Tuesday, May 21, 2024
Homeព័ត៌មានជាតិសុខ ស្រីនាង ព្រះសង្ឃលង់ស្នេហ៍ រហូតដល់សឹក តាមដណ្តឹងយកធ្វើជាប្រពន្ធ

សុខ ស្រីនាង ព្រះសង្ឃលង់ស្នេហ៍ រហូតដល់សឹក តាមដណ្តឹងយកធ្វើជាប្រពន្ធ

ខេត្តកំពង់ស្ពឺ ៖ សុខ ស្រីនាង ចេះតែមានជំងឺចម្លែក ប្រកាច់សឹងរាល់ថ្ងៃ រហូតដល់ឪពុកម្តាយដាក់ថ្នាំអ្វីក៏មិនត្រូវ ក៏នាំទៅឱ្យព្រះសង្ឃមួយអង្គស្រោចទឹកព្យាបាលជំងឺ ស្រាប់តែក្រោយពេលព្យាបាលជាក៏កើតមានកំណួចចិត្តលើគ្នាទៅវិញទៅមក រហូតដល់ព្រះសង្ឃអង្គនោះ សម្រេចលាចាកសិក្ខាបទ (សឹក) តាមដណ្តឹងនាងធ្វើជាប្រពន្ធ។

ព្រះតេជគុណ សេង វាសនា កាលនៅបួសជាសង្ឃ

បុរសឈ្មោះសេង វាសនា អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាងូវ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ បានរៀបរាប់ប្រាប់ថា គាត់ជាកូនកំព្រាឪពុកម្តាយតាំងពីតូច និងរស់នៅជាមួយម្តាយធំ កាលពីអាយុ១៥ឆ្នាំ ដោយមាននិស្ស័យក្នុងព្រះពុទ្ធសាសនា ទើបគាត់សម្រេចចិត្តចូលបួសជាព្រះសង្ឃ នៅវត្តអន្លង់ពួយ ហៅវត្តកន្ធែងអេះ ដោយបានរៀនចេះនូវមន្តវិធីស្រោចទឹកព្យាបាលជំងឺ រហូតមានពុទ្ធបរិស័ទមកពឹងពរជាហូរហែ។

សុខ ស្រីនាង ពេលផ្តល់សម្ភាសន៍

លោកសេង វាសនា បានបន្តថា លុះក្រោយពីបួសបាន៩វស្សា នៅថ្ងៃមួយ ក៏មានញាតិញោមឈ្មោះសុខ ប្រពន្ធឈ្មោះយឺន មានកូនស្រីឈ្មោះសុខ ស្រីនាង (ប្រពន្ធសព្វថ្ងៃ) បានកើតជំងឺចម្លែកចេះតែក្តៅខ្លួនមិនបាត់ និងតែងប្រកាច់ជាញឹកញាប់ ហើយកន្លងមកធ្លាប់បានទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលអស់ចិត្តទៅហើយ តែនៅមិនបានសះស្បើយសោះ ទើបសម្រេចចិត្តនាំមកឱ្យគាត់ (កាលនៅជាសង្ឃ) ស្រោចទឹកព្យាបាលជំងឺឱ្យ។ គ្រាន់តែបានឃើញនាងក្រមុំ សុខ ស្រីនាង ភ្លាម គាត់ហាក់មាននិស្ស័យខ្លាំងណាស់ និងបានព្យាយាមប្រើប្រាស់ចំណេះ ជំនាញដែលបានមកពីបួសរៀន ជួយព្យាបាលជំងឺនាងរហូតបានជាសះស្បើយ។ តាំងពីនោះមក នាងក្រមុំ សុខ ស្រីនាង ក៏តែងយកចង្ហាន់មកប្រគេនជាការដឹងគុណ រហូតបានស្គាល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែមិនធ្លាប់ធ្វើអ្វីឱ្យលើសហួសពីប្រពៃណី ឬប្រាស់ចាកពីវិន័យធម៌ដែរ គឺគ្រាន់តែមានកំណួចចិត្តលើគ្នាទៅវិញទៅមកប៉ុណ្ណោះ មិនដែលហ៊ានប៉ះពាល់គ្នាឡើយ។

សុខ ស្រីនាង និងស្វាមី ជាមួយកូនៗ រស់នៅក្នុងខ្ទមកម្សត់

លោកសេង វាសនា បានឱ្យដឹងទៀតថា លុះក្រោយមក ដោយសារចិត្តស្រលាញ់កូនក្រមុំគេកាន់តែខ្លាំងណាស់ទៅហើយ ទើបគាត់សម្រេចលាចាកសិក្ខាបទ (សឹក) រួចតាមសុំស្រលាញ់នាង សុខ ស្រីនាង ដោយត្រង់ៗតែម្តង ចំណែកឪពុកម្តាយរបស់នាង ក៏មិនថាអ្វីដែរ និងថែមទាំងពេញចិត្តគាត់ទៀតផង ប៉ុន្តែ ទាស់ត្រង់ថា ពួកគាត់គ្មានលុយរៀបការអ្វីឱ្យធំដុំនោះឡើយ ទើបឪពុកម្តាយខាងស្រីសម្រេចចិត្តផ្សំផ្គុំឱ្យពួកគាត់ក្លាយជាប្តីប្រពន្ធនឹងគ្នា តាមរយៈការសែនព្រេនមាន់ស្ងោរ ក្បាលជ្រូក ត្រឹម១ព្រឹកប៉ុណ្ណោះ ហើយក៏បានរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃតែម្តង ប៉ុន្តែជីវភាពគ្រួសាររបស់គាត់ពេលនេះយ៉ាប់យឺនខ្លាំងណាស់ ដោយគាត់គ្មានរបរអ្វីក្រៅពីដើរសុំទានគេនោះទេ គ្រាន់បានប្រាក់កម្រៃតិចតួចយកមកចិញ្ចឹមប្រពន្ធនិងកូនប្រុស៣នាក់។

នាងសុខ ស្រីនាង អាយុ៣១ឆ្នាំ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងពិតជាបានតាមស្រលាញ់នាងតាំងពីនៅបួសជាសង្ឃរហូតដល់សឹក តាមដណ្តឹងយកនាងធ្វើជាប្រពន្ធមែន ដោយកាលនោះ ពេលនាងនៅក្រមុំ កើតមានជំងឺចម្លែករកគ្រូណាព្យាបាលមិនជាសោះ ស្រាប់តែមកប៉ះព្រះសង្ឃ សេង វាសនា (ប្តីសព្វថ្ងៃ) ក៏ឃើញថា ស័ក្តិសិទ្ធខ្លាំងណាស់ ហើយមិនត្រឹមតែជាជំងឺនោះទេ តែចិត្តនាងបែរជាជាប់ជំពាក់ដកស្នេហ៍មិនរួចសោះ តែមិនធ្លាប់ធ្វើអ្វីឱ្យហួសប្រពៃណីខ្មែរឡើយ រហូតដល់ព្រះសង្ឃនោះសឹកជាគ្រហស្ថ ទើបត្រូវឪពុកម្តាយសែនព្រេនឱ្យយកគ្នាជាប្តីប្រពន្ធតែម្តង។

សុខ ស្រីនាង និងស្វាមី ក្នុងថ្ងៃរៀបការប្អូនស្រី

នាងសុខ ស្រីនាង បានឱ្យដឹងថា សព្វថ្ងៃនេះ នាងមានកូនប្រុស៣នាក់ក្នុងបន្ទុក រីឯជីវភាពវិញទីទ័លក្រខ្លាំងណាស់ ពឹងលើកម្លាំងប្តីចេញដើរសុំទានគេ ឬដើរលុបជង្ហុកតាមផ្លូវ មួយថ្ងៃបានប្រាក់មិនលើសពី៥ពាន់រៀលឡើយ ជួនពេលខ្លះគេអាណិតឱ្យអង្ករមកហូបគ្រាន់ បានរួចមួយពេលៗដែរ។ យ៉ាងណាក្តី នាងនិងប្តីពិតជាស្រលាញ់គ្នាណាស់ ទោះជាក្រលំបាក ក៏ទ្រាំអត់ធ្មត់ តស៊ូជាមួយគ្នា មិនបោះបង់គ្នាចោលឡើយ៕

RELATED ARTICLES