Tuesday, December 24, 2024
Homeព័ត៌មានជាតិតាអាយុ៥៥ លែងប្រពន្ធ៤៥ យកយាយ៦០

តាអាយុ៥៥ លែងប្រពន្ធ៤៥ យកយាយ៦០

មុខងារជាទាហានតម្រូវឱ្យបុរសម្នាក់នេះ ចេញធ្វើការតាមខេត្ត ឆ្ងាយពីប្រពន្ធក្មេង ទុកឱ្យនាងអផ្សុក រកប្រុសកំដរជាបន្តបន្ទាប់។ លុះប្តីចាស់ដឹងក្លិនមិន ស្រួលក៏លែងចោល សែនយកប្រពន្ធចាស់វិញ ដោយទទួលស្គាល់ថា ខ្លួនមានអាយុ៥៥ ឆុង ជាមួយប្រពន្ធអាយុ៤៥ មកងំជាមួយ យាយអាយុ៦០ ដែលជារឿង ស្នេហាកម្រមាន…។

លោកពេជ្រ សុភី អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃត្រាំង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា គាត់ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកស្លាប់ នៅតែម្តាយចាស់ជរាឈ្មោះប្រាង ស៊ឹង អាយុ៨៤ឆ្នាំ។ កាលនៅវ័យកុមារ ដោយសារស្រុកកើតសង្គ្រាម ទើប គាត់រៀនសូត្របានតិចតួចស្តួចស្តើងណាស់ លុះក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏បានចូលបម្រើក្នុងជួរកងទ័ព នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយក្រោយមក ក៏ផ្ទេរទៅក្របខ័ណ្ឌនគរបាលជាតិវិញ

លោកពេជ្រ សុភី និង អ្នកស្រីឃឹម សាលី

ដោយចេញទៅបម្រើការងារ នៅខេត្តព្រះវិហារ និងផ្លាស់ទៅខេត្តក្រចេះ ស្ទឹងត្រែង ឆ្ងាយពី ស្រុកកំណើតខេត្តកំពត ប៉ុន្តែសព្វថ្ងៃបានឈប់ពីការងារហើយ។ លោកបញ្ជាក់ថា កាលនៅធ្វើទាហាន គាត់មានចិត្តមោះមុត ក្លាហានអង់អាចណាស់ និងមានបេះដូងខុសគេ ដោយស្រលាញ់តែស្រីមេម៉ាយ ទោះជាមានក្រមុំឱ្យដៃ ក៏មិនប៉ះពាល់ដែរ។ នាឆ្នាំមួយនោះ លោកបានផ្លាស់មកឈរ ជើងនៅខេត្តកំពត ស្រាប់តែបាក់ចិត្ត ស្រលាញ់នារីម្នាក់ឈ្មោះណម ម៉ុម ជាស្រី មេម៉ាយកូន១ ដែលកាលនោះ អ្នកមេម៉ាយនៅក្មេងអាយុ២០ប្លាយ ចងចិត្តលោកឱ្យ ងាកទៅណាមិនរួច ក៏ពឹងចាស់ទុំឱ្យចូលស្តីដណ្តឹង នាងរៀបការតាមប្រពៃណី។ រួមរស់ ជាមួយភរិយា ដែលមានអាយុប្អូនលោក១០ឆ្នាំនេះ មុនដំបូង ផ្អែមល្ហែមណាស់ ដោយបង្កើតបានកូន២នាក់ (ប្រុស១ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍។

លោកពេជ្រ សុភី

លោកពេជ្រ សុភី បន្តទៀតថា ក្រោយមក លោកក៏ផ្លាស់ទៅឈរជើងនៅខេត្តព្រះវិហារ យូរៗបានមកលេងផ្ទះម្តង ជាហេតុនាំឱ្យប្រពន្ធអផ្សុកលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសថ្មី។ តាមពិត លោកជាប់បេសកម្ម ដើម្បីជាតិមាតុភូមិរាប់ខែ ហើយ មុនពេលចេញទៅនោះ ប្រពន្ធគ្មានផ្ទៃពោះទេ លុះវិលមកវិញ ឃើញប្រពន្ធពពោះ ទើបដឹងថា នាងមានប្រុសថ្មីកំដរអារម្មណ៍ពេលប្តីមិននៅ។

អ្នកស្រីណម មុំ

លោកមិនរករឿងអ្វីទេ ដោយចាត់ទុកថា អ្វីៗជាបាបកម្មរបស់លោកទៅចុះ ដោយសុខចិត្តឱ្យប្រពន្ធនេះទៅ គេ។ មុនដំបូងគាត់សច្ចាថា សុខចិត្តពោះម៉ាយមិនយកប្រពន្ធទៀតទេ តែឈប់ពី ការងារ អផ្សុកពេកក៏សម្រេចយកប្រពន្ធទៀត។ លោកគិតថា បើយកស្រីក្មេងនឹងនាំ ទុក្ខមកឱ្យខ្លួន អ៊ីចឹងគួររកប្រពន្ធចាស់វិញ ឱបកើតដូចតែគ្នា ការពារខ្យល់កត្តិក ទើប ចេះតែសម្លឹងរកមើល បើមានយាយណាល្មមបេតី នឹងស្តីដណ្តឹងតាមប្រពៃណី។

អ្នកស្រីឃឹម សាលី

លោកពេជ្រ សុភី បន្តទៀតថា គាត់បានផ្ទេរក្របខ័ណ្ឌពីយោធា ចូលនគរបាល ក្រសួងមហាផ្ទៃ និងទៅឈរជើងនៅខេត្តក្រចេះ ឯណោះ លុះដល់មានបញ្ហាជាមួយមេ ទើបគាត់រត់ចោលការងារ លែងប្រពន្ធក្មេង សែនបានប្រពន្ធចាស់វិញ។ ប្រពន្ធទី២នេះ ឈ្មោះឃឹម សាលី អាយុ៦០ឆ្នាំ បងគាត់៥ឆ្នាំឯណោះ តែទទួលស្គាល់ ថា ប្រពន្ធចាស់ស្រួលជាងប្រពន្ធក្មេង អាចនឹងរួមរស់ជាមួយគ្នារហូតដល់ស្លាប់។
ដោយឡែក អ្នកស្រីឃឹម សាលី អាយុ៦០ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងថា គាត់ ព្រមព្រៀងសែនយកលោកពេជ្រ សុភី ជាប្តី និងបានរួមរស់ជាមួយគ្នាបានជាង១ឆ្នាំ ហើយ។ គាត់ធ្លាប់មានប្តីទី១ ឈ្មោះលុច សុធា អាយុស្របាលគ្នា តែគ្មានកូនទេ ដែលសព្វថ្ងៃបែកបាក់គ្នា ហើយប្តីនោះបានទៅរស់នៅឯសហរដ្ឋអាមេរិក ដោយ មានបងប្អូនជួយធានា និងមានប្រពន្ធទី២ នៅអាមេរិក។ សព្វថ្ងៃគាត់ចាស់ហើយ មិនអាចបង្កើតកូនឱ្យប្តីទី២ បានឡើយ គ្រាន់តែអាចបម្រើតណ្ហាប្តីបាន និងថែទាំ គ្នានាវ័យចុងក្រោយនេះ។

អ្នកស្រីណម មុំ និងលោកប៉ាង សុខន

អ្នកស្រីណម មុំ អាយុ៤៥ឆ្នាំ ជាប្រពន្ធទី១ របស់លោកសុភី បានឱ្យដឹងថា គាត់ពិតជាផិតប្តីមែន ដោយសារប្តីនោះ ទៅធ្វើការខេត្តឆ្ងាយ បាត់ដំណឹងយូរស្មានថាស្លាប់ ណាមួយអផ្សុកផង ក៏យកប្រុសថ្មី កំដរ។ លោកសុភី ពុំត្រឹមបាត់យូរទេ សូម្បីលុយកាក់ក៏មិនផ្ញើមកជួយចិញ្ចឹមកូនដែរ ទើបអ្នកស្រីទ្រាំមិន បាន រកអ្នកថ្មីឱ្យជួយចិញ្ចឹមកូន។ តាមពិតអ្នកស្រីធ្លាប់មានប្តី៤នាក់ហើយ គឺប្តីទី១ រៀបការកំលោះក្រមុំ ឈ្មោះសំណាង បង្កើតបានកូន១ក៏លែងលះគ្នា។ បន្ទាប់មក គាត់យកលោកពេជ្រ សុភី ជាប្តីទី២ លុះប្តី ទាហាននេះទៅបាត់យូរ ក៏យកប្តីទី៣ ឈ្មោះហេង (អាចថាសហាយក៏បាន) បង្កើតបានកូនស្រី១។ ឥឡូវ គាត់លែងប្តីទី៣នេះហើយ ដោយរកបានប្តីទី៤ ឈ្មោះខន កំពុងរួមរស់ជាមួយគ្នាយ៉ាងល្អូកល្អិន។

ចំណែកលោកប៉ាង សុខន អាយុ៥៥ឆ្នាំ ជាប្តីទី៤ របស់អ្នកស្រីណម មុំ បានឱ្យដឹងថា គាត់ក៏ធ្លាប់ មានប្រពន្ធច្រើនដែរ គឺប្រពន្ធទី១ ឈ្មោះផល្លា ប្រពន្ធទី២ ឈ្មោះឡា សុទ្ធតែមានកូនដូចគ្នា ហើយ បានអ្នកស្រីណម មុំ ជាប្រពន្ធទី៣ បន្ទាប់ពីដឹងថា ប្រពន្ធនេះបានលែងលះលោកពេជ្រ សុភី ជាប្តីទី២ ដាច់ស្រឡះ ព្រោះមានអេតាស៊ីវិល ឯរឿងប្តីទី៣ អត់ខាន់ស្លានេះគ្មានបញ្ហាទេ។

លោកយាយប្រាង ស៊ឺង

លោកយាយប្រាង ស៊ឺង អាយុ៨៤ឆ្នាំ ជាម្តាយអ្នកស្រីណម មុំ បានឱ្យដឹងថា កូនស្រីគាត់មានប្តីត្រឹមត្រូវ ដែរ លុះប្តីធ្វើទាហានទៅបាត់យូរ ក៏នាំប្រុសថ្មីមកដេករហូតមានផ្ទៃពោះ ស្រាប់តែលោកសុភី ជាប្តីវិលមកវិញ ឈ្លោះគ្នាប្រាវ។ ឥឡូវកូនប្រសាឈ្មោះសុភី ចោលប្រពន្ធក្មេង អាយុ៤៥ ទៅយកប្រពន្ធចាស់អាយុ៦០ ធ្វើឱ្យគាត់ហួស ចិត្តដែរ តែក៏ស្រេចតែគេទៅ ជាឱកាសឱ្យកូនស្រីគាត់រកអនាគតថ្មីដែរ ដើម្បីបានកម្លាំងប្តីនោះជួយរកស៊ីចិញ្ចឹមកូន។

លោកប៉ាង សុខន

អ្នកភូមិមួយចំនួនបានឱ្យដឹងស្របគ្នាថា លោកពេជ្រ សុភី ក៏ដូចអ្នកស្រីណម មុំ និងអ្នកស្រីឃឹម សាលី សុទ្ធតែធ្លាប់ឆ្លងកាត់ប្រពន្ធច្រើន ប្តីច្រើនដូចគ្នា។ ឥឡូវលោកសុភី លែងប្រពន្ធអាយុ៤៥ឆ្នាំ ទៅងំប្រពន្ធយាយ អាយុ៦០ទៅវិញ ទំនងមកពីយាយនោះ ប្រសប់ថ្នមប្រុសតែម្តង។
គួរបញ្ជាក់ថា រឿងរ៉ាវជីវិតគូស្រករ គ្មានអ្នកណាចង់បានប្តីច្រើនប្រពន្ធច្រើននោះទេ ប៉ុន្តែចាស់ៗថា មកពីព្រហ្មលិខិតដឹកនាំចង្អុលផ្លូវ ត្រូវតែដើរតាមចៀសមិនរួច។ ទោះជាលោកសុភី ឬអ្នកស្រីណម មុំ ប្តូរប្រពន្ធ ប្តូរប្តីក៏អាចនឹងដាច់ដោចគ្នាទៀត ព្រោះបុរាណថា មនុស្ស ក្រយៅស្វាក់ស្រី ឬស្វាក់ប្រុស នៅតែដូរគូមិនឈប់ រហូតដល់ដើរលែងរួចទើបឈប់ និងរកវត្តវ៉ាជាចុងក្រោយ…”៕

RELATED ARTICLES