Monday, December 23, 2024
Homeព័ត៌មានជាតិប្តីចុះចោលបាន៦ខែ កំលោះសុំស្នេហ៍មិនខ្វះ

ប្តីចុះចោលបាន៦ខែ កំលោះសុំស្នេហ៍មិនខ្វះ

ពាក្យចាស់ថា “មេម៉ាយមាំមួន” ឬ “មេម៉ាយចាយរាង” សំដៅដល់ ស្រីមេម៉ាយរូបស្រស់ ប្រុសៗចោម ស្រលាញ់ ដោយសារនាងមាន មន្តស្នេហ៍ពីធម្មជាតិ។ យ៉ាងណាមិញ អ្នកមេម៉ាយ២ភ្លើង ប្តីមួយកូន១នេះ គ្រាន់តែប្តីទី២ ចុះចោល បាន៦ខែ ស្រាប់តែកំលោះៗក្រវែល ផ្ទះដាក់ពាក្យសុំជួយស្អំបេះដូង នាងតែនាងមិនទាន់សម្រេចទេ ខ្លាចជួបប្រុសបោកប្រាស់…។

នាងពោង រចនា អាយុ២៤ឆ្នាំ រស់នៅភូមិ ជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកឈ្មោះង៉ែត បេន អាយុ៥៤ឆ្នាំ ម្តាយឈ្មោះជុំ ច្រឹប អាយុ៤៩ឆ្នាំ និងបានរៀនសូត្រដល់ថ្នាក់ទី៦ ចប់សាលាបឋមសិក្សា ទើបឈប់។ ពេលនាងធំពេញក្រមុំ អាយុ១៧ឆ្នាំ ដោយមានរូបសម្រស់គ្រាន់ បើដែរនោះ ក៏មានកំលោះៗជ្រួលជ្រើមចង់បាននាង ជាគូគាប់ទ្រនាប់ទ្រូង ប៉ុន្តែរូបនាងចាប់អារម្មណ៍តែ កំលោះម្នាក់ឈ្មោះខុន បុល អាយុបងនាង៣ឆ្នាំ គេមានពាក្យសម្តីពីរោះផ្អែមល្ហែម ពូកែលួងលោមនាង ក៏លង់ស្នេហ៍គេទៅ និងត្រូវបានចាស់ៗរៀបការឱ្យ តាមប្រពៃណី។ ក្រោយពីបានរួមរស់ជាមួយគ្នាមួយ រយៈ ទើបនាងដឹងថា ប្តីនេះ មានចរិតខ្ជិលច្រអូស ពូកែ ប្រចណ្ឌរករឿងមិនចេះចប់។ មួយយប់ៗ គេបានតែ ខាងកេះកៀវ ឯរឿងរកស៊ីមិនពូកែទេ លុះនាងទ្រាំបាន ត្រឹមបង្កើតបានកូនស្រី១ អាយុបាន២ខែ ប្តីនេះក៏ចុះចោលនាងបាត់ បានទាំងកាប់ចិញ្ច្រាំរូបថត អាពាហ៍ពិពាហ៍ខ្ទេចខ្ទីទៀតផង។

នាងពោង រចនា និងកូន

នាងពោង រចនា បន្តទៀតថា នាងក្លាយជាស្រី មេម៉ាយកាយរងាបានមួយរយៈ ក៏បែកសាច់ស្រស់ ទ្រលុកទ្រលន់ជាងនៅក្រមុំ ស្រាប់តែមានកំលោះៗសុំ លេខទូរស័ព្ទជាហូរហែ ដែលនាងតែងតែឱ្យទៅគេ មិន ចេះកំណាញ់។ ថ្ងៃមួយក៏មានកំលោះម្នាក់ឈ្មោះ ម៉ន ម៉ុល ទូរស័ព្ទមកនាង ដោយប្រាប់ថា គេរស់នៅ ស្រុកឈូក នេះដែរ និងមានមិត្តភក្តិម្នាក់ ឱ្យលេខទូរស័ព្ទនាងទៅគេ ទើបគេតេមកសុំរាប់អាននាងផង។ គេមានអាយុបងនាង៦ឆ្នាំ អួតអាងថា នៅកំលោះចែស កំពុង ផ្សងរកប្រពន្ធតាមទូរស័ព្ទ ហើយប្រាប់ថា គ្រាន់តែឮវាចារបស់ នាង គេអាណិតណាស់ចង់ចូលខ្លួនជួយស្អំបេះដូងនាងឱ្យផុត ភាពរងាវេទនាចិត្ត។ ហេតុតែគេប្រសប់លួងលោម ទើបធ្វើឱ្យ នាងភ្លេចការពិចារណា ក៏ណាត់ឱ្យគេមកជួប ដើម្បីបានស្គាល់មុខគ្នា ហើយមិនយូរប៉ុន្មាន គេក៏មកដល់ មានទាំងផ្លែឈើមក ផ្ញើផង។ គ្រាន់តែបានជួបគ្នា ភ្លើងស្នេហ៍ក៏ឆាបឆេះឡើង គាប់ជួនព្រលប់ៗផងនោះ ហេតុតែខ្លួនទំនេរកាយ២ឆ្នាំ ប៉ះកំលោះ សាច់ដុំ ក៏ប្រគល់ខ្លួនឱ្យគេទៅ លុះរំលងបានពីរបីថ្ងៃ ទើប ចាស់ៗសែនព្រេនឱ្យ។

លោកម៉ន ម៉ុល (ប្តីទី២)

នាងពោង រចនា បន្តទៀតថា នាងរួមរស់ជាមួយប្តីទី២ នេះ ឃើញថា គេពូកែថ្នាក់ថ្នមនាងណាស់ មិនឱ្យនាងធ្វើការងារ អ្វីទេ ដោយគេធានារកស៊ីចិញ្ចឹម។ លុះរំលងបាន៦ខែ ទើបនាង លេចឮដំណឹងថា ប្តីជើងល្អនេះ ធ្លាប់មានប្រពន្ធកូន ជាច្រើន មកហើយ គេដើរបោកតែមេម៉ាយៗ ឱ្យតែមានផ្ទៃពោះ ក៏ដាក់ មេផាយប្រូច។ ដោយសារអ្វីៗវាជ្រុលក្បាលក្រពើទៅហើយ នាងចេះតែតស៊ូរួមរស់ជាមួយប្តីទី២នេះ មិនឱ្យគេចាក ចេញពីរូបនាងជាដាច់ខាត។ លុះបង្កើតបានកូនប្រុស ម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ប្តីក៏ត្អូញត្អែរថា បើ នាងបង្ខាំងគេឱ្យនៅតែផ្ទះបែបនេះ មិនដឹងបានលុយ ឯណាចាយទេ គេចង់ចេញទៅធ្វើការឆ្ងាយៗ ទើប បានលុយចាយ។ ដោយគេចេះនិយាយសមហេតុសមផល នាងក៏បើកឱ្យទៅ ដែលមុនដំបូង គេទៅធ្វើ សំណង់នៅទីក្រុង យូរៗមកផ្ទះម្តង បានលុយឱ្យនាង ដូចពាក្យគេថា ហើយបានទាំងផ្តល់សេចក្តីសុខពេល យប់ព្រលប់ឱ្យនាងមិនឱ្យឃ្នើសចិត្តឡើយ។ លុះចូលមកដល់ឆ្នាំ២០១៧ នេះ ប្តីទៅបាត់ស្រមោល គ្រាន់តែទូរស័ព្ទមកប្រាប់ថា គេលែងមាននិស្ស័យ ជាមួយនាងទៀតហើយ បើនាងចង់យកប្តីទៀត ក៏យកចុះ ទើបនាងភ្ញាក់ខ្លួនថា ពិតជាចាញ់បោកប្រុសព្រាន ដូចដំណឹងលេចធ្លាយពីមុន ធ្វើឱ្យនាងខ្មាស អ្នកស្រុកស្ទើរមិនចង់ចេញពីផ្ទះ។

អ្នកស្រីជុំ ច្រឹប និងនាងពោង រចនា ជាមួយកូន

អ្នកមេម៉ាយ២ភ្លើង បន្តទៀតថា បន្ទាប់ពីប្តីចុះចោលបាន៦ខែ នាងក៏អាចកាត់បន្ថយការឈឺចាប់ តូចចិត្តបានខ្លះ ក៏ព្យាយាមធ្វើខ្លួនផាត់ក្រែមថែមម្សៅ ខ្លះៗទៅ ស្រាប់តែមានកំលោះៗទាំងក្នុង និងក្រៅភូមិតាមសុំស្នេហ៍ជាហូរហែ ដូចកាលនៅក្រមុំ និងកាល មេម៉ាយមួយទឹក។ អ្នកខ្លះទូរស័ព្ទញ៉ែតាមខ្យល់ ខ្លះទៀតជិះម៉ូតូមកក្រវែលផ្ទះនាងរាល់ថ្ងៃ ប៉ុន្តែ ពេលនេះ នាងចេះប្រយ័ត្នហើយ ក្រែងប៉ះប្រុសបោកប្រាស់ ដូចមុន ជាពិសេស ខ្លាចបំផុតពេលបានកូន១ ត្រូវប្តី ហេងស៊យដាក់មេប្រូចទៅបាត់ ដែលជាមេរៀនជីវិត សម្រាប់នាងស្វែងរកអនាគតថ្មី។

អ្នកស្រីជុំ ច្រឹប

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីលោកម៉ន ម៉ុល អាយុ៣០ឆ្នាំ ជាប្តី បានឡើយ ព្រោះគេផ្តាច់លេខទូរស័ព្ទជាមួយប្រពន្ធ ឃើញមាន តែរូបថតប៉ុណ្ណោះ ចំណែកប្តីទី១ឈ្មោះខុន បុល ក៏ មិនអាចទាក់ទងបានដែរ។
អ្នកស្រីជុំ ច្រឹប អាយុ៤៩ឆ្នាំ និងអ្នកស្រីសេង យឿន អាយុ៤៥ឆ្នាំ ជាម្តាយ និងជាមីងបាននិយាយ ស្របគ្នាថា នាងរចនា ពេលធំពេញក្រមុំស្អាតណាស់ មិនខ្វះប្រុសតាមស្រលាញ់ទេ តែដល់បានប្តីប៉ះតែប្តី ជើងល្អបោលក្បាលចោលនាង និងកូន ពិតជាអភ័ព្វ ណាស់។ ឥឡូវនាងធ្លាក់ខ្លួនមេម៉ាយ២ភ្លើង ដល់ធ្វើ ខ្លួនទៅស្អាតមិនចាញ់ក្រមុំ ស្រាប់តែមានប្រុសៗ ក្រឡឹងផ្ទះ បើនាងហ៊ានប្រហែសច្បាស់ជាផុងខ្លួនទៀត ព្រោះប្រុសមួយចំនួនចូលចិត្តតែមេម៉ាយក្តៅស្រួយ ច្រើនតែជិះក្របីចម្លងភក់។

អ្នកស្រីសេង យឿន

គួរបញ្ជាក់ថា ស្រីស្អាតច្រើនតែអភ័ព្វ តែបើមិន ស្អាតក៏គ្មានប្រុសណាបេតីនោះដែរ។ នារីនៅជនបទ មិនចាំបាច់ស្អាតដល់ថ្នាក់ស្បែកសខ្ចី ដូចពងមាន់បក នោះទេ ត្រឹមតែស្រអែមស្រស់ខ្ចី ថែមទឹកអប់ ក្រែម ម្សៅខ្លះៗនោះ ច្បាស់ជាកំលោះៗជនបទដូចគ្នា លង់ស្នេហ៍មិនខាន តែគួរប្រយ័ត្នផង ព្រោះកំលោះស្រុក ស្រែសម័យនេះ ចេះបោក មិនចាញ់កំលោះទីក្រុង នោះទេ…”៕

RELATED ARTICLES