ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ស្ថិតក្នុងអាការស្រវឹងស្រាជោកជាំដូចគ្នា បានកើតមានជំលោះតឹងសរសៃកដាក់គ្នា ទាំងដែលបុរសជាប្តីកំពុងបើកបរ ស្រាប់តែភ្លាមនោះ ស្ត្រីជាប្រពន្ធបានប្រតាយប្រតប់ទាញចង្កូតរថយន្ត ធ្វើឱ្យជ្រុលទៅកៀររថយន្តឡង់គ្រីស័រមួយគ្រឿង រួចក៏រេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកប្រឡាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងជើងវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្តីប្រពន្ធដែលស្រវឹងទឹកត្នោតជូរ កំពុងបើកបរផ្ទុះជំលោះឈានដល់ការប្រតាយប្រតប់ទាញចង្កូតរថយន្ត បណ្តាលឱ្យកើតមានគ្រោះថ្នាក់នេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរធ្វើដំណើរក្នុងរថយន្តកូរ៉េចំណុះ២,៥តោនមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-5954។ ចំណែកភាគីរថយន្តម្ខាងទៀត ដែលត្រូវរថយន្តបង្កបើកកៀរឱ្យរងការខូចខាតធ្ងន់ធ្ងរ ម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG2-373។
តាមសម្តីបុរសជាប្រជាការពារសង្កាត់ព្រៃស បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញភាគីអ្នកបើកបររថយន្តកូរ៉េ ២តោនកន្លះនោះ អង្គុយផឹកទឹកត្នោតជូរនៅក្បែរវត្តឬស្សីសាញ់ ក្រោយមកក៏ឃើញអ្នកទាំង២ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនាំគ្នាដើរសំដៅទៅរថយន្តបើកចេញទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ បើកកៀររថយន្តមួយគ្រឿង រួចក្រឡាប់ធ្លាក់ចូលទឹកដោយខ្លួនឯងបែបនេះតែម្តង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ២តោនកន្លះខាងលើ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង និងឃើញអ្នកទាំង២ បានឈ្លោះប្រកែកគ្នាក្នុងរថយន្ត រហូតកើតមានការប្រតាយប្រតប់គ្នា រួចក៏ជ្រុលចង្កូតទៅកៀររថយន្តឡង់គ្រីស័រ១គ្រឿង ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្តាលឱ្យទទួលរងការខូចខាតអស់មួយចំហៀងផ្នែកខាងឆ្វេង យ៉ាងដំណំ បន្ទាប់មកភាគីរថយន្តកូរ៉េ ក៏រេចង្កូតជ្រុលក្រឡាប់ធ្លាក់ចូលទឹកតែម្តង តែសំណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ។
តាមសម្តីបុរសជាភាគីម្ចាស់រថយន្ត២តោនកន្លះ បានប្រាប់ថា រូបគាត់បើកបររថយន្តពីត្បូងមកជើង ចំណែករថយន្តឡង់គ្រីស័រនោះ បានបើកចូលមកស្តាំដៃគាត់ទើបគាត់បុក ហើយរថយន្តគាត់ធ្លាក់ប្រឡាយទឹកទៀត។
ដោយឡែកសមត្ថកិច្ចដែលចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា អ្នកបើកបររថយន្តធំ២តោនកន្លះនោះមានអាការស្រវឹងខ្លាំងណាស់ និយាយមិនត្រូវរ៉ូវគ្នាទេ ហើយករណីរងចាំដោះស្រាយគ្នានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅឯអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ក្រោយធ្វើការវាស់វែងរួច រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំភាគី ទាំង២ចូលខ្លួនដោះស្រាយគ្នាតាមនីតិវិធី៕