Tuesday, December 24, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធចិត្តខ្លាំងពេក ដេកឱបដៃ

ប្តីប្រពន្ធចិត្តខ្លាំងពេក ដេកឱបដៃ

គ្រាន់តែទាស់សម្តីគ្នាបន្តិចបន្តួច ស្រាប់តែប្រពន្ធឱបបង្វេចចុះចោលប្តី និងកូន ដោយបង្ហើបពាក្យថា លុះត្រាតែប្តីតាមហៅ ទើបនាងវិលវិញ ខណៈដែលប្តីបង្ហើបថា លុះត្រាតែប្រពន្ធវិលវិញដោយ ខ្លួនឯង ទើបគេយក។ ដល់ចិត្តខ្លាំង និងមានះដូចគ្នាយ៉ាងនេះ ធ្វើឱ្យប្តីប្រពន្ធក្មេងៗនេះ បានត្រឹមដេកឱបដៃទន្ទឹងមើល ផ្លូវគ្នា ដោយមិនព្រមយកគូថ្មី តែចាំបាត់ៗ…។

លោកនី ថា អាយុ២៤ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបលោកជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់ ឪពុកឈ្មោះទីន អាយុ៥៨ឆ្នាំ ម្តាយឈ្មោះសុខល អាយុ៥០ឆ្នាំ។ ដោយសារប្រាជ្ញាខ្សោយរៀនមិនចេះ ទើបលោករៀនសូត្របានត្រឹមថ្នាក់ទី១ ចេះអក្សររដាក់រដុប ក៏ឈប់ទៅ និងខ្លាចសាលាលែងហ៊ានទៅជិត។ រហូតដល់ធំពេញ កំលោះ លោកគ្មានជំនាញអ្វីក្រៅពីធ្វើស្រែចម្ការ និងធ្វើកម្មករ នោះឡើយ ប៉ុន្តែបេះដូងលោកក៏ចេះស្នេហាដូចកំលោះឯទៀតដែរ។ កាលពីប៉ុន្មានឆ្នាំមុន លោកមាន ទំនាក់ទំនងផ្លូវចិត្តជាមួយនារីម្នាក់ឈ្មោះស្រី ឡាំ សព្វថ្ងៃអាយុ២២ឆ្នាំ ស្រុកកំណើតនៅខេត្ត កំពង់ចាម ដោយស្គាល់គ្នា នៅពេលលោកនិងនាងទៅធ្វើការនៅក្នុងកាស៊ីណូ មួយ កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកនិងនាងធ្វើការក្បែរគ្នា យូរៗ

នាងស្រី ឡាំ និងលោកនី ថា (ក្នុងថ្ងៃរៀបការ)

ទៅក៏ចាប់ចិត្តស្រលាញ់គ្នា និងបានដឹកដៃគ្នាចូលរោងការតាមប្រពៃណី កាលពីឆ្នាំ២០១៥ ហើយតាំងពីរៀបការរួចមក ក៏ឈប់ធ្វើការនៅកាស៊ីណូ ដោយងាកមកចាប់មុខរបរធ្វើស្រែចម្ការវិញ ដោយបង្កើតបានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ។ តាមពិតពេលបានគ្នាជាប្តីប្រពន្ធថ្មីៗ ក៏នាំ គ្នាទៅធ្វើការកន្លែងដដែល លុះប្រពន្ធមានផ្ទៃពោះ ទើបីលោកនាំ នាងមករស់នៅជាមួយឪពុកម្តាយបង្កើតឯស្រុកឈូក ខេត្តកំពត ប៉ុន្តែប្រពន្ធមានចរិតក្មេង ឆេវឆាវណាស់ ឱ្យតែខឹងប្តី ឬបង ប្អូនណាម្តងៗ អាងឱបបង្វេចរត់ទៅស្រុកវិញ។

នាងស្រី ឡាំ

លោកនី ថា បន្តទៀតថា មុនដំបូង ប្រពន្ធមានផ្ទៃពោះ ជិតគ្រប់ខែ លុះមានទំនាស់បន្តិចបន្តួចជាមួយប្តី ក៏ឱបបង្វេច ឡើងឡានទៅស្រុកបាត់ ប៉ុន្តែកាលនោះ ដោយសារលោក អាណិតនាងកំពុងពពោះប៉ុនកញ្ជើ ក៏ទៅតាមហៅនាងឱ្យ ត្រឡប់មកវិញ និងថ្នាក់ថ្នមថែទាំរហូតដល់នាងឆ្លងទន្លេ ប្រកបដោយសុវត្ថិភាព។ លុះកូនមានអាយុ៣ខែ ប្តីប្រពន្ធ លោកក៏មានទំនាស់តិចតួចដូចមុន ស្រាប់តែប្រពន្ធទូរស័ព្ទ ទៅឆ្លងយោបល់ម្តាយនាង ឯម្តាយនោះ ក៏បង្គាប់កូនស្រីឱ្យត្រឡប់ទៅស្រុកវិញ កុំបាច់យកកូនទៅនាំឱ្យជាប់ដៃជើង។ តាំងពីពេលនោះមក ស្រី ឡាំ ក៏ទៅបាត់រហូត ចោលកូន និងប្តីដោយ គ្មានស្រណោះ តែនាងបានបង្ហើបពាក្យសម្តីផ្តាំផ្ញើអ្នកជិតខាងថា លុះត្រាតែប្តីតាមអង្វរ ទើបនាងវិលវិញ។ ដោយមិនចង់ធ្វើថោក លោកក៏សុខចិត្តចិញ្ចឹមកូនតាំងពីនៅក្រហមរងាល ដោយមិនខ្ចីតាមអង្វរប្រពន្ធជាលើកទី២ទេ តែបើនាងចេះគិតដល់កូន មកវិញដោយ ខ្លួនឯងនោះ លោកយល់ព្រមយកគ្នាជាប្តីប្រពន្ធវិញ។ ឥឡូវកូនធំ សន្ធឹកទៅហើយ នាងមិនវិលវិញទេ តែក៏មិនហ៊ានយកប្តីទៀតដែរ ឯរូបលោកក៏មិនព្រមយកប្រពន្ធឯណាទៀតឡើយ បាន ត្រឹមដេកឱបដៃគ្រប់គ្នាយ៉ាងនេះទៅ។

លោកនី ថា និងកូន

អ្នកស្រីហង្ស សុខល អាយុ៥០ឆ្នាំ ជាម្តាយខាងប្រុស បានឱ្យដឹងថា រវាងកូនប្រុសគាត់ និងកូនប្រសាស្រីនោះ មិនទាន់បានផ្តិតមេដៃលែងលះគ្នាជាផ្លូវការទេ គ្រាន់តែចែកផ្លូវគ្នាប៉ុណ្ណោះ ព្រោះតែពួកគេចចេសមានះ រៀងៗខ្លួន ដោយប្តីមិនព្រមទៅតាមប្រពន្ធ ឯប្រពន្ធ រង់ចាំប្តីតាមអង្វរ។ ដល់ម្នាក់ៗចចេសអ៊ីចឹងបានត្រឹម យ៉ាប់ដល់គាត់ជាជីដូនជួយផ្ងូតទឹក បំបៅទឹកដោះគោ ចៅប្រុស ដែលមានអាយុជាង១ខួបទៅហើយ។ ចៅប្រុសនេះឈ្មោះនី មករា ហៅនន់ អភ័ព្វណាស់ ព្រោះត្រូវម្តាយទុកចោលតាំងពីកើតបាន៣ខែ តែក៏មិនប្រាកដថា នាងកូនប្រសានោះដាច់ចិត្តពីកូននោះទេ អ្វីៗមកពីនាងស្តាប់តាមដន្លង ស្រីនោះតែប៉ុណ្ណោះ។ ស្ត្រីជាម្តាយបន្តទៀតថា សព្វថ្ងៃ កូនប្រុស គាត់មិនព្រមយកប្រពន្ធទៀត ហើយបើតាមគាត់វាស់ស្ទង់ដឹងថា ប្តីនឹកប្រពន្ធខ្លាំងណាស់ ឯប្រពន្ធក៏នឹកប្តី

លោកយាយអ៊ុក ឆិល

សម្បើមដែរ តែមកពីពួកគេ រឹងចចេសពេក និងចង់ឈ្នះរៀងៗខ្លួន ទើបមិនព្រមទៅរកគ្នា។ កាលនាងស្រី ឡាំ ចុះចោលប្តីនោះ ក៏គ្មានរឿងរ៉ាវអ្វីធំដុំនោះដែរ គ្រាន់តែជជែកគ្នាតិចតួចប៉ុណ្ណោះ គាត់ឃាត់ដែរ តែពួកគេមានះ ចិត្តខ្លាំងរៀងខ្លួន ស្រាប់តែនាងជាកូនប្រសារៀបបង្វេច លើកកូន មកថើប រួចទៅចោលកូនទាំងទឹកភ្នែក ដោយផ្តាំអ្នកជិតខាងថា ទាល់តែប្តីតីមាហៅ ទើបនាងវិលវិញ។ ទោះយ៉ាងណាក៏កូនប្រុសគាត់ចិត្តខ្លាំងដូចគ្នានេះ តែង ព្រមានគាត់ជាម្តាយថា “កុំរណបគេ បើប្រពន្ធវិលមក វិញ ខ្ញុំយកតែបើមិនមក អត់ទៅ!” ដល់អ៊ីចឹង គាត់មិនដឹងធ្វើម៉េច មានតែទុកឱ្យពួកគេដេកឱបដៃទៅ។

អ្នកស្រីហង្ស សុខល

លោកយាយអ៊ុក ឆិល អាយុ៦៨ឆ្នាំ ជាអ៊ំស្រី បានឱ្យដឹងថា រឿងនេះ មកពីពួកគេសុទ្ធតែចចេសរៀង ខ្លួន សុខចិត្តដេកឱបដៃជាង១ឆ្នាំហើយ មិនព្រមទៅ មករកគ្នា។ ពួកគេមិនលែងលះគ្នាទេ នៅតែនឹកគ្នា ជានិច្ច ទាស់ត្រង់ម្នាក់ៗ ចិត្តសឿង មិនរណបគ្នា បានត្រឹមខាតតែប៉ុណ្ណឹង។
រីឯអ្នក្នស្រុកមួយចំនួនបានឱ្យដឹងស្របគ្នាថា មក ពីនាងប្រពន្ធនោះធ្លាប់ង៉ក់ ឱ្យប្តីតាមអង្វរ លុះឧស្សាហ៍ ង៉ក់ពេក ប្តីមិនតាម ទើបមិនហ៊ានមកអើតកូន។ ពួកគេនៅទំនេររៀងខ្លួនរង់ចាំជួបគ្នាវិញ បើសិនជាប្តី បន្ទន់ឥរិយាបថតាមហៅតែបន្តិច ច្បាស់ជាប្រពន្ធនោះ វិលមកវិញត្រង់កន្ទុយ តែបើប្តីចាំឱ្យប្រពន្ធមកខ្លួនឯងនោះ ដូចជាយ៉ាប់ហើយ ព្រោះស្រីមានលក្ខណៈ អៀនខ្មាស សូម្បីតែដេកចូលគ្នារាល់យប់ ក៏ទាល់តែប្តី នាំមុខដែរ ទើបរកឋានសួគ៌ឃើញ។


អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីនាងស្រី ឡាំ អាយុ២២ឆ្នាំ ជាប្រពន្ធបានឡើយ គ្រាន់តែដឹងថា នាងកំពុងរស់នៅជាមួយឪពុកម្តាយ បង្កើតឯខេត្តកំពង់ចាម ក្នុងភាពក្រីក្រ គ្មានទាំងទូរស័ព្ទ ទាក់ទងទៀតផង។ ហេតុនេះបើគូស្វាមីភរិយាអាណិត កូន ចង់ឱ្យកូនមានអនាគតល្អ គួរតែភាគីប្តីបន្ទន់ឥរិយាបថឈប់ចចេសទៀតទៅ ដោយតាមទៅកេះកៀវ ហៅប្រពន្ធមកវិញ ច្បាស់ជានាងមិនប្រកែកទេ។ បើបានជួបគ្នាលើកក្រោយនេះ ច្បាស់ជាប្រពន្ធរាងចាល លែងហ៊ានរត់ចោលប្តីទៀតហើយ ព្រោះដេកឱបដៃ មិនស្រួលដូចដេកឱបប្តីនោះទេ ឯប្តីក៏អ៊ីចឹងដែរ កុំចង់ ឱបដៃ វេទនាចិត្តណាស់…”៕

RELATED ARTICLES