ហេតុតែមានគំនុំនឹងម៉ែក្មេក មិនចែកដីធ្លី កេរអាករ ធ្វើឱ្យនារីម្នាក់នេះ ខឹងសម្បារាលដាលដល់ប្តីទៀត ដោយព្យាយាមដេញប្តី ឱ្យដេកក្រៅមុង ស្ទើររាល់រាត្រី។ ដល់អ៊ីចឹងទៅជម្លោះគ្រួសារ ក៏កើតឡើង មិនចេះចប់ បណ្តាលឱ្យញាតិមិត្តជិត ខាងធុញទ្រាន់ហើយក៏គ្មានមធ្យោបាយអ្វីអាចយកមក ដោះស្រាយបញ្ហានេះ បានដែរ…។
នាងធាង ផល្លា អាយុ២៩ឆ្នាំ រស់នៅភូមិប្រមូលផ្តុំខាងលិច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះឡុំ ធាង អាយុ៥៥ឆ្នាំ ម្តាយឈ្មោះសំអាន លីន អាយុ៥៤ឆ្នាំ។ នាងបានរៀបការជាមួយប្តីតីមាប្រពៃណី ឈ្មោះវ៉ាង យ៉ុង អាយុបងនាង១ឆ្ន្នាំ ដោយបង្កើតបានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ។ ម្តាយក្មេករបស់នាងមានឋានៈជាមេភូមិ រង មានមុខមាត់ក្នុងសង្គមម្នាក់ដែរ ទាំងទ្រព្យសម្បត្តិ ដីធ្លី គោក្របី ក៏មានសមរម្យចូលចំណោមនឹងគេបាន ទើបនាងយល់ព្រម រៀបការជាមួយប្តីនេះទៅ ដោយសង្ឃឹមម៉ែក្មេកចែកកេរខ្លះ ទុកជាសម្ពាយជីវិត។ តែដឹងអី! តាំងពីចាប់ដៃគ្នាមក សូម្បីតែមាស ១ហ៊ុន ដី១អំពក ឬកូនគោ១ក្បាល ក៏ម៉ែក្មេកមិនចែកឱ្យដែរ គឺមានតែឪពុកម្តាយបង្កើតរបស់នាងទេ ដែលជួយចែកដើមទុន ទំនុកបម្រុងគ្រប់យ៉ាងដល់កូនៗ រហូតមានលទ្ធភាពរកស៊ីបាន ផ្ទះធំទ្រនំខ្ពស់ ដូចសព្វថ្ងៃនេះ។ ទោះជាយ៉ាងនេះក្តីក៏ប្តីនាងកាន់ ជើងម៉ែឪគេជានិច្ច បើមានបញ្ហាអ្វីកើតឡើង គេស្តីបន្ទោស តិះដៀលតែរូបនាងជានិច្ច។ លុះដល់នាងវែកញែកចង់បានកេរអាករខ្លះពីម៉ែឪក្មេក ធ្វើឱ្យប្តីមួម៉ៅក្តៅក្រហាយ បង្កហិង្សា ជេរប្រមាថនាងកាន់តែធ្ងន់។
នាងធាង ផល្លា បន្តថា ដោយមិនអាចស៊ូទ្រាំនឹងការប្រមាថ បាននាងក៏និយាយនឹងប្តីថា “បើបងឯងខ្លាំងអ៊ីចឹង ទៅយកកេរ ម៉ែឪឱ្យបានមក ចាំមកជេរខ្ញុំ ហើយបើចង់ដេកចូលប្រពន្ធ ត្រូវយកកេរ មកបង្ហាញឱ្យឃើញច្បាស់សិន!” តាមពិត នាងនិយាយ បែបនេះ មិនមែនស្អប់ខ្ពើមប្តីនោះទេ គ្រាន់តែបង្ការកុំឱ្យគេប្រមាថ នាងខ្លាំងពេកតែប៉ុណ្ណោះ ស្រាប់តែប្តីចិត្តច្រើនចេញដេកក្រៅមុង រួចប្រាប់គេឯងថា នាងដេញប្តីឱ្យដេកក្រៅមុង។ ពេលឃើញ គេចិត្តច្រើនបែបនេះ នាងក៏បណ្តោយតាមតែម្តង ព្រោះខ្លួនជា ស្រីមិនអាចទៅអូសទាញដៃគេឡើងគ្រែនោះឡើយ សូម្បីពេល បាយទឹកក៏នាងមិនរវល់ហៅដែរ បើគេឃ្លាន ដួសហូបខ្លួនឯង ទៅនាងមិនចេះដួសបញ្ចុកដូចក្មេងទេ។
ដោយឡែក លោកវ៉ាង យ៉ុង អាយុ៣០ឆ្នាំ ជាប្តី បានឱ្យដឹងថា ការលើកឡើងរបស់ប្រពន្ធ គឺនាង និយាយយកត្រូវតែខ្លួនឯងប៉ុណ្ណោះ ដែលតាមពិត នាងពូកែសម្តីណាស់ ខឹងអីបន្តិចជេរប្រទេចដល់ ម៉ែឪលោកហើយ។ ចំពោះរឿងកេរអាករនោះ ក៏ មានការឈ្លោះប្រកែកគ្នាច្រើនដងណាស់ទៅហើយ គឺឱ្យតែទាស់គ្នា នាងមានលេសនេះលេសនោះ មិន ចេះចប់ ជាពិសេសឱ្យតែខឹងលោកម្តងៗ ក៏ដេញប្តីដេក ក្រៅមុង បង្អត់ចំណីប្តីអត់អាសូរ ហើយនិយាយយក រួចខ្លួន។ គ្មានអ្នកណាម្នាក់ចង់បែកបាក់គ្រួសារនោះទេ តែបើប្រពន្ធសម្តីថ្លោសបែបនេះ ទោះជាដេកឱបក៏ មិនស្រួលដែរ វាក្រហល់ក្រហាយដូចដេកឱបភ្លើង អ៊ីចឹង។ លោកទទួលស្គាល់កំហុសដែរ ព្រោះធ្លាប់វាយ បំផ្លាញទ្រព្យរបស់ក្នុងពេលមានជម្លោះ តែមិនដែល ប៉ះសាច់ប្រពន្ធនេះឱ្យឈឺ ឬមានស្នម្នាកន្ទួលម្តង ណាឡើយ។
អ្នកស្រីសុខ អៀង មេភូមិរង និងត្រូវជាម្តាយ ក្មេកនាងផល្លា បានឱ្យដឹងថា គាត់អស់ចំណេះហើយ ក្នុងការអប់រំកូនបង្កើត និងកូនប្រសាដែលអាង ឈ្លោះ ខ្វះភាពអត់ឱនឱ្យគ្នា។ ជម្លោះនោះគ្មានអ្វីធំដុំក្រៅពីរឿងអង្ករកំប៉ុងនោះទេ តែដល់យូរទៅ កូនប្រសាស្រីរាងខិតលើ ឱ្យតែឈ្លោះជាមួយប្តីម្តងៗ ក៏រាលដាលដល់ម៉ែឪក្មេក ចោទប្រកាន់ថា គាត់មិន ចែកកេរអាករឯណាទៅវិញ? ដូច្នេះថ្ងៃក្រោយបើ ពួកគេចង់លែងលះគ្នាក៏ស្រេចតែគេទៅ គាត់លែងឈឺ ក្បាលវិលមុខទៀតហើយ។
លោករ៉ែម ថេង អាយុ៥១ឆ្ន្នាំ និងអ្នកស្រីអ៊ុយ ស៊ុ អាយុ៤៨ឆ្ន្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ទំនាស់ពីរនាក់ប្តីប្រពន្ធនេះ វាកើតឡើងពីការចង់ ឈ្នះចាញ់គ្នា។ តាមការឃ្លាំមើល ភាគីនាងផល្លា បែបឆ្នស្នាបន្តិច ទើបមិនព្រមចំណុះប្តី ហើយរឿង ចែកកេរនោះ វាមិនដែលម៉ែឪឯណាមិនចែកកូន សោះនោះទេ ហោចណាស់ក៏បានដីខ្លះដែរ តែទំនង ជាគ្មានអីចែកច្រើន ទើបកូនប្រសាមានលេសជេរ ប្តី ដេញប្តីឱ្យដេកក្រៅមុងយ៉ាងនេះទៅ។
រីឯអ្នក្នភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា នាងផល្លា តែងតែឈ្លោះរករឿងប្តីពីបញ្ហាកេរអាករ ក្លាយជារឿងធម្មតាទៅហើយៗ បើពួកគេទាស់គ្នាចាំ លបមើលទៅច្បាស់ជាឃើញប្តីដេកក្រៅមុង ទះមូស ផាច់ៗ ពេញមួយយប់ ប៉ុន្តែស្អែកឡើងក៏ត្រូវគ្នាវិញ។
គួរបញ្ជាក់ថា ជម្លោះដែលកើតឡើងរវាងគូស្វាមីភរិយាថ្មោងថ្មីអាចកើតពីឪពុកម្តាយមិនចែក កេរអាករឱ្យកូនូ ធ្វើឱ្យកូនប្រសាអាក់អន់ស្រពន់ចិត្ត។ បើសិនជាឪពុកម្តាយក្រីក្រមិនសូវមានបញ្ហាទេ តែបើ ពួកគាត់មានដីស្រែ គោក្របី ផ្ទះធំទ្រនំខ្ពស់ បែរជា កំណាញ់ស្វិតមិនចែកអ្វីឱ្យកូននោះ ដូចបំផ្លាញសុភមង្គលកូនអ៊ីចឹង។ យោងតាមបទសម្ភាសន៍ភាគីប្តី និងម៉ែក្មេកនេះ និយាយមិនចំបញ្ហាពីរឿងកេរអាករ មិនបញ្ចោញឱ្យដឹងថា តើម៉ែក្មេកមានដីស្រែចម្ការ ប៉ុន្មាន? គោអំពែប៉ុន្មាន? បានចែកឱ្យកូនខ្លះហើយ ឬអត់? បើមានការលាក់លៀមបញ្ហានេះ ច្បាស់ជា ម៉ែឪមានកំហុសមិនខាន ប៉ុន្តែបើគាត់បានចែកឱ្យ ហើយ តែកូនប្រសានៅតែលោភលន់ចង់បានទៀត នោះ ជាកំហុសរបស់កូនប្រសា។ ដូច្នេះចង់ដោះស្រាយ បញ្ចប់ជម្លោះនេះ លុះត្រាតែចេះអត់ឱនគ្នា ជាពិសេស បើសិនជាម៉ែក្មេកយល់ព្រមចែកកេរឱ្យនោះ អ្វីៗ នឹងស្ងប់មិនខាន ហើយសុភមង្គលប្តីប្រពន្ធ នឹងគ្មាន ការរង្គោះរង្គើដេញប្តីឱ្យដេកក្រៅមុងទៀតទេ…”៕