Tuesday, April 30, 2024
Homeព័ត៌មានជាតិញ៉ែប្រពន្ធគេពីមុខប្តី បីថ្ងៃប៉ោងពោះ

ញ៉ែប្រពន្ធគេពីមុខប្តី បីថ្ងៃប៉ោងពោះ

បុរសពូកែលែបខាយពាក្យសម្តីម្នាក់នេះ បានធ្លាក់ខ្លួនឈឺប៉ោងពោះ ងើបពីកន្ទេល ស្ទើរមិនរួច ទោះជាគ្រូពេទ្យប្រាប់ថា ខ្លួនមានជំងឺក្រិនថ្លើម ក៏នៅតែមានជំនឿថា ខ្លួនត្រូវអំពើគេទៅវិញ ដោយសារខ្លួនញ៉ែប្រពន្ធគេ នៅចំពោះមុខប្តីនាង បណ្តាលឱ្យប្តីនោះខឹងសម្បា។ លុះរំលងបាន៣ថ្ងៃ ស្រាប់តែខ្លួនប៉ោងពោះ ប្រហែលជាគេប្រើស្បែកគោឱ្យចូល ពោះតែម្តង…។

លោកឃឿន មោង អាយុ៣៨ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះហួត ហាច អាយុ៣៦ឆ្នាំ បង្កើតបានកូនស្រី២នាក់ មានមុខរបរជាកម្មករ ចេញចូលទៅរកស៊ីធ្វើសំណង់ នៅប្រទេសថៃ។ លោកជាកម្មករអណ្តែត គឺពេលថ្ងៃ ទៅបម្រើការងារឱ្យថៅកែថៃ លុះពេលល្ងាចត្រូវវិល មកដីខ្មែរវិញ ដោយប្រកបរបរនេះ ទាំងពីរនាក់ប្តី ប្រពន្ធ។ លោកមានចរិតចូលចិត្តនិយាយលេងសើច ច្រើន ដើម្បីបង្កើនការសប្បាយរីករាយជូនមិត្តភក្តិ ផងគ្នា ដែលកន្លងមក អ្នកណាក៏ចូលចិត្តលោកដែរ។ ការដែលលោកចេញទៅធ្វើការឆ្លងដែនបែបនេះយូរៗ ទៅ ក៏មានមិត្តភក្តិរាប់អានច្រើនទាំងប្រុសទាំងស្រី ទាំងខ្មែរ ទាំងថៃ និងតែងបបួលគ្នាជល់កែវជារឿយៗ នៅពេលឈប់សម្រាកម្តងៗ។ ថ្ងៃមួយមាននារីម្នាក់ ប្លែកមុខ ដែលលោកមិន

លោកឃឿន មោង និងនាងហួត ហាច

ធ្លាប់ស្គាល់ បានមកអង្គុយ ជជែកគ្នាលេងជាមួយពួកលោក ដែលកំពុងផឹកស៊ី ដោយមានបុរសម្នាក់ទៀត មិនបានចូលមកជិតទេ តែគេឈរនៅក្រៅវង់ ដែលតាមពិត បុរសនោះ គឺ ជាប្តីរបស់នារីប្លែកមុខ ប៉ុន្តែលោកមិនស្គាល់ពួកគេទេ។ ដោយសារអាការសាហាវចូលពោះស្រឿងៗ គួបផ្សំនឹងចរិតចូលចិត្តលេងសើចផងនោះ លោកក៏ ចាប់ផ្តើមញ៉ែនាងប្លែកមុខ ដោយប្រើពាក្យសម្តីចំៗ ថា “អូនឯងសាច់សទ្រលុកទ្រលន់អ៊ីចឹង បើបានធ្វើ ប្រពន្ធបងៗ នឹងពមិនឱ្យប្រឡាក់ដីទេ!”។ លោក និយាយដដែលៗ ឯនាងនោះចេះតែសើចញឹមៗ មិន ខឹងសម្បាអ្វីទេ ផ្ទុយទៅវិញ ប្តីនាងដែលនៅអង្គុយ ឆ្ងាយសម្លក់សម្លឹងមកលោក ដោយអាការមួម៉ៅក្តៅ ក្រហាយ។ បន្ទាប់ពីបណ្តោយឱ្យលោកញ៉ែអស់ចិត្ត នាងនោះក៏ដើរតាមប្តីចេញពីវង់ផឹកបាត់ទៅ ទើប លោកភ្ញាក់ខ្លួនថា ពុំដឹងជាប្តីនាងនោះខឹងសម្បា យ៉ាងណាទេ។

លោកឃឿន មោង បង្ហាញពោះឡើងហើមប៉ាង ដោយត្រូវអំពើគេ

លោកឃឿន មោង បន្តទៀតថា លុះរំលងបាន តែ៣ថ្ងៃ លោកក៏ធ្លាក់ខ្លួនឈឺ ពោះប៉ោងធំទៅៗ ចាក់ ដោតពេញទាំងខ្លួន ត្រូវប្រពន្ធដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកខ្មែរ ស្រុកថៃ អស់លុយមិនតិចទេ តែមិនជាសោះ។ ពេលកំពុងលេបថ្នាំ ក៏បានធូរស្រាលបន្តិច លុះអស់ថ្នាំ ជំងឺក៏ធ្វើទុក្ខដដែល ដែលជំងឺនេះ វេជប្ជណ្ឌិតផ្នែកអេកូសាស្ត្រ ប្រាប់ថា ជាជំងឺក្រិនថ្លើម។ ពេលរកគ្រូខ្មែរមើល បែរជាប្រាប់ថា លោកត្រូវអំពើ គេទៅវិញ ទើបលោកសង្ស័យថា បុរសម្នាក់ដែល ឱ្យប្រពន្ធចូលជជែកលេងជាមួយលោក ឱ្យលោក ញ៉ែតាមចិត្តនោះ ចេះសិល្ប៍ធ្មប់តែម្តង។ គ្រូខ្មែរដែល លោកទៅព្យាបាលនោះ ប្រាប់ថា សិល្ប៍មន្តគេខ្លាំង ណាស់ គ្រូមិនអាចជួយបានទេ ទើបលោកស្វែងរកគ្រូ ឯទៀត ក្រែងមានសំណាងបានជាដូចដើមវិញ។
ដោយឡែក នាងហួត ហាច អាយុ៣៦ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា ដោយសារតែប្តីលេងសើចច្រើនពេក ទើបនាំទុក្ខដល់ខ្លួនបែបនេះ ព្រោះអ្នកផឹកមួយ វង់មិនឃើញអី រងគ្រោះតែប្តីនាងម្នាក់ ព្រោះហ៊ានញ៉ែ ប្រពន្ធគេប៉ះអ្នកចេះធ្មប់។ ឯអ្នកធ្វើដំណើរនោះចិត្ត អាក្រក់ណាស់ គ្រាន់តែនិយាយលេងដោយអំណាច ស្រាបន្តិចបន្តួចសោះ បែរជាប្រកាន់ខឹងយ៉ាងនេះ ធ្វើឱ្យគ្រួសារនាង ដែលកំពុងយ៉ាប់យ៉ឺនក្នុងជីវភាព ផងនោះ កាន់តែយ៉ាប់ជាងមុនទៅទៀត ព្រោះចំណាយ អស់ប្រាក់រាប់លានរៀលទៅហើយ នៅតែប្តីមិនជា។

លោកអ៊ីម ណាង និងនាងឡៃ ធិន

ស្ត្រីជាប្រពន្ធបន្តទៀតថា ឥឡូវជំងឺប្តីបានត្រឹមធូរ ស្រាលប៉ុណ្ណោះ តែមិនអាចហូបអ្វីចូលពោះបានទេ ឱ្យតែដាក់ចូលក៏រមួលក្អួតចង្អោរចេញមកវិញទាំងអស់ បានត្រឹមទឹកបបរបន្តិចៗប៉ុណ្ណោះ។ នាងអាណិតប្តី ណាស់ ពុំដឹងមានវាសនាយ៉ាងណាទេ ទៅថ្ងៃមុខហើយ អ្នកធ្វើអំពើនោះ មិនបង្អង់ដៃទេនៅតែដាក់បន្ថែមមក ទៀត រហូតប្តីទុរន់ទុរាតែលើកន្ទេល។ នាងមិនអាច ចំណាំមុខប្តីប្រពន្ធដើរធ្វើអំពើគេនោះបានទេ គ្រាន់តែ យល់ថា គេប្រើប្រពន្ធចូលមកអន្ទងប្តីនាងឱ្យញ៉ែ នាងនោះ ដើម្បីឱ្យមានកំហុសសិន ទើបគេប្រើសិល្ប៍មន្តជាក្រោយ។ ប្តីប្រពន្ធនោះ សមគំនិតតែគ្នាហ្នឹង គង់តែមានថ្ងៃណារងពៀរវេរា ព្រោះតែរៀនចំណេះ ខុសគេនេះឯង។
លោកអ៊ីម ណាង អាយុ៣៧ឆ្នាំ និងនាងឡៃ ធិន អាយុ៣២ឆ្នាំ ជាប្អូនថ្លៃ និងជាប្អូនបង្កើតរបស់ នាងហួត ហាច បានឱ្យដឹងស្របគ្នាថា បងថ្លៃកំពុងឈឺ នេះ កន្លងមកចូលចិត្តនិយាយលេងសើចឡេះឡោះ អត់ប្រយោជន៍ អ្នកស្រុកណាក៏ដឹងដែរ។ គ្មាននរណា ប្រកាន់ខឹងនឹងការនិយាយលេងនោះទេ ប៉ុន្តែជាមួយ មនុស្សមិនស្គាល់គ្នា បើថាអ្វីប៉ះពាល់សិទ្ធិគេច្បាស់ ជាគេផ្តល់ទុក្ខទោសមិនខាន។ ឥឡូវមានតែផ្សងព្រេង រកគ្រូខ្មែរឱ្យជួយដោះអំពើទើបបាន បើជា ឬមិនជាក៏ តាមយថាកម្ម ព្រោះគ្រូពេទ្យព្យាបាលមិនជាទៅហើយ ទាល់តែរកគ្រូខ្មែរវិញ។ ពួកគាត់ជឿលើសុភាសិតថា “ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទំនេរ” ពិតជាត្រឹមត្រូវណាស់ ព្រោះបើយើងនៅតែស្ងៀម ក៏គ្មានអ្នកណាធ្វើបាបដែរ។

នាងអ៊ុល តូ

នាងអ៊ុល តូ អាយុ៤៣ឆ្នាំ និងលោកហួត ញ៉េ អាយុ៤២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា មនុស្សទុច្ចរិតខ្លះ ចំណេះវិជ្ជា មុខជំនាញល្អមិនរៀនទេ បែរជាប្រឹងរៀនមន្តអាគមអូមអាម ធ្វើគេឱ្យឈឺថ្កាត់ទៅវិញ។ ពួកគាត់ជឿថា វិជ្ជាធ្មប់ នៅតែមានជានិច្ចក្នុងសង្គមខ្មែរ មិនទាន់រលុបរលាយទៅណាទេ សូម្បីតែប្រទេសថៃ ឬ ឥណ្ឌា ក៏ល្បីមានគ្រូធ្មប់ធ្វើអំពើអំព័ន្ធដូចគ្នា។

លោកហួត ញ៉េ

គួរបញ្ជាក់ថា ជំនឿបុរាណ បើមានមនុស្សប៉ោង ពោះឡើងខៀវ ហូបអ្វីមិនបាន ច្បាស់ជាថាត្រូវអំពើគេ មិនខាន គឺគ្រូធ្មប់ប្រើសិល្ប៍មន្ត ឱ្យស្បែកគោ ឬស្បែក ក្របីហើរមកចូលពោះ។ របៀបធ្វើអំពើគឺគ្រូធ្មប់ត្រូវ អង្គុយរាយមន្តអាគមពីមុខអាសនៈគ្រូបាធ្យាយ រួច យកចង្កឹះមួយគោះទៅលើស្បែកគោក្រៀម១ផ្ទាំង បាន មួយសន្ទុះ ស្បែកគោនោះក៏ក្លាយជារុយ សិល្ប៍ ហើរទៅចូលមាត់ជនរងគ្រោះ។ ពេលរុយចូលទៅដល់ក្នុងក្រពះ ក៏ក្លាយជាស្បែក គោវិញ និងរីកពេញក្រពះ បណ្តាលឱ្យប៉ោង ពោះ ថប់ដង្ហើមរហូតដល់ស្លាប់។ ទោះយ៉ាងណា វេជ្ជសាស្ត្រថា ជាប្រភេទជំងឺថ្លើម ABC ពិបាកព្យាបាលបំផុត ដែលជំងឺនេះ កើតឡើង ដោយសារជនរងគ្រោះញៀនស្រាពេក…”៕

RELATED ARTICLES