ភ្លើងតណ្ហានៅពេលវាឆាបឆេះឡើង បើឃើញអ្វីក្បែរដៃល្មមពន្លត់ភ្លើងនោះបាន ក៏យកមកពន្លត់ភ្លាម តែបើមិនព្រមពន្លត់ វានឹងក្រហល់ក្រហាយនៅមិនសុខ។ យ៉ាងណាមិញ កូនធម៌ពោះម៉ាយនោះ ដេកក្បែរម៉ែធម៌មេម៉ាយយូរៗទៅ ស្រាប់តែភ្លើងតណ្ហា ឆាបឆេះឡើង ទ្រាំមិនបានក៏ឱ្យម៉ែធម៌ជួយពន្លត់ លុះជ្រុលជ្រួសឆ្ងាញ់កាមញ៉ាមស្អិត ក៏យកគ្នាជាប្តីប្រពន្ធទៅ…។
លោកប៉ាង ណយ អាយុ៤១ឆ្នាំ រស់នៅភូមិ ត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា តាមពិត លោកមានស្រុកកំណើតនៅភូមិវាលស្បូវ ឃុំក្តីតាកុយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯណោះទេ តែបានរសាត់អណ្តែតមកនៅភូមិត្រពាំងសេះ បន្ទាប់ពី បានយកម៉ែធម៌ធ្វើប្រពន្ធ។ លោកកើតក្នុងគ្រួសារអ្នក ចម្ការ ធ្លាប់រៀនសូត្រចេះដឹងខ្លះៗដែរ លុះមានវ័យ២២ ឆ្នាំ ក៏ត្រូវឪពុកម្តាយរៀបចំទុកដាក់ឱ្យមានប្រពន្ធឈ្មោះ ភ័ណ អាយុប្អូនលោក៤ឆ្នាំ។ បន្ទាប់ពីរៀបការរួចមក លោកបាននាំប្រពន្ធរកស៊ីដាំផ្កាលក់ ដោយមានដីល្មម បង្កបង្កើនផល ហើយផ្កាដែលលោកដាំ មានផ្កាចន្ធូ ស្បៃរឿង ម្លិះ និងដាំចេកពងមាន់ផ្សំផង។ រួមរស់ជាមួយគ្នា បាន៦ឆ្នាំ បង្កើតបានកូន២នាក់ ដោយសារមុខរបរដាំ ផ្កាលក់មិនសូវចំណេញ លោកក៏ចេញទៅរកស៊ីកាប់ឈើ ដល់ខេត្តព្រះវិហារ និងទៅធ្វើសំណង់នៅកោះរុង ជួនកាលប្រកបរបរនេសាទត្រីនៅកោះកុង កំពង់សោម យូរៗទៅអើតកូនប្រពន្ធម្តង។ នៅពេលប្តីចេញរកស៊ី ស្រុកឆ្ងាយ ស្រាប់តែប្រពន្ធនៅផ្ទះអផ្សុក លួចមានសហាយ ទើបលោកប្តឹងលែងលះ ដោយបានទទួលសំណងខ្លះ បន្ទាប់ពីបើកផ្លូវឱ្យប្រពន្ធនេះ យកប្តីទី២ ជាសហាយ របស់នាង។
លោកប៉ាង ណយ បន្តទៀតថា លោកមានប្អូនប្រុសម្នាក់ឈ្មោះប៉ាង ណង បានចេញពីស្រុកកំណើតតាំង កំលោះ ទៅរកស៊ីចាប់ត្រីនៅកំពង់សោម តែបាត់ដំណឹង សូន្យឈឹង។ បន្ទាប់ពីលែងលះប្រពន្ធមក លោកក៏ផ្សងព្រេង ទៅខេត្តព្រះសីហនុ តាមរកប្អូនប្រុសនោះ ទាល់តែឃើញ ខណៈដែលប្អូនមានប្រពន្ធកូន សង់ផ្ទះនៅក្រុងព្រះសីហនុ ប្រកបរបរនេសាទត្រីសមុទ្រ។ ពេលដឹងថា លោកធ្លាក់ ខ្លួនពោះម៉ាយតែលតោលម្នាក់ឯងបែបនេះ ប្អូនប្រុស និងប្អូនថ្លៃស្រី ក៏ឃាត់លោកឱ្យនៅជាមួយពួកគេមួយរយៈ និងហៅឱ្យទៅចាប់ត្រីជាមួយគ្នា។ នៅក្បែរផ្ទះប្អូនប្រុស មានស្ត្រីមេម៉ាយម្នាក់ ឈ្មោះគឹម រីន សព្វថ្ងៃអាយុ៥៦ឆ្នាំ បានលែងប្តីពីរនាក់ទៅហើយ ក៏បានមកស្នាក់នៅជាមួយ ប្អូនស្រីគាត់ដែរ។ លោកក៏ឧស្សាហ៍ចេញចូលគោរពរាប់អានស្ត្រីចំណាស់នេះ ដោយសុំគាត់ធ្វើម៉ែធម៌ ព្រោះគាត់មាន អាយុបងលោក ១៥ឆ្នាំឯណោះ សមជាម្តាយនិងកូន។
លោកប៉ាង ណយ បន្តទៀតថា ឱ្យតែមានពេលទំនេរ លោកតែងជួយពុះអុស ដងទឹកម៉ែធម៌ និងហូបបាយហូប ទឹកជាមួយគាត់ ដោយហៅគាត់ថា ម៉ែៗពេញមាត់។ ក្រោយមក ប្អូនស្រីរបស់ម៉ែធម៌ បាននាំគ្រួសារចេញទៅលេង ស្រុក ហើយផ្ទះនោះស្ងាត់ពេក ម៉ែធម៌ហៅលោកទៅដេក កំដរ។ លុះយប់ឡើង ស្រាប់តែភ្លើងតណ្ហាឆាបឆេះ ដោយសារម្នាក់ពោះម៉ាយ ម្នាក់មេម៉ាយយូរជូរមាត់ដូចគ្នា ក៏ត្រូវរ៉ូវគ្នាលេងល្បែង ស្នេហ៍រោលរាលពន្លត់ភ្លើងតណ្ហានោះ ឱ្យរលត់ទៅ។ តាំងពីពេលនោះមក ទោះជាគ្រួសារប្អូនស្រី ម៉ែធម៌វិលមកវិញ ក៏លោកនិងម៉ែធម៌នៅតែឆ្លៀតវាយឆ្មក់ ស្ទើររាល់យប់ លុះបែកការណ៍ ក៏សម្រេចចិត្តសែនព្រេនយក គ្នាជាប្តីប្រពន្ធទៅ។ រហូតមកទល់ពេលនេះ លោកនិងប្រពន្ធ ម៉ែ បានរួមរស់ជាមួយគ្នាបាន៣ឆ្នាំ និងបាននាំគ្នាមកនៅស្រុក កំណើតខាងប្រពន្ធជារៀងរហូត។
ដោយឡែក អ្នកស្រីគឹម រីន អាយុ៥៦ឆ្នាំ ជាប្រពន្ធម៉ែ បានឱ្យដឹងថា មួយជាតិនេះ គាត់ឆ្លងកាត់ប្តី ៣នាក់ហើយ គឺកាលពីក្រមុំ បានរៀបការជាមួយប្តីទី១ ជាកំលោះឈ្មោះ រុន បង្កើតបានកូន២នាក់ តែជាអកុសល ប្តីនិងកូនទាំង២ នោះ ឈឺស្លាប់ចោលគាត់អស់។ បន្ទាប់មក គាត់ក៏សម្រេចចិត្តយកប្តីទី២ ឈ្មោះម៉ាញ និងបានរួមរស់ជាមួយគ្នាប៉ុន្មាន ឆ្នាំ គ្មានកូន១គ្រាប់តពូជទេ ទីបំផុតក៏លែងលះគ្នាទៅ។ គាត់ ធ្លាក់ខ្លួនមេម៉ាយ២ភ្លើងយូរណាស់ រហូតដល់អាយុជាង៥០ឆ្នាំ ដើរស្នាក់នៅជាមួយបងប្អូន ក្មួយៗ ត្រឹមតែរស់ប៉ុណ្ណោះ ហើយក៏មិនប្រាថ្នារកប្តីទៀតដែរ ដោយយល់ថា ខ្លួនជា ស្រីអភ័ព្វ បានជាបានប្តីមិនជាប់លាប់នឹងគេសោះ។
អ្នកស្រីគឹម រីន បន្តទៀតថា ខណៈដែលគាត់ទៅ ស្នាក់នៅជាមួយប្អូនស្រី នៅក្រុងព្រះសីហនុ ជាចៃដន្យ ក៏បានជួបពោះម៉ាយប៉ាង ណយ អាយុប្អូនគាត់១៥ឆ្នាំ ក៏រាប់អានជាកូនធម៌ ម៉ែធម៌ ព្រោះយល់ថា សុទ្ធតែ អភ័ព្វគូដូចគ្នា។ យប់មួយ ពេលគាត់ហៅកូនធម៌មក ដេកកំដរ ស្រាប់តែកូនធម៌អផ្សុក ឡើងមកដេកក្នុង មុងជាមួយគាត់ និងអង្វរសុំគាត់អីៗ ព្រោះខានយូរ ជូរមាត់ ចំណែកគាត់លួចស្រលាញ់កូនធម៌ស្រាប់ផង ក៏ស្រុះស្រួលគ្នាទៅ។ សព្វថ្ងៃ គាត់ចាស់ហើយ ធ្លាប់ បើកផ្លូវឱ្យប្តីនេះទៅរកប្រពន្ធក្មេងឯណាទៀតចុះ ព្រោះ គាត់មិនអាចបង្កើតកូនឱ្យគេបានទេ តែប្តីកូននេះមិន ព្រមទៅ ដោយប្រាប់ថា ក្រែងតែគាត់លាចាកលោកនេះ ទៅ ទើបគេរកប្រពន្ធទៀត ពុំនោះទៅបួសតែម្តង។
អ្នកស្រីកឹម រុំ អាយុ៥៥ឆ្នាំ អ្នកស្រីទឹម រតនា អាយុ៤៦ឆ្នាំ ជាបងប្អូនបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធ ម៉ែធម៌ និងកូនធម៌នេះ ស្រលាញ់គ្នាណាស់ ពីមុនពួកគេ ធ្លាប់ហៅគ្នាម៉ែកូន ឥឡូវប្រែជាអូនបងឱ្យផ្អែមល្អូក។ សព្វថ្ងៃ ប្រពន្ធចាស់នេះ មានជំងឺរ៉ាំរ៉ៃច្រើនមុខណាស់ ត្រូវបានប្តីក្មេងថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់ ទោះ-ជាប្រពន្ធដេញឱ្យរកស្រីក្មេង ក៏ប្តីនេះមិនព្រមទៅ។ ពួកគាត់យល់ថា ប្តីប្រពន្ធនេះជាគូព្រេងតែម្តង បានជាខាង ប្រុសលែងប្រពន្ធផិត មកជួបម៉ែធម៌អភ័ព្វគូបែបនេះ ដូច្នេះមានតែភាគីប្តីប្រឹងប្រែងព្យាបាលប្រពន្ធទៅ ព្រោះ វ័យ៥៦ឆ្នាំ របស់ប្រពន្ធមិនទាន់ជាចាស់ប៉ុន្មានទេ។
គួរបញ្ជាក់ថា ករណីម៉ែធម៌កូនធម៌យកគ្នាជាប្តី ប្រពន្ធឃើញមានជាហូរហែ ដូចរឿងមួយកាលពីប៉ុន្មាន ឆ្នាំមុន មានដូនជីម្នាក់ អាយុជាង៥០ឆ្នាំ នៅបម្រើ សង្ឃក្នងវត្តមួយ ស្រាប់តែសាមណេរ១អង្គ ព្រះជន្ម ១៩វស្សា លួចស្រលាញ់។ ក្រោយមក សាមណេរនោះ បានលាចាកសិក្ខាបទ នៅពេលដូនជីចេញទៅនៅផ្ទះវិញ ហើយទីបំផុត អន្ទិតកូនធម៌នេះ បានយកម៉ែធម៌ធ្វើប្រពន្ធ ទោះជាចាស់ទុំខាងប្រុសបំបែកយ៉ាងណា ក៏មិនដាច់ ដែរ និងធ្លាយព័ត៌មានថា អន្ទិតនោះចាំជាតិ ព្រោះ ប្រពន្ធចាស់នោះជាប្រពន្ធរបស់គេពីជាតិមុន ក៏តាម យកវិញទោះជាចាស់យ៉ាងណាក៏នៅតែស្នេហ៍…”៕