ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់បានអង្គុយផឹកស៊ីជាមួយប្តីចុងរបស់ខ្លួនរហូតដល់ស្រវឹង ធ្លាក់ភ្នែក រួចក៏កើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតក្លាយជាអំពើហិង្សា ដោយបុរសជាប្តីចុងបានវាយទៅលើស្ត្រីជាប្រពន្ធបណ្តាលឱ្យសន្លប់ស្តូកស្តឹង លុះកូនប្រុសស្ត្រីរងគ្រោះ ប្រទះឃើញ ផ្ទុះកំហឹង ក៏ទាញកាំបិតស្ទុះទៅកាប់ប្រហារឪពុកចុងវិញជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។
ករណីកូនប្រុសកាប់ឪពុកចុងបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលា ម៉ោង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិឡៅកៅ ក្រុងសែនមនោរម្យ។
ជនដៃដល់ដែលកាប់ប្រហារឪពុកចុងរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះផ្សោត សាវិន អាយុ២២ឆ្នាំ ជាជនជាតិភាគតិចព្នង។ ចំណែកជនរងគ្រោះ មានឈ្មោះរៀម សម្បត្តិ អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះកូយ ទាន់ អាយុ ៤៣ឆ្នាំ ជនជាតិព្នង (ម្តាយបង្កើតរបស់ជនដៃដល់)។ ក្រុមគ្រួសារខាងលើ រស់នៅផ្ទះជុំគ្នា ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញជនរងគ្រោះ និងប្រពន្ធ បានទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា តាំងពីថ្ងៃរសៀល រហូតមកដល់កប់ ព្រលប់ ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជំម្លោះពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ បុរសរងគ្រោះជាប្តី ដែលកំពុងស្រវឹងជោក ទប់កំហឹងមិនបាន ក៏ ស្ទុះទៅវាយស្ត្រីជាប្រពន្ធទាំងកំរោល បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ប្រភពដដែលបន្តថា លុះពេលឃើញឪពុកចុង (ជនរងគ្រោះ) វាយម្តាយបង្កើតរបស់ខ្លួន បណ្តាលឱ្យសន្លប់បាត់មាត់បាត់កបែបនេះ ទើបជនសង្ស័យផ្ទុះកំហឹង ក៏ទាញកាំបិតស្ទុះទៅកាប់ ប្រហារបុរសរងគ្រោះជាឪពុកចុងទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ក្បាល និងដៃខាងឆ្វេងជាច្រើនកាំបិត ធ្វើឱ្យដេកដួលក្នុងថ្លុកឈាម ហើយភ្លាមនោះ ត្រូវបានអ្នកជិតខាងចូលទៅចាប់បំបែក បន្ទាប់មកក៏ប្រញាប់ដឹកបញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះជីវិត។
លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីអំពើហិង្សាក្នុងគ្រួសារភ្លាមសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំបិតផ្គាក់១ដើមផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ជនរងគ្រោះ ត្រូវជាឪពុកចុងរបស់ខ្លួន ហើយនៅមុនពេលកើតហេតុ គេឃើញឪពុកចុង និងម្តាយបង្កើត បានជួបជុំគ្នាផឹកស្រាយ៉ាងក្អាកក្អាយ លុះដល់ពេលស្រវឹង ក៏កើតមានជំលោះនឹងគ្នា ហើយស្រាប់តែឪពុកចុង បានស្ទុះទៅវាយម្តាយបង្កើតរបស់ខ្លួន រហូតដល់សន្លប់ស្តូកស្តឹង ទើបរូបគេជាកូនប្រុសទប់ចិត្តមិនបាន ក៏ទាញកាំបិតទៅកាប់ប្រហារឪពុកជាច្រើន កាំបិតចំក្បាល និងដៃបណ្តាលឱ្យរងរបួសធ្ងន់ តែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕