Saturday, January 11, 2025
Homeសង្គម និងជីវិតសុំលុយម៉ែ1ម៉ឺនដុល្លារមិនឲ្យ តូចចិត្តចងកសម្លាប់ខ្លួន

សុំលុយម៉ែ1ម៉ឺនដុល្លារមិនឲ្យ តូចចិត្តចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ បុរសម្នាក់នៅសុខៗក៏មកសុំលុយពីម្តាយចំនួន១ម៉ឺនដុល្លារ តែមិនប្រាប់ថា យកទៅធ្វើអ្វីឱ្យពិតប្រាកដនោះទេ លុះម្តាយប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែមួម៉ៅក្តៅចិត្ត ក៏មានគំនិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

បុរសគំនិតខ្លី ដែលតូចចិត្តនឹងរឿងសុំ លុយម្តាយ១ម៉ឺនដុល្លារមិនបាន បែរជាចងកធ្វើអត្តឃាតនេះ មានឈ្មោះវ៉ាន់ នរឹន្ទ ហៅខ្លួយ អាយុ២៨ឆ្នាំ មុខរបរជាងទូរស័ព្ទ និងលក់ទូរស័ព្ទដៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសម្នាក់នេះ (ជនរងគ្រោះ) មានមុខរបររកស៊ីផ្ទាល់ខ្លួនត្រឹមត្រូវ និងមិនដែលបង្កទុក្ខលំបាកអ្វីដល់គាត់ជាម្តាយនោះទេ។ នៅមុនពេលកើតហេតុ កាលពីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសុខៗកូនប្រុសរូបនេះ បានមកសុំលុយុពីគាត់ជាម្តាយ ចំនួន១ម៉ឺនដុល្លារ តែមិនបានប្រាប់ថាយកទៅធ្វើអ្វីឱ្យពិតប្រាកដនោះទេ ទើបធ្វើឱ្យគាត់ជាម្តាយបានប្រាប់ទៅវិញថា លុយច្រើនបែបនេះ គាត់គ្មានទេ។ លុះសុំលុយគាត់មិនបាន កូនប្រុសនេះ ក៏មិននិយាយស្តីអ្វីដែរ រួចក៏ចូលទៅសម្ងំនៅក្នុងបន្ទប់បាត់ទៅ។

ស្ត្រីជាម្តាយជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ដោយមិនឃើញកូនប្រុសចេញមកហូបបាយ ទើបគាត់ជាម្តាយ បានតាមទៅហៅ ស្រាប់តែពេលបើកទ្វារបន្ទប់ចូលទៅ ក៏ប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យគាត់ភ័យឆោឡោ ស្រែកហៅគេឯងឱ្យជួយ និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងចងកភ្ជាប់ជាមួយចម្រឹងបង្អួច។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងរឿងសុំលុយម្តាយ១ម៉ឺនដុល្លារមិនបាន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕​

RELATED ARTICLES