ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានសមត្ថកិច្ចដេញចាប់បានបន្ទាប់ពីជន សង្ស័យយកដុំឥដ្ឋវាយក្បាលជនរងគ្រោះប្លន់យកម៉ូតូ ZOOMER-X មួយគ្រឿងទៅបាត់ដោយសុវត្តិភាព ហើយយកម៉ូតូទៅប្លុងចោល ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខវិទ្យាល័យពងទឹក តាមផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ សុខ សេងភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមុខរបរជាងជួសជុលរថយន្តមានស្រុកកំណើតនៅខេត្តតាកែវ កំពុងស្ថិតក្នុងស្ថានភាពរបួសបែកក្បាលធ្ងន់ ជិះម៉ូតូម៉ាក ZoomerX ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1G-A9815 ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ ឃាត់បាន២នាក់ ទី១-ឈ្មោះឈា សុភាព អាយុ១៧ឆ្នាំ មុខរបររត់តុការ ស្នាក់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងទី២-ឈ្មោះចាន់ ថន ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធ៍សែនជ័យ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GF-6212 ជាមធ្យោបាយប្រព្រឹត្តល្មើស ។
តាមសម្តីជនរងគ្រោះនិយាយទាំងត្រដាបត្រដួសថា នៅមុនពេលកើតហេតុគាត់ជិះម៉ូតូពីសង្កាត់កំបូលទៅទីរួមខេត្តតាកែវ ទិសដៅពីជើងទៅត្បូង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ មកដល់មុខវិទ្យាល័យពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ដែលជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូនិចមួយគ្រឿង បានជិះដេញតាមពីក្រោយ តែគាត់មិននឹកស្មានថាជាចោរប្លន់ទេ ហើយជនសង្ស័យបានជិះម៉ូតូទន្ទឹមនឹងម៉ូតូរបស់គាត់បានកាន់ដុំឥដ្ឋវាយក្បាលគាត់ពីក្រោយ បណ្តាលឲ្យដួលរងរបួស ហើយជនសង្ស័យម្នាក់លើកម៉ូតូរបស់ជនរងគ្រោះជិះទៅទិសខាងត្បូង ចំណែកបក្ខពួក២នាក់ជិះម៉ូតូនិច ជិះរត់តាមបណ្តោយផ្លូវជាតិលេខ៣ ឆ្ពោះ សំដៅទៅចូលភ្នំពេញវិញ ។
តាមនគរបាលប្រចាំគោលដៅវត្តស្លែង បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទង សូមឲ្យកម្លាំងទាំងអស់ជួយឃ្លាំ ស្ទាក់ ចាប់ជនសង្ស័យ២នាក់ ជិះម៉ូតូនិច ដូចភិនភាគខាងលើ ទីបំផុតត្រូវបានកម្លាំងនគរបាលប៉ុសិ្តចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់បានជនសង្ស័យ២នាក់នៅរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានយកទៅសាកសួរបឋមនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ ជាបណ្តោះអាសន្នសិន រួចហើយបាននាំជនរងគ្រោះដែលទៅព្យាបាលនៅមន្ទីរពេទ្យមកចង្អុលបង្ហាញជនសង្ស័យ ។ ខណៈពេលជនរងគ្រោះរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចជួយគ្រាយកមកមើលមុខជនសង្ស័យ តែជនរងគ្រោះមិនសូវចំណាំមុខជនសង្ស័យទេ គ្រាន់តែចាំថា ជនសង្ស័យជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខកន្ទុយចុងលេខ12 ច្បាស់ពិតជាម៉ូតូជនសង្ស័យហើយ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះរបួសធ្ងន់ទៅពេទ្យបង្អែកពោធិ៍ចិនតុងវិញ តែរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីពេទ្យព្រះកុសមៈដើម្បីព្យាបាល។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យវិញអស់ប្រមាណជាង២ម៉ោង ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានម៉ូតូ ZoomerX មួយគ្រឿង ត្រូវបានជនសង្ស័យយកទៅប្លុងចោលនៅជិតវត្តទួលវិហាឃួន លុះពេលសមត្ថកិច្ចចុះទៅពិនិត្យទើបដឹងថា ជាម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់អោយនគរបាលខណ្ឌដង្កោវិញ ព្រោះជាម្ចាស់ករណី ដើម្បីសួរនាំបន្តឈានដល់ចាប់ខ្លួនបក្សពួកដែលនៅសេសសល់បន្តទៀត ៕