ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការល្បាតឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក បានសម្រេច រួចរត់គេចខ្លួនមកសម្ងំលាក់ខ្លួននៅផ្ទះជួលក្នុងខណ្ឌ៧មករា។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៨១E១ ផ្លូវ១០៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ ដោយដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក BEAT ពាក់ស្លាកលេខ ភ្នំពេញ 1ZL-6434 ចំនួន១គ្រឿង។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យខាងលើ លុះសាកសួរចុះឡើងទើបដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យរូបនេះបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងភូមិសាស្ត្រខណ្ឌទួលគោក បានសម្រេច ហើយបានមកសម្ងំលាក់ខ្លួននៅចំណុចខាងលើ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយការសាកសួរ ដោយសារតែករណីនេះកើតឡើងក្នុងភូមិសាស្ត្រខណ្ឌទួលគោក ទើបសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ធ្វើការបញ្ជូនខ្លួនជនសង្ស័យខាងលើ ឲ្យទៅខាងនគរបាលខណ្ឌទួលគោកវិញ ដើម្បីធ្វើការសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕