Friday, March 29, 2024
Homeព័ត៌មានជាតិជួល​ឡាន​ឲ្យ​គេ​ ​បែ​ជា​យក​​ទៅ​​បញ្ចាំ​ ​ម្ចាស់​ឃើញ​ផ្អើល​យាន្ដ​ដាន​ស្អាត​ពេញ​ចិត្ដ​

ជួល​ឡាន​ឲ្យ​គេ​ ​បែ​ជា​យក​​ទៅ​​បញ្ចាំ​ ​ម្ចាស់​ឃើញ​ផ្អើល​យាន្ដ​ដាន​ស្អាត​ពេញ​ចិត្ដ​

ភ្នំពេញ៖ មកលាងរថយន្តប្រទេះឃើញរថយន្តបងប្អូនដែលជួលឲ្យគេ ចតនៅក្នុងយានដ្ឋានកន្លែងលាងសង្ស័យអ្នកជួលយកមកបញ្ចាំ ទើបប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដា  នៅយានដ្ឋានលាងរថយន្តយីហោស្អាតពេញចិត្ត ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីបុរសម្នាក់មិនបានប្រាប់ឈ្មោះបានឱ្យដឹងថា មុនកើតហេតុគាត់បានយករថយន្តមកលាងនៅកន្លែងខាងលើ ស្រាប់តែបានឃើញរថយន្តបងប្អូនគាត់ម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-9090 នៅក្នុងយានដ្ឋានលាងរថយន្តខាងលើ ដោយមានការឆ្ងល់គាត់បានសាកសួរទៅម្ចាស់យានដ្ឋានហើយម្ចាស់យានដ្ឋានប្រាប់គាត់ថាគេផ្ញើរ។

ប្រភពដដែលបានប្រាប់ទៀតថាពេលនោះគាត់បានទំបាក់ទំនងទៅបងប្អូនដែលជាម្ចាស់រថយន្តត្រូវបានប្រាប់មកវិញថាបានជួលរថយន្តឲ្យគេប៉ុន្តែសង្ស័យអ្នកជួលយករថយន្តរបស់គាត់ទៅបញ្ចាំហើយឲ្យប្តឹងសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ផង ។

តាមការបំភ្លឺបុរសឈ្មោះគឹម ទ្រី អាយុ៦៤ឆ្នាំ ម្ចាស់យានដ្ឋាន បានប្រាប់សមត្ថកិច្ចថាកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា មានបុរស២នាក់បានយករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2D-9090 មកលាងនៅយានដ្ឋានរបស់គាត់ក្រោយពីលាងហើយបានសួរគាត់ថានៅទីនេះទទួលផ្ញើរថយន្តអត់គាត់បានប្រាប់ថាទទួលផ្ញើក្នុង១ថ្ងៃ៤០០០រៀលហើយបុរសខាងលើបានប្រាប់ថាផ្ញើររួចក៍ឡើងជិះរថយន្តមិនចាំម៉ាកទាំង២នាក់ទៅបាត់ទៅរហូតដល់ល្ងាចថ្ងៃទី២៨ ខែកក្កដា ឃើញមានសមត្ថកិច្ចមកសាកសួរគាត់តែម្តង។
តាមការអោយដឹងពីបុរសម្នាក់ឈ្មោះសុខ ភារម្យ អាយុ៣៣ឆ្នាំមុខរបរយោធាស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យដែលជាម្ចាស់រថយន្តខាងលើបានប្រាប់សមត្ថកិច្ចថារថយន្តនេះគាត់បានជួលទៅអោយស្ត្រីម្នាក់ឈ្មោះកែវ ស្រីវ៉ាង អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អាសេ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ តាំងពីថ្ងៃទី១៨ ខែកក្កដា ដោយប្រាប់គាត់ថាជួលរថយន្តខាងលើនេះដឹកភ្ញៀវទៅមើលដីស្រាប់តែថ្ងៃខាងលើ ឭបងប្អូនគាត់ប្រាប់ថាឃើញរថយន្តរបស់គាត់នៅក្នុងយានដ្ឋានខាងលើទៅវិញ ទើបគាត់ឆ្ងល់បានមកមើលឃើញរថយន្តរបស់គាត់មែន ។

តាមការបំភ្លឺពីបុរសម្នាក់ឈ្មោះ វង្ស សេងហួត អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧២អឺ ផ្លូវ២០២ ភូមិ១០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានប្រាប់សមត្ថកិច្ចថា រថយន្តខាងលើ មានស្ត្រីម្នាក់ឈ្មោះ ឈ្មោះកែវ ស្រីវ៉ាង អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អាសេផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានយកមកបញ្ចាំគាត់ កាលពីព្រឹកថ្ងៃ២០ ខែកក្កដា ក្នុងតំម្លៃ៩០០០$ ។

ពាក់ព័ន្ធករណីខាងលើនេះ ភាគីម្ចាស់រថយន្តនិងភាគីទទួលបញ្ចាំបានព្រមព្រៀងគ្នាបណ្តោះអាសន្នហើយរក្សាទុករថយន្តនៅក្នុងយានដ្ឋានខាងលើ សិនរងចាំដោះស្រាយពេលក្រោយ ៕

សុខ ស៊ីឌី

 

RELATED ARTICLES