ភ្នំពេញ ៖ គូស្នេហ៍មួយគូ តែងនាំគ្នាឡើងផ្ទះសំណាក់មួយកន្លែងជាញឹកញាប់ រហូតដល់ស្គាល់គ្នាជាមួយបុគ្គលិកផ្ទះសំណាក់ច្បាស់ លុះក្រោយពីនាំគ្នាចូលដេកផ្ទះសំណាក់ខាងលើ បុគ្គលិកជើងល្អម្នាក់ បានមកសុំខ្ចីម៉ូតូប្រាប់ថា ជិះទៅរកទិញបាយហូប ស្រាប់តែយកទៅបាត់ រហូតមិនឃើញត្រឡប់មកវិញ ធ្វើឱ្យបុរសជាម្ចាស់ម៉ូតូកើតទុក្ខមិនសុខចិត្ត ក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីគូស្នេហ៍នាំគ្នាឡើងផ្ទះសំណាក់រួមរ័ក បែរជាចាញ់ល្បិចបុគ្គលិកផ្ទះសំណាក់ស៊ីដាច់ម៉ូតូបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោ រស្មីជម្ពូវ័ន តាមផ្លូវរោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះ ដែលនាំស្រីស្នេហ៍ឡើងផ្ទះសំណាក់ បែរជាអស់ម៉ូតូ១គ្រឿង មានឈ្មោះ ឌីម ភក្ត្រា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខយាម រោងចក្រ ស្នាក់នៅផ្ទះជួលភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតូច ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត។ ចំណែកនារីជាសង្សារ មានឈ្មោះ ផាត សុជា អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយឡែកម៉ូតូដែល ត្រូវជនសង្ស័យជាបុគ្គលិកផ្ទះសំណាក់ឆបោកយកទៅបាត់ ម៉ាកស្កុបពី ពណ៌ផ្កាឈូក ស៊េរី ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AD-0080។
តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបញ្ចប់ម៉ោងការងារ ពួកខ្លួន២នាក់គូសង្សារបាននាំគ្នាជិះម៉ូតូដឹកគ្នាចេញទៅរកហូបចុក ហើយបង្ហួសទៅដេកសម្រាកនៅផ្ទះសំណាក់ យីហោ រស្មីជម្ពូវ័ន ដែលខ្លួនធ្លាប់ចូលសម្រាកជាញឹកញាប់។ លុះរហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅពេលដែលពួកគេទាំង២នាក់ នាំគ្នាចុះពីផ្ទះសំណាក់ បម្រុងចេញទៅកន្លែងធ្វើការវិញ ស្រាប់តែមានបុគ្គលិកផ្ទះសំណាក់ម្នាក់ជាមនុសធ្លាប់ស្គាល់គ្នា បានសុំខ្ចីម៉ូតូជិះ ដោយប្រាប់ថា ចេញទៅរកទិញបាយហូបមួយភ្លែត លុះក្រោយពីខ្លួនឱ្យម៉ូតូ ទៅជិះជនសង្ស័យក៏ជិះចេញទៅបាត់រហូតមិនឃើញត្រឡប់មកវិញសោះ លុះពេលចាំបាត់ៗយូរពេក ខ្លួនជាម្ចាស់ម៉ូតូ ក៏បានទៅប្រាប់ថៅកែផ្ទះសំណាក់ ឱ្យទាក់ទងតាមរយៈទូរស័ព្ទ តែទូរស័ព្ទមិនចូលសោះ ទើបកើតមានការភ្ញាក់ផ្អើលដឹង ខ្លួនថា ជនសង្ស័យស៊ីដាច់ម៉ូតូបាត់ទៅហើយ។
តាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា ជនរងគ្រោះជាម្ចាស់ម៉ូតូ គឺជាម៉ូយប្រចាំផ្ទះសំណាក់ខាងលើ ដោយឧស្សាហ៍នាំសង្សារចូលមកដេកនៅផ្ទះសំណាក់នេះណាស់ រហូតដល់ស្គាល់គ្នាជាមួយួបុគ្គលិកផ្ទះសំណាក់គ្មានសល់។ លុះដល់ថ្ងៃកើតហេតុ ក្រោយពីនាំសង្សារមកដេកនៅផ្ទះសំណាក់ពេញមួយយប់ រួចហើយ រៀបនឹងចេញទៅវិញ ស្រាប់តែត្រូវជនសង្ស័យម្នាក់ជាបុគ្គលិកផ្ទះសំណាក់ និងជាមនុស្សធ្លាប់ស្គាល់គ្នា បានប្រើល្បិចសុំខ្ចីម៉ូតូជិះ រួចក៏ជិះយកទៅបាត់តែម្តង។ក្រោយពេលកើតហេតុ ថៅកែផ្ទះសំណាក់ បានចេញមុខមកសម្របសម្រួលជាមួយភាគីរងគ្រោះនៅប៉ុស្តិ៍ប៉ូលិស ដោយសន្យាដើរស្វែងរកជនសង្ស័យ១សប្តាហ៍ បើមិនឃើញម៉ូតូ ឬឃើញជនសង្ស័យទេនោះ ថៅកែផ្ទះសំណាក់ នឹងយល់ព្រមចេញសងចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ លុះក្រោយពេលឯកភាពគ្នា ធ្វើកិច្ចសន្យាព្រមព្រៀងរួចហើយ ភាគីទាំង២ បាននាំគ្នាចាកចេញទៅវិញរៀងខ្លួន៕