្រមឹកស្រាតសំពត់កណ្តាលវាលប្រាកដ មែន តែឥឡូវឮថា គាត់ព្យាយាមកែប្រែហើយ ពុំដឹង ជាពិតឬពុំពិតទេ ចាំមើលបន្តិចទៀតសិន។
លោកវ៉ាង ខេន មេភូមិរង បានឱ្យដឹងថា គ្រួសារ មួយនេះ ជួបបញ្ហារកាំរកូសពិបាកដល់អាជ្ញាធរជួយ ដោះស្រាយមិនចេះចប់។ បុរសជាប្តីពិតជាចិត្តធ្ងន់ ប៉ះប្រពន្ធប្រមឹក ឱ្យតែស្រវឹងម្តងៗ គ្មានគ្រូអាចារ្យ ណាប្រដៅបានឡើយ តែបើសិនជាភាគីប្រពន្ធឈប់ផឹក ធានាថា សុភមង្គលគ្រួសារនឹងវិលមកវិញ។
គួរបញ្ជាក់ថា បើប្តីប្រមឹកវាជារឿងធម្មតាក្នុង សង្គម ព្រោះបន្ទាប់ពីដេកដួលស្វាងស្រា ប្តីនោះ អាចចេញទៅរកលុយបាន តែបើប្រពន្ធប្រមឹកយ៉ាប់ បន្តិចហើយ។ ស្ត្រីភេទមានកម្លាំងខ្សោយ លុះត្រូវ អាការសាហាវបំផ្លាញសុខភាពទៀតនោះ រកស៊ីអ្វីក៏ មិនកើតដែរ តែបើផ្តាច់ស្រាភ្លាមក៏មិនស្រួល ព្រោះ ដុះមេទៅហើយ មានតែកាត់បន្ថយបន្តិចម្តងៗ ទម្រាំ មានទម្លាប់ល្អ ទើបទទួលបានសុភមង្គលក្នុងគ្រួសារ…”៕