Tuesday, December 24, 2024
Homeព័ត៌មានជាតិខឹងម៉ែក្មេកដេកក្បែរប្រពន្ធ ប្តីដើរទន្ទ្រាំផ្ទះ

ខឹងម៉ែក្មេកដេកក្បែរប្រពន្ធ ប្តីដើរទន្ទ្រាំផ្ទះ

ដោយសារប្រពន្ធមិនសូវផ្គត់ផ្គង់ អាហាររាត្រីឱ្យបានដិតដល់ អាងអីគេច ទៅដេកជាមួយម៉ែ ធ្វើឱ្យបុរសជាប្តីនេះ មួម៉ៅក្តៅក្រហាយ រាលដាលដល់ម៉ែក្មេកឯណោះ។ ជាក់ស្តែង យប់មួយ ប្តីមកពីផឹក ត្រូវការក្លែមម្ហូបស្រស់ បើកមុងរកប្រពន្ធ លុះមិនឃើញនាង បែរជានាង ត្រសុលដេកក្បែរម៉ែ បណ្តាលឱ្យបុរសនេះខឹងតូង ដើរទន្ទ្រាំផ្ទះ ស្ទើរតែបាក់រនាប…។

នាងធឿ សឿ អាយុ៣៦ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងកើតក្នុងគ្រួសារកសិករមួយ ដែលមានឪពុកឈ្មោះមិន ធឿ (ស្លាប់) ម្តាយឈ្មោះព្រំ សោន អាយុ៧០ឆ្នាំ គាត់រស់នៅក្នុងបន្ទុករបស់នាងរកស៊ីចិញ្ចឹម។ នាងមានប្តី ឈ្មោះសាន់ ធឿន អាយុ៣៩ឆ្នាំ ដោយបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១) ដែលមុនដំបូង គ្រួសារនាងមានសុភមង្គលណាស់ ព្រោះប្តីមានចំណេះវិជ្ជាជ្រៅជ្រះគួរសមដែរ និងជាអតីតបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ និងធ្លាប់ជាយុវជនស្មគ្រ័ចិត្តភូមិ ជួយប្រឡូកកិច្ចការសង្គម។ នាងមើលឃើញពីគុណសម្បត្តិបែបនេះ ក៏យល់ព្រមរៀបការជាមួយគេទៅ ដោយសង្ឃឹមថា បានប្តីចេះដឹងបែបនេះ ច្បាស់ជាមានអនាគតខ្ពស់ត្រដែតមិនខាន។ បន្ទាប់ពីចាប់ដៃគ្នាមក ក្រៅពីការងារអង្គការ ប្តីបានទាំងប្រឡូកការងារស្រែចម្ការ ដូចអ្នកភូមិ ឯទៀតដែរ ដោយជំរុញជីវភាពឱ្យធូរធារជាលំដាប់ ចេញទៅណាមកណាមានគេរាប់អាន។ ជាអកុសល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារឈ្លក់វង្វេងនឹងវប្បធម៌ខាងក្រៅ ធ្វើឱ្យប្តីបែក គំនិតស្រលាញ់ដបស្រាជាងប្រពន្ធកូន ភ្លេចការងារស្រែចម្ការ លុះរាសីធ្លាក់ ខាងអង្គការក៏ទម្លាក់ លែងឱ្យបម្រើការងារតទៅទៀត សូម្បីការងារភូមិ ក៏គេមិនត្រូវការមនុស្សស្រលាញ់ដបស្រាដែរ។

លោកសាន់ ធឿន

នាងធឿ សឿ បន្តថា បន្ទាប់ពីបាត់បង់ការងារមានប្រាក់ខែមក ប្តីនេះវក់តែរឿងជល់កែវ លែងគិតគូររឿងគ្រួសារ ធ្វើឱ្យជីវភាពជួបការលំបាកធ្ងន់ទៅៗ ទើបជម្លោះគ្រួសារកើតឡើងមិនចេះចប់។ ថ្ងៃខ្លះ គេមកពីផឹកវិញ នាងខ្វល់ចិត្តពេក ក៏ស្តីបន្ទោសគេខ្លះៗទៅ ស្រាប់តែប្តីអសុរចូល ស្ទុះទៅ វាយរបស់របរក្នុងផ្ទះ លុះនាងខឹងមិននិយាយរក ប្តីនេះកាន់តែមួម៉ៅទ្វេឡើង។ យប់មួយជិត កណ្តាលអធ្រាត្រទៅហើយ គេទើបមកដល់ធុំក្លិនស្រាហួង អត់ងូតទឹកអីទេ ក៏ចូលបើកមុងរាវ នាងតាមទម្លាប់ តែពេលនោះ នាងខឹងពេកក៏មិនបានដេកក្នុងមុងនោះទេ ដោយគេចទៅដេកក្បែរ ម្តាយ។ លុះប្តីឃើញនាងមិនអើពើផ្គត់ផ្គង់ម្ហូបរាត្រីឱ្យគេ ធ្វើឱ្យប្តីខឹងរាលដាល ដល់ម៉ែទៀត ដោយដើរទន្ទ្រាំផ្ទះក្តុងក្តាំង! ស្ទើរតែបាក់រនូតរនាប។ លុះម្តាយនាង ណែនាំខ្លះៗទៅ ស្រាប់តែកូនប្រសាជេរប្រមាថគាត់ ចេញសុទ្ធតែពាក្យ “មីកញ្ចាស់ កុំចេះប្រដៅអញ!” ធ្វើឱ្យនាងនិងម្តាយតូចចិត្ត នាំគ្នាអង្គុយយំ មិនដឹងជាត្រូវដោះស្រាយយ៉ាងណាឡើយ។ ធម្មតាប្រពន្ធ គ្មានអ្នកណាចង់បង្កហេតុជាមួយប្តីនោះទេ តែមកពីប្តីនេះធ្វើខ្លាំងពេកហើយ ព្រោះតែខ្លាំងហ្នឹងហើយ បានជាអស់ការងារ អង្គការ អស់ប្រាក់ខែ។

នាងធឿ សឿ

ដោយឡែក លោកសាន់ ធឿន ជាប្តីបានឱ្យដឹងថា លោកទទួលស្គាល់ថា ពិតជាបានធ្វើខុសដូចប្រពន្ធថាមែន រឿងដែលធ្លាប់ជេរប្រមាថម៉ែក្មេកនោះ ព្រោះកំពុងស្រវឹង។ ទោះយ៉ាងណា ប្រពន្ធក៏មានកំហុសដែរ ព្រោះនាងភ្លេចតួនាទីខ្លួនជាប្រពន្ធ បើនាងពិតជាស្រីចេះគិតគូរសុខទុក្ខប្តី គួរតែនាងដាំបាយរៀបចំ ទុកដាក់ឱ្យប្តី តែពេលលោកមកដល់ផ្ទះម្តងៗ នាងចាក់បាយចោលអស់ បន្ទាប់មក ក៏រករឿងលោកមិនស្វាង។ មិត្តភក្តិហៅស៊ីផឹកបន្តិចបន្តួច នាងចងចិញ្ចើមដាក់ ទាំងប្តី ទាំងមិត្ត ទោះជាផឹកតិច ក៏នាងមិនចោលអាក្បួនរអ៊ូរទាំ។ ថ្ងៃមួយនោះ លោកផឹកមិនស្រវឹងអីទេ តែមិត្តភក្តិនាំជជែកគ្នាលេងជ្រុលដល់យប់ជ្រៅ ទើប មកដល់ផ្ទះ ស្រាប់តែប្រពន្ធទៅដេកក្បែរម៉ែ មិនស្វាគមន៍ប្តី តើឱ្យលោកទ្រាំម្តេចបាន? ក៏ដើរទន្ទ្រាំផ្ទះជាការព្រមាន។

លោកសាន់ ធឿន បន្តទៀតថា នាងធ្វើឱ្យប្តីខឹងមិនសូវអីទេ តែបើធ្វើឱ្យ មិត្តភក្តិខឹងមិនល្អឡើយ ព្រោះមនុស្សម្នាក់ៗត្រូវការរាប់អានញាតិមិត្ត មិន អាចរស់ឯកោបានទេ។ ចំណែក ម៉ែក្មេក លោកក៏ធ្លាប់បានសុំខមាទោសគាត់ រួចហើយ ដោយសន្យាថា មិនប្រព្រឹត្តកំហុសទៅលើគាត់ទៀតទេ តែសុំឱ្យគាត់ ប្រដៅកូនស្រីនេះផង មិនត្រូវសមគំនិតគ្នាទេ។

លោកយាយព្រំ សោន ជាម្តាយបានឱ្យដឹងថា គាត់សប្បាយចិត្តណាស់ នៅពេលកូនប្រសាទទួលស្គាល់កំហុស និងសុំខមាទោសពីគាត់។ ប៉ុន្មានខែមក ហើយដែលគាត់តូចចិត្តអាណិតខ្លួនមិនគួរកូនប្រសាហ៊ានហេមៅកីញ្ចាស់ និង ដើរទន្ទ្រាំក្តារ ដូចជាន់ក្បាលគាត់អ៊ីចឹង។ គាត់មិនមែនសមគំនិតជាមួយកូនស្រី មិនឱ្យប្តីលូកលាន់នោះទេ តែកូនស្រីវាធុញប្តីស្អុយស្រាពេក ក៏រត់មកដេកក្បែរ គាត់ តើនេះជាកំហុសអ្នកណា?

លោកយាយព្រំ សោន

លោកញ៉ឹក ណូ អាយុ៥១ឆ្នាំ និងអ្នកស្រីសាន់ គឿន អាយុ៤៥ឆ្នាំ ជាបងបង្កើត និងបងថ្លៃលោកធឿន បានឱ្យដឹងស្របគ្នាថា កាលពីមុន ប្អូនប្រុសនេះ មានការងារធ្វើបានប្រាក់ខែ មិនសូវផឹកពេកទេ ឯជម្លោះគ្រួសារក៏មិនសូវមានដែរ។ ឥឡូវគេអស់ប្រាក់ខែ មិនសូវមានការងារស្រែចម្កាផងនោះ ក៏ទំនេរច្រើន បែកគំនិតចេះផឹកស៊ី បណ្តាលឱ្យសុភមង្គលគ្រួសារត្រូវប្រេះស្រាំ។ បើសិន ជាប្អូនប្រុសនេះឈប់ផឹក ច្បាស់ជាប្រពន្ធលែងឈ្លោះប្រកែកទៀតហើយ តែមនុស្សញៀនស្រាថ្នាំយ៉ាងនេះ ដូចជាពិបាកឈប់ណាស់ ធ្វើឱ្យផ្ទៃក្នុងគ្រួសារ មានបញ្ហាមិនចេះចប់។

លោកញ៉ឹក ណូ

គួរបញ្ជាក់ថា បងប្អូននៅតំបន់ព្រៃ មិនញៀនស្រាបៀរ ដូចអ្នកក្រុងនោះទេ គឺញៀនស្រាស ឬស្រាថ្នាំ ចំណាយអស់តែ៣០០០រៀល អាចផឹក៣នាក់ស្រវឹង ទ្រេតមិនខាន។ គេគ្មានសាច់គោឡុកឡាក់ ឬគោដុតជ្រលក់ទឹកប្រហុកនោះទេ តែមានត្រីដុតដែលចាប់បានពីអណ្តូង ត្រពាំង ផ្ទាប់ជ្រក់ល្ហុង ឬជ្រក់ស្ពៃ ក្លែមឆ្ងាញ់ដូចតែគ្នា។ ការញៀនស្រាស និងស្រាបៀរផ្តល់គុណវិបត្តិដូចគ្នា ដែល មនុស្សសម័យនេះកំពុងឆ្លងកាត់ មិនថាយុវវ័យ ឬចាស់សក់ល្បាយអាចម៍ខ្លា នោះឡើយ។

អ្នកស្រីសាន់ គឿន

កាលបើអាការសាហាវចូលពោះ ភ្លើងតណ្ហាក៏ឆាបឆេះឡើង លុះមកដល់ផ្ទះ ប្រពន្ធមិនស្វាគមន៍ ច្បាស់ជាប្តីស្រវឹងទ្រាំមិនបានបង្កហិង្សាមិនខានឡើយ ឬមិនហ៊ានវ៉ៃប្រពន្ធ ក៏ដើរទន្ទ្រាំផ្ទះ ពន្លះទាំងម៉ែក្មេក…”៕

RELATED ARTICLES