ស្ត្រីអភ័ព្វម្នាក់នេះ កំព្រា តាំងពីតូច ដោយសារឪពុក សម្លាប់ម្តាយ ដោយកាត់ក្បាល ត្រូវសមត្ថកិច្ចចាប់ដាក់គុក និងឈឺស្លាប់ក្នុងគុក ឯរូបនាងបានម្តាយ មីងចិញ្ចឹម។ លុះនាងមានប្តី ក៏ត្រូវប្តី គំរាមកាត់ក្បាលយកគំរូតាមឪពុកក្មេក ធ្វើឱ្យនាងភ័យខ្លាច ពុំដឹងជាដោះស្រាយ យ៉ាងណាឱ្យប្តីនោះ បោះបង់គំនិតអាក្រក់ ដោយសារតែសុរាចូលខ្លួនដុះ មេទៅហើយ…។
នាងណែន វ៉ិន អាយុ៣៤ឆ្នាំ រស់នៅភូមិប្រមូលផ្តុំខាងកើត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ទាំងទឹកភ្នែកថា នាងមានឪពុក ឈ្មោះខៀវ ណែន (ស្លាប់) ម្តាយឈ្មោះអ៊ុយ ធឿត (ស្លាប់)។ នាងរំព្ញកពីមរណភាពឪពុកម្តាយថា តាំងពី ចាប់ដៃគ្នាមក ពួកគាត់ជួបតែភាពរកាំរកូស ដោយសារតែឪពុកចូលចិត្តប្រើអំពើហិង្សា។ ថ្ងៃមួយ ឪពុក ស្រវឹងខ្លាំង ក៏ប្រចណ្ឌនឹងម្តាយនាង រហូតដល់ទាញ កាំបិតអារកសម្លាប់នៅកណ្តាលវាលស្រែ តាំងពីរូប នាងមិនទាន់ដឹងក្តីម៉្លេះ។ ពេលនោះ សមត្ថកិច្ចបាន ចុះចាប់ខ្លួនឪពុកនាងបញ្ជូនទៅតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្រោយមក ឪពុកក៏មានជំងឺស្លាប់ ក្នុងគុកនោះទៅ។ ដោយឡែក រូបនាង ក៏ត្រូវបានម្តាយ មីងយកទៅចិញ្ចឹមទុកដូចកូនបង្កើត លុះនាងធំពេញ ក្រមុំ បានទាំងរៀបចំទុកដាក់ឱ្យមានគូស្រករតាម ប្រពៃណី។ នាងបានរៀបការជាមួយប្តីឈ្មោះញ៉េន នឿន អាយុបងនាងដល់ទៅ១៤ឆ្នាំ ដោយបង្កើតបាន កូន៣នាក់ (ប្រុស១ ស្រី២) ដោយសង្ឃឹមថា បានប្តី ចាស់នឹងថ្នមប្រពន្ធ គ្រាន់បើជាងប្តីក្មេង ប៉ុន្តែមានឯណា! ប្តីចាស់នេះធ្វើឱ្យនាងរងកម្ម ថ្ងៃណាក៏ស្រក់ទឹកភ្នែកដែរ។ កាលចាប់ដៃគ្នាដំបូងមិនសូវអីទេ លុះមានកូនចាំតែទារស៊ី ស្រាប់តែប្តីបែកគំនិតស៊ីផឹក ស្រវឹងឡូឡា រករឿងប្រពន្ធកូន សូម្បីតែម្តាយចិញ្ចឹម របស់នាងឈ្មោះអ៊ុយ ធីន ក៏ប្តីនេះប្រមាថមើលងាយ គាត់ដែរ។
នាងណែន វ៉ិន បន្តទាំងក្តុកក្តួលថា នៅពេល នាងធំដឹងក្តីក៏ឮជីតា និងម្តាយចិញ្ចឹមប្រាប់ថា ឪពុក របស់នាង បានសម្លាប់ម្តាយនាងដោយកាត់ក្បាល ចេញពីដងខ្លួន ហើយមុននឹងស្លាប់ ម្តាយនាងប្រកាច់វក់វីពេញស្រែទម្រាំផុតដង្ហើម ធ្វើឱ្យអ្នកភូមិអាណោចអាធ័មជាពន់ពេក។ ឪពុកនាងក៏មិនរត់ទៅណាដែរ បានប្រគល់ខ្លួនឱ្យប៉ូលិសចាប់បញ្ជូនទៅតុលាការ ហើយមិនយូរប៉ុន្មាន ឪពុកជាឧក្រិដ្ឋជន ក៏មានជំងឺស្លាប់ក្នុងគុកទៅទៀត។ ឥឡូវនាងក៏ត្រូវប្តីគំរាមកាត់ក្បាលទៀតហើយ គឺឱ្យតែខឹងអីបន្តិច គាត់ទាញកាំបិតពូថៅ គំរាមនាងឱ្យភ័យតក់ស្លុតនាំកូនៗរត់ពួនតាមផ្ទះមាមីង ឬរត់ទៅពួនតាមដុបព្រៃ។ អាជ្ញាធរធ្លាប់ កោះហៅប្តីនេះទៅអប់រំជារឿយៗដែរ តែគេមិនស្តាប់ មានតែស្តីបន្ទោសមេភូមិទៅវិញ ទើប ធ្វើឱ្យនាងបារម្ភខ្លាំងណាស់ ក្រែងថ្ងៃណាមួយ ប្តីអគតិនេះ យកគំរូតាមឪពុកនាង កាត់ក្បាល នាងឱ្យស្លាប់ចោលកូន។
ដោយឡែក លោកញ៉េន នឿន អាយុ៤៨ឆ្នាំ ជាប្តី បានឱ្យដឹងថា សម្រាប់លោកម្នាក់ មិនពិបាកប្រដៅទេ គឺបើប្រពន្ធចង់ឱ្យស្រួលក៏ស្រួល តែបើនាងចង់ឱ្យពិបាកក៏ពិបាក។ លោកមិនខ្លាច ឬចាំតែស្តាប់បង្គាប់មេភូមិមេឃុំនោះទេ ព្រោះមានខួរក្បាលដែរ ម៉្យាងលោកស៊ីបាយ ខ្លួនឯង មានអាជ្ញាធរណាចិញ្ចឹមលោក? ដូច្នេះរឿងផ្ទៃក្នុងគ្រួសារលោក គឺខ្លួនឯងជាអ្នក សម្រេច មិនចាំបាច់ខាងណាមកលូកដៃទេ។ តាមពិតប្រពន្ធលោកជាស្រី ខ្ជិលច្រអូសមិន ស្តាប់បង្គាប់ប្តី ទើបបានជាលោករករឿង ដោយគំរាមខ្លះៗទៅ ប៉ុន្តែលោកមិនដែលវាយនាង មួយដៃទេ ឯរឿងអនាគតយ៉ាងណានោះ ស្មានមិនត្រូវដែរ ហើយមិនបាច់យកច្បាប់មក គំរាមលោកទេ។ បើលោកហ៊ានធ្វើពិតជាមិនខ្លាចគុក ព្រោះគុកគេធ្វើសម្រាប់ដាក់អ្នកទោស ឯរូបលោកហ៊ានដើរចូលគុកអត់ញញើតទេ បើសិនជាប្រពន្ធនៅតែខ្លាំងយ៉ាងនេះ។
បុរសជើងខ្លាំងបន្តទៀតថា ចំពោះម្តាយក្មេក (ម្តាយចិញ្ចឹមខាងស្រី) ក៏លោកធុញទ្រាន់ ណាស់ដែរ ព្រោះសព្វថ្ងៃ គាត់លើកខ្លួនហួសពីតួនាទីជាម្តាយ។ ពេលលោកកំពុងផឹកស៊ី ជុំ មិត្តភក្តិ ស្រាប់តែម៉ែក្មេកនេះ តាមទៅរំខានដូចប្រពន្ធអ៊ីចឹង ធ្វើឱ្យលោកខ្មាសគេ ណែនាំ យ៉ាងណា ក៏ម៉ែនេះមិនស្តាប់ ទើបជម្លោះចេះតែកើតឡើងជាហូរហែជាមួយម៉ែនេះ តែបើជាមួយប្រពន្ធកូនមិនសូវប៉ុន្មានទេ។
អ្នកស្រីអ៊ុយ ធិន អាយុ៤៨ឆ្នាំ ជាម្តាយមីង ម្តាយចិញ្ចឹម និងជាម្តាយក្មេក ដែលមានអាយុស្មើកូនប្រសាប្រុស បានឱ្យដឹងថា មូលហេតុដែលគាត់ទៅតាមហៅកូនប្រសាដល់វង់ ស៊ីផឹកនោះ គឺមកពីមានភ្ញៀវមករក។ ក្រោយមក កូនប្រសានេះស្រវឹងស្រែកឡូឡាតាមផ្លូវ ជេរគេជេរឯងខ្មាសអស់ញាតិជិតខាង ទើបគាត់ដើរទៅហៅមកផ្ទះ ដោយមិននឹកស្មានថា កូនប្រសាគេប្រកាន់ខឹងយ៉ាងណានេះឡើយ។ គាត់ក៏មិនចង់រស់នៅជាមួយកូនប្រសា និង កូនស្រីចិញ្ចឹមនេះដែរ តែមកពីកូនស្រីចង់តបស្នងសងគុណគាត់ ទើបគាត់មិនដាច់ចិត្តដើរចេញ ទោះជាកូនប្រសាមើលងាយយ៉ាងណាក៏ស៊ូតែទ្រាំ។
លោកហ៊ន រ៉ន អាយុ៤៩ឆ្នាំ ជាបងជីដូនមួយខាងស្រី និងភរិយាឈ្មោះណែន វ៉ុន បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនចាប់អារម្មណ៍នឹងរឿងប្អូនថ្លៃបានគំរាមប្រពន្ធនោះទេ។ ករណីប្តី គំរាមកាត់ក្បាលប្រពន្ធនោះ អាជ្ញាធរភូមិ-ឃុំ ក៏បានដឹងដែរ តែវាមិនមែនជាការពិត ប៉ុន្តែដោយសារនាងណែន វ៉ិន ជាកូន កំព្រា ដែលម្តាយនាងត្រូវឪពុកសម្លាប់ដោយកាត់ក្បាលនោះ ជាហេតុធ្វើឱ្យនាងកើតក្តីបារម្ភ ខ្លាចប្តីយកគំរូតាមឪពុកនាង។
លោកមេភូមិប្រមូលផ្តុំខាងកើត បានឱ្យដឹងថា សព្វថ្ងៃលោកកំពុងតែតាមដានសកម្មភាពបុរសគំរាមប្រពន្ធកាត់ ក្បាលនោះហើយ បានទាំងកោះហៅបុរសនោះមកអប់រំទៀតផង តែកំណើតអ្នកផឹក ដូចចាក់ទឹកលើក្បាលទា ប្រដៅ យ៉ាងណាក៏នៅតែប៉ុណ្ណឹង។
គួរបញ្ជាក់ថា ការគំរាមកំហែងបំភិតបំភ័យដល់អាយុជីវិតបែបនេះ ជួនកាលអាចក្លាយជាការពិត បើសិនជា អាការសាហាវចូលពោះបាត់បង់វិចារណញ្ញាណ។ ហេតុនេះ គួរតែភាគីប្រពន្ធប្រុងប្រយ័ត្ន ឱ្យដល់កម្រិតពេលប្តីស្រវឹង កុំតមាត់ឱ្យសោះ ត្រូវដើរចេញល្អជាង បើសិនជានាង គ្មានមធ្យោបាយកាត់បន្ថយការផឹករបស់ប្តី…”៕