Tuesday, December 24, 2024
Homeព័ត៌មានជាតិគូស្នេហ៍ភក្តីស្រីជាប់ទ្រុងគ្រួសារ ប្រុសជីវ៉ាជាប់ទ្រុងដែក

គូស្នេហ៍ភក្តីស្រីជាប់ទ្រុងគ្រួសារ ប្រុសជីវ៉ាជាប់ទ្រុងដែក

សម័យនេះ សូម្បីតែក្មេងឃ្វាលគោ ក៏មាន ទូរស័ព្ទឆ្លើយឆ្លងគ្នាដែរ ជួនកាលក្មេង គង្វាលខ្លះប៉ិចមិនទាន់ ក៏បង្ហើរសំឡេងតាម ខ្យល់ណាត់ជួបគ្នាក្នុងខ្ទមស្រែ​ លេងល្បែងស្នេហ៍ ក្តៅសាច់ភ្លេចគ្រោះថ្នាក់។ យ៉ាងណាមិញ កំលោះ ក្រមុំគង្វាលគោនេះ បានប្រើទូរស័ព្ទធ្វើមេអណ្តើក ណាត់ជួបគ្នារួមមេត្រីក្នុងខ្ទមស្រែ ក៏ត្រូវក្មេង ឯទៀតលបមើលឃើញ រាយការណ៍ទៅម្តាយខាងស្រី កើតជារឿងប្តឹងផ្តល់ រហូតដល់ នាងក្រមុំជាប់ទ្រុងគ្រួសារ ឯកំលោះ ជាប់ទ្រុងដែក…។

គូស្នេហ៍ភក្តី ដែលម្ខាងជាប់ឃុំក្នុងផ្ទះ ម្ខាង ទៀតជាប់ទ្រុងដែកប៉ូលិស ខាងប្រុសមានឈ្មោះ សេង ពឹង អាយុ២៨ឆ្នាំ ខាងស្រីឈ្មោះឃុត ណារុំ អាយុ១៨ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ពាក់ព័ន្ធដល់រឿងស្នេហាដ៏អភ័ព្វនេះ អ្នកស្រីព្រះ អន អាយុ៥២ឆ្នាំ ជាម្តាយខាងប្រុស បានរៀបរាប់ថា គាត់មានប្តីឈ្មោះនូ ធា (ស្លាប់) ដោយបង្កើត បានកូន៦នាក់ (ស្រី២ ប្រុស៤) ក្នុងនោះកូនប្រុសទី៤ ឈ្មោះសេង ពឹង បានស្រលាញ់នាងក្រមុំម្នាក់ ក្នុង ភូមិជាមួយគ្នា ឈ្មោះឃុត ណារុំ ដែលមានឪពុក ឈ្មោះប្រាក់ ឃឿន អាយុ៤៤ឆ្នាំ ម្តាយឈ្មោះសៃ ម៉ៅ អាយុ៤១ឆ្នាំ។ ពួកគេត្រូវរ៉ូវគ្នាជាង១ឆ្នាំ មកហើយ ដោយសារជីដូនខាងស្រីជាអ្នកធ្វើមេអណ្តើក រហូតដល់ពួកគេទប់នឹងភ្លើងតណ្ហាមិនបាន ក៏នាំគ្នាលេង ល្បែងស្នេហ៍ក្បត់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

នាងឃុត ណារុំ

អ្នកស្រីព្រះ អន បន្តថា ចាប់ផ្តើមរឿងរ៉ាវនេះ ដោយសារនាងក្រមុំឃុត ណារុំ យកគោទៅឃ្វាល នៅឯស្រែរបស់នាងឆ្ងាយពីភូមិ បន្ទាប់មក នាងក៏ ទូរស័ព្ទហៅកូនប្រុសគាត់ ដែលឃ្វាលគោឆ្ងាយ ពីគ្នាឱ្យទៅជួបនៅខ្ទមចាំស្រែ។ ពេលជួបគ្នាស្ងាត់ៗ បែបនេះ បន្ទាប់ពីនាងចងគោឱ្យស៊ីស្មៅស្រួលបួល ពួកគេក៏នាំគ្នារួមមេត្រីយ៉ាងភ្លើតភ្លើនភ្លេចអ្វីៗទាំងអស់ ស្រាប់តែចៃដន្យមានក្មេងឃ្វាលគោឯទៀតលបមើល ឃើញ ក៏ទៅរាយការណ៍ប្រាប់ចាស់ៗក្នុងភូមិ រហូតលេចឮទៅដល់ឪពុកម្តាយខាងស្រី។ ទីបំផុត កូនប្រុសគាត់ក៏ត្រូវរងការ ប្តឹងផ្តល់ពីបទចាប់រំលោភសេពសន្ថវៈទៅវិញ ដោយសារតែគ្រួសារគាត់ ក្រីក្រពេក ទោះជាគាត់ព្យាយាមអង្វរម៉ែឪខាងស្រី សុំស្តីដណ្តឹងរៀបការ ពួកគេយ៉ាងណា ក៏គ្មានប្រសិទ្ធភាព។ កូនប្រុសគាត់ត្រូវប៉ូលិសប៉ុស្តិ៍ចាប់ វាយខ្នោះ បញ្ជូនទៅលើ ដូច្នេះគាត់មានតែសំពះអង្វរតុលាការប៉ុណ្ណោះ ដោយសុំឱ្យស៊ើបអង្កេតរឿងនេះឡើងវិញ ព្រោះក្មេងៗព្រមព្រៀងគ្នា គ្មានរឿងចាប់រំលោភអ្វីសោះ មិនគួរសម្រេចតាមរបាយការណ៍របស់ប៉ូលិស ដែលសុទ្ធតែជាបងប្អូនលោកប្រាក់ ឃឿន ជាឪពុកខាងស្រីនោះទេ។ តុលាការគួរតែស៊ើបអង្កេត សាកសួរក្មេងឃ្វាលគោ និងអ្នកភូមិឯទៀត ឱ្យ ដឹងប្រាកដ ព្រោះកំលោះក្រមុំទាំងពីរនោះ ស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ ប៉ុន្តែករណីគេទម្លាក់កំហុស មកលើកូនប្រុសគាត់បែបនេះ មកពីគ្រួសារ គាត់ក្រពេក។

លោកសេង ពឹង

នាងព្រះ អៀន អាយុ៣២ឆ្នាំ ជាប្អូនស្រីរបស់អ្នកស្រីព្រះ អន បានឱ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំខ្យង មានភាពលម្អៀង មិនយុត្តិធម៌ទេ គឺស៊ុមគ្រលុំជាមួយ គ្រួសារខាងស្រី ចាប់ក្មួយនាងទៅដាក់ គុកដូចចាប់ចោរប្លន់។ ឯការដោះស្រាយទៀតសោត ក៏ប៉ូលិសមិនទុក ឱកាសឱ្យគ្រួសារខាងប្រុសដែរ ដោយប៉ូលិសបញ្ជូនភ្លាមៗទៅលើ តាមតែភាគី ខាងស្រីបង្គាប់ មិនសមជាភ្នាក់ងារមើល ការខុសត្រូវជូនពលរដ្ឋឡើយ។

នាងគង់ វៀង អាយុ៣៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា នាងបានដឹងឮរឿងស្នេហា កំលោះក្រមុំទាំងពីរនេះច្បាស់ណាស់ គឺកំលោះ សេង ពឹង និងនាងក្រមុំឃុត ណារុំ តែងជួប គ្នាពេលទៅឃ្វាលគោ។ ក្រៅពីនេះ ពួកគេតែង ទៅណាមកណាតែពីរនាក់ ដូចជាទៅលេងបុណ្យជាដើម ប៉ុន្តែឪពុកម្តាយនាងក្រមុំ នោះ តែងហាមឃាត់កូនស្រីមិនឱ្យទាក់ទងកំលោះដ៏ក្រីក្រ។ ផ្ទុយទៅវិញ ជីដូន ខាងស្រីបានបង្គាប់ឱ្យយកគ្នាចុះ ព្រោះគាត់ស្រលាញ់អត្តចរិតកំលោះនេះល្មមនឹង ធ្វើជាចៅប្រសាគាត់។ ឥឡូវម៉ែឪខាងស្រីបានប្តឹងទារសំណងជំងឺចិត្តចំនួន១០ លានរៀល តែក្រោយមកបញ្ចុះត្រឹម៥លានរៀលវិញ តែទោះជាបញ្ចុះដល់ណា ក៏ម្តាយខាងប្រុសគ្មានលុយបង់ដែរ។ រូបនាងក៏ធ្លាប់ជួយអង្វរគ្រួសារខាងស្រី ឱ្យដកពាក្យបណ្តឹងដែរ ព្រោះអង្ករវាក្លាយជាបាយ ទៅហើយ ប៉ុន្តែម៉ែឪខាងស្រីមិនព្រម ដោយសារមើល ឃើញម្តាយខាងប្រុសប្រកបរបរជីកទំពាំងលក់ មិន ស័ក្តិសមនឹងគ្រួសារគេ។

អ្នកស្រីព្រះ អន

អ្នកស្រីព្រះ អន ជាម្តាយបានបន្ថែមថា មិនទាន់ ដោះស្រាយគ្នានៅថ្នាក់ក្រោមផង ស្រាប់តែម្តាយ ខាងស្រី ឱ្យប៉ូលិសនាំខ្លួនកូនប្រុសគាត់ទៅទីរួមខេត្ត តែម្តង ឯនាងឃុត ណារុំ ដែលធ្លាប់តែស្រលាញ់កូនប្រុសគាត់ ហ៊ានស្បថសច្ចាជាមួយគ្នានោះ បែរជា ឆ្លើយបំផ្លើសតាមម្តាយថា រូបនាងត្រូវកូនប្រុស គាត់ចាប់រំលោភទៅវិញ។ នាងក្រមុំនេះ ត្រូវឪពុក ម្តាយបង្ខាំងឱ្យនៅតែក្នុងបន្ទប់ មិនឱ្យចេញជួបអ្នក ភូមិណាឡើយ និងត្រូវគ្រួសារនាងសមគំនិតជាមួយ សមត្ថកិច្ចកែប្រែឆ្នាំកំណើតថា មិនទាន់គ្រប់អាយុ រៀបការ ឬជាវ័យអនីតិជនទៅវិញ ដែលតាមពិត នាង មានអាយុ១៨ឆ្នាំ អត់ខ្វះទេ។

នាងគង់ វៀង

ស្ត្រីជាម្តាយបញ្ជាក់ថា សូម្បីជីដូននាងណារុំ ក៏បានចូលទៅបំភ្លឺសមត្ថកិច្ចថា កូនប្រុសរបស់គាត់ មិនបានចាប់រំលោភនាងណារុំ ជាសង្សារនោះទេ តែ ជារឿងត្រូវដងត្រូវផ្លែគ្នា ម៉្យាងទៀតអ្វីៗជាការផ្តើម គំនិតពីជីដូន ដែលចង់បានកូនប្រុសគាត់ជាចៅប្រសា។ អ្នកស្រីសៃ ម៉ៅ ក៏បានស្តីបន្ទោសម្តាយបង្កើតរបស់ខ្លួន រហូតដល់យាយនោះ ឈឺចិត្តលេបថ្នាំសម្លាប់ខ្លួន ទៀតផង ដូច្នេះមូលហេតុ គឺមកពីម្តាយខាងស្រីចង់ បំបែកស្នេហ៍កូនតែម្តង គួរតែបើកឱកាសយកពួកគេ មករៀបការ ឬសែនព្រេន ឱ្យយកគ្នាជាប្តីប្រពន្ធល្អ ជាង មិនគួរទុកឱ្យខាងស្រីជាប់ទ្រុងគ្រួសារ ខាងប្រុស ជាប់គុកស្នេហាយ៉ាងនេះទេ វាជាបាបកម្មធ្ងន់ណាស់។

នាងព្រះ អៀន

រីឯអ្នកភូមិមួយចំនួនបានឱ្យដឹងស្របគ្នាថា កំលោះក្រមុំឃ្វាលគោក៏ដឹងថា កំលោះពឹង និងក្រមុំ ណារុំ ស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ និងធ្លាប់ណាត់ ជួបរួមមេត្រីជាមួយគ្នាញឹកញាប់ណាស់ រហូតដល់ ក្មេងៗឃ្វាលគោឯទៀតលបមើលឃើញ។ បើសិន ជាគ្រួសារខាងប្រុសមានជីវភាពធូរធារ ប្រហែល អ្នកកំលោះនោះមិនជាប់គុកទេ តែមកពីម្តាយជាស្រី មេម៉ាយរកស៊ីជីកទំពាំងលក់ គ្មានទ្រព្យអ្វីជាដុំកំភួន ទើបរងគ្រោះយ៉ាងនេះទៅ។

គួរបញ្ជាក់ថា បើសិននាងក្រមុំណារុំ មានអាយុ ក្រោម១៨ឆ្នាំ ទោះជាស្រលាញ់គ្នាស្មោះយ៉ាងណា ក៏ ខាងប្រុសមានទោសដែរ ពីបទរួមភេទជាមួយក្មេងស្រី ជាអនីតិជន។ ប៉ុន្តែ បើសិនជាប៉ូលិសប៉ុស្តិ៍សមគំនិត ជាមួយគ្រួសារខាងស្រីក្លែងបញ្ជីជាតិកែប្រែថ្ងៃខែឆ្នាំ កំណើតពិតឱ្យទៅជាក្លែងក្លាយនោះ ក៏ត្រូវមានទោស ពីបទក្លែងបន្លំឯកសារសាធារណៈ”…៕

RELATED ARTICLES